Sunday, 4 June 2017
តុលាការក្រុងភ្នំពេញបិទបញ្ចប់ការស៊ើបអង្កេតសំណុំរឿងលោក គឹម សុខ
ដោយ ម៉ម មុនីរតន៍
2017-06-04
អ៊ីម៉ែល
លោក គឹម សុខ (ក្នុងឯកសណ្ឋានអ្នកទោស) អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ពេលបញ្ជូនចេញពីសវនាការសាលាឧទ្ធរណ៍ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។ RFA/Rann Samnang
RFA/Rann Samnang
ចៅក្រមស៊ើបអង្កេតនៃតុលាការក្រុងភ្នំពេញ បានសម្រេចបិទបញ្ចប់សំណុំរឿងលោក គឹម សុខ ដើម្បីបញ្ជូនទៅជំនុំជម្រះហើយ។ គិតមកដល់ពេលនេះ អ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយរូបនេះ ត្រូវបានតុលាការចេញដីកាឃុំខ្លួនជិត ៤ខែមកហើយ។ អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ធ្លាប់លើកឡើងថា សំណុំរឿងរបស់លោក គឹម សុខ នេះគឺជារឿងនយោបាយសុទ្ធសាធ ជាជាងបទល្មើសព្រហ្មទណ្ឌ។
មេធាវីការពារក្ដីឲ្យលោក គឹម សុខ លើកឡើងថា ក្រោយសំណុំរឿងនេះបានបញ្ជូនដល់ដៃចៅក្រមជំនុំជម្រះហើយ តុលាការនឹងរកពេលដើម្បីបើកសវនាការលើអង្គសេចក្ដីជុំវិញបទចោទប្រឆាំងអ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយ តាមបណ្ដឹងរបស់លោក ហ៊ុន សែន។
លោក ជូង ជូងី ដែលជាមេធាវីការពារក្ដីឲ្យលោក គឹម សុខ ឲ្យដឹងនៅថ្ងៃទី៣ ខែមិថុនា ថា ចៅក្រមស៊ើបសួរបានបិទបញ្ចប់ការសាកសួរ និងស៊ើបអង្កេតក្នុងរឿងក្ដីនេះរួចហើយ គឺនៅរង់ចាំតែថ្ងៃជំនុំជម្រះប៉ុណ្ណោះ។ លោកបន្តថា មកដល់ពេលនេះមិនទាន់ឃើញខាងតុលាការជូនដំណឹងពីថ្ងៃបើកសវនាការនៅឡើយទេ។ លោកបន្តថា «រឿងអង្គសេចក្ដីនៅសាលាដំបូងរាជធានីភ្នំពេញ គេបិទការស៊ើបសួរ និងបញ្ជូនទៅជម្រះហើយ ប៉ុន្តែគេអត់ទាន់ដាក់ថ្ងៃជំនុំជម្រះនៅថ្ងៃណានៅឡើយទេ»។
លោក គឹម សុខ ដែលកំពុងឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ជុំវិញថាតើមកដល់ពេលនេះ រឿងក្តីនេះបានបញ្ជូនដល់ដៃចៅក្រមជំនុំជម្រះរូបណា និងថាតើតុលាការនឹងបើកសវនាការលើអង្គសេចក្ដីពេលណាឲ្យប្រាកដនោះ ត្រូវបានលោក អ៊ី រិន អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ បដិសេធមិនដឹងរឿង ប៉ុន្តែសន្យាថានឹងជួយស្រាវជ្រាវឲ្យ ដើម្បីបំភ្លឺ។ រហូតមកដល់ពេលនេះ អាស៊ីសេរី ពុំអាចស្នើសុំការបញ្ជាក់លម្អិតពីលោក អ៊ី រិន បានទេ ដោយទូរស័ព្ទពុំអាចទាក់ទងបាន។ ស្របពេលលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ ស្នើសុំការអត្ថាធិប្បាយតាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម (Telegram) ពុំមានការឆ្លើយតប។
យ៉ាងនេះក្ដី លោក ជូង ជូងី ដែលជាមេធាវីការពារក្ដីឲ្យលោក គឹម សុខ ឲ្យដឹងថា ចាប់ពីថ្ងៃសុក្រ ខាងមុខនេះ តុលាការជាន់ខ្ពស់នឹងបើកសវនាការទៅលើបណ្ដឹង ៣ផ្សេងគ្នា និងក្នុងពេលខុសគ្នាដែររបស់លោក ប្រឆាំងទៅនឹងនីតិវិធីរបស់តុលាការក្រុងភ្នំពេញ ជុំវិញការឃុំខ្លួនលោក គឹម សុខ។ លោកបន្តថា «ចំណែកសំណុំរឿងនៅតុលាការកំពូល ចំនួន ៣រឿង គឺតុលាការនឹងដាក់សវនាការនៅខែមិថុនា ហ្នឹង គឺថ្ងៃទី៩ មួយ ថ្ងៃទី២១ មួយ និងថ្ងៃទី២៨ មួយទៀត។ សំណុំរឿងទី១ គឺប្ដឹងសារទុក្ខរឿងដីកាឃុំខ្លួន។ ចំណែករឿងទី២ គឺប្ដឹងសារទុក្ខមិនព្រមដោះលែងឲ្យនៅក្រៅឃុំ។ សំណុំរឿងទី៣ គឺសុំឲ្យតុលាការបំពេញកិច្ចកោះហៅដើមបណ្ដឹងមកតទល់ជាមួយនឹងលោក គឹម សុខ នៅតុលាការ»។
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយរូបនេះ ត្រូវបានតំណាងអយ្យការនៃតុលាការក្រុងភ្នំពេញលោក សៀង សុខ ចោទប្រកាន់តបតាមបណ្ដឹងមេធាវីតំណាងដោយអាណត្តិរបស់លោក ហ៊ុន សែន គឺលោក គី តិច រួចលោក រស់ ពិសិដ្ឋ ជាចៅក្រមស៊ើបសួរចេញដីកាឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៧ កុម្ភៈ។
លោក គឹម សុខ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់ថាបាននិយាយខុសពីការពិត ដែលហ៊ានចោទប្រកាន់ថា រដ្ឋាភិបាលបានរៀបចំជាប្រព័ន្ធក្នុងការសម្លាប់មនុស្ស ក្នុងនោះមានលោកបណ្ឌិត កែម ឡី ផង។
ជុំវិញការស្លាប់លោកបណ្ឌិត កែម ឡី នេះ មិនមែនតែលោក គឹម សុខ ម្នាក់ទេដែលត្រូវមានទុក្ខទោសព្រោះតែចោទថា លោក ហ៊ុន សែន ជាអ្នកស្ថិតនៅពីក្រោយនៃអំពើឃាតកម្មនេះ ក្នុងនោះលោក សម រង្ស៊ី អតីតមេគណបក្សសង្គ្រោះជាតិ និងអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភារបស់បក្សប្រឆាំងផង ត្រូវរស់នៅដោយនិរទេសខ្លួន ព្រោះតែនិយាយចំត្រង់ចំណុចរសើបនេះដែរ។ លោក គឹម សុខ ត្រូវលោកនាយករដ្ឋមន្ត្រីប្ដឹងទៅតុលាការ ២សំណុំរឿងផ្សេងគ្នា។ បណ្ដឹងទី១ លោក ហ៊ុន សែន ទាមទារសំណងជំងឺចិត្តកន្លះលានដុល្លារអាមេរិក និងបណ្ដឹងទី២ ទាមទារ ១០លានរៀល។ កាលពីថ្ងៃទី១៦ ខែមីនា លោក គឹម សុខ ត្រូវបរាជ័យតាមរយៈការស្នើសុំនៅក្រៅឃុំម្ដងរួចមកហើយ នៅក្នុងដំណាក់កាលនៃការជំនុំជម្រះនៅសភាស៊ើបសួរសាលាឧទ្ធរណ៍៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment