ដោយ សរ ពិសី 09/07/2017 09/07/2017
rfi

ប្រាសាទសំបូរព្រៃគុក ដែលត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១៧។
@គេហទំព័រយូណេស្កូ
នាយប់ថ្ងៃទី ០៨ កក្កដា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងKrakow ប្រទេសប៉ូឡូញ ។ ការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌ មិនមែនជារឿងចៃដន្យនោះទេ ព្រោះថាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងភាគីពាក់ព័ន្ធ បានត្រៀមឯកសារជាច្រើន ដើម្បីដាក់ទៅអង្គការយូណេស្កូ រយៈពេលជាច្រើនឆ្នាំមកហើយ។ ឆ្លៀតក្នុងឱកាសនេះ សរ ពិសី សូមរៀបរាប់ពីប្រវត្តិត្រួសៗនៃរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកនេះ៖
ការសម្រេចដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលរៀបចំឡើងចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១២ កក្កដា មាន ១៩៣ ប្រទេសជាសមាជិក និង ២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍។
ក្នុងនាមជាសាស្ត្រាចារ្យខាងបុរាណវិទ្យា និងប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍ លោកបណ្ឌិត ចិន្ត ច័ន្ទរតនា បានសម្តែងក្តីរំភើបរីករាយចំពោះការដាក់បញ្ចូលនេះ ព្រោះលោកយល់ថា នឹងធ្វើឲ្យពិភពលោកស្គាល់ខ្មែរកាន់តែច្បាស់។ លោក បានពន្យល់ថា តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតតាមបណ្តោយស្ទឹងសែន និងមានចម្ងាយជាង ២០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ គឺជាអតីតរាជធានីឦសានបុរៈរបស់ កម្ពុជានៅមុនសម័យអង្គរ នៅចន្លោះសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៧។
ជារាជធានីនៃអាណាចក្រចេនឡាមានលក្ខណៈពិសេសជាច្រើន ដែលខុសប្លែកពីប្រាសាទនានា។ តួប្រាសាទរបស់ប្រាសាទនេះ ភាគច្រើនកសាងអំពីឥដ្ឋ និងមានតួរហូតទៅដល់ ៨ ជ្រុង ដែលមិនមានទេក្នុងសិល្បៈខ្មែរសម័យក្រោយ និងនៅតាមប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងសម័យកាលនោះ។
បើនិយាយពីចម្លាក់វិញ ត្រូវបានអ្នកសិក្សាស្រាវជ្រាវ អះអាងថា មានលក្ខណៈខ្មែរច្រើនជាងឥណ្ឌា បើទោះជាកាលពីសម័យមុនកម្ពុជាទទួលឥទ្ធិពលពីឥណ្ឌាក៏ដោយ។ ចំណែកគំរូស្ថាបត្យកម្ម ចម្លាក់តុបតែងលម្អលើជញ្ជាំង និងផ្តែរទ្វារជាប្រភពព័ត៌មានដ៏សំបូរបែបពីគំនិត និងជំនឿនៃការប្រណិប័តន៍បត្តិសាសនានាសម័យចេនឡា។
អ្នកសិក្សាស្រាវជ្រាវ បានចុះបញ្ជីប្រាសាទ និងរចនាសម្ព័ន្ធសំណង់ប្រាសាទចំនួនជិត៣០០ ក្នុងតំបន់រមណីយដ្ឋានសំបូរព្រៃគុក។ ដែលមានបួនក្រុមធំគឺ ប្រាសាទរបងរមាស ប្រាសាទរណប កំពែងក្រុង និងក្រុមប្រាសាទសំខាន់ បីទៀត គឺប្រាសាទសំបូរ យាយព័ន្ធ និងប្រាសាទតោ។ ក្រុមប្រាសាទទាំងនោះ សាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
នៅដើមសតវត្សទី ២០ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសិក្សាស្រាវជ្រាវ និងអភិរក្សដោយជំនាញការបារាំង។ នៅឆ្នាំ ១៩៩៨ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចាប់ផ្តើមការស្តារនិងការអភិរក្សរមណីយដ្ឋានសំបូរព្រៃគុកឡើងវិញ បន្ទាប់ពីតំបន់ប្រាសាទសំបូរព្រៃគុក ទទួលរងគ្រោះយ៉ាងដំណំដោយសារការទម្លាក់គ្រាប់បែក។ រហូតមកទល់ពេលនេះ ក្រសួងវប្បធម៌ បានបង្កើតសហគមន៍ដើម្បីចូលរួមក្នុងការងារជួសជុល ធ្វើកំណាយ ការការពារ និងការផ្តល់សេវាទេសចរជាប្រចាំ។
សូមជម្រាជូនថា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ប្រវតិ្តសាស្រ្តទី៣ របស់កម្ពុជា ដែលត្រូវបានចុះនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គវត្ត ត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីនៅឆ្នាំ ១៩៩២ និងប្រាសាទព្រះវិហារ នៅឆ្នាំ ២០០៨៕
No comments:
Post a Comment