Tuesday, 20 June 2017

ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ជំទាស់​គ្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​ប្រធាន​គ.ជ.ប.​ឱ្យ​ចូល​បំភ្លឺ​នៅ​រដ្ឋសភា


20 មិថុនា 2017
កាន់ វិច្ឆិកា

voa
ឯកឧត្តម សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សជំទាស់ កំពុងថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ទី២០ មិថុនា ២០១៧ វិមានរដ្ឋសភា ទីក្រុងភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)
ឯកឧត្តម សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សជំទាស់ កំពុងថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ទី២០ មិថុនា ២០១៧ វិមានរដ្ឋសភា ទីក្រុងភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)



មុន​នឹង​បញ្ចប់​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​រដ្ឋ​សភា​បាន​​បោះឆ្នោត​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ ​ដោយ​សំឡេង​គាំទ្រ​ចំនួន​៩៧​លើ​១០៨​សំឡេង។​


ភ្នំពេញ —

ក្រុម​តំណាង​រាស្រ្តគណបក្ស​ប្រឆាំង​គ្រោង​នឹងស្នើ​កោះ​ហៅ​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ ​និង​ប្រធានគណៈ​កម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ (គ.ជ.ប.)​ ​ឲ្យ​មក​បំភ្លឺនៅ​រដ្ឋសភា​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការបោះ​ឆ្នោត​ឃុំ-សង្កាត់​ ​អាណត្តិ​ទី៤​ ​ដែល​ទើប​តែ​បញ្ចប់។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​សុន ឆ័យ​ ​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ ​កាល​ពីព្រឹក​ថ្ងៃ​អង្គារ។



គម្រោង​របស់​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​ធ្វើការ​កោះ​ហៅ​រដ្ឋ​មន្ត្រី ​និង​ប្រធាន​គ.ជ.ប.​នេះ​ ​កើត​មាន​ឡើង​ក្រោយ​ពី​ការ​ប្រជុំ​ពិភាក្សា​ និង​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ ​និង​ក្រោយ​ពី​ការ​ជំរុញរបស់​លោកស ខេង​ ​អនុ​ប្រធាន​ គណ​បក្ស​ប្រជាជន​កម្ពុជា។​

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​ ពិភាក្សា​ ​និង​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារនេះ​ ​លោក​សុន ឆ័យ​ ​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ លើក​ឡើង​ថា​ ​ក្នុង​ការ​បោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​កាលពី​ថ្ងៃ​ទី៤​ ​ខែមិថុនា​កន្លង​ទៅ​ ​ កម្មករ-កម្មការិនី​ធ្វើ​ការនៅ​រោង​ចក្រ​ជា​ច្រើន​ មិន​បាន​ទៅ​បោះឆ្នោត​ទេ។​ ​លោក​បន្ត​ថា​ ការ​តែង​តាំង​មន្ត្រី​ថ្នាក់​មូលដ្ឋាន​របស់​គ.ជ.ប.ក៏​អាច​បណ្តាល​ឲ្យមាន​ភាព​មិន​ប្រក្រតី​ជាច្រើន​កើត​មាន​ឡើង​ផង​ដែរ។​

​លោក​សុន ឆ័យ​ ​មាន​ប្រសាសន៍​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​ពេញអង្គ​របស់​រដ្ឋ​សភា​យ៉ាង​ដូច្នេះ៖​

​«ការងារ​ពីរ​ដែល​យើង​សង្ឃឹម​ថា​នឹង​អាច​ធ្វើ​ទៅ​បាន​គឺ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ ​គណៈ​កម្មការ​ទី៨​នឹង​អញ្ជើញ ​រៀបចំ​លិខិត​ហើយ​ ​អញ្ជើញ​គាត់​មក​ឆ្លើយ។​ ​ហើយ​ខាង​ក្រុម​សភា​យើង​នេះក៏​មាន​មួយ​ក្រុម​ដែរ​ នឹង​ធ្វើ​លិខិត​ដើម្បី​ឲ្យ​គាត់​ឆ្លើយ​ ​យ៉ាង​ហោច​ណាស់​ជា​លាយ​លក្ខណ៍​អក្សរ​មក​សិន​មក ​ចង់​ដឹង​ថា ​ហេតុ​ផលអី ​ព្រោះ​រឿង​នេះ​ជារឿង​ចម្លែក​ដែល​មាន​ភាព​មិន​ប្រក្រតី»។​

បន្ទាប់​ពី​លោក​សុន ឆ័យបាន​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​ដែល​ក្រសួង​ការងារ​មិន​បាន​សម្រួល​ឲ្យ​កម្មករ​ទៅ​បោះឆ្នោត​ ​លោកស ខេង​ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​និង​ជា​តំណាង​រាស្រ្ត​មួយ​រូប​របស់​គណ​បក្ស​កាន់​អំណាច ​បាន​ឡើង​ថ្លែងយ៉ាង​ដូច្នេះ៖​

​«ខ្ញុំ​គិត​ថា ​ដូច​មិនទាន់​ដល់ពេល​ឆ្លើយ​ ​ឬ​មិនត្រូវ​ឆ្លើយ​ ​ពីព្រោះ​ថាយើង​កំពុង​ជជែក​ច្បាប់​ ​ទៅ​សួររឿង​អ្នក​ផ្សេង។​ ​ខ្ញុំ​ឯកឧត្តម​គួរ​ដាក់ពាក្យ​ទៅ​រដ្ឋាភិបាល​ដើម្បី​ឆ្លើយ​បំភ្លឺ​រឿង​ហ្នឹង​ ​មិន​មែន​ថ្ងៃហ្នឹង​ទេ។​ ​សូម​អរគុណ!»។

ឯកឧត្តម ស ខេង ដើរចេញពីវិមានរដ្ឋសភាបន្ទាប់ពី កិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ទី២០ មិថុនា ២០១៧ វិមានរដ្ឋសភា ទីក្រុងភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)
ឯកឧត្តម ស ខេង ដើរចេញពីវិមានរដ្ឋសភាបន្ទាប់ពី កិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ទី២០ មិថុនា ២០១៧ វិមានរដ្ឋសភា ទីក្រុងភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)


លោក​ឆ្លើយតប​បែបនេះ​ដោយ​មិន​រង់ចាំ​វេន​ ឬ​ការ​ហៅ​ឲ្យ​និយាយពី​ប្រធាន​រដ្ឋសភា​នោះ​ទេ។​

មុន​នឹង​បញ្ចប់​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​រដ្ឋ​សភា​បានបោះឆ្នោត​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ ​ដោយ​សំឡេង​គាំទ្រ​ចំនួន​៩៧​លើ​១០៨​សំឡេង។​

ប្រទេស​កម្ពុជា​ទើប​តែ​បញ្ចប់​ការ​បោះឆ្នោត​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ។​ ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ​ដែល​ជ្រើសរើស​ដោយ​ប្រជារាស្ត្រ​ នឹងដើរ​តួនាទី​ជា​អ្នក​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នា​ពេល​ខាងមុខ។​

បើ​តាម​តួលេខ​ដែល​ចេញ​ដោយគ.ជ.ប.​ ​ប្រជាពល​រដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​កាលពី​ដើម​ខែ​មិថុនា​នេះ​ ​មាន​ចំនួន​ជាង​៧លាន​នាក់​ ​ស្មើ​នឹង​ជិត​៩០​ភាគរយ​ ​នៃ​ចំនួន​ប្រជាពល​រដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​ជិត​៨​លាន​នាក់។​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ ដែលឃ្លាំមើល​ការ​បោះឆ្នោត​ ​បាន​ស្តី​បន្ទោស​ថា​ ​ពលរដ្ឋ​ជាង​៨​សែន​នាក់​ដែល​ខកខាន​ ​មិន​បាន​ទៅ​បោះឆ្នោត​ ​ភាគ​ច្រើន​ជា​កម្មករ​ ​ហើយ​ពួកគេ​អះអាង​ថា​ ​ការ​ខកខាន​របស់​កម្មករ​ទាំង​នោះបណ្តាល​មក​ពី​រដ្ឋាភិបាល​មិនបាន​សម្រួល​ ​និង​ធ្វើ​ឲ្យ​មាន​ការ​អនុញ្ញាត​ច្បាប់​សម្រាក​ដល់​ពួក​គាត់​ ​ដើម្បី​ឲ្យ​ពួក​គាត់អាច​ទៅ​ចូលរួម​ការ​បោះ​ឆ្នោត។​

​យ៉ាងណា​ក៏​ដោយ​ ​លោកសុន ឆ័យ​ ​ប្រធាន​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ ​បាន​ប្រាប់​អ្នក​យកព័ត៌​មាន​ក្រោយ​កិច្ច​ប្រជុំ​សភា​ពេញអង្គ​ ​នា​ថ្ងៃ​អង្គារ​នេះ​ថា​ ​សហជីព​ចំនួន​២​បាន​ដាក់​ពាក្យ​បណ្តឹង​មក​លោក​ តវ៉ា​ពី​ការ​ខកខាន​មិន​បាន​ទៅ​បោះឆ្នោត​របស់​កម្មករ​ភាគ​ច្រើន​ ដោយ​លើក​ឡើងថា ​បណ្តាល​មក​ពី​ក្រសួង​ការងារ​មិន​បាន​ចេញ​សេចក្តី​ជូន​ដំណឹងដើម្បីសម្រួល​ដល់​ពួក​គេ​ក្នុង​ការ​ទៅ​បោះ​ឆ្នោត​ដែល​លោក​ថា​ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ការ​បំពេញ​សិទ្ធិ​ជា​ពលរដ្ឋ​របស់​ពួក​គេ។​ ​លោក​សុន ឆ័យ​បញ្ជាក់​ថា​ ​ក្រុម​ការងាររបស់​លោក​កំពុង​រៀបចំ​លិខិត​អញ្ជើញ​ ​និង​ដាក់​ជូន​ទៅរដ្ឋ​មន្រ្តី​ក្រសួង​ការងារ​ក្នុងសប្តាហ៍​នេះ​ សុំឲ្យ​លោក​មក​បំភ្លឺ​ពី​មូលហេតុ​ដែល​មិន​មាន​ការសម្រួល​ឲ្យកម្មករបាន​ទៅ​បោះឆ្នោត​ដូច​អាណត្តិ​មុន។​

លោក​សុន ឆ័យ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយ​ពេល​បញ្ចប់​កិច្ច​ប្រជុំ​សភា​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា៖

«រដ្ឋ​ធម្មនុញ្ញ​គឺ​បាន​បញ្ជាក់​ហើយ​ថា​ ​សិទ្ធិ​បោះ​ឆ្នោត​របស់​ពលរដ្ឋ​ហ្នឹង​គឺត្រូវ​បាន​រដ្ឋ​គាំពារ។​ ​ហើយ​ក្នុង​តួនាទី​ជា​ស្ថាប័នរបស់​ជាតិ​ដែល​គ្រប់គ្រង​វិស័យ​ពាក់ព័ន្ធហ្នឹង​ ​គឺ​ថា​ ត្រូវតែ​មាន​ការ​អនុវត្ត។​ ​ពលរដ្ឋ​យើង​ ជា​កម្មករ​រោង​ចក្រ​ហ្នឹង​ ​មាន​ការ​មិន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។​ ​យើង​នឹង​ស្រាវជ្រាវ​ថែម​ទៀត​ ​ពិនិត្យ​មើល​ថា ​តើ​កម្មករ​ប៉ុន្មាន​ភាគ​រយដែល​ប៉ះពាល់​ពី​ការ​មិន​អនុញ្ញាត​ជា​ផ្លូវ​ការ​ ​ឲ្យ​គាត់​ទៅ​បោះ​ឆ្នោត​នៅ​ទីកន្លែង​ដែល​គាត់ចុះ​ឈ្មោះ​ហ្នឹង»។​

លោក​សុន ឆ័យ​បន្ថែម​ថា​ ​ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ក៏​នឹង​ស្នើ​កោះហៅ​ប្រធានគណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.)​ ​មក​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​ជ្រើស​រើស​មន្រ្តី​ចូល​ធ្វើការ​ដោយ​គ្មាន​តម្លាភាព​ ​ដែល​លោក​ដាក់​ការ​សង្ស័យ​ថា​ ​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មានការ​កើន​ឡើង​យ៉ាង​គំហុក​នូវ​ចំនួន​អ្នក​ទៅ​បោះឆ្នោតក្រោយ​ម៉ោង​៣​កាលពី​ការ​បោះឆ្នោត​ថ្ងៃ​ទី៤​ ​មិថុនា​កន្លង​ទៅ​ ​ព្រម​ទាំងបញ្ហាមួយ​ចំនួន​ទៀត​ ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​នោះ។​

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​អ៊ិត សំហេង​ ​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ ​និងអ្នកនាំ​ពាក្យ​គឺ​លោក​ហេង សួរបាន​ទេ ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

កាល​ពី​ចុង​ខែ​មករា​ ​ឆ្នាំ​២០១៧​នេះ​ ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​បាន​បញ្ជាមិន​ឲ្យ​រដ្ឋមន្រ្តីចំនួន​៣​រូប​ចូល​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា​ ​តាម​ការ​កោះ​ហៅ​របស់​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង។ រដ្ឋមន្ត្រី​ទាំង​បីរូបនេះ​រួមមាន​លោក​ទៀ បាញ់​ ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ​លោក​អ៊ិត សំហេង​ រដ្ឋមន្រ្តី​ក្រសួង​ការងារ​ និង​លោក​វេង ​សុខុន​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម។​ នា​ពេល​នោះ​ ​លោក​ ​ហ៊ុន សែន​បានអះអាង​ថា​ ​តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រឆាំង​មិន​បាន​គោរព​ច្បាប់​ ​និង​មិន​បាន​ចូល​ប្រជុំ​សភា​ក្នុង​ពេល​នោះ៕​

No comments: