Tuesday, 11 July 2017

លោក​សម រង្ស៊ី ស្នើ​លោក​ហ៊ុន សែន ឲ្យ​ឈប់​ខាត​ពេល​ប៉ុន​ប៉ង​ផ្តាច់​ជីវិត​នយោបាយ​របស់​លោក​ទៅ !


ដោយ វណ្ណ សុគន្ធា 11/07/2017 11/07/2017

media
លោក​សម រង្ស៊ី និង​លោក​ហ៊ុន សែន ចាប់ដៃគ្នា កាលពីខែកក្កដា ឆ្នាំ២០១៤
REUTERS/Stringer



អតីត​ប្រមុខ​គណបក្ស​ប្រឆាំង​លោក​សម រង្ស៊ី ពី​ក្រៅ​ប្រទេស បាន​សរសេរ​ស្នើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ឈប់​ខាត​ពេល​ក្នុង​ការ​ប៉ុន​ប៉ង​ “សម្លាប់​រូប​លោក​តាម​ផ្លូវ​នយោបាយ” ទៀត​ទៅ។ សំណើ​របស់​លោក​សម រង្ស៊ី​នេះ បាន​ធ្វើ​ឡើង​កាល​ពី​យប់​មិញ គឺ​ក្រោយ​ពេល​ដែល​រដ្ឋសភា​បាន​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​បក្ស​នយោបាយ​កាល​ពី​ព្រឹក​ម្សិល​មិញ។ ជា​ការ​ឆ្លើយ​តប អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា នេះ​គឺ​គ្រាន់​តែ​ជា​ការ​និយាយ​លើក​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។



តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន លោក​សម រង្ស៊ី បាន​ចោទ​លោក​ហ៊ុន សែន ថា​នៅ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋមន្រ្តី​បាន​ប៉ុន​ប៉ង​តាម​សម្លាប់​រូប​លោក​ឥត​ឈប់​ឈរ​ទាំង​សម្លាប់​រាង​កាយ​ក៏​មាន ដូច​ជា​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​មីនា​ឆ្នាំ​១៩៩៧។ ក្រៅ​ពី​នេះ ក៏​មាន​ដែរ​ការ​ប៉ុន​ប៉ង​សម្លាប់​តាម​ផ្លូវ​តុលាការ​និង​ការ​ប៉ុន​ប៉ង​សម្លាប់​តាម​ផ្លូវ​ច្បាប់​តាម​រយៈ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ។ សម្រាប់​លោក​សម រង្ស៊ី លោក​ហ៊ុន សែន គួរ​យល់​ហើយ​ថា ការ​ប៉ុន​ប៉ង​ដើម្បី​កម្ចាត់​រូប​លោក​តាម​មធ្យោបាយ​ណា​ក៏​ដោយ វា​គ្មាន​បាន​ប្រយោជន៍​អ្វី​ទេ។ ផ្ទុយ​ទៅ​វិញ លោក​សម រង្ស៊ី បាន​ចាត់​ទុក​ការ​ប៉ុន​ប៉ង​បែប​នេះ ថា​វា​គ្រាន់​តែ​បង្ហាញ​ពី​ភាព​កម្សោយ និង​ភាព​កំសាក​របស់​លោក​ហ៊ុន សែន បើ​គិត​ពី​ផ្លូវ​ចិត្ត និង​ផ្លូវ​សីលធម៌ ហើយ​វា​នឹង​នាំ​មក​នូវ​លទ្ធផល​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​ប្រមុខ​បក្ស​កាន់​អំណាច​រំពឹ​ងទុក។

លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រតិកម្ម​តប​វិញ​ថា ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី​ដែល​ថា​លោក​ហ៊ុន សែន​ចង់​ផ្តាច់​ជីវិត​នយោបាយ​របស់​លោក​នោះ គឺ​ផ្ទុយ​ពី​ការ​ពិត។ ផ្ទុយ​ពី​ការ​ពិត គឺ​នៅ​ត្រង់​ថា គ្មាន​អ្នក​ណា​ទៅ​សម្លាប់​ជីវិត​នយោបាយ​លោក​សម រង្ស៊ី​ទេ គឺ​លោក​សម រង្ស៊ី​ខ្លួន​ឯង​ទៅ​វិញ​ទេ​ដែល​បាន​សម្លាប់​នោះ​តាម​រយៈ​ការ​សុំ​លា​លែង​ពី​តំណែង​ជា​ប្រធាន និង​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។ ចំណែក​រឿង​ថា​លោក​នាយក​រដ្ឋមន្រ្តី​ចង់​សម្លាប់​រាង​កាយ​លោក​សម រង្ស៊ី​វិញ លោក​សុខ ឥសាន បាន​លើក​ឡើង​ថា នេះ​គឺ​ជា​ការ​លើក​ពី​ខ្លួន​ឯង​របស់​លោក​សម រង្ស៊ី​ឲ្យ​លើស​គេ​លើស​ឯង។ បើ​តាម​លោក​សុខ ឥសាន បើ​គេ​ចង់​សម្លាប់​លោក​សម រង្ស៊ី​នោះ គឺ​គ្មាន​អ្វី​ពិបាក​នោះ​ទេ តែ​គ្មាន​អ្នក​ណា​ចង់​ធ្វើ​បែប​នោះ​ឡើយ។ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​អះអាង​ថា កាល​ពី​ឆ្នាំ​២០០៦ លោក​សម រង្ស៊ី​ធ្លាប់​សរសេរ​លិខិត​សុំ​ទោស​លោក​ហ៊ុន សែន ម្តង​រួច​មក​ហើយ​អំពី​រឿង​ចោទ​ប្រកាន់​បែប​នេះ​ហើយ​កាល​ណោះ លោក​សម រង្ស៊ី ក៏​ធ្លាប់​សន្យា​មិន​ឲ្យ​កើត​មាន​រឿង​បែប​នេះ​ទៀត​ដែរ។ ប៉ុន្តែ​នៅ​ពេល​នេះ បែរ​ជា​មិន​គោរព​ពាក្យ​សម្តីរបស់​ខ្លួន​ទៅ​វិញ។

ការ​ចោទ​ប្រកាន់​របស់​លោក​សម រង្ស៊ី បាន​កើត​ឡើង​ក្រោយ​ពេល​រដ្ឋសភា​បាន​អនុម័ត​កែ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ជា​ថ្មី​ម្តង​ទៀត។ សម្រាប់​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច ការ​កែ​ច្បាប់​ជា​ថ្មី​ទៀត​នេះ មិន​ជាប់​ពាក់​ព័ន្ធ​នឹង​លោក​សម រង្ស៊ី​ឡើយ តែ​គេ​ធ្វើ​ឡើង​សំដៅ​តែ​លើ​គណបក្ស​នយោបាយ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​សម្រាប់ សម រង្ស៊ី​វិញ ការ​កែ​ច្បាប់​ថ្មី​នេះ គឺ​ដើម្បី​តែ​កម្ចាត់​រូប​លោក​ពី​ឆាក​នយោបាយ​កម្ពុជា។ លើស​ពី​នេះ​ទៅ​ទៀត លោក​សម រង្ស៊ី ក៏​បាន​ថ្លែង​ឌឺ​ដង​ថា លោក​មាន​កិត្តិយស​ណាស់ ដែល​លោក​ហ៊ុន សែន គិត​គូរ​ដល់​រូប​លោក​ឥត​ឈប់​ឈរ ។ ប៉ុន្តែ​ក្នុង​ស្មារតី​មិត្តភាព និង​ស្នេហា​ជាតិ លោក​សម រង្ស៊ី​បាន​ស្នើ​ឲ្យ​លោក​ហ៊ុន សែន ក្នុង​ឋានៈ​លោក​ជា​នាយក​រដ្ឋមន្ត្រី ថា​គួរ​តែ​ប្រើ​ប្រាស់​ពេល​វេលា​និង​ថាមពល​ដើម្បី​ធ្វើ​ការ​ផ្សេងៗ​ទៀត​ដែល​មាន​ប្រយោជន៍​ជាង​នេះ​សម្រាប់​ប្រទេស​ជាតិ៕

No comments: