Wednesday, 19 July 2017
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាអំពាវនាវឱ្យភ្នាក់ងារអ.ស.បកុំជ្រៀតជ្រែកកិច្ចការតុលាការកម្ពុជា
ដោយ យ៉ង ចាន់តារា
2017-07-18
ពីឆ្វេង៖ មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា លោក នី សុខា និងអ្នកស្រី លឹម មុន្នី ត្រូវបានព្រះសង្ឃប្រោះព្រំតាមបែបសាសនាបន្ទាប់ពីចេញពីពន្ធនាគារព្រៃស កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។ RFA/Tin Zakariya
RFA/Tin Zakariya
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងប្រចាំអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) អំពាវនាវឱ្យភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ (អ.ស.ប) មិនត្រូវប្រើឥទ្ធិពលជ្រៀតជ្រែកការបំពេញតួនាទីរបស់តុលាការកម្ពុជាឡើយ។
សេចក្ដីថ្លែងការណ៍នេះ គឺជាការឆ្លើយតបនឹងកំណត់ត្រាសង្ខេបរបស់អ្នកនាំពាក្យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ជុំវិញរឿងដោះលែងមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) និងមន្ត្រី គ.ជ.ប ឱ្យនៅក្រៅឃុំ និងការទម្លាក់ចោលការចោទប្រកាន់លើមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងប្រចាំអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយក្នុងហ្វេសប៊ុក (Facebook) ផ្លូវការរបស់ខ្លួន នៅថ្ងៃទី១៨ ខែកក្កដា ថា “អង្គការសង្គមស៊ីវិលមួយចំនួនបានបំភ្លៃការពិត បង្កើតពាក្យកុហកបោកប្រាស់ បង្កើតជាឆាកល្ខោន និងបានពង្រីកបញ្ហាតូចតាចខ្លះឱ្យទៅជារឿងធំ ដើម្បីបន្តុះបង្អាប់ស្ថាប័នរដ្ឋ រួមទាំងស្ថាប័នតុលាការផង។ ហេតុដូចនេះ សមត្ថកិច្ច និងតុលាការត្រូវមានកាតព្វកិច្ចចាត់វិធានការនាំខ្លួនជនល្មើសទៅតុលាការ ដើម្បីទទួលខុសត្រូវចំពោះកំហុសឆ្គងដែលបានប្រព្រឹត្ត ដោយមិនគិតថា ពួកគេជាសកម្មជនសិទ្ធិមនុស្ស ឬក៏ជាសកម្មជននយោបាយនោះឡើយ"។
ស្ថាប័នតំណាងរដ្ឋាភិបាលកម្ពុជាមួយនេះ ទទូចដល់ភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ មិនត្រូវប្រើឥទ្ធិពលជ្រៀតជ្រែកការបំពេញតួនាទីរបស់តុលាការឡើយ ព្រោះពួកគេចាត់ទុកទង្វើបែបនេះជាការរារាំងសមត្ថកិច្ចរបស់តុលាការ។
កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅ អ្នកនាំពាក្យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស អ្នកស្រី លីហ្ស ស្រូសហ្សែលល៍ (Liz Throssell) បានសរសេរនៅក្នុងកំណត់ត្រាសង្ខេបថា "ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ស្វាគមន៍ចំពោះការដោះលែងលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី និងលោក នី ចរិយា ក្រោយការឃុំខ្លួនអស់រយៈពេលជាង ១ឆ្នាំ ព្រមទាំងការទម្លាក់បទចោទប្រកាន់ទៅលើលោក សឺន សាលី ដែលជាមន្ត្រីនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ផងដែរ"។
ទោះជាបែបនេះក្ដី ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅតែបារម្ភថា ការជំនុំជម្រះក្ដីអ្នកការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប នឹងត្រូវគេធ្វើជាបន្តទៀត បើទោះបីជាមិនមានភស្តុតាង និងហេតុផលផ្លូវច្បាប់គ្រប់គ្រាន់ដើម្បីផ្ដល់យុត្តិកម្មលើបទចោទប្រកាន់ទាំងនោះក្ដី។ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នឹងបន្តឃ្លាំមើលសំណុំរឿងនេះយ៉ាងដិតដល់រហូតទាល់តែករណីនេះត្រូវបានបិទបញ្ចប់ទាំងស្រុង។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ច្រានចោលការចោទប្រកាន់របស់តំណាងរដ្ឋាភិបាលកម្ពុជា នៅអង្គការសហប្រជាជាតិនេះ។ លោកថា ការចេញសេចក្ដីថ្លែងការណ៍ ឬការអំពាវនាវណាមួយរបស់អង្គការសង្គមស៊ីវិលជុំវិញបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានធ្វើឡើងដោយផ្អែកលើស្ថានភាពពិតជាក់ស្ដែង មិនមែនជាការបំប៉ោង ឬបំភ្លៃព័ត៌មាននោះទេ៖ «អង្គការសង្គមស៊ីវិលចេញសេចក្តីថ្លែងការណ៍ ឬរបាយការណ៍ដើម្បីឲ្យរដ្ឋាភិបាលកែលំអ ឬរកវិធីសាស្ត្រក្នុងការដោះស្រាយ មិនមែនអង្គការសង្គមស៊ីវិលធ្វើការដើម្បីបំភ្លៃ ឬបំប៉ោងការពិតនោះទេ។ អ្វីដែលគេលើកឡើង គឺមានអំណះអំណាង ហើយខ្ញុំជឿជាក់ថា អង្គការសហប្រជាជាតិ មុននឹងចេញសេចក្តីថ្លែងការណ៍ ឬការអំពាវនាវណាមួយ គេនឹងមានភស្តុតាងជាក់លាក់ ទើបគេធ្វើព្រោះអ្វីដែលធ្វើនេះ គឺតំណាងឲ្យអង្គការសហប្រជាជាតិ ទាំងមូល»។
មន្ត្រីសិទ្ធិមនុស្សរូបនេះមើលឃើញថា អង្គការសហប្រជាជាតិមិនបានប្រើប្រាស់ឥទ្ធិពលណាមួយដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬការបំពេញតួនាទីរបស់តុលាការកម្ពុជាឡើយ។ លោកថា អ្វីដែលជាការលើកឡើងរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស គឺជាការក្រើនរំលឹក និងជាការដាស់តឿនរដ្ឋាភិបាលកម្ពុជា ឱ្យគោរពកាតព្វកិច្ចរបស់ខ្លួន ដូចមានចែងក្នុងសន្ធិសញ្ញា កតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិផ្សេងៗស្ដីពីសិទ្ធិមនុស្ស ដែលកម្ពុជា គឺជាភាគីហត្ថលេខី៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment