Khmer Circle: So the forth coming election [2018] is not going to be free and fair then?...
ដោយ វណ្ណ សុគន្ធា 03/08/2017 03/08/2017
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន
@Samdech Hun Sen, Cambodian Prime Minister
នៅក្នុងជំនួបជូនដំណើរកីឡាករ កីឡាការិនីកម្ពុជាទៅចូលរូមប្រកួតកីឡាស៊ីហ្គេមនៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានជាថ្មីថា នឹងមិនឲ្យមានការធ្វើបាតុកម្មតវ៉ាចំពោះលទ្ធផលបោះឆ្នោតជាតិនៅឆ្នាំក្រោយនោះទេ។ លោកហ៊ុន សែន បានគូសបញ្ជាក់ថា នឹងប្រើប្រាស់វិធានការបង្ក្រាបដោយប្រើប្រាស់ “កាំភ្លើង “និង “គុក” ចំពោះអ្នកតវ៉ាដែលធ្វើផ្តេសផ្តាសដូចកាលពីឆ្នាំ២០១៣។ ការព្រមានជាថ្មីពីប្រមុខរដ្ឋាភិបាលនេះ គឺបន្ទាប់ពីមានចុះការផ្សាយព័ត៌មានជាច្រើនពីវិធានការរបស់លោករដ្ឋមន្ត្រី វង សូត ដែលព្រមានវាយអ្នកតវ៉ានឹងគល់ឫស្ស៊ី បើសិនធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
វិធានការរបស់លោកនាយករដ្ឋមន្ត្រី បានបង្ហាញយ៉ាងច្បាស់ហើយ គឺបង្ក្រាបតាមរយៈការប្រើប្រាស់កងកម្លាំងមានសមត្ថកិច្ច ប្រសិនគណបក្សប្រឆាំងហ៊ានចេញតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតដូចដែលខ្លួនធ្លាប់ធ្វើកាលពីឆ្នាំ២០១៣នោះ។ ក្រៅពីវិធានការបង្ក្រាប លោកប្រមុខគណបក្សកាន់អំណាចក៏បានព្រមានពីលទ្ធភាពនៃការកើតមានការតវ៉ាតបទៅវិញផងដែរពីសំណាក់អ្នកដែលស្រឡាញ់លគាំទ្ររូបលោកព្រោះថាការតវ៉ាធ្វើបាតុកម្មគេមានសិទ្ធិដូចតែគ្នា។ វិធានការទាំងនេះ លោកប្រមុខរដ្ឋាភិបាលកម្ពុជា មិនមែនចង់សំដៅតែលើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅចុងខែកក្កដា ឆ្នាំ២០១៨ប៉ុណ្ណោះទេ តែលោកក៏ចង់សំដៅដល់ការបោះឆ្នោតព្រឹទ្ធសភាដែលនឹងធ្វើឡើងនៅដើមឆ្នាំ២០១៨ខាងមុខនេះផងដែរ។ បើតាមលោកហ៊ុន សែន គណបក្សណាដែលព្រហើនបំពានច្បាប់នោះនឹងត្រូវរំលាយចោលតែម្តង។
លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា គណបក្សប្រឆាំងមិនចាប់អារម្មណ៍នឹងសម្តីព្រមានរបស់លោកនាយករដ្ឋមន្ត្រីនេះឡើយ ព្រោះថាការបោះឆ្នោតមិនទាន់មកដល់ដែលមិនទាន់ដឹងខាងណាឈ្នះ ខាងចាញ់ ឫខាងណាតវ៉ា ខាងណាមិនតវ៉ាទេ។ តែទោះយ៉ាងណា លោកអេង ឆៃអ៊ាង គូសបញ្ជាក់ថា ប្រសិនការបោះឆ្នោតប្រព្រឹត្តទៅល្អនោះ គឺគ្មានការតវ៉ាណាមួយកើតឡើងឡើយ។
សូមរំលឹកថា កាលពីបោះឆ្នោតឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានកេណ្ឌអ្នកគាំទ្រជាច្រើនម៉ឺននាក់មកធ្វើបាតុកម្មនៅភ្នំពេញ ដើម្បីតវ៉ានឹងលទ្ធផលបោះឆ្នោតដែលជោគជ័យបានទៅលើគណបក្សប្រជាជនកម្ពុជា។ កាលណោះ ក៏មានស្រែកទាមទាឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចុះចេញពីតំណែងទៀតផង។ បាតុកម្មដែលដឹកនាំដោយលោកសម រង្ស៊ី និងលោកកឹម សុខា នាពេលនោះ បានបញ្ចប់ទៅវិញដោយកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សទាំងពីរក្នុងឆ្នាំ២០១៤ និងការចែកអំណាចគ្នានៅក្នុងរដ្ឋសភា។ សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៨វិញ គណបក្សធំៗទាំងពីរសុទ្ធអួតពីជ័យជំនៈរៀងៗខ្លួនរួចទៅហើយ។ ប៉ុន្តែជាញឹកញាប់ គេកត់សម្គាល់គណបក្សកាន់អំណាចតែងតែព្រមានពីលទ្ធភាពនៃការកើតមានសង្គ្រាមនៅក្រោយការបោះឆ្នោត ប្រសិនបើខ្លួនមិនបានគ្រប់គ្រងប្រទេសទៀតនោះ៕
No comments:
Post a Comment