Wednesday, 19 July 2017

សមាជិក​សភា​បក្ស​ប្រឆាំង​ព្រមាន​ប្រើ​យន្តការ​សភា​ស្នើ​ដក​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល


ដោយ យ៉ង ចាន់តារា
2017-07-19

តំណាងរាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃស កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
តំណាងរាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃស កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
 RFA/Morm Moniroth



ប្រធាន​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ព្រមាន​ប្រើ​យន្តការ​សភា​ដើម្បី​ស្នើ​ដក​លោក ស៊ុយ សែម ពី​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង គ្រោង​ធ្វើ​បែប​នេះ​ដោយ​យល់​ឃើញ​ថា រដ្ឋមន្ត្រី​រូប​នេះ​មិន​បាន​បំពេញ​មុខងារ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ទាក់ទង​នឹង​ការ​ឆ្លើយ​បំភ្លឺ​រឿង​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស។



ការ​ព្រមាន​របស់​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​ដោយសារ​តែ​ក្រសួង​រ៉ែ និង​ថាមពល ខកខាន​មិន​បាន​ឆ្លើយតប​នឹង​សំណើ​របស់​លោក សុន ឆ័យ សុំ​ឲ្យ​ក្រសួង​បង្ហាញ​ព័ត៌មាន​លម្អិត​នានា​ទាក់ទង​នឹង​ការ​នាំ​ចេញ​ខ្សាច់​ប្រភេទ​ស៊ីលីកា ឬ​ខ្សាច់​ស ទៅ​ក្រៅ​ប្រទេស ដែល​លោក​បាន​ស្នើ​តាំង​ពី​ពាក់​កណ្ដាល​ខែ​មិថុនា កន្លង​ទៅ។

អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៩ កក្កដា ថា ទង្វើ​បែប​នេះ​របស់​លោក ស៊ុយ សែម គឺ​ជា​ការ​បំពាន​រដ្ឋធម្មនុញ្ញ និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​រដ្ឋមន្ត្រី៖ «»។

កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា កន្លង​ទៅ លោក សុន ឆ័យ តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ស្នើ​ឲ្យ​រដ្ឋមន្ត្រី​រូប​នេះ​បង្ហាញ​ព័ត៌មាន និង​ឯកសារ​ផ្លូវការ​ទាក់ទង​នឹង​ការ​នាំ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស ចេញ​ទៅ​ក្រៅ​ប្រទេស ក៏ប៉ុន្តែ​ជាង​មួយ​ខែ​មក​នេះ ក្រសួង​រ៉ែ និង​ថាមពល មិន​ទាន់​ឆ្លើយតប​នឹង​សំណើ​របស់​លោក សុន ឆ័យ នៅ​ឡើយ​ទេ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា បាន​ទេ​នៅ​ថ្ងៃ​ទី​១៩ កក្កដា ដើម្បី​ឆ្លើយតប​រឿង​នេះ ដោយ​លោក​មិន​លើក​ទូរស័ព្ទ ក៏ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ​ធ្លាប់​បាន​បញ្ជាក់​កាល​ពី​សប្ដាហ៍​មុន​ថា ក្រសួង​កំពុង​អនុវត្ត​តាម​នីតិវិធី ដើម្បី​ឆ្លើយតប​នឹង​សំណើ​របស់​លោក សុន ឆ័យ។ អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏​ធ្លាប់​បាន​បញ្ចេញ​មតិ​ដែរ​ថា អ្វី​ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​នេះ​ជា​ការ​កេង​ចំណេញ​នយោបាយ​ច្រើន​ជាង៖ «»។



សកម្មភាព​កាយ​ខ្សាច់​ប្រភេទ​ស៊ីលីកា​ដាក់​កប៉ាល់ នៅ​កំពង់ផែ ម៉ុង ឫទ្ធី ឋិត​នៅ​ភូមិ​កែវផុស ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of Mother Nature Photo courtesy of Mother Nature


កាល​ពី​សប្ដាហ៍​មុន ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រកាស​បញ្ឈប់​ជា​ស្ថាពរ​នូវ​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នាំ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់ ចេញ​ពី​ខេត្ត​កោះកុង ទៅ​ក្រៅ​ប្រទេស។

ខេត្ត​កោះកុង គឺ​ជា​ទី​ដែល​មាន​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដ៏​ច្រើន​សម្បើម​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​ប្រជាពលរដ្ឋ​មូលដ្ឋាន​អះអាង​ថា អាជីវកម្ម​ខ្សាច់​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់​យ៉ាង​ខ្លាំង។

ការ​ប្រកាស​បិទ​បញ្ចប់​ជា​ស្ថាពរ​នៃ​សម័យកាល​នាំ​ខ្សាច់​ចេញ​ពី​ខេត្ត​កោះកុង ទៅ​បរទេស​នេះ ធ្វើ​ឡើង​ជាង ១០​ខែ ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ដ៏​រសើប​នៃ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី ដែល​កម្ពុជា បាត់​ទឹកប្រាក់​ជាង ៧០០​លាន​ដុល្លារ​អាមេរិក ហើយ​ដែល​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​បរិស្ថាន​រក​ឃើញ​ថា ជា​ការ​នាំ​ចេញ​ខុស​ច្បាប់។

លោក សុន ឆ័យ ស្វាគមន៍​ចំពោះ​វិធានការ​របស់​ក្រសួង​នេះ ក៏ប៉ុន្តែ​លោក​ថា​វា​មិន​អាច​បញ្ចប់​បញ្ហា​នានា​ជុំវិញ​ភាព​មិន​ប្រក្រតី​រឿង​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស ក្នុង​រយៈកាល​កន្លង​ទៅ​បាន​នោះ​ទេ។ លោក​បញ្ជាក់​ថា ក្នុង​នាម​លោក​ជា​តំណាងរាស្ត្រ លោក​នឹង​តាមដាន​ករណី​នេះ​ជា​បន្ត​ទៀត។ លោក​បញ្ជាក់​ថា អ្វី​ដែល​លោក​កំពុង​ធ្វើ​នេះ គឺ​ជា​ការងារ​របស់​តំណាងរាស្ត្រ មិន​មែន​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​នោះ​ទេ៖ «»។

លោក សុន ឆ័យ បញ្ជាក់​ថា ការ​គ្រប់គ្រង​វិស័យ​ធនធាន​រ៉ែ​នេះ​នៅ​មាន​បញ្ហា​ជាច្រើន ជាពិសេស​គឺ​ការ​ខាតបង់​ប្រាក់​ចំណូល​ជាតិ និង​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន តែ​ផល​ប្រយោជន៍​បែរ​ជា​ធ្លាក់​ក្នុង​ដៃ​ក្រុម​អ្នក​មាន​អំណាច​ទៅ​វិញ។ លោក​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ ឲ្យ​ចូលរួម​តាមដាន​ដំណើរការ​អនុវត្ត​គម្រោង​របស់​រដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ ដើម្បី​ឲ្យ​មាន​តម្លាភាព និង​គណនេយ្យភាព​ក្នុង​វិស័យ​មួយ​នេះ៕

1 comment:

Anonymous said...

លោក សុន ឆ័យ អើយដកគេម្តេចបានទៅ បើពួក អាគុក ដែលលោកបានរកឃើញថាខុសនោះ ទោះជាលោកថាខុសរាប់រយ ក៍ពួកអាគុក គេថាឥតមានកំហុសដែរ ដូចជាកាប់ព្រៃឈើ យើងថាវាខុស តែគេថាអភិវឍ្យន៍ បើនិយាយពីរឿងយួនវីញ គឺនីយាយមិនបានដាច់ខាត ចង់យួនធ្វើអ្វីបានគ្រប់មុខ សូម្បីតែពាក្យ យួន ដែលខ្មែរហៅ និយាយតៗគ្នា តាំងពីសម័យ អង្គរ មក តែឥឡូវលោកហៅ យួន មិនពានផង ព្រោះគេថាជាមហាមិត្តគេ លោកឃើញស្រាប់ សព្វថ្ងៃ មានយួន ឈ្មោះខ្មែរ កាន់កាប់ ទាហាន ពូលីស អស់ទៅហើយ តើលោកហ៊ាននិយាយទេ? ច្បាស់ជា ពិតជា មិនហ៊ានទេ ព្រោះគេឈ្មោះខ្មែរ ហើយបើលោកដូរបានមែន អាក្រោយមក ច្បាស់ជាចាស់ដៃជាងអានេះទៅទៀត ព្រោះវាឈ្មោះខ្មែរ ។ ឌូម៉ែ ចយដឹកអើយ ចេតរូយ ហើយម្តងនេះ។