Wednesday, 21 June 2017
លោក ហ៊ុន សែន ព្រមានទៅអ្នកវិភាគឲ្យត្រៀមក្តារមឈូស ជុំវិញអត្ថាធិប្បាយរបស់ខ្លួន
ដោយ វ៉ា សំណព្វ 21/06/2017 21/06/2017
rfi
លោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាកាលពី៤០ឆ្នាំមុន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២១មិថុនានេះ បានរំលឹកឡើងវិញនូវប្រវត្តិតស៊ូរំដោះប្រទេសចេញពីរបបខ្មែរក្រហម កាលពី៤០ឆ្នាំមុន។ ប៉ុន្តែនៅក្នុងវេទិកានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានទៅដល់អ្នកវិភាគឲ្យត្រៀមក្តារមឈូសជុំវិញការអត្ថាធិប្បាយនានា ដែលលោកនាយករដ្ឋមន្រ្តី ចាត់ទុកថា អាចបង្កទៅជាសង្រ្គាម។ ក្រៅពីនេះ ប្រមុខរដ្ឋាភិបាល ក៏បានព្រមានឲ្យអ្នកដែលចង់ផ្តួលរំលំរដ្ឋាភិបាលតាមរយៈបដិវត្តន៍ពណ៌ឲ្យដកខ្លួនជាបន្ទាន់។
ការព្រមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺបានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ក្រុមអ្នកវិភាគមួយចំនួនជុំវិញវោហាសាស្រ្តនៃសង្រ្គាមស៊ីវិល ដែលលើកឡើងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅមុនការបោះឆ្នោតឃុំ-សង្កាត់ថ្មីៗនោះថា ទំនងជាមានការបែកបាក់ផ្ទៃក្នុងនៅក្នុងចំណោមកងកម្លាំងប្រដាប់អាវុធរបស់លោក។ ប៉ុន្តែផ្ទុយទៅវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា សង្រ្គាមអាចកើតមានមែន តែកើតចេញពីអណ្តាតរបស់ក្រុមអ្នកវិភាគនោះតែម្តង។
ស្ថិតនៅក្នុងឯកសណ្ឋានយោធាក្នុងនាមជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥នេះ លោក ហ៊ុន សែន ក៏បានប្រកាសនៅចំពោះមុខមេទ័ពសំខាន់ៗរបស់លោកថា ក្នុងតម្លៃណាក៏ដោយ កងកម្លាំងប្រដាប់អាវុធ ត្រូវក្តាប់ឲ្យជាប់ នឹងកម្ចាត់ចោលជនណាក៏ដោយ ក្នុងចំណោមអ្នក១០០ឬ២០០នាក់ ដែលមានបំណងចង់បំផ្លាញសន្តិភាព។ លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កងទ័ពគឺដើម្បីការពាររាជរដ្ឋាភិបាលកម្ពុជា រាជបល្ល័ង្ក និងសន្តិភាព ហើយថា កងទ័ពមិនមែនសម្រាប់លម្អទីក្រុងនោះទេ។ លោកនាយករដ្ឋមន្រ្តី ក៏បានអំពានាវឲ្យអ្នកដែលមានបំណងធ្វើបដិវត្តពណ៌ប្រញាប់ដកខ្លួនចេញភ្លាម បើមិនដូច្នេះទេ ពួកគេទាំងនោះ នឹងស្ថិតនៅក្នុងបញ្ជីអ្នកទាំង១០០ ឬ២០០នាក់ដែលត្រូវកំចាត់ចោល។
ជុំវិញការព្រមាននេះ ត្រូវបានលោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមបង្ហាញការព្រួយបារម្ភជាខ្លាំង។ ប៉ុន្តែលោកបានបញ្ជាក់ថា លោកនឹងមានការប្រុងប្រយ័ត្នជាងមុនក្នុងការធ្វើអត្ថាធិប្បាយនានា។
គួរជំរាបជូនថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២១ មិថុនា នេះ បានរំលឹកឡើងវិញ នូវទីតាំងសំខាន់ៗចំនួន៧ ដែលជាទីតាំងនៃអនុស្សាវរីយ៍របស់លោក និងយុទ្ធមិត្ត៤នាក់ទៀត រួមមាន លោក នុច ថន, លោក ញឹក ហ៊ួន, លោក ស៊ូ គឹមស្រ៊ាង ហៅសាញ់ និងលោក វ៉ា ប៉ោអ៊ាន ដែលបានសម្រេចចិត្តភៀសខ្លួនចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រពីប្រទេសជិតខាងនេះ ឲ្យជួយវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ១៩៧៩។ ក្នុងចំណោមទីតាំងទាំង៧កន្លែងនោះ មាន២កន្លែងស្ថិតនៅក្នុងប្រទេសកម្ពុជា និង៥កន្លែងស្ថិតនៅក្នុងទឹកដីវៀតណាម៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment