ដោយ អ៊ុង សេរីវុទ្ធ
2017-07-03
តំណាងរណសិរ្សរំដោះជាតិខ្មែរ លោក ធុយ វី ពេលបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧។ RFA/Tha Kitya
RFA/Tha Kitya
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង ឬទ្ធី នៅថ្ងៃទី៣ កក្កដា នេះ សាកសួរមនុស្សពីរនាក់ដែលជាប់ព័ន្ធនឹងក្រុមរណសិរ្សរំដោះជាតិខ្មែរ ដែលរងការចោទថា មានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ជំនួយការប្រធានការិយាល័យឧត្ដមស្នងការអន្តរសាសន៍ លោក ឌឹមលីម សុភាវត្តី ឲ្យអាស៊ីសេរីដឹងក្រោយពីលោក និងប្រធានរបស់លោកគឺ លោក ឃុន សាវៈខែត ចេញពីបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ កក្កដា ថា នេះជាការសាកសួរលើកទី២ ក្រោយពីពួកលោកត្រូវបានចាប់ខ្លួន តែត្រូវបានដោះលែងវិញ រីឯសមាជិករណសិរ្សរំដោះជាតិខ្មែរម្នាក់គឺលោក ធុយ វី នៅជាប់ឃុំនៅឡើយមកទល់ពេលនេះពីបទញុះញង់តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ការចាប់ខ្លួននេះ នៅពេលធ្វើសន្និសីទកាសែតកាលពីខែឧសភា។
លោក ឌឹមលីម សុភាវត្តី អះអាងថា ការសាកសួរនេះផ្ដោតសំខាន់ពីមូលហេតុដែលអង្គការរបស់លោកបានដឹកនាំធ្វើសន្និសីទកាសែត ហើយមានការចូលរួមរបស់ក្រុមរណសិរ្សរំដោះជាតិខ្មែរនៅពេលនោះ។ ទោះយ៉ាងណាក៏ដោយ លោកមិនដឹងថា តុលាការនឹងចាត់វិធានការបែបណាទៀតចំពោះពួកគាត់ តែក្រោយពីសាកសួរចប់នៅថ្ងៃទី៣ កក្កដានេះ តុលាការអនុញ្ញាតឲ្យពួកលោកទាំងពីរត្រឡប់មកផ្ទះវិញ។
បច្ចុប្បន្នសមាជិករបស់រណសិរ្សរំដោះជាតិខ្មែរប្រមាណ១០នាក់មកហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ ដោយរងការចោទប្រកាន់ថា មានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាល៕
No comments:
Post a Comment