Tuesday, 11 July 2017

មន្ត្រី​បក្ស​កាន់​អំណាច​ថា​អស់​ពី​លោក សម រង្ស៊ី មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្លាប់​ដោយ​អត់​បាយ​ឡើយ


ដោយ រាជ វិញ្ញូ
2017-07-11

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។

Photo: RFA



មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​ថា បើ​ទោះ​ជា​គ្មាន​វត្តមាន​របស់​លោក សម រង្ស៊ី ម្នាក់ ក៏​មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​ពេញ​មួយ​ប្រទេស​ត្រូវ​អត់​បាយ​ស្លាប់​ដែរ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក សម រង្ស៊ី បាន​ហៅ​លោក ហ៊ុន សែន ថា​កំពុង​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍ ដើម្បី​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក តាម​រយៈ​ការ​កែប្រែ​ច្បាប់​ជា​បន្តបន្ទាប់។



គ្រាន់​តែ​មិន​ដល់​ជិត​កន្លះ​ឆ្នាំ​ផង ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រូវ​បាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នាំ​គ្នា​កែប្រែ និង​អនុម័ត​យ៉ាង​តក់ក្រហល់​ចំនួន​ពីរ​លើក​រួច​មក​ហើយ បន្ទាប់​ពី​មាន​សំណើ​ជា​បន្តបន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ការ​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ម្ដង​ទៀត​នេះ ត្រូវ​បាន​លោក សម រង្ស៊ី ដែល​បាន​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ច្បាប់​នេះ​កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ក្នុង​រយៈពេល​ជិត ៣​ទសវត្សរ៍​ហើយ​ដែល​លោក ហ៊ុន សែន តែង​ព្យាយាម​សម្លាប់​រូប​លោក និង​ជីវិត​នយោបាយ​របស់​លោក​ជា​បន្តបន្ទាប់។

ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពេល​ក្រុម​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ចំនួន ៦៦​រូប បាន​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​ថ្មី​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៨ នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​១០ កក្កដា រីឯ​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​វិញ​ធ្វើ​ពហិការ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ឆ្លើយតប​នៅ​ថ្ងៃ​ទី​១១ កក្កដា ថា គ្មាន​នរណា​ម្នាក់​ចង់​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ឡើយ។ ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​បាន​ស៊ីញេ​ដាក់​ពាក្យ​សុំ​លាឈប់​ពី​សមាជិក និង​ប្រធាន​គណបក្ស​ប្រឆាំង ដើម្បី​បញ្ចប់​ជីវិត​នយោបាយ​ដោយ​ខ្លួន​ឯង។ លោក​បន្ត​ថា ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ជាច្រើន បាន​អបអរ​សាទរ​ចំពោះ​ដំណើរ​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ដែល​អាច​ធ្វើ​ឡើង​ដោយ​សន្តិវិធី និង​យុត្តិធម៌​កាល​ពី​ខែ​មិថុនា កន្លង​ទៅ​នេះ ហើយ​បើ​ទោះ​ជា​គ្មាន​វត្តមាន​របស់​លោក សម រង្ស៊ី នា​ពេល​ខាង​មុខ ក៏​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ឡើយ៖ «មិន​មែន​អត់​ពី សម រង្ស៊ី មួយ មនុស្ស​ប្រហែល ១៥​លាន គេ​ស្លាប់​ដោយសារ​អត់​បាយ​ទេ»។

មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​អះអាង​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​កែប្រែ​ជា​បន្តបន្ទាប់​នេះ គឺ​អនុវត្ត​ចំពោះ​ជន​ទូទាំង​ប្រទេស និង​មិន​សំដៅ​បុគ្គល​ណា​ម្នាក់​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក សុខ ឥសាន បែរ​ជា​ចោទ​ប្រកាន់​លោក សម រង្ស៊ី វិញ​ថា គឺ​ជា​អ្នក​ព្យាយាម​ចង់​បញ្ចប់​ជីវិត​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​ប្រើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ និង​សមាជិក​រដ្ឋសភា លោក អ៊ុំ សំអាន ដើម្បី​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​អ្នក​ចុះ​ហត្ថលេខា​លុប​ខ្សែ​បន្ទាត់​ព្រំដែន និង​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ដើម្បី​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ដែល​លោក​បញ្ជាក់​ថា ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​កំហឹង​មក​លើ​បក្ស​កាន់​អំណាច​របស់​លោក។

សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ២០១៧ ១៤៤០
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​តាម​វីដេអូ​ឃ្លីប​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy facebook Photo courtesy of Sam Rainsy facebook


ការ​លើក​ឡើង​របស់​លោក សុខ ឥសាន នេះ បន្ទាប់​ពី​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​១០ កក្កដា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយ​បាន​ហៅ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​លើក​ទី​ពីរ​របស់​ក្រុម​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច ដើម្បី​កុំ​ឲ្យ​ទណ្ឌិត​មាន​សិទ្ធិ​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​នោះ គឺ​លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​ពេលវេលា​ខ្ជះខ្ជាយ ដើម្បី​គ្រាន់​តែ​ចង់​សម្លាប់​ជីវិត​នយោបាយ​របស់​លោក ដោយ​មិន​ខ្វល់​អំពី​ការ​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ជាតិ។ លោក សម រង្ស៊ី ក៏​បាន​ចោទ​ប្រកាន់​លោក ហ៊ុន សែន ទៀត​ថា បាន​ព្យាយាម​សម្លាប់​រូប​លោក​អស់​រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ​តាម​រយៈ​គ្រប់​មធ្យោបាយ​ទាំងអស់ ដូចជា​ករណី​បោក​គ្រាប់បែក​មុខ​អតីត​មន្ទីរ​រដ្ឋសភា ការ​ផ្ដន្ទាទោស​លោក​ជាច្រើន​ករណី​ដោយ​តុលាការ​អាយ៉ង និង​ដោយ​ការ​បង្កើត​ច្បាប់​កំប្លុកកំប្លែង​សំដៅ​ទៅ​លើ​មនុស្ស​តែ​ម្នាក់។

ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី ចង់​ឃើញ​លោក ហ៊ុន សែន ត្រូវ​ហ៊ាន​ប្រកួត​ប្រជែង​ខាង​នយោបាយ​ជាមួយ​លោក​ដោយ​លក្ខណៈ​មិត្តភាព ការ​ទទួល​ខុស​ត្រូវ និង​បង្ហាញ​ទស្សនវិស័យ​ទំនើប​ក្នុង​ការ​អភិវឌ្ឍ​សម្រាប់​កម្ពុជា ជាជាង​ការ​បន្ត​ចរិត​កោងកាច​ដូច​មេ​បញ្ជាការ​ខ្មែរ​ក្រហម ដែល​លោក ហ៊ុន សែន ធ្លាប់​ដឹកនាំ​នោះ។

ចំណែក​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក ចាន់ វិបុល មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​លើក​ឡើង​ដើម្បី​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​គណបក្ស​ទាំង​ពីរ ដោយសារ​ការ​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ម្ដង​ជា​ពីរ​ដង​នេះ​ឡើយ ប៉ុន្តែ​អ្វី​ដែល​លោក ចាន់ វិបុល សង្កេត​ឃើញ គឺ​ការ​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​មាន​ចេតនា​នយោបាយ​ប៉ុណ្ណោះ ហើយ​ច្បាប់​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋសភា​ដែល​តំណាង​ប្រជាជាតិ​ទាំងមូល បាត់បង់​តម្លៃ​របស់​ខ្លួន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «កាលណា​យើង​និយាយ​អំពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​យើង​សំដៅ​ទៅ​លើ​ការ​លើក​កម្ពស់ ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ឆាក​នយោបាយ​ដោយ​សេរីភាព។ អ៊ីចឹង​នៅ​ពេល​រដ្ឋសភា​ស្វែងរក​វិធី​ដើម្បី​បំបែក​សំឡេង កម្ទេច​សំឡេង​របស់​អ្នក​មាន​ប្រជាប្រិយភាព​ក្នុង​ឆាក​នយោបាយ អ៊ីចឹង​សភា​មិន​បាន​ផ្ដល់​តម្លៃ​ដល់​ការ​ប្រកួត​ប្រជែង​តាម​ប្រជាធិបតេយ្យ និង​សេរី​ទេ»។

បើ​ទោះ​ជា​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ នឹង​ធ្វើ​ឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដូច​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០១៧ នេះ ថ្វីត្បិត​នៅ​តែ​គ្មាន​វត្តមាន​របស់​លោក សម រង្ស៊ី នោះ ប៉ុន្តែ​អ្នក​ជំនាញ​នយោបាយ លោក ចាន់ វិបុល បញ្ជាក់​ថា ការ​បោះឆ្នោត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុស​គ្នា​ដាច់​ស្រឡះ ព្រោះ​មួយ​គឺ​ជា​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ដើម្បី​ជ្រើសរើស​បេក្ខភាព​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ រីឯ​ការ​បោះឆ្នោត​ជាតិ​មួយ​ទៀត ដើម្បី​សំដៅ​ជ្រើសរើស​បេក្ខភាព​នាយក​រដ្ឋមន្ត្រី។

លោក​បន្ត​ថា ប្រសិន​បើ​គណបក្ស​នយោបាយ​ធំៗ​មិន​អាច​ធ្វើ​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​គ្នា ហើយ​គណបក្ស​មួយ​ទៀត​នៅ​តែ​រិះរក​វិធីសាស្ត្រ​ដើម្បី​រារាំង ឬ​កម្ទេច​ភាគី​ម្ខាង​ទៀត មិន​ឲ្យ​មក​ចូលរួម​ប្រកួត​ប្រជែង​ដោយ​សមត្ថភាព នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ ដែល​ជា​ការ​បោះឆ្នោត​សំដៅ​ជ្រើសរើស​បេក្ខភាព​នាយក​រដ្ឋមន្ត្រី។

លោក ចាន់ វិបុល បញ្ជាក់​ថា ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នេះ​ធ្វើ​ឡើង​តាម​បែប​ប្រជាធិបតេយ្យ និង​ល្អ​ត្រឹមត្រូវ​ពិតប្រាកដ​បាន គឺ​ទាល់​តែ​មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ពី​អ្នក​ខ្លាំង​ដូច​គ្នា៕

1 comment:

Anonymous said...

I believe Khmer people hate Ah Kantorb Sok Ey San aka Sok Insane the most at this present time.