Monday, 19 June 2017
លោកសម រង្ស៊ីថា ព័ត៌មានដែលលោកបានបញ្ចេញ គឺបានពីផ្ទៃក្នុងបក្សប្រជាជនកម្ពុជា
ដោយ វណ្ណ សុគន្ធា 19/06/2017 19/06/2017
rfi
លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ
@Sam Rainsy Facebook
មួយរយៈចុងក្រោយនេះ លោកសម រង្ស៊ី អតីតប្រមុខបក្សប្រឆាំងបានបញ្ចេញព័ត៌មានរសើបមួយចំនួនទាក់ទងនឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលជាប្រធានបក្សប្រជាជនកម្ពុជា។ ចំពោះប្រភពព័ត៌មានទាំងនោះ លោកសម រង្ស៊ី បានអះអាងថា គឺលោកបានទទួលពីសមាជិកផ្ទៃក្នុងរបស់គណបក្សកាន់អំណាច។ អ្នកនាំពាក្យបក្សប្រជាជនកម្ពុជាបានទាត់ចោលដោយលើកឡើងថា វាមិនអាចទៅរួចនោះទេ។
សំឡេងសម រង្ស៊ី... ការអះអាងរបស់លោកសម រង្ស៊ីនេះ បានធ្វើឡើងក្នុងពេលជួបជាមួយសមាជិកគណបក្សសង្រ្គោះជាតិនៅទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យ ទី ១៨ ខែមិថុនា ត្រូវនឹងថ្ងៃទី១៩ មិថុនានៅកម្ពុជា។ លោកសម រង្ស៊ី ថែមទាំងហ៊ានអះអាងថា មានមេទ័ពរបស់គណបក្សប្រជាជនកម្ពុជាបានមកខ្សឹបប្រាប់លោកថា គេនឹងគោរពតាមឆន្ទះរបស់ប្រជាពលរដ្ឋ គឺមិនធ្វើសង្រ្គាមណាមួយនោះទេ។ បើតាមលោកអតីតប្រធានគណបក្សសង្រ្គោះជាតិដែលហ៊ុំព័ន្ធដោយបណ្តឹងស្ទើរជុំជិតនៅតុលាការខ្មែរនេះ ការណ៍ដែលសមាជិកផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាបញ្ចេញព័ត៌មានដល់លោកដូច្នេះ ក៏ព្រោះថាពួកគេបានដឹងជាមុនថា គណបក្សកាន់អំណាចនឹងចាញ់ឆ្នោតគណបក្សប្រឆាំងនៅឆ្នាំ២០១៨ខាងមុខនេះ។
ជាការឆ្លើយតប លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទាត់ចោលនូវការអះអាងរបស់លោកសម រង្ស៊ីនេះ។ សំឡេង... បន្ថែមលើនេះ អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ថា ព័ត៌មានដែលលោកសម រង្ស៊ី បានបញ្ចេញទាំងនោះ សុទ្ធតែជាព័ត៌មានប្រឌិតគ្មានការពិតឡើយ។
សូមជំរាបជូនថា កាលពីថ្ងៃទី១៨ និង ១៩ មិថុនា តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោកសម រង្ស៊ី បានបញ្ចេញព័ត៌មានមួយស្តីពីគណបក្សប្រជាជនកម្ពុជា បានជួលក្រុមហ៊ុនអន្តរជាតិមួយធ្វើការស្ទង់មតិឲ្យខ្លួនជាសម្ងាត់ចំពោះការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។ តាមទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី ការស្ទង់មតិនោះ បង្ហាញថា ប្រជាប្រិយភាពរបស់លោកសម រង្ស៊ី និងលោកកឹម សុខា ឈ្នះប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
ដោយឡែក កាលពីថ្ងៃទី១៦ មិថុនា លោកសម រង្ស៊ី ក៏បានបញ្ចេញព័ត៌មានមួយដែរ គឺទាក់ទងបទបញ្ជាសម្ងាត់ដែលលោកសម រង្ស៊ី បញ្ជាក់ថា ជាបទបញ្ជារបស់លោកហ៊ុន សែន សរសេរទៅកាន់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ សម្រាប់អនុវត្តលើរូបលោក។ បើតាមលោកសម រង្ស៊ី បទបញ្ជានោះបង្ហាញឲ្យឃើញថា លោកហ៊ុន សែន រៀបចំបង្កសង្គ្រាម និងសម្លាប់ប្រជាពលរដ្ឋ លោកពេលលោកសម រង្ស៊ី វិលត្រឡប់មកប្រទេសកម្ពុជាវិញហើយលោកសម រង្ស៊ី ចាត់ទុកថា នេះក៏ជាលេសមួយទៀត ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ។
ព័ត៌មានមួយនេះ ធ្វើឲ្យមានប្រតិកម្មភ្លាមៗ និងខ្លាំងៗពីសំណាក់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ តាមរយៈបណ្តាញព័ត៌មានស្និតនឹងរដ្ឋាភិបាលFresh News លោកហ៊ុន សែន បានហៅលោកសម រង្ស៊ីថាជាមនុស្សល្ងង់ដែលគិតថា បទបញ្ជានោះជារបស់គាត់ ព្រោះថាវាគ្មានត្រា និងហត្ថលេខា។ លោកនាយករដ្ឋមន្រ្តីចំអកឲ្យលោកសម រង្ស៊ីទៀតថា ព្រោះចូលចិត្តប្រើប្រាស់ភាសាមួលបង្កាច់ លាបពណ៌គេបែបនេះ បានចេះតែជាប់គុក បង្កើតរឿងមិនពិតថាជារឿងពិត រាល់កំហុសរបស់លោកសម រង្ស៊ី គឺកើតឡើងពីទង្វើរបស់ខ្លួនឯងផ្ទាល់។ យ៉ាងណាក៏ដោយ លោកហ៊ុន សែន បានគូសបញ្ជាក់ថា លោកមិនប្តឹងផ្តល់ទេចំពោះរឿងនេះ ព្រោះលោកសម រង្ស៊ីជាមនុស្សដែលមានទោសស្រាប់ទៅហើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment