Saturday, 22 July 2017

ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​ស្ទឹងត្រែង​ថា​អាជ្ញាធរ​មិន​អើពើ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ


ដោយ ម៉ែន សុធីរ
2017-07-21

ព្រៃ​ឈើ​ក្នុង​ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ត្រូវ​ឈ្មួញ​កាប់​បំផ្លាញ​ដើម្បី​យក​ដី​កម្មសិទ្ធិ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥។
ព្រៃ​ឈើ​ក្នុង​ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ត្រូវ​ឈ្មួញ​កាប់​បំផ្លាញ​ដើម្បី​យក​ដី​កម្មសិទ្ធិ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥។
Photo Adhoc



ជនជាតិ​ដើម​ភាគតិច​រស់​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង រក​ឃើញ​គ្រឿងចក្រ​មួយ​គ្រឿង​ឈូស​ឆាយ​ព្រៃ​រាន​យក​ដី នៅ​ក្នុង​តំបន់​ព្រៃ​កោងកាង ដែល​ឋិត​ក្នុង​បរិវេណ​ដី​ត្រៀម​បម្រុង​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋបាល​ឃុំ។ អ្នក​ភូមិ​ថា នៅ​គ្រា​ដែល​សហគមន៍​ប្រទះ​ឃើញ​បទល្មើស​ព្រៃឈើ ពួកគាត់​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ឃុំ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ច្រើន​សា​តែ​ពុំ​មាន​លទ្ធផល។



ជនជាតិ​ដើម​ភាគ​តិច​កួយ បារម្ភ​ពី​ជោគវាសនា​ព្រៃ​កោងកាង ដែល​ផ្ដល់​ប្រយោជន៍​សំបូរ​បែប​ដល់​សហគមន៍​តាំង​ពី​ដើម​មក កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​ក្រុម​ឈ្មួញ​មាន​ឥទ្ធិពល​នៅ​មូលដ្ឋាន។ ពួកគាត់​ថា  ក្រុម​ឈ្មួញ​បាន​យក​គ្រឿងចក្រ ឬ​ហៅ​ថា អេស្កាវ៉ាទ័រ ឈូស​ឆាយ​ដី​ព្រៃ​កោងកាង ជា​ថ្មី​ទៀត ឋិត​នៅ​ចំណុច​ជាំ​កោងកាង ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​អស់​ច្រើន​ហិកតារ។

​ជន​ជាតិ​ដើម​ភាគតិច​រស់​នៅ​ឃុំ​សំអាង លោក អ៊ុក ម៉ៅ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ កក្កដា ថា តំបន់​ព្រៃ​កោងកាង នោះ បាន​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ជនជាតិ​ដើម​ភាគ​តិច​រួម​មាន ផ្ដល់​ត្រី​សាច់ ដាក់​អន្ទាក់​សត្វ បេះ​បន្លែ​ផ្លែ​ឈើ ដង​ជ័រ​ទឹក និង​រក​ឃ្មុំ​ជាដើម ក៏ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ព្រៃ​នៅ​តំបន់​នោះ​មួយ​ផ្នែក​បាន​ក្លាយ​សម្បត្តិ​ឯកជន​របស់​ពលរដ្ឋ​ចំណូល​ស្រុក ដោយ​មាន​ដំណាំ​ដំឡូង​មី និង​ស្វាយចន្ទី ជាដើម។ លោក​ថា បឹង​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​កោងកាង បាន​ផ្ដល់​ត្រី​សាច់​ដល់​សហគមន៍​ច្រើន​ឆ្នាំ​មក​ហើយ កំពុង​រង​ការ​គំរាមកំហែង​ដោយ​ផ្នែក​ខ្លះ​ត្រូវ​គេ​យក​គ្រឿងចក្រ​កាយ​ដី​លប់ និង​រំលំ​ដើម​ឈើ​ទៅ​លើ ដែល​បង្ក​ឲ្យ​បាត់បង់​ជម្រក​ត្រី​ពង​កូន៖ «ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​ទី​១ ព្រៃ​កោងកាង ប្រជាពលរដ្ឋ​គាត់​ធ្លាប់​រក​ត្រី និង​កាប់​ចុង​តាកង​ហូប តែ​ឥឡូវ​អ្នក​មាន​ឥទ្ធិពល គេ​កាយ​រំលាយ​ចោល កាប់​ព្រៃឈើ​ តែ​គេ​មិន​កាប់​នឹង​ពូថៅ​ទេ គេ​កាប់​អា​អិច កាយ​ដល់​ព្រៃ​កោងកាង»។

បុរស​ដដែល​បន្ត​ថា គ្រឿងចក្រ​មួយ​គ្រឿង​ដែល​កំពុង​ឈូស​ឆាយ​នោះ មាន​លទ្ធភាព​កាប់​ព្រៃ​ចាប់​ពី ៣​ហិកតារ ដល់ ៨​ហិកតារ​ក្នុង​មួយ​ថ្ងៃ។ ក្រោយ​ពី​ឈូស​ឆាយ​កាប់​ព្រៃ​រួច បាន​ដុះ​កម្ទេច​ចោល​រួច​ដាំ​ដំណាំ។ លោក​ថា អ្នក​ភូមិ​សង្ស័យ​ថា ម្ចាស់​គ្រឿងចក្រ​កំពុង​ឈូស​ឆាយ​ដី​ព្រៃ​តំបន់​នោះ ឈ្មោះ ស៊ី លាភ ដែល​ជា​ឈ្មួញ​មាន​ឥទ្ធិពល​នៅ​មូលដ្ឋាន និង​មាន​ដី​រាប់​រយ​ហិកតារ​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ទៀត​ផង។

លោក​បន្ទោស​ថា អាជ្ញាធរ​មូលដ្ឋាន​គ្មាន​ឆន្ទៈ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ​ទេ បង្ក​ប៉ះពាល់​ជីវភាព​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច ត្បិត​ដើម​ឈើ​ទាល ដែល​ជា​ប្រភេទ​ឈើ​ផលិត​ជ័រទឹក​របស់​ជនជាតិ​ដើម​ភាគ​តិច​រាប់​ពាន់​ដើម កំពុង​បាត់បង់​បណ្ដើរៗ​ដោយសារ​ឈ្មួញ​បាន​សម្រុក​កាប់ និង​អារ​ច្រៀក​ធ្វើ​គ្រឿង​ផ្ទះ៖ «បើ​ថា​គេ​អត់​គ្រប់គ្រង អ្នក​ខ្លះ​គេ​ស៊ី​ប្រាក់ខែ តែ​គេ​យក​តែ​ប្រាក់ខែ​ដែរ តែ​គ្រប់​គ្រង់​អត់​មាន។ សូម្បី​តែ​មេ​ព្រៃ​ហៅ​មក​ម្ដង ទៅ​ពីរ​ដង ​មិន​ងាយ​មក​ទេ។ ចង់​អំពាវនាវ​រដ្ឋាភិបាល និយាយ​រួម​អ្នក​ពាក់ព័ន្ធ​ឲ្យ​ជួយ​គ្រប់គ្រង»។

​មុន​ឆ្នាំ​២០១២ ព្រៃ​កោងកាង គឺ​ជា​ទីតាំង​ជ្រក​របស់​សត្វព្រៃ​រស់​នៅ និង​ជា​តំបន់​សំបូរ​ដោយ​ព្រៃ​ស្រោង មាន​ដើម​ឈើ​ផលិត​ជ័រទឹក​រាប់​ពាន់​ដើម។ ព្រៃ​នោះ មាន​ផ្ទៃដី​ចំនួន​ជាង ៣​ពាន់​ហិកតារ​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​សំអាង ស្នើ​សុំ​ឲ្យ​ទទួល​ស្គាល់​ជា​ផ្លូវការ​ជា​ដី​ព្រៃ​ត្រៀម​បម្រុង​សម្បទាន​សង្គមកិច្ច​ទៅ​អាជ្ញាធរ​ស្រុក និង​ខេត្ត តែ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប។ មក​ទល់​ពេល​នេះ ព្រៃ​នៅ​តំបន់​នោះ​មួយ​ផ្នែក​ធំ​បាន​ក្លាយ​ជា​ដី​កម្មសិទ្ធិ​ឯកជន​អស់​ប្រហែល​ពាក់​កណ្ដាល។

​មេ​ឃុំ​សំអាង លោក ញៀន ផុន ទទួល​ស្គាល់​ថា ដី​ព្រៃ​ត្រៀម​បម្រុង​របស់​រដ្ឋបាល​ឃុំ​សំអាង បាន​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្ម​សិទ្ធ​ឯកជន ក៏ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា អស់​ប៉ុន្មាន​ហិកតារ​នោះ​ទេ។ ចំណែក​សកម្មភាព​កាប់​ឈើ​រាន​យក​ដី​កាល​ពី​ពេល​ថ្មីៗ​នេះ  អាជ្ញាធរ​ឃុំ​ពុំ​បាន​ទទួល​ព័ត៌មាន​ទេ។

លោក​ថា កន្លង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ រួម​ទាំង​ពលរដ្ឋ​ផង បាន​ចុះ​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​នោះ និង​បាន​ធ្វើ​កិច្ចសន្យា​ច្រើន​ករណី។ លោក​បញ្ជាក់​ថា ដី​ព្រៃ​កោងកាង នៅ​តំបន់​នោះ ពុំ​ទាន់​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​អាជ្ញាធរ​ខេត្ត​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​អាជ្ញាធរ​ឃុំ​បាន​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ស្នើ​សុំ​សា​ជា​ថ្មី​ទៀត​នៅ​ពេល​ឆាប់ៗ​នេះ៖ «តាម​គោលការណ៍​បើសិនជា​ដឹង​ដំណឹង ខ្ញុំ​មាន​ផែនការ​ទប់​ស្កាត់ ប្រើ​កម្លាំង​ចម្រុះ តែ​បច្ចុប្បន្ន​នេះ​ខ្ញុំ​ក្ដាប់​ព័ត៌មាន​អត់​បាន»។

​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ស្ដីពី​វិធានការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប ព្រមទាំង​លុប​បំបាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ រួម​ទាំង​ការ​រុករាន​ដី​ក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ធម្មជាតិ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ក៏ប៉ុន្តែ​ជន​ជាតិ​ដើម​ភាគ​តិច និង​សង្គម​ស៊ីវិល​អះអាង​ថា សារាចរ​នេះ​គឺ​មាន​តែ​ក្នុង​ក្រដាស តែ​ការ​អនុវត្ត​ជាក់ស្ដែង​វិញ គឺ​រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​អភិរក្ស​ព្រៃឈើ​របស់​ខ្លួន។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា ប្រសិន​ពលរដ្ឋ​ប្រទះ​ឃើញ​បទល្មើស​ព្រៃឈើ ផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ក៏ប៉ុន្តែ​អាជ្ញាធរ​ពុំ​ផ្តល់​កិច្ច​សហការ​បង្ក្រាប​ទេ​នោះ វា​ជា​កំហុស​ដ៏​ធំ​មួយ ហើយ​ពលរដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​ប្ដឹង​បរិហារ​មន្ត្រី​អាជ្ញាធរ ពេល​បាន​ដឹង​បាន​ឮ និង​បាន​ឃើញ​នូវ​បទល្មើស​ព្រហ្មទណ្ឌ​ព្រៃឈើ ហើយ​មិន​ទាន់​ផុត​អាជ្ញាយុកាល​នៃ​បទល្មើស។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ហាក់​មិន​បាន​អនុវត្ត​ខ្លឹមសារ​សារាចរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ បង្ក​ឲ្យ​ពលរដ្ឋ​ទម្លាក់​កំហុស​ទៅ​លើ​រាជរដ្ឋាភិបាល។

លោក​ថា អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ទាក់ទិន​បទល្មើស​ព្រៃឈើ នៅ​តែ​ជា​ប្រធានបទ​ក្តៅ ត្បិត​ដី​ព្រៃ​កោងកាង និង​ព្រៃ​សហគមន៍ ដែល​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ពលរដ្ឋ កំពុង​រង​ការ​គំរាម​កំហែង​គ្រប់​ទម្រង់៖ «សហគមន៍​គាត់​ខំ​ការពារ បែរ​ជា​គាត់​ខុស​ទៀត ដោយសារ​ពេល​ខ្លះ​គេ​ចោទ​សហគមន៍ ឬ​ពលរដ្ឋ​មុន​ចុះ​ល្បាត​ព្រៃ​មិន​ដែល​សហការ តាម​ពិត​ពួកគាត់​តែងតែ​រាយការណ៍។ ជាក់ស្ដែង​យើង​ឃើញ​ថា នៅ​មាន​ការ​បណ្ដែតបណ្ដោយ ដូច​ថា មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការពារ​ព្រៃ​ហ្នឹង​ទេ»។

​លោក ហូ សំអុល រក​ឃើញ​ថា បើ​ទោះ​បី​ជា​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ និង​ដី​ព្រៃ​របស់​រដ្ឋ​រាន​យក​ដី​អស់​រាប់ពាន់​ហិកតារ​ក្តី ក៏​កម្រ​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ចេញ​មុខ​ចាប់​ខ្លួន​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​ដាក់ទោស​ទណ្ឌ​ដែរ។ បញ្ហា​នេះ​លោក​បញ្ជាក់​ថា ហាក់​ជា​​សញ្ញា​បង្ហាញ​ថា មន្ត្រី​រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​ការពារ​ព្រៃ។

​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ធ្លាប់​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ពលរដ្ឋ ត្រូវ​រួម​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ រួម​ទាំង​ការ​កាប់​រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ផង។ អភិបាល​រង​ខេត្ត​ស្ទឹងត្រែង លោក ជា ថាវរិទ្ធិ ធ្លាប់​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ត្រូវ​ចាត់​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​បញ្ឈប់​ការ​កាប់​រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ដែល​កំពុង​កើត​មាន​ឡើង​ថ្មីៗ​នេះ៕

1 comment:

Anonymous said...

Listen to Khmer patriot talk:
https://www.youtube.com/watch?v=ex00drtaM9k