Wednesday, 12 July 2017
ស្រ្តីម្នាក់ទៀត ត្រូវបានឃាត់ខ្លួនព្រោះតែចោទក្រុមគ្រួសារនាយករដ្ឋមន្រ្តីថាសម្លាប់លោកកែម ឡី
ដោយ វណ្ណ សុគន្ធា 12/07/2017 12/07/2017
rfi
ស្រ្តីឈ្មោះហេង លក្ខិណា ដែលចោទថា ការស្លាប់របស់លោកកែម ឡី គឺដោយសារលោកហ៊ុន សែន។
នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ នៅព្រឹកនេះបានឃាត់ខ្លួនស្រ្តីម្នាក់នាំមកសួរចម្លើយពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកហ៊ុន សែន និងក្រុមគ្រួសាររបស់លោកជាប់ពាក់ព័ន្ធនឹងឃាតកម្មលើលោកបណ្ឌិតកែម ឡី។ ស្រ្តីម្នាក់នេះ ដាក់ឈ្មោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា ហេង លក្ខិណា (Heng Leakhena)។ បន្ទាប់ពីបញ្ចប់ការសាកសួរ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បញ្ជាក់ថា ស្រ្តីម្នាក់នេះអាចនឹងបញ្ជូនទៅកាន់តុលាការនៅល្ងាចនេះ។
ដើមហេតុដែលនាំឲ្យមានការឃាត់ខ្លួននេះ គឺបន្ទាប់ពីស្រ្តីឈ្មោះហេង លក្ខិណា បានធ្វើការផ្សាយផ្ទាល់(live)តាមហ្វេសប៊ុករបស់ខ្លួនកាលពីរសៀលថ្ងៃទី៩ កក្កដា នៅក្នុងពិធីបុណ្យគម្រប់ខួបមួយឆ្នាំនៃការបាញ់សម្លាប់លោកកែម ឡី ដោយចោទថា ការស្លាប់របស់លោកកែម ឡី គឺដោយសារលោកហ៊ុន សែនហើយថែមទាំងនិយាយទៀតថា ពូជនិងកូនចៅរបស់លោកនាយករដ្ឋមន្រ្តីសុទ្ធតែដៃប្រឡាក់ឈាមរបស់លោកបណ្ឌិត។
ជាការកត់សម្គាល់ ស្រ្តីម្នាក់នេះ គឺជាមនុស្សទី៤ហើយដែលត្រូវបានអាជ្ញាធរឃាត់ខ្លួនដោយសារតែការចោទប្រកាន់ប្រមុខរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការស្លាប់លោកបណ្ឌិតកែម ឡីនេះ។ មនុស្សដំបូងគេក្នុងរឿងនេះ គឺលោកសម រង្ស៊ី ។ លោកសម រង្ស៊ី ត្រូវបានលោកនាយករដ្ឋមន្រ្តីប្តឹងដោយផ្ទាល់តែម្តងទៅកាន់តុលាការ ក្រោយអតីតប្រមុខបក្សប្រឆាំងរូបនេះ បានចោទប្រកាន់លោកនៅក្នុងថ្ងៃតែមួយដែលលោកកែម ឡីត្រូវបានគេបាញ់សម្លាប់។
ក្រោយមកទៀត គឺលោកស្រីថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។ សមាជិកព្រឹទ្ធសភារូបនេះ ក៏ត្រូវបានលោកហ៊ុន សែនប្តឹងដែរដោយសារតែចោទលោកថា ទៅបាញ់សម្លាប់លោកកែម ឡី។ ការចោទប្រកាន់នេះបានធ្វើឡើងនៅក្នុងវេទិកាមួយក្នុងខេត្តរតនគីរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។ ទាំងលោកសម រង្ស៊ី និងលោកស្រីថាក់ ឡានី សុទ្ធតែត្រូវបានលោកនាយករដ្ឋមន្រ្តីប្តឹងទាមទារសំណងជំងឺចិត្តតែ១រយរៀលប៉ុណ្ណោះ។
ដោយឡែកខុសពីអ្នកទាំងពីរខាងលើ លោកគឹម សុខ អ្នកឃ្លាំមើលបញ្ហានយោបាយនិងសង្គមដែលទើបចេញមុខសោះ ត្រូវបានលោកប្រមុខរដ្ឋាភិបាលខ្មែរប្តឹងទាមទារសំណងជំងឺដល់ទៅ៥០ម៉ឺនដុល្លារអាមេរិកឯណោះ ព្រោះតែរឿងចោទប្រកាន់ដូចគ្នានេះ ហើយនៅពេលនេះ លោកគឹម សុខកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំជំនុំជម្រះនៅក្នុងពន្ធនាគារព្រៃស។
លោកបណ្ឌិតកែម ឡី អ្នកវិភាគបញ្ហានយោបាយ និងសង្គមដ៏ល្បីឈ្មោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយការបាញ់សម្លាប់នេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានសម្តែងការសោកស្តាយផងដែរ។ យ៉ាងណាក៏ដោយ មានតែជនឈ្មោះជួប សម្លាប់ម្នាក់គត់ដែលត្រូវបាន តុលាការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មគិតទុកជាមុនលើលោកកែម ឡី។ សម្រាប់ក្រុមអង្គការស៊ីវិលមួយចំនួននៅកម្ពុជា នេះមិនទាន់ជាយុត្តិធម៌នៅឡើយទេ។ ដូច្នេះ ពួកគេបានទទូចចង់ឲ្យមានការស៊ើបអង្កេតជាថ្មីជុំវិញឃាតកម្មលោកបណ្ឌិតកែម ឡីនេះ ដោយមានការចូលរួមពីសំណាក់ក្រុមអ្នកជំនាញអន្តរជាតិផងដែរ៕
Subscribe to:
Post Comments (Atom)
1 comment:
Is អាណាន់ ដាយ៉ាត Cambodian? Can he speak Khmer language? We can see that dictator Hun Sen (Ah Yong Yuon = bastard Vietnamese puppet) has been advised by the Yuon Hanoi secret agents hiding in CPP government to encourage អាណាន់ ដាយ៉ាត to have privilege to destroy Khmer people who are Khmer heroes. This will show that hidden Yuon Hanoi secret agents are trying to use tricks to prevent themselves that that only អាណាន់ ដាយ៉ាត, ហ៊ុន សែន និង ក្រុមគ្រួសារ របស់ ហ៊ុន សែន killed Khmer people and Heroes. Evil secret Yuon Hanoi agents are trying all kinds of tricks and deadly plans to prevent the ugly reputation of hell Vietnamese and Vietnam which are disgusted and deadly.
Post a Comment