ដោយ សរ ពិសី 02/07/2017 02/07/2017
rfi
ពលករខ្មែរពេលអាជ្ញាធរថៃចាប់បញ្ជួនមកកម្ពុជាវិញកាលពីពេលកន្លងទៅ
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើពលករខ្មែរ រក្សាភាពស្ងៀមស្ងាត់ ខណៈអាជ្ញាធរកម្ពុជា កំពុងពិភាក្សាជាមួយអាជ្ញាធរថៃ ជួយសម្រួលកុំឲ្យមានការចុះត្រួតពិនិត្យពលករកម្ពុជាដែលពុំមានឯកសារគ្រប់គ្រាន់ ក្នុងការស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ។ ការចេញប្រកាសនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃបានបញ្ជូនពលករខ្មែរដែលធ្វើការមិនស្របច្បាប់ត្រឡប់មកវិញច្រើនជាងរាល់ដង ដោយផ្អែកលើព្រះរាជក្រឹត្យកែសម្រួលថ្មីស្តីពីការគ្រប់គ្រងការធ្វើការរបស់ពលករបទេស ឆ្នាំ ២០១៧។
ក្រៅតែពីស្នើពលកររក្សាភាពស្ងៀមស្ងាត់ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានក្រើនរំឮកដល់ពលករខ្មែរ ដែលចង់ទៅធ្វើការនៅប្រទេសថៃ ត្រូវរៀបចំឯកសារមកធ្វើការស្របច្បាប់ និងទំនាក់ទំនងក្រុមហ៊ុនជ្រើសរើសពលករ ដែលអនុញ្ញាតដោយក្រសួងការងារ។
ទាក់ទិននឹងក្រុមហ៊ុនដែលនាំពលករទៅធ្វើការខុសច្បាប់ ក្រសួងការងារកម្ពុជា កាលពីថ្ងៃទី ៣០ មិថុនា ក៏បានស្នើឲ្យក្រសួងព័ត៌មាន ចាត់វិធានការជាបន្ទាន់ បិទការផ្សព្វផ្សាយព័ត៌មានអំពីការធ្វើចំណាកស្រុករបស់ក្រុមហ៊ុនខុសច្បាប់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ ជាការផ្សព្វផ្សាយព័ត៌មាន ដែលត្រូវបានក្រសួងការងារ ចាត់ទុកថា ជាដើមចមដែលធ្វើឲ្យពលករខ្មែរធ្លាក់ខ្លួនក្លាយជាជនរងគ្រោះ ដោយសារមេខ្យល់ ឬក្រុមហ៊ុនខុសច្បាប់ទាំងអស់នោះ។
លោក អ៊ុក គីមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មាននឹងបើកកិច្ចប្រជុំដើម្បីពិភាក្សាលើបញ្ហានេះ នៅដើមសប្តាហ៍ខាងមុខ។ លោក សង្កត់ធ្ងន់ថា ក្រសួងនឹងអនុវត្តទៅតាមការចង្អុលបង្ហាញពីក្រសួងការងារ ព្រោះថា មានតែក្រសួងការងារប៉ុណ្ណោះ ដែលដឹងថាក្រុមហ៊ុននាំពលករណាមួយដែលស្របច្បាប់ឬមិនស្របច្បាប់។
ចាប់តាំងពីថ្ងៃទី ២៧ មិថុនា ដល់ថ្ងៃទី ១ កក្កដា មានពលករខ្មែរដែលទៅធ្វើការខុសច្បាប់ ប្រមាណជា ១៥០០-២០០០ នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាតាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត។ ចំនួននេះ មានការកើនឡើងជាងធម្មតា ក្រោយពេល ដែលប្រទេសថៃអនុវត្តច្បាប់អន្តោប្រវេសន៍ថ្មី៨ចំណុច។ នេះបើតាមលោក ង៉ោ ម៉េងជួ្រន អភិបាលក្រុងប៉ោតប៉ែត ខេត្តបន្ទាយមានជ័យ។
ចំណុចទាំង៨នេះ បានដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ ទាំងការផាកពិន័យ និងដាក់ពន្ធនាគារ ដល់ជនជាតិថៃណា ដែលទទួលពលករបរទេសខុសច្បាប់ទៅធ្វើការ។ ក៏ប៉ុន្តែព្រះរាជក្រឹត្យនេះ ត្រូវបានកែសម្រួលវិញ ដោយបន្ថែមទំងន់ទោសដល់និយោជកដែលប្រើប្រាស់ពលករបរទេស ដែលពុំទាន់មានឯកសារស្របច្បាប់ និងក្រុមហ៊ុននាំពលករបរទេសមកធ្វើការក្នុងប្រទេសថៃ ដោយខុសច្បាប់ប៉ុណ្ណោះ។
No comments:
Post a Comment