Thursday, 29 June 2017
ធ្វើច្បាប់ដើម្បីអ្វី ឬ ដើម្បីនរណា? [A law especially conceived to eliminate Sam Rainsy]
២៩ មិថុនា ២០១៧ / 29 June 2017 – A law especially conceived to eliminate Sam Rainsy (*)
ធ្វើច្បាប់ដើម្បីអ្វី ឬ ដើម្បីនរណា?
ចម្លែកណាស់ នៅប្រទេសកម្ពុជាសព្វថ្ងៃ គេធ្វើច្បាប់ដើម្បីផលប្រយោជន៍រូបគេ ឬបក្សគេ មិនមែនដើម្បីផលប្រយោជន៍សាធារណៈទេ។ ថ្មីៗនេះ គេបានកែច្បាប់ស្តីពីគណបក្សនយោបាយ ហើយគេចង់កែច្បាប់ដដែលនេះម្តងទៀត ដោយគេចង់សំដៅតែមកលើរូបខ្ញុំ សម រង្ស៊ី តែប៉ុណ្ណោះ។ គេកែចុះកែឡើង ហើយយកច្បាប់នេះមកលេងសើច គ្រាន់តែក្នុងគោលបំណងចង់កម្ចាត់ខ្ញុំពីឆាកនយោបាយ កុំឲ្យខ្ញុំអាចប្រកួតប្រជែងជាមួយគេបានទៀត។ តែអ្នកដែលមានគំនិតបែបនេះ ជាមនុស្សល្ងង់ផុតលេខ ពីព្រោះសម័យនេះ មិនអាចរារាំង ឬទប់ស្កាត់ការផ្សព្វផ្សាយការពិត គំនិតស្នេហាជាតិ គំនិតយុត្តិធម៌ និងគំនិតជឿនលឿនបានទេ តាមរយៈបច្ចេកវិទ្យាទំនើប ដូចជា អ៊ីនធើណេត (Internet) និង ហ្វេសប៊ុក (Facebook)។
មនុស្សបែបនេះ ក៏ជាជនផ្តាច់ការយ៉ាងព្រៃផ្សៃថែមទៀត ពីព្រោះក្នុងសង្គមប្រជាធិបតេយ្យ គេមិនដែលធ្វើច្បាប់ ដើម្បីគ្រាន់តែសំដៅក្នុងគោលបំណងកម្ចាត់បុគ្គលណាម្នាក់ទេ។ អ្នកប្រជាធិបតេយ្យយល់យ៉ាងច្បាស់ថា ច្បាប់ធ្វើឡើង ជាធម្មតាដើម្បីការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍សាធារណៈតែប៉ុណ្ណោះ ហើយមិនត្រូវយកច្បាប់មកលេងសើច ដើម្បីគ្រាន់តែការពារផលប្រយោជន៍បុគ្គលណា ឬបក្សណាឡើយ។ តែខ្ញុំក៏យល់ដែរថា មានបុគ្គលម្នាក់ កំពុងតែក្រពុលមុខ ហើយស្លន់ស្លោយ៉ាងខ្លាំង បន្ទាប់ពីគាត់បានទទួលលទ្ធផលនៃការស្ទង់មតិមួយ ដែលបក្សគាត់បានជួលឲ្យក្រុមហ៊ុនជំនាញអន្តរជាតិមួយ ធ្វើឡើងថ្មីៗនេះ ដើម្បីស្ទាបស្ទង់ទឹកចិត្តប្រជារាស្ត្រ ហើយដែលលទ្ធផលនោះបង្ហាញថា ប្រជាប្រិយភាពរបស់គាត់ ធ្លាក់ចុះយ៉ាងខ្លាំង ហើយមានកម្រិតទាបជាងប្រជាប្រិយភាពរបស់ខ្ញុំយ៉ាងច្រើន។ ខ្ញុំស្នើឲ្យអ្នកដឹកនាំប្រទេសសព្វថ្ងៃ ខិតខំធ្វើច្បាប់ ឬកែច្បាប់ ដើម្បីធ្វើឲ្យប្រទេសកម្ពុជាយើង មានការរីកចម្រើនពិតប្រាកដ ហើយធ្វើឲ្យប្រជារាស្ត្រខ្មែរអាចរស់នៅក្នុងសង្គមមួយប្រកបដោយយុត្តិធម៌។ ល្មមឈប់ធ្វើច្បាប់ ឬកែច្បាប់ ដើម្បីគ្រាន់តែកម្ចាត់គ្នាទៅវិញទៅមក ទៀតទៅ។
(*) Hun Sen has recently suggested another amendment to the law on political parties in order to further eliminate me from the political scene. But he is just showing his ignorance because, with modern information and communication technologies, nobody can prevent anybody from sharing information, opinions and ideas with a significant political impact. It is undemocratic and silly to make or amend a law just to target a single person. Hun Sen seems to panic after seeing the results of a recent opinion poll ordered by his party and showing that his popularity has declined to a level well below mine. Hence his desperate desire to eliminate me by all means.
Sam Rainsy
Subscribe to:
Post Comments (Atom)
No comments:
Post a Comment