Thursday, 20 July 2017

មេបក្ស​ប្រឆាំង​ថា មេដឹកនាំ​ប្រទេស​ដែល​ពូកែ ទោះ​អត់​ពី​ខ្លួន​ក៏​គ្មាន​សង្គ្រាម​កើតឡើង​ដែរ

rfi
media

ដោយ វណ្ណ សុគន្ធា 19/07/2017 19/07/2017



ប្រមុខ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និយាយ​ទៅ​កាន់អ្នក​គាំទ្រ​របស់​ខ្លួន នៅ​រដ្ឋ​វ៉ាស៊ីន​តោន។

លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​យប់មិញ បាន​អះអាងថា មេដឹកនាំ​ប្រទេស​ដែល​ពូកែ គឺថា​បើ​ទោះ​អត់​ពី​ខ្លួន​ទៅ​ក៏​ប្រទេស​នៅតែ​ដើរទៅ​មុខរីក​ចម្រើន និង​មិន​រលាយ​ឫ​កើតមាន​សង្គ្រាម​នោះដែរ។ ជាការ​កត់សម្គាល់ ការអះអាង​របស់​មេបក្ស​ប្រឆាំង​នេះ បាន​កើតឡើង​ក្រោយពី​មេបក្ស​កាន់អំណាច​តែងតែ​លើកឡើង​ពី​បញ្ហា​សន្តិភាព​និង​ឆ្លៀត​បង្ហើរ​វោហារសាស្ត្រ​ពី​លទ្ធភាព​នៃ​ការកើតមាន​សង្គ្រាម នៅពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា​មិនបាន​ដឹកនាំ​ប្រទេស​នោះ។



គឺ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ភ្នាក់ងារ​របស់ខ្លួន​ជុំវិញ​ការកកើត​គណបក្ស​សង្គ្រោះ​ជាតិ​រយៈពេល៥ឆ្នាំ​មកនេះ និង​អំពី​យុទ្ធសាស្ត្រ​បន្ត​ទៅមុខទៀត​របស់​គ​ណ​បក្ស លោក​កឹម សុខា ដែលជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឆ្លៀត​អះអាង​ដូច្នេះ​ថា៖“ហើយ​ខ្ញុំ​សុំ​យក​ឱកាស​នេះ​ជំរាបជូន​ថា អ្នកដឹកនាំ​គណបក្ស​ដែល​ពូកែ​គឺជា​គណបក្ស​មួយ​ដែល​អត់​ពី​ខ្លួន​ទៅ គឺ​គណបក្ស​នៅតែ​រស់​រវើក ហើយ​នៅ​រីក​តទៅទៀតបាន មិនមែន​អន្តរាយ​ទេ មិនមែន​រលាយ។ ដូចគ្នា​ដែរ អ្នកដឹកនាំ​ប្រទេស​ដែល​ពូកែ​គឺ​អ្នកដឹកនាំ​ប្រទេស​ដែល​អត់​ពី​ខ្លួន​ទៅ ប្រទេស​នៅតែ​រីក​ទៅមុខ មិនមែន​អត់​ពី​ខ្លួន​ទៅ ប្រទេស​រលាយ ប្រទេស​សង្គ្រាម​ទេ ហ្នឹង​អ្នកដឹកនាំ​អត់​ពូកែ​ទេ។ ភ្ជាប់​ជាមួយ​ការអះអាង​បែបនេះ លោក​ប្រមុខ​គណបក្សប្រឆាំង​ក៏បាន​បង្ហាញ​ពី​ការចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ពូកែ។ ពូកែ​ក្នុងន័យ​ថា បើ​ទោះ​អត់​ពី​នរណាម្នាក់​ក៏ដោយ ក៏​គណបក្ស​នេះ​នៅតែ​ដើរទៅ​មុខ ដើរ​ទៅរក​ជ័យ​ជំ​នៈ​បានដែរ។ ជាមួយគ្នានេះ លោក​កឹម សុខា ក៏បាន​បញ្ជាក់​ជាថ្មី​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលដៅ​តែមួយគត់​គឺ​ឈានទៅរក​ការបោះឆ្នោត គឺ​អត់​ធ្វើ​បដិវត្តន៍ អត់​ធ្វើសង្គ្រាម​ឫ​ប្រើ​អំពើហិង្សា​នោះឡើយ។

ការលើកឡើង​របស់លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ស្រប​ពេលដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កំពុងតែ​ជំរុញ​ឲ្យ​រក្សា​សន្តិភាព​ឲ្យ​បាន​ដាច់ខាត​នៅក្នុង​ប្រទេស និង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការកើតមាន​សង្គ្រាម​នៅក្រោយ​ការបោះឆ្នោត​ឆ្នាំ២០១។ នៅ​ព្រឹក​ថ្ងៃទី១៩ កក្កដា គឺ​រំលង​បាន​មួយ​យប់​ពី​ការអះអាង​របស់លោក​កឹម សុខា នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ហ៊ុន សែន ក៏មាន​ការលើកឡើង​ពី​បញ្ហា​សន្តិភាព​ជាថ្មី​ដែរ​ដោយ​សរសេរថា មាន​សន្តិភាព​យូរអង្វែង មានការ​រីកចម្រើន​យូរអង្វែង។ ជាមួយនឹង​ការ​រំលេច​នូវ​ភាពខ្លាំង​របស់​កម្ពុជា​ក្រោម​ស្នាដៃ​របស់​បុរស​ខ្លាំង នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ​ក៏មាន​ការសរសេរ​បង្ហា​ញ​ពីស​ន្ទុះ​នៃ​គាំទ្រ​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា​មានការ​កើនឡើង ដែលជា​ចំណុច បង្ហាញថា គណបក្ស​នេះ​នឹង​ទទួលបាន​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៨ ជា​បន្តទៀត។

ក្តី​រំពឹង​នៃ​ការ​ឈ្នះ​ការបោះឆ្នោត​នៅក្នុង​ឆ្នាំ២០១៨នេះ ក៏មានដែរ​សម្រាប់​គណ​បក្ស​សង្គ្រោះ​ជាតិ។ តែ​ទោះបីជា​យ៉ាងណា​ក៏ដោយចុះ លោក​កឹម សុខា បាន​គូសបញ្ជាក់​ពី​ជំហ​របស់​គណបក្សប្រឆាំង​សម្រាប់​ការបោះឆ្នោត​នោះ​ថា គណបក្ស​ស​ង្ក្រោះ​ជាតិ គឺ​យក​គោលនយោបាយ​មក​ប្រកួត តែ​អត់​យក​កម្លាំងបាយ​មក​ប្រកួត​នោះទេ ព្រោះថា គណបក្ស​នេះ​មិនបាន​យក​ខ្មែរ​ណា​មក​ធ្វើជា​សត្រូវ​នោះឡើយ៕

No comments: