Saturday, 5 August 2017
លោក ញឹក ប៊ុនឆៃ នឹងត្រូវបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញនារសៀលថ្ងៃនេះ
ដោយ វ៉ា សំណព្វ 05/08/2017 05/08/2017
លោក ញឹក ប៊ុនឆៃ ប្រមុខបក្សខ្មែររួបរួមជាតិ។
@RFI
លោក ញឹក ប៊ុនឆៃ អតីតទីប្រឹក្សារដ្ឋាភិបាលមានឋានៈជាឧបនាយករដ្ឋមន្ត្រី នឹងត្រូវបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញនៅរសៀលថ្ងៃទី ៥ សីហានេះ បន្ទាប់ពីបញ្ចប់ការសាកសួរនៅឯការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោក ញឹក ប៊ុនឆៃ បច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនកាលពីថ្ងៃទី ៣ សីហា ពីបទជាប់ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀន នៅខេត្តកំពង់ស្ពឺ កាលពីឆ្នាំ ២០០៧។
ករណីលោក ញឹក ប៊ុនឆៃ អតីតទីប្រឹក្សារដ្ឋាភិបាលដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី នៅមិនទាន់ដឹងថា នឹងត្រូវចោទប្រកាន់ពីបទល្មើសអ្វីឲ្យពិតប្រាកដនៅឡើយទេ។ ក៏ប៉ុន្តែយោងតាមដីកាបញ្ជាឲ្យនាំខ្លួនរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី ៣ សីហា បានចោទប្រកាន់លោក ញឹក ប៊ុនឆៃ ថា បានសមគំនិតក្នុងការ ផលិតគ្រឿងញៀនខុសច្បាប់ និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ដែលបានប្រព្រឹត្តទៅនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០០៧។ ជាសំណុំរឿងចាស់តាំងពី១០ឆ្នាំមុន តែទើបត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចនាំខ្លួនលោក ញឹក ប៊ុនឆៃ ទៅសួរចម្លើយនៅថ្ងៃនេះ។
បើគ្មានការប្រែប្រួលទេ លោក ញឹក ប៊ុនឆៃ នឹងត្រូវបញ្ជូនខ្លួនទៅកាន់តុលាការក្រុងភ្នំពេញនៅរសៀលថ្ងៃនេះ បន្ទាប់ពីបញ្ចប់ការសាកសួរនៅឯការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាំងពីថ្ងៃទី ៣ សីហា មក។ ហើយកាលពីថ្ងៃទី ៤សីហា លោក ញឹក ប៊ុនឆៃ ក៏ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់គេហដ្ឋានរបស់លោក ស្ថិតនៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីស៊ើបអង្កេតរកភស្តុតាងបន្ថែម។
គួរជំរាបជូនថា លោក ញឹក ប៊ុនឆៃ ត្រូវបានគេដឹងថា គឺជាអតីតមេទ័ពដ៏ស្មោះត្រង់របស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ នៅពេលអ្នកទាំងពីរស្ថិតនៅក្នុងជួរគណបក្សហ្វ៊ុនស៊ិនប៉ិច។ ប៉ុន្តែក្រោយព្រឹត្តិការណ៍ថ្ងៃទី ៥ ទី៦ កក្កដា ឆ្នាំ ១៩៩៧មក លោក ញឹក ប៊ុនឆៃ ត្រូវបានសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ចោទប្រកាន់ថា បានធ្វើបក្សប្រហារដើម្បីបណ្តេញព្រះអង្គចេញពីព្រះប្រធានគណបក្សកាលពីខែ តុលា ឆ្នាំ២០០៦។ ហើយនៅខែ មករា ឆ្នាំ២០១៥ លោក ញឹក ប៊ុនឆៃ បានសម្រេចយាងសម្តេចក្រុមព្រះ ឲ្យមកដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចឡើងវិញ។ ប៉ុន្តែជម្លោះបុគ្គលមិនអាចផ្សះផ្សារបាន លោក ញឹក ប៊ុនឆៃ បានសម្រេចដើរចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិចវិញ ដោយទៅបង្កើតគណបក្សថ្មីមួយទៀត ដែលមានឈ្មោះថា គណបក្សខ្មែររួបរួមជាតិ មកទល់នឹងការចាប់ខ្លួននេះ។
មុនការចាប់ខ្លួននេះដែរ លោក ញឹក ប៊ុនឆៃ ក៏ត្រូវបានព្រះមហាក្សត្រដកតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី បន្ទាប់ពីលេចធ្លាយដំណឹងថា លោកចង់បង្កើតសម្ព័ន្ធភាព ជាមួយគណបក្សសង្គ្រោះជាតិ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment