Wednesday, 19 July 2017

មគ្គុទ្ទេសក៍​ទេសចរ​ខ្មែរ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុប​បំបាត់​មគ្គុទ្ទេសក៍​បរទេស​នៅ​ខេត្ត​សៀមរាប


ដោយ ហង្ស សាវយុត
2017-07-19


មគ្គុទ្ទេសក៍​ទេសចរ​និយាយ​ភាសា​ចិន (ដៃ​ចង្អុល) នាំ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន មើល​សត្វ​ជ្រឹង​នៅ​ជិត​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ក្នុង​ទី​រួម​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៧។
មគ្គុទ្ទេសក៍​ទេសចរ​និយាយ​ភាសា​ចិន (ដៃ​ចង្អុល) នាំ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន មើល​សត្វ​ជ្រឹង​នៅ​ជិត​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ក្នុង​ទី​រួម​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៧។
 RFA/Hang Savyouth



មគ្គុទ្ទេសក៍​ទេសចរ​ជនជាតិ​ខ្មែរ​និយាយ​ភាសា​បរទេស​ជាច្រើន​នាក់​នៅ​ខេត្ត​សៀមរាប ត្អូញត្អែរ​ថា ពួក​គេ​មិន​សូវ​សម្បូរ​ភ្ញៀវ​ទេសចរ​ដើម្បី​នាំ​ដើរ​កម្សាន្ត​តាម​តំបន់​អង្គរ​ទេ ដោយសារ​តែ​បច្ចុប្បន្ន ក្រុមហ៊ុន​ទេសចរណ៍​បរទេស​ខ្លះ​ដែល​មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ បាន​នាំ​ទាំង​មគ្គុទ្ទេសក៍​ទេសចរ​របស់​គេ​មក​ជាមួយ​ផង។



ក្រុម​មគ្គុទ្ទេសក៍​ទេសចរ​ជនជាតិ​ខ្មែរ ចង់​ឃើញ​រដ្ឋាភិបាល​ចេញ​វិធានការ​លុប​បំបាត់​មគ្គុទ្ទេសក៍​ទេសចរ​បរទេស​ដែល​មក​ដណ្ដើម​ការងារ​ខ្មែរ​ឲ្យ​អស់​ដូច​រដ្ឋាភិបាល​ថៃ ដែល​បាន​ប្រកាស​មិន​ឲ្យ​មាន​មគ្គុទ្ទេសក៍​ទេសចរ​បរទេស​នៅ​ក្នុង​ប្រទេស​ថៃ ដូច្នេះ​ដែរ។

ក្រុម​មគ្គុទ្ទេសក៍​ទេសចរ​ជនជាតិ​ខ្មែរ​និយាយ​ភាសា​បរទេស​ខ្លះ​នៅ​ខេត្ត​សៀមរាប ទាមទារ​ជា​ថ្មី​ទៀត​ឲ្យ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​រដ្ឋាភិបាល លុប​បំបាត់​ចោល​មគ្គុទ្ទេសក៍​ទេសចរ​បរទេស​ដែល​កំពុង​តែ​មក​ដណ្ដើម​នាំ​ភ្ញៀវ ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​អង្គរ​នា​ពេល​បច្ចុប្បន្ន​ឲ្យ​អស់។

មគ្គុទ្ទេសក៍​ម្នាក់​ក្នុង​ចំណោម​អ្នក​និយាយ​ភាសា​កូរ៉េ គឺ​លោក សុខ វាសនា។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែ​កក្កដា ថា បច្ចុប្បន្ន​នេះ​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​អះអាង​ថា តួលេខ​ភ្ញៀវ​ទេសចរ​បរទេស​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ក៏ដោយ ក៏​អ្នក​និយាយ​ភាសា​កូរ៉េ​ដូច​រូប​គាត់ មិន​សូវ​សម្បូរ​ភ្ញៀវ​ទេសចរ​សម្រាប់​នាំ​ដើរ​កម្សាន្ត​នៅ​តំបន់​អង្គរ​ទេ។ មូលហេតុ​ដែល​មិន​សូវ​សម្បូរ​ភ្ញៀវ គឺ​ដោយសារ​តែ​ក្រុមហ៊ុន​កូរ៉េ​ខ្លះ​ដែល​មក​រក​ស៊ី​នៅ​ខេត្ត​សៀមរាប មាន​ក្រុម​មគ្គុទ្ទេសក៍​របស់​គេ​សម្រាប់​ជូន​ភ្ញៀវ​ដើរ​កម្សាន្ត។

លោក សុខ វាសនា យល់​ថា បញ្ហា​ដែល​ក្រុមហ៊ុន​ទេសចរណ៍​កូរ៉េ​ប្រើ​មគ្គុទ្ទេសក៍​ជនជាតិ​របស់​គេ​ក្រោម​រូបភាព​ជា​អ្នក​បកប្រែ​ភាសា​នោះ ធ្វើ​ឲ្យ​មគ្គុទ្ទេសក៍​ខ្មែរ​និយាយ​ភាសា​កូរ៉េ​ជាច្រើន​គ្មាន​ការងារ ហើយ​ម្យ៉ាង​ទៀត មគ្គុទ្ទេសក៍​ទាំងនោះ​មិន​យល់​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​អំពី​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​វប្បធម៌ អរិយធម៌ និង​ប្រវត្តិសាស្ត្រ​ពិត​របស់​ខ្មែរ៖ «មគ្គុទ្ទេសក៍​ទេសចរ​ជាតិ ពេល​ខ្លះ​អត់​មាន​ការងារ​ទាល់​តែ​សោះ ហើយ​ជន​បរទេស​អនុញ្ញាត​ឲ្យ​ចូល​មក​នាំ​ភ្ញៀវ​ទេសចរ មក​និយាយ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ។ ការ​មក​ដណ្ដើម​ការងារ​មគ្គុទ្ទេសក៍​ជាតិ គឺ​ជះ​ឥទ្ធិពល​ច្រើន​យ៉ាង​ណាស់»។

ទេសចរ​ខេត្ត​សៀមរាប ២០១៧ ១៤៤០
មគ្គុទ្ទេសក៍​ទេសចរ​និយាយ​ភាសា​ចិន (ស្ដាំ) នាំ​ភ្ញៀវ​ទេសចរ​ចិន ទៅ​មើល​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Hang Savyouth


មគ្គុទ្ទេសក៍​ទេសចរ​និយាយ​ភាសា​កូរ៉េ ម្នាក់​ទៀត លោក លី ប៊ុនលីម មាន​ប្រសាសន៍​ថា លោក​ខិតខំ​រៀន​ភាសា​កូរ៉េ ជាច្រើន​ឆ្នាំ ប៉ុន្តែ​នៅ​ពេល​ចេះ​ភាសា​នេះ​ទៅ​ធ្វើ​ជា​មគ្គុទ្ទេសក៍​ទេសចរ បែរ​ជា​ក្រុមហ៊ុន​មិន​ទទួល​យក ដោយ​គេ​យក​តែ​ជនជាតិ​កូរ៉េ មក​នាំ​ភ្ញៀវ​ដើរ​កម្សាន្ត។ លោក លី ប៊ុនលីម បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ក្នុង​មួយ​ខែៗ លោក​បាន​នាំ​ភ្ញៀវ​ដើរ​កម្សាន្ត​ប្រហែល ៣​ដង ដោយ​បាន​កម្រៃ​ប្រហែល ១៥០​ដុល្លារ​អាមេរិក។ ភ្ញៀវ​ដែល​លោក​នាំ​ដើរ​កម្សាន្ត​នេះ គឺ​បាន​ដោយសារ​តែ​គេ​ទាក់ទង​មក​លោក​ផ្ទាល់ មិន​មែន​ក្រុមហ៊ុន​ជា​អ្នក​ផ្ដល់​ឲ្យ​ទេ៖ «ខ្ញុំ​សូម​អំពាវនាវ​ទៅ​រដ្ឋាភិបាល សូម​ជួយ​គិតគូរ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​សៀមរាប ដែល​ជា​អ្នក​មគ្គុទ្ទេសក៍​ភាសា​កូរ៉េ​ផង»។

ក្រុម​មគ្គុទ្ទេសក៍​ជនជាតិ​ខ្មែរ​រិះគន់​ថា ដោយសារ​តែ​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​ឲ្យ​បរទេស​មក​ធ្វើ​ជា​មគ្គុទ្ទេសក៍​នាំ​ភ្ញៀវ​ដើរ​កម្សាន្ត​នៅ​តំបន់​អង្គរ គឺ​វា​បាន​ធ្វើ​ឲ្យ​ចំណូល​ទេសចរណ៍​ជាច្រើន​មិន​ធ្លាក់​ដល់​ដៃ​ពលរដ្ឋ​ខ្មែរ​ឡើយ ពោល​គឺ​ក្រុមហ៊ុន​បរទេស​ទាំងនោះ​បាន​នាំ​យក​លុយ​ស្ទើរ​តែ​គ្រប់​ផ្នែក ចំណែក​ខ្មែរ​បាន​ទទួល​តែ​សំរាម​ដែល​ភ្ញៀវ​បរទេស​ស៊ី ហើយ​គ្រវាត់​ចោល​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក ង៉ូវ សេងកាក់ បាន​ឆ្លើយតប​ថា ក្រសួង​ទេសចរណ៍ បាន​យក​ចិត្ត​ទុក​ដាក់​ជុំវិញ​បញ្ហា​នេះ ហើយ​កំពុង​កាត់​បន្ថយ​អ្នក​បកប្រែ​ភាសា​កូរ៉េ ឲ្យ​ថយ​ចុះ​ចំនួន ៥០​នាក់​ក្នុង​មួយ​ឆ្នាំៗ ដើម្បី​ទុក​ការងារ​ឲ្យ​មគ្គុទ្ទេសក៍​ខ្មែរ។ មន្ត្រី​ដដែល​បញ្ជាក់​ថា បញ្ហា​កាត់​បន្ថយ​អ្នក​បកប្រែ​ភាសា​កូរ៉េ នេះ ត្រូវ​ធ្វើ​ជា​ជំហានៗ មិន​អាច​ផ្ដាច់​ភ្លាម​បាន​ទេ ពីព្រោះ​វា​ក៏​មាន​ការ​ទាក់ទង​ជាមួយ​នឹង​ស្ថិរភាព​ភ្ញៀវ​ទេសចរ​ជនជាតិ​កូរ៉េ ដែរ៖ «ទម្រាំ​យើង​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ខ្មែរ​និយាយ​ភាសា​កូរ៉េ គ្រប់​ចំនួន ហើយ​យើង​ទ្រទ្រង់​បាន ១០០% គឺ​យើង​នឹង​កាត់​ផ្ដាច់​ទាំងស្រុង​រយៈពេល ៤​ឆ្នាំ​ទៀត»។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បាន​ប្រកាស​មិន​ឲ្យ​មាន​មគ្គុទ្ទេសក៍​ជនជាតិ​បរទេស​នៅ​ក្នុង​ប្រទេស​ថៃ ទាំងស្រុង ដោយ​យល់​ថា​មគ្គុទ្ទេសក៍​ទេសចរ​បរទេស​ទាំងនោះ​ជា​អ្នក​ដណ្ដើម​ការងារ​ពលរដ្ឋ​ថៃ។ ពលរដ្ឋ​ខ្មែរ​ចង់​ឲ្យ​រដ្ឋាភិបាល​មាន​ចំណាត់ការ​ប្រឆាំង​មគ្គុទ្ទេសក៍​ទេសចរ​បរទេស​ដូច​គ្នា​នឹង​រដ្ឋាភិបាល​ថៃ ដែរ។

ប្រភព​ពី​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ជន​បរទេស​ប្រមាណ​ជាង ២០០​នាក់​បាន​ចូល​មក​ធ្វើ​ជា​មគ្គុទ្ទេសក៍​ទេសចរ​នៅ​ខេត្ត​សៀមរាប ដូចជា​មគ្គុទ្ទេសក៍​ជនជាតិ​រុស្ស៊ី មគ្គុទ្ទេសក៍​ជនជាតិ​អ៊ីតាលី និង​ជនជាតិ​កូរ៉េ ជាដើម៕

1 comment:

Anonymous said...

Before cutting foreign guide off, make sure that Cambodia has enough guides who can speak fluently foreign languages.

I personally think allowing foreign guides is better than removing them. It will attracts more tourists to visit Cambodia.