Saturday, 5 August 2017

អ្នកច្បាប់ និង​សង្គម​ស៊ីវិល​ថា អនាគត​បក្ស​លោក ញឹក ប៊ុនឆៃ ស្ថិត​ក្នុង​ភាពស្រពេច​ស្រពិល


ដោយ អេង គីមហុង 04/08/2017 04/08/2017
rfi
media
លោក ញឹក ប៊ុនឆៃ ប្រមុខ​បក្ស​ខ្មែរ​រួប​រួម​ជាតិ។



លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ និង​ធ្លាប់​មាន​តំណែង​អតីត​ឧបនា​យក​រដ្ឋមន្ត្រី ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ឃាត់​ខ្លួន កាល​ពី​ម្សិល​មិញ​ពាក់​ព័ន្ធ​សំណុំ​រឿងគ្រឿង​ញៀន​មួយ​ដែល​បាន​កើត​ឡើង​តាំង​ពី​១០​ឆ្នាំ​មុន។ មួយ​ថ្ងៃ​ក្រោយ​ការ​ឃាត់​ខ្លួនលោក ញឹក ប៊ុនឆៃ សំណួរ​ចោទ​ឡើង​ថា គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ប្រឈម​នឹង​ការរំលាយ​ទេ ខណៈ​ប្រធាន​បក្ស​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​បទ​ល្មើស​គ្រឿង​ញៀន។

គណបក្ស​ខ្មែរ​រួប​រួម​ជាតិ រំលាយ​ទៅ​បាន​លុះ​ត្រា​តែ​សំណុំ​រឿង​គ្រឿង​ញៀន​នេះ​កើតចេញ​ពី​អំពើ​របស់​បក្ស​ទាំង​មូល។ តែ​បើ​បញ្ហា​នេះ​ផ្ដើម​ចេញ​ពី​ទង្វើ​បុគ្គល​លោក ញឹក ប៊ុនឆៃ ទេ ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​មិន​អាច​រំលាយ​បាន​ឡើយ។ បើ​ផ្អែក​តាម​អង្គហេតុ គណ​បក្ស​​ខ្មែរ​រួប​រួម​ជាតិ​បង្កើត​ឡើង​ក្រោយ​អំពើ​នៃ​ការ​ប្រព្រឹត្ត​របស់​ប្រធាន​បក្សទៅ​ទៀត។ នេះ​ជា​ការ​ពន្យល់​ពី​លោក​មេធាវី សុក សំអឿន ប្រធាន​ក្រុម​ការិយាល័យមេធាវី​អម្រិទ្ទ។



លោក​បន្ថែម​ថា គេ​នៅ​តែ​អាច​សង្គ្រោះ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ពី​ការ​រំលាយ​បាន​ដដែល ទោះ លោក ញឹក ប៊ុនឆៃ ក្លាយ​ជា​ទណ្ឌិត​ក៏​ដោយ នេះ​ប្រសិន​បើ​សាល​ក្រម​ស្ថាពរ​ចេញ​។ សង្គ្រោះ​បាន​តាម​រយៈ​លោក ញឹក ប៊ុនឆៃ លា​ចេញ​ពី​តំណែង​បក្ស។ លោក សុក សំអឿន សង្កត់​ធ្ងន់​ថា គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​រំលាយ​ទៅ​បាន​លុះ​ត្រា​តែ គណបក្ស​ហ្នឹងគ្មាន​លទ្ធភាព​ទ្រ​ទ្រង់​បក្ស ឬ​បក្ស​គ្មាន​ប្រធាន​ថ្មី។

ចំណែក លោក សម គន្ធាមី ប្រធាន​អង្គការ​និច​ហ្វិក​ដែល​ធ្វើ​ការ​ងារ​ទាក់​ទង​ការ​បោះឆ្នោត​ក៏​មើល​ឃើញ​ស្រដៀង​នេះ​ដែរ​ថា គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​រំលាយ​ទៅ​បាន​អា​ស្រ័យ​លើ​ដើម​បណ្ដឹង ប្ដឹង​ក្នុង​នាម​ជា​បុគ្គល ឬ​ក៏​គណបក្ស​ទាំង​មូល។ ប្រសិន​បើ​ក្នុងនាម​ជា​បុគ្គល​មិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​គណបក្ស គឺ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​នៅ​តែ​អាចចូល​រួម​ដំណើរ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ បាន​ដដែល។ មួយ​វិញ​ទៀត គណបក្សអាច​រើស​ប្រធាន​ថ្មី​ជំនួស​លោក ញឹក ប៊ុនឆៃ ប្រសិន​បើ​សាល​ក្រម​តុលាការ​សម្រេចផ្ដន្ទា​ទោស។

និយាយ​ដោយ​ឡែក លោក សម គន្ធាមី មើល​ឃើញ​ថា គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​មិនអាច​ឈាន​ដល់​ការ​រំលាយ​បាន​ទេ ព្រោះ​គណបក្ស​នេះ​មិន​មែន​ជា​គូរ​ប្រកួត​ប្រជែងរបស់​គណ បក្ស​កាន់​អំណាច ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។

បើ​ផ្អែក​តាម​ច្បាប់​គណបក្ស​នយោបាយ​ដែល​ធ្វើ​វិសោធកម្ម​នៅ​លើក​ទី​១​បាន​ហាម​ឃាត់​ទណ្ឌិត​មិន​ឲ្យ​ក្លាយ​ជា​ប្រធាន​គណបក្ស​នយោបាយ​ឡើយ។ វិសោធកម្ម​ច្បាប់​គណបក្ស​លើក​ទី​២​ដែល​ទើប​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​នា​ពេល​ថ្មីៗ​នេះ ហាម​គណក្ស​នយោយ​បាយមិន​ឲ្យ​ទាក់​ទង​ជាមួយ​ទណ្ឌិត​មិន​ថា ជា​រូបភាព ឬ​សារ​ជា​សំឡេង​នោះ​ទេ ។ ដោយ​សារ​វិសោ​ធ​កម្ម​នេះ ធ្វើ​ឲ្យ​លោក សម រង្ស៊ី លា​ចេញ​ពី​តំណែ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដើម្បី​បញ្ចៀស​ការ​រំលាយ​គណ​បក្ស។

ត្រឡប់មកនិយាយពី លោក ញឹក ប៊ុនឆៃ អតីត​មេ​បញ្ជាការ​យោធា​របស់​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ត្រូវ​បានសង្ស័យ​ថា ពាក់ព័ន្ធ​នៅ​ក្នុង​ករណី​គ្រឿង​ញៀន​ធំ​មួយ​ក្នុង​ឆ្នាំ​២០០៧​នៅ​ខេត្តកំពង់​ស្ពឺហើយ​នៅ​ពេល​​នោះ​ទី​ប្រឹក្សា​របស់​លោក​ម្នាក់​ឈ្មោះ​ជា ជុង ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​២៥​ឆ្នាំ​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ផលិត​គ្រឿង​ញៀន​នេះ៕

No comments: