ដោយ រាជ វិញ្ញូ
2017-07-15
ពីឆ្វេង៖ មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា លោក នី សុខា និងអ្នកស្រី លឹម មុន្នី ត្រូវបានព្រះសង្ឃប្រោះព្រំតាមបែបសាសនាបន្ទាប់ពីចេញពីពន្ធនាគារព្រៃស កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។ RFA/Tin Zakariya
RFA/Tin Zakariya
សុខភាពរបស់មន្ត្រីការពារសិទ្ធិមនុស្សអាដហុក ទាំង ៤រូប និងមន្ត្រីអគ្គលេខាធិការរង គ.ជ.ប មួយរូប នៅពុំទាន់រឹងមាំដូចដើមនៅឡើយទេ និងត្រូវស្ថិតក្នុងការតាមដានសុខភាពជាប្រចាំដោយគ្រូពេទ្យ។ ទោះជាយ៉ាងណា ក្នុងចំណោមពួកគាត់ទាំង ៥នាក់នេះ គឺមានអ្នកខ្លះបានចាប់ផ្ដើមចូលបំពេញភារកិច្ចរបស់ខ្លួនឡើងវិញ ក្រោយពីត្រូវបានដោះលែងឱ្យមានសេរីភាពជាបណ្ដោះអាសន្ន។
រយៈពេលជាងកន្លះខែដែលមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ទាំង ៤រូប និងមន្ត្រីគ.ជ.ប មួយរូបត្រូវបានតុលាការសម្រេចដោះលែងឱ្យមានសេរីភាពវិញជាបណ្ដោះអាសន្ន ប៉ុន្តែពួកគាត់មួយចំនួននៅពុំទាន់អាចចូលបំពេញការងារវិញនៅឡើយទេ។ លើសពីនេះ ក្រៅពីមានជំងឺប្រចាំកាយជាច្រើនមុខ ពួកគាត់ខ្លះកើតមានជំងឺថ្មីបន្ថែមទៀត ដែលតម្រូវឱ្យមានការថែទាំសុខភាព និងត្រូវទៅពិនិត្យសុខភាពជាប្រចាំជាមួយពីគ្រូពេទ្យ។
ប្រធានផ្នែកអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក លោក នី សុខា ដែលជាអ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរជាងគេ បានថ្លែងថា លោកមិនទាន់ស្រួលខ្លួនដូចដើមនៅឡើយទេ ដោយសារបញ្ហាជាតិស្ករធ្លាក់ចុះខ្លាំង និងឈាមមិនគ្រប់ ដែលធ្វើឱ្យខ្សោយកម្លាំងខ្លាំង ហើយបញ្ហានេះបង្កឡើងដោយសារលោកកើតមានជំងឺធុញថប់ក្នុងអារម្មណ៍ និងការគិតច្រើន។ លោកបន្ថែមថា គ្រូពេទ្យបានណែនាំឱ្យលោកលេបថ្នាំជាប្រចាំ និងត្រូវសម្រាកឱ្យបានច្រើន។
លោក នី សុខា បន្តថា សុខភាពរបស់លោកបានប្រែជាទ្រុឌទ្រោមខ្លាំងនៅពេលនេះ ដោយសារតែមុនដោះលែងពីពន្ធនាគារចំនួន ១០ថ្ងៃ លោកបានដួលសន្លប់នៅក្នុងពន្ធនាគារ។ ទោះជាយ៉ាងណា លោក នី សុខា អះអាងថា លោកបានចាប់ផ្ដើមចូលបំពេញការងារវិញ តាំងពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ប៉ុន្តែដោយព្រោះបញ្ហាសុខភាព លោកនឹងមិនអាចបម្រើការងារឱ្យបានជាប់លាប់ដូចកាលពីមិនទាន់ជាប់ពន្ធនាគារឡើយ៖ «»។
កាលពីរាត្រីថ្ងៃទី២៩ ខែមិថុនា មន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៤រូប រួមមានលោក យី សុខសាន្ត ប្រធានកម្មវិធីដីធ្លី លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកស៊ើបអង្កេត លោក នី សុខា ប្រធានផ្នែកអង្កេតសិទ្ធិមនុស្ស អ្នកស្រី លឹម មុន្នី អនុប្រធានកម្មវិធីស្ត្រី និងកុមារនៃសមាគមអាដហុក និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចដោះលែងឱ្យមានសេរីភាពជាបណ្ដោះអាសន្នយ៉ាងភ្ញាក់ផ្អើល ព្រោះសូម្បីសាមីខ្លួន និងក្រុមគ្រួសារក៏មិនបានដឹងជាមុនផង។
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា ឆ្លើយសំណួរអ្នកកាសែតក្រោយពេលចេញពីពន្ធនាគារកាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។ RFA/Brach Chev RFA/Brach Chev
កូនស្រីរបស់អ្នកស្រី លឹម មុន្នី គឺកញ្ញា អ៊ុន ប៉ុណ្ណារី ថ្លែងថា ម្ដាយរបស់កញ្ញាក៏មិនទាន់មានកម្លាំងរឹងមាំដូចមុននោះទេ ហើយគ្រូពេទ្យបានប្រាប់អំពីសញ្ញាដែលអាចកើតមានជំងឺទឹកនោមផ្អែមថែមទៀត ដោយសារជំងឺលើសជាតិខ្លាញ់ និងជំងឺលើសជាតិស្ករ។ កញ្ញាបន្ថែមថា សុខភាពរបស់ម្ដាយនៅពេលនេះ គឺទាមទារសម្រាកឱ្យបានច្រើន ហាត់ប្រាណ និងត្រូវតមអាហារតាមការណែនាំរបស់គ្រូពេទ្យ៖ «»។
ទោះជាយ៉ាងណា កញ្ញា អ៊ុន ប៉ុណ្ណារី បន្តថា ម្ដាយរបស់កញ្ញានឹងអាចចូលបំពេញការងារវិញនៅខែក្រោយនេះ។
ចំណែកអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ថ្លែងថា ថ្វីដ្បិតមកដល់ពេលនេះ លោកអាចចូលបំពេញតួនាទីជាមន្ត្រី គ.ជ.ប ដូចដើមវិញក្ដី ប៉ុន្តែលោកកំពុងបន្តព្យាបាលជំងឺឈឺសន្លាក់ជើង ដែលធ្វើឱ្យលោកមានការឈឺចាប់ម្ដងម្កាលនៅពេលត្រូវក្រោកពីអង្គុយ ឬត្រូវលើកវត្ថុធ្ងន់៖ «»។
លោក នី ចរិយា បញ្ជាក់ថា នៅពេលនេះ លោកអាចមានជម្រើសច្រើន ដើម្បីព្យាបាលជំងឺនេះ ដែលខុសកាលពីនៅក្នុងពន្ធនាគារដែលមិនមានថ្នាំ និងគ្រូពេទ្យគ្រប់គ្រាន់។
អ្នកទាំង៥ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនរយៈពេលជាង ១ឆ្នាំ ដោយគ្មានការជំនុំជម្រះ ក្រោយពីពួកគេត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចោទប្រកាន់ពាក់ព័ន្ធបទ សមគំនិតនិងសូកប៉ាន់សាក្សី ក្នុងរឿងស្នេហារបស់នាង ខុម ចាន់តារាទី ហៅស្រីមុំ។ ការឃុំខ្លួននេះត្រូវបានស្ថាប័នសិទ្ធិមនុស្សជាតិ អន្តរជាតិ មើលឃើញថា ជារឿងនយោបាយ និងជាចេតនាដាក់សម្ពាធ ឬបំបាក់ស្មារតីអ្នកការពារសិទ្ធិមនុស្ស។ ថ្វីត្បិតតែមានការដោះលែងក្ដី សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏បានសន្យាថា នឹងតាមដានករណីនេះបន្តទៀត៕
No comments:
Post a Comment