Thursday, 20 July 2017
សាលាឧទ្ធរណ៍សម្រេចរក្សាការឃុំខ្លួនអតីតសង្ឃដែលថតបង្ហោះរូបកាំភ្លើងជ័រលើហ្វេសប៊ុក
ដោយ វណ្ណ សុគន្ធា 20/07/2017 20/07/2017
rfi
អតីតសង្ឃហន សុផាន្នី ពេលប៉ូលីសចាប់ខ្លួន
@បណ្តាញព្រះសង្ឃឯករាជ្យ ដើម្បូយុត្តិធម៌សង្គម
បន្ទាប់ពីចំណាយពេលបើកសវនាការមិនដល់កន្លះម៉ោងផង សភាស៊ើបសួរនៃសាលាឧទ្ធរណ៍នៅព្រឹកនេះបានទាត់ចោលបណ្តឹងប្រឆាំងដីកាឃុំខ្លួនអតីតសង្ឃហន សុផាន្នី ដោយសម្រេចរក្សាបន្តឃុំខ្លួនដដែលនៅក្នុងពន្ធនាគារខេត្តបាត់ដំបង។ យ៉ាងណាក៏ដោយ មេធាវីការពារក្តី បញ្ជាក់ថា នឹងពិភាក្សាជាមួយកូនក្តី ដើម្បីឈានទៅប្តឹងនៅតុលាការកំពូលបន្តទៀត។
លោកជួង ជូងី មេធាវីការពារក្តីឲ្យអតីតសង្ឃហន សុផាន្នី បានអះអាងថា ចៅក្រមសាលាឧទ្ធរណ៍បានលើកហេតុផលខ្លីថា ការសម្រេចឃុំខ្លួនអតីតសង្ឃអង្គនេះនៅក្នុងពន្ធនាគាររបស់សាលាដំបូងខេត្តបាត់ដំបង គឺជារឿងត្រឹមត្រូវ។ ដូច្នេះហើយ ក៏សម្រេចតម្តល់ដីកានោះតែម្តង។
ការសម្រេចទាត់ចោលបណ្តឹងសុំឲ្យដោះលែងអតីតសង្ឃអង្គនេះ បានធ្វើឡើងបន្ទាប់ពីសាលាដំបូងខេត្តបាត់ដំបងបានទាត់ចោលសំណើសុំនៅក្រៅឃុំម្តងរួចហើយកាលពីថ្ងៃទី១០ កក្កដា កន្លងទៅ។ កាលណោះ ចៅក្រុមបានលើកសំអាងថា ដោយសារតែសាលាឧទ្ធរណ៍មិនបើកសវនាការជុំវិញបណ្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួនរបស់សាលាដំបូង។ ម្យ៉ាងទៀត គឺដោយសារតែជនជាប់ចោទកំពុងស្ថិតក្នុងដំណើរការនៃការស៊ើបអង្កេតនៅឡើយ។ យ៉ាងណាក៏ដោយ លោកមេធាវីជួង ជូងី បានសម្រេចបន្តប្តឹងជំទាស់ការសម្រេចនេះមកសាលាឧទ្ធរណ៍ទៀតកាលពីថ្ងៃទី១៧ កក្កដា តែមិនទាន់បើកសវនាការនៅឡើយទេ។សម្រាប់លោកមេធាវី ជួង ជូងី ការសម្រេចជាបន្តបន្ទាប់ពីសំណាក់សាលាដំបូងខេត្តបាត់ដំបង និងសាលាឧទ្ធរណ៍នេះ គឺផ្តល់ភាពអយុត្តិធម៌ដល់កូនក្តីរបស់លោក ព្រោះថាអតីតសង្ឃហន សុផាន្នីមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ តែបែរជាត្រូវរងការឃុំខ្លួនក្នុងពន្ធនាគារបែបនេះ។
គួរឲ្យដឹងថា អតីតសង្ឃហន សុផាន្នី ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបងចាប់ខ្លួន និងចាប់ផ្សឹកកាលពីថ្ងៃទី២១ មិថុនានៅក្នុងវត្តដំរីស សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី២២ មិថុនា អតីតសង្ឃអង្គនេះ ក៏ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ក្រោមការចោទប្រកាន់ចំនួន២បទល្មើសគឺ បទកាន់កាប់និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ បទចោទប្រកាន់ទាំងពីរ បានធ្វើឡើងក្រោយពីអតីតសង្ឃហន សុផាន្នីបានបង្ហោះលើហ្វ៊េសប៊ុកកាលពីខែមេសានូវរូបភាពបាញ់កាំភ្លើងជ័រក៏ដូចជាដាវ ដោយសរសេរបញ្ឆិតបញ្ឆៀងថា ទុកការពារសុវត្ថិភាពនិងការពារការប្រកាសសង្គ្រាមពេលបោះឆ្នោតឆ្នាំ២០១។
ចំពោះលោកជួង ជូងី ការចោទប្រកាន់ទាំងនេះ គឺមិនត្រឹមត្រូវ ជាការចោទប្រកាន់បំពានច្បាប់ព្រោះថា គ្រាន់តែជាការបង្ហោះរូបភាពកាំភ្លើងជ័រ និងរូបដាវលេងនៅលើហ្វេសប៊ុកមិនមែនជាបទល្មើសនោះទេ។ លោកជួង ជូងី គូសបញ្ជាក់បន្ថែមថា លោកនឹងនៅតែបន្តទាមទាឲ្យតុលាការដោះលែងកូនក្តីរបស់លោក ព្រោះថា គាត់មិនមានកំហុសនោះឡើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment