Thursday, 20 July 2017
សង្គមស៊ីវិលស្នើគ.ជ.បជួយពលករធ្វើការនៅក្រៅប្រទេសឲ្យបោះឆ្នោតបាននៅឆ្នាំ២០១៨
ដោយ សាន សែល
2017-07-19
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ផ្ដល់បទសម្ភាសន៍នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧។
RFA/Cheu Sideth
ខណៈពលករកម្ពុជា នៅក្រៅប្រទេសប្រមាណជាង ១លាននាក់មិនបានបោះឆ្នោតកាលពីថ្ងៃទី៤ ខែមិថុនា សង្គមស៊ីវិលអំពាវនាវឲ្យ គ.ជ.ប កែសម្រួលនីតិវិធីសម្រាប់អ្នកមានសិទ្ធិបោះឆ្នោតដែលកំពុងនៅបរទេស អាចចូលរួមក្នុងការបោះឆ្នោតសកលនៅឆ្នាំក្រោយបាន។ គ.ជ.ប ឆ្លើយតបថា ការកែប្រែនីតិវិធីនេះ ចាំបាច់ត្រូវធ្វើវិសោធនកម្មច្បាប់។ ចំណែកតំណាងរាស្ត្រគណបក្សប្រឆាំងថា នឹងធ្វើសំណើកែប្រែច្បាប់ ប្រសិនបើ គ.ជ.ប ស្នើឡើង។
សង្គមស៊ីវិលដែលធ្វើការឃ្លាំមើលដំណើរការរៀបចំការបោះឆ្នោត និងជាអតីតសមាជិករបស់បន្ទប់ស្ថានការណ៍ នៅថ្ងៃទី១៩ កក្កដា អង្គុយជជែកជាមួយតំណាងគណបក្សនយោបាយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រះសង្ឃ និងអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីពិភាក្សាគ្នាពីការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១៧។
សង្គមស៊ីវិលលើកឡើងថា ការសម្របសម្រួលឲ្យពលករនៅក្រៅប្រទេសអាចបោះឆ្នោតបាន ជាការធានាសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។
បើតាមលោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់ (CENTRAL) ដែលសិក្សាលើលំហូរចំណាកស្រុកទៅក្រៅប្រទេស ពលករដែលកំពុងធ្វើការនៅបរទេសមានចំនួនប្រមាណជាង ១លាន ៨សែននាក់។ ពលករទាំងនោះបានជួបឧបសគ្គមិនអាចធ្វើដំណើរត្រឡប់មកកាន់ប្រទេសកម្ពុជា វិញបាន ដោយសារត្រូវចំណាយប្រាក់ច្រើនដើម្បីចុះឈ្មោះបោះឆ្នោត ដែលរារាំងពួកគេមិនអាចបោះឆ្នោតបាន។
លោក មឿន តុលា ឲ្យយោបល់ថា ការបង្កើតការិយាល័យចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតនៅតាមព្រំដែន និងស្ថានទូត ឬស្ថានកុងស៊ុលប្រចាំប្រទេសដែលមានពលរដ្ឋកម្ពុជា ពិសេសនៅប្រទេសថៃ កូរ៉េខាងត្បូង និងម៉ាឡេស៊ី នឹងសម្រួលពលករចំណាកស្រុកអាចបោះឆ្នោតបាន។
សង្គមស៊ីវិលមើលឃើញថា ការសម្រួលដល់ពលករនៅបរទេស ទាមទារឆន្ទៈនយោបាយ ច្រើនជាងបញ្ហាបច្ចេកទេស និងថវិកា។
អនុប្រធានលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.ប លោក ឌី ភីរុណ នឹងយកសំណើនេះទៅពិភាក្សាជាមួយសមាជិក គ.ជ.ប។ លោកបន្តថា ដើម្បីអនុវត្តតាមសំណើនេះ វាទាមទារឲ្យមានការកែប្រែច្បាប់បោះឆ្នោត៖ «កាលណាទិដ្ឋភាពច្បាប់មិនចែង គ.ជ.ប អនុវត្តមិនបាន ប៉ុន្តែសំណើនេះ គ.ជ.ប នឹងយកទៅពិចារណា។ កម្រិតនៃការពិចារណាអាស្រ័យលើសមាសភាព គ.ជ.ប ទាំង ៩រូប»។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ ប្រកាសថា ការកែប្រែច្បាប់អាចធ្វើទៅរួច តែតំណាង គ.ជ.ប ត្រូវបញ្ជូនសំណើនេះទៅសមាជិកកំពូលៗរបស់ គ.ជ.ប ដើម្បីពិភាក្សា៖ «យើងចាំមើលដែរ បើ គ.ជ.ប ថាការងារមួយចំនួនធ្វើមិនកើតដោយសារច្បាប់ សូមឲ្យ គ.ជ.ប បញ្ជាក់មក ច្បាប់នោះនៅមាត្រាណា? ហើយចង់កែយ៉ាងម៉េច? យើងខ្ញុំនឹងត្រៀមដើម្បីស្នើកែច្បាប់នោះភ្លាម មិនទុកឲ្យលើសមួយសប្ដាហ៍ទេ»។
ចំណែកនាយកប្រតិបត្តិអង្គការខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា បញ្ជាក់ថា រដ្ឋាភិបាលមានកាតព្វកិច្ចធានាសិទ្ធិពលរដ្ឋ ដើម្បីអាចចូលរួមបោះឆ្នោតបាន៖ «នេះជាការទទួលខុសត្រូវរបស់រដ្ឋយើង ដើម្បីធានាសិទ្ធិទៅដល់ប្រជាពលរដ្ឋមួយក្រុម ១លាននាក់ជាង»។
ក្រៅពីការសម្រួលដល់ពលករនៅក្រៅប្រទេស ព្រះសង្ឃក៏ស្នើ គ.ជ.ប ចាត់តាំងក្រុមការងារចុះដល់ទីវត្តអារាម ដើម្បីជួយចុះឈ្មោះព្រះសង្ឃដែលមានប្រមាណ ៥ម៉ឺនអង្គ ក្នុងបញ្ជីបោះឆ្នោត។
ដំណើរការចុះឈ្មោះបោះឆ្នោតមានរយៈពេល ៧០ថ្ងៃ ដោយផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment