ដោយ ខែ សុណង
2017-08-09
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ក្នុងពេលជួបជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ នារាជធានីភ្នំពេញ។ RFA/Leng Maly
RFA/Leng Maly
អង្គការសមាគមក្នុងវិស័យការងារ សហជីពកម្មករកាត់ដេរ និងសមាគមគ្រូបង្រៀនជាង ២០ស្ថាប័ន បានជួបអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីលើកឡើងអំពីបញ្ហារំលោភសិទ្ធិកម្មករ និងសិទ្ធិកុមារ។
ប្រធានសហព័ន្ធការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា មានបញ្ហា ២សំខាន់ទាក់ទងនឹង សិទ្ធិកម្មករ និងសិទ្ធិកុមារ ដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចង់ដឹងនៅក្នុងជំនួបជាមួយពួកគេនៅថ្ងៃទី៩ ខែសីហា។ លោកបន្តថា ពួកគេបានស្នើឲ្យអ្នកស្រីយកចិត្តទុកដាក់អំពីបញ្ហាមួយចំនួន ដូចជាករណីបាញ់សម្លាប់លើមេដឹកនាំសហជីព លោក ជា វិជ្ជា លោក រស់ សុវណ្ណារ៉េត ដែលរដ្ឋាភិបាលបង្កើតគណៈកម្មការស៊ើបអង្កេត។
លោក អាត់ ធន់ បន្តថា ចំពោះការអនុវត្តច្បាប់សហជីពជាឧបសគ្គក្នុងការបំពេញការងាររបស់សហជីពក៏លើកមកនិយាយក្នុងជំនួបនេះដែរ និងបញ្ហាសិទ្ធិកុមារ កំពុងធ្វើការសំណង់ ឡឥដ្ឋ វិស័យកសិកម្មដែលពុំបានទទួលការសិក្សា។ លោកថា អ្នកស្រី រ៉ូណា ស្មីត នឹងលើកយកបញ្ហានេះទៅជជែកជាមួយស្ថាប័នពាក់ព័ន្ធ៖ «គាត់នឹងជួបក្រសួងយុត្តិធម៌ផង ហើយក្រសួងអប់រំផង និងក្រសួងមហាផ្ទៃ ផង។ ករណីខ្លះដូចជាខាងគ្រូបង្រៀនគាត់បានលើកឡើងករណីរើសអើងសមាគមគ្រូបង្រៀន និងគ្រូបង្រៀននៅតាមសាលា ខាងសហជីពពាក់ព័ន្ធនឹងបណ្ដឹង និងច្បាប់សហជីពថ្មី ហើយខាងក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការរាយការណ៍មិនឲ្យផុតពីខែកញ្ញា។ ការជួបរដ្ឋាភិបាលគឺគាត់សន្យាថា ដើម្បីសួរមើលព័ត៌មាន ការដោះស្រាយ គួរត្រូវដោះស្រាយយ៉ាងម៉េច? ហើយនៅសល់ចំណុចមិនទាន់ដោះស្រាយបានគឺត្រូវដាក់បញ្ចូលក្នុងរបាយការណ៍របស់គាត់»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត មកបំពេញទស្សនកិច្ចជាលើកទីបួន នៅប្រទេសកម្ពុជា រយៈពេល ១០ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។ នៅថ្ងៃទី១០ ខែសីហា អ្នកស្រីនឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវង្ឍានា។
ក្នុងបេសកកម្មថ្មីនេះ អ្នកស្រីនឹងពិនិត្យមើលស្ថានភាពសិទ្ធិកុមារជាពិសេស និងស្ថានភាពសិទ្ធិមនុស្សជាទូទៅ។ ក្នុងគម្រោងទស្សនកិច្ចនេះ អ្នកស្រីនឹងយកចិត្តទុកដាក់ ជាពិសេសពិនិត្យមើលស្ថានភាពជួញដូរ និងកេងប្រវ័ញ្ចលើកុមារ។ អ្នកស្រី រ៉ូណា ស្មីត គ្រោងជួបមន្ត្រីរដ្ឋាភិបាល មន្ត្រី គ.ជ.ប សង្គមស៊ីវិល បក្សនយោបាយ និងមន្ត្រីការទូតមួយចំនួនទៀតនៅកម្ពុជា៕
No comments:
Post a Comment