Thursday, 20 July 2017
មន្ត្រីដែលស្និទ្ធលោកញឹក ប៊ុនឆៃ ១២នាក់ត្រូវបញ្ឈប់ពីតំណែងទីប្រឹក្សារដ្ឋាភិបាល
ដោយ ញឹម សុផល 20/07/2017 20/07/2017
លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ
RFI/ Siv Channa
មន្ត្រីចំនួន១២រូប ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់តំណែងពីទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។ មន្ត្រីទាំង១២រូបនេះ ត្រូវគេស្គាល់ថា បានទទួលតំណែងជាទីប្រឹក្សារដ្ឋាភិបាលតាមរយៈកូតា លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលបានបែកចេញពីគណបក្សហ៊្វុនស៊ីនប៉ិច។
មន្ត្រីស្ថិតនៅក្នុងជួរគណបក្សខ្មែររួបរួមជាតិទាំង១២រូប របស់លោកញឹក ប៊ុនឆៃ ដែលព្រះមហាក្សត្របញ្ចប់តំណែងពីទីប្រឹក្សារដ្ឋាភិបាលនេះ រួមមានឋានៈស្មើរដ្ឋមន្ត្រី ចំនួន៣រូប គឺលោក គុជ ម៉ូលី លោក ញឹក គឹមឈុន និងលោកកែវ រដ្ឋា ឋានៈស្មើរដ្ឋលេខាធិការចំនួន ៣រូបគឺលោក ម៉ៅ សុវណ្ណារិទ្ធិ លោកជា បំរុង និងលោកសុខ រុន និងមន្ត្រីឋានៈស្មើអនុរដ្ឋលេខាធិការចំនួន ៦រូប។
ការបញ្ចប់តំណែងនេះ មិនត្រូវបានព្រះរាជក្រឹត្យដែលចេញថ្ងៃទី១៨ កក្កដា កន្លងទៅនេះ បញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេ ក៏ប៉ុន្តែព្រះរាជរាជ្យក្រឹត្យបានយោង ទៅលើសេចក្តីក្រាបបង្គំទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ជាការកត់សម្គាល់ការបញ្ឈប់តំណែងជាទីប្រឹក្សាពីសមាជិកដែលមកពីអតីតអ្នកហ៊្វុនស៊ីនប៉ិច ទាំងនេះ បានធ្វើឡើងបន្ទាប់ពីលោក ញឹក ប៊ុនឆៃ ត្រូវបានព្រះមហាក្សត្របញ្ចប់តំណែង ជាទីប្រឹក្សារាជរដ្ឋាភិបាលមុនគេកាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៧ ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
ការដកដំណែងលោកញឹក ប៊ុនឆៃពេលនោះ បានធ្វើឡើងបន្ទាប់ពីមានការសង្ស័យថា មេដឹកនាំគណបក្សខ្មែររួបរួមជាតិរូបនេះ មានជាប់ពាក់ព័ន្ធនឹងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមន្ត្រីបក្សប្រឆាំងក្នុងអំឡុងពេលមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កន្លងទៅ ក៏ប៉ុន្តែលោក ញឹក ប៊ុនឆៃ ធ្វើការបដិសេធថាជាព័ត៌មានភ័ន្តច្រឡំ។
សូមរំលឹកថា កាលពីខែមិថុនាកន្លងទៅ ព្រះមហាក្សត្របានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យម្តងហើយ បញ្ឈប់តំណែងសមាជិក ៥រូប នៃគណបក្សខ្មែររួបរួមជាតិ ពីតួនាទី ទីប្រឹក្សាក្រសួងមួយចំនួន និងអនុរដ្ឋលេខាធិការ។ លោក ញឹក ប៊ុនឆៃ មិនមានការពន្យល់អ្វីទេនៅថ្ងៃនេះ ជុំវិញការបញ្ឈប់តំណែងមន្ត្រី ទាំង១២រូប បន្ថែមទៀតនេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment