Saturday, 17 June 2017
លទ្ធផលបណ្តោះអាសន្ន៖ គ.ជ.ប. សម្រេចឲ្យ CNRP ឈ្នះ CPP នៅសង្កាត់ស្វាយប៉ាក
ដោយ សរ ពិសី 17/06/2017 17/06/2017
rfi
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប
គ.ជ.ប. បានសម្រេចឲ្យគណបក្សសង្រ្គោះជាតិ ទទួលជោគជ័យលើគណបក្សប្រជាជនកម្ពុជាដដែល ដោយបក្សសង្រ្គោះជាតិ នាំមុខបក្សប្រជាជន ចំនួន ៥ សំឡេង នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បន្ថែមលើនេះ គ.ជ.ប. បានសម្រេចរក្សាលទ្ធផលនៃការបោះឆ្នោត នៅសង្កាត់ស្វាយប៉ាក ដោយបក្សប្រឆាំង ទទួលបានសម្លេង ២៨១១ សំឡេង គណបក្សប្រជាជនកម្ពុជា ទទួលបាន ២៨០៦ សំឡេង និង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបាន ១១៧ សំឡេង។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១៦ មិថុនា គ.ជ.ប. បានសម្រេចបដិសេដទាំងលើបណ្តឹងរបស់គណបក្សសង្រ្គោះជាតិ ដែលប្តឹងបន្តមកពីគណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ និងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា។ ការឈានទៅបដិសេដបណ្តឹងរបស់បក្សកាន់អំណាច ត្រូវបានគ.ជ.ប. បញ្ជាក់ថា យោងលើមាត្រា ១៤៩ និងមាត្រា ១៥២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
មានន័យថា គ.ជ.ប រក្សាទុកលទ្ធផលដដែល ដោយយកតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតកាលពីដំបូងនៅក្នុងសង្កាត់ស្វាយប៉ាកទុកជាបានការ។ សូមរំឮកជូនថា លទ្ធផលបឋមនៃការបោះឆ្នោត នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដំបូងឡើយ គណបក្សសង្គ្រោះជាតិ នាំមុខគណបក្សប្រជាជនកម្ពុជានោះ ត្រូវបានបក្សប្រជាជនកម្ពុជា ប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ នៅគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ហើយលទ្ធផលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នាំមុខគណបក្សសង្គ្រោះជាតិ ៧សំឡេងវិញ។ដោយមិនសុខចិត្តទើបបក្សប្រឆាំងបន្តប្តឹងមកគ.ជ.ប.។
គ.ជ.ប. នៅថ្ងៃទី ១៧ មិថុនា នេះ បានច្រានចោលបណ្តឹងចំនួន ៣៣ បណ្តឹងរបស់គណបក្សធំៗដែល បានប្តឹងបន្តមកពីរាជធានីខេត្តចំនួន១០ និងពីប្រជាពលរដ្ឋ១ បណ្តឹង ដោយចាត់ទុកថា បណ្តឹងទាំងនោះផុតកាលកំណត់របស់ច្បាប់។
បណ្តឹងមកពីគណបក្សប្រជាជនកម្ពុជាចំនួន ១០បណ្តឹង ក្នុងនោះស្នើសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញចំនួន ១០ បណ្តឹង ចំណែក គណបក្សសង្គ្រោះជាតិចំនួន ២២បណ្តឹង ដែលក្នុងនោះបណ្តឹងសុំរាប់សន្លឹកឆ្នោតឡើងវិញចំនួន ៧ បណ្តឹង។ គិតត្រឹមថ្ងៃទី១៥ ខែមិថុនានេះ គ.ជ.ប បានទទួលបណ្តឹងពីគណបក្សនយោបាយចំនួន ៦១បណ្តឹង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment