06/07/2017 06/07/2017
rfi
រូបថតលោក សម រង្ស៊ីបានបន្តប្រើប្រាស់នៅក្នុងស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ
លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា គណបក្សនឹងដករូបថតលោក សម រង្ស៊ី ចេញពីស្លាកគណបក្សរបស់ខ្លួន នៅពេលវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយចូលជាធរមាន។ ការថ្លែងបែបនេះ គឺក្រោយដែលលោកចាកចេញពីកិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែកក្កដា នេះ។
អត្ថបទដោយ៖ តាន់ គឹមច័ន្ទវាសនា
បើទោះបីជា គណបក្សសង្គ្រោះជាតិធ្លាប់ប្តេជ្ញាថានឹងមិនផ្លាស់ប្តូររូបថតលោកសម រង្ស៊ីក៏ដោយ តែនៅពេលនេះ រូបថតរបស់លោកត្រូវបានគណបក្សសម្រេចដកចេញពីស្លាកសញ្ញាគណបក្ស នៅពេលដែលរដ្ឋសភា អនុម័តខ្លឹមសារថ្មីនៃច្បាប់គណបក្សនយោបាយនាពេលខាងមុខ។ ដោយសារតែខ្លឹមសារថ្មី ដែលបានបន្ថែម ក្នុងច្បាប់ស្តីពី គណបក្សនយោបាយ មិនអនុញ្ញាតឲ្យគណបក្សនយោបាយ យករូបភាព សំឡេង និងឯកសារលាយលក្ខណ៍អក្សរបុគ្គលណា ដែលមានឈ្មោះជាអ្នកទោសឬទណ្ឌិត ទៅប្រើប្រាស់ឡើយ។ បើគណបក្សណាប្រព្រឹត្ត នឹងត្រូវតុលាការរំលាយគណបក្ស នេះបើតាមខ្លឹមសារនៃសេចក្តីព្រាងថ្មី។
លោកអេង ឆៃអ៊ាងបានថ្លែងថា បើសិនជាគណបក្សបន្តប្រើប្រាស់រូបលោកសម រង្ស៊ី គណបក្សនឹងបរាជ័យ ហើយមិនអាចសម្រេចគោលដៅរបស់ខ្លួនបាន ដោយសារការរំលាយពីតុលាការ។ ដូច្នេះ គណបក្សសង្គ្រោះជាតិ នឹងត្រូវបង្ខំចិត្តដករូបរបស់លោក សម រង្ស៊ី ដែលឈរកាន់ដៃជាមួយលោក កឹម សុខាដែលជាប្រធានបក្សប្រឆាំងបច្ចុប្បន្ន។ ទោះបីជាយ៉ាងណាគណបក្សសង្គ្រោះជាតិមិនពេញចិត្តនូវច្បាប់ថ្មីដែលតាក់តែងឡើងដោយគណបក្សកាន់អំណាច។
សម្រាប់គណបក្សប្រឆាំង រូបថតនេះ គឺជានិមិត្តរូបនៃការសាមគ្គីមិនបែកបាក់រវាងលោក សម រង្ស៊ី និងលោក កឹម សុខា។
គួរបញ្ជាក់ផងដែរថា រូបថតលោកសម រង្ស៊ី ត្រូវបានគណបក្សយកទៅប្រើប្រាស់នៅស្នាក់ការកណ្តាលរបស់គណបក្ស នៅតាមខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ហើយថ្មីៗនេះនៅពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សក៏បានប្រើប្រាស់ សម្លេងសារនយោបាយរបស់លោក សម រង្ស៊ីផងដែរ ក៏ប៉ុន្តែសារជាសម្លេងនេះ ក្រោយមកត្រូវបានហាមឃាត់ដោយ គ.ជ.ប។
No comments:
Post a Comment