ដោយ វណ្ណ សុគន្ធា 17/08/2017 17/08/2017
rfi
លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
@សហការី
ព្រឹកមិញនេះ លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បានជួបពិភាក្សាទ្វារ២ម៉ោងជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ ក្នុងចំណោមប្រធានបទជាច្រើននៃជំនួបនេះ បញ្ហាបន្ទប់ស្ថានការណ៍បោះឆ្នោតក៏ត្រូវបានលោកស្រីរ៉ូណា ស្មីតលើកឡើងផងដែរ។ ថ្នាក់ដឹកនាំគ.ជ.បបានបញ្ជាក់ប្រាប់ទៅលោកស្រីរ៉ូណា ស្មីតវិញថា បន្ទប់ស្ថានការណ៍បោះឆ្នោតនេះ ត្រូវតែចុះបញ្ជីនៅក្រសួងមហាផ្ទៃសិនទើបអាចបន្តសកម្មភាពទៀតបាននៅឆ្នាំ២០១៨។
ក្នុងជំនួបជាមួយលោកស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងថ្នាក់ដឹកនាំផ្សេងទៀត លោកស្រីរ៉ូណា ស្មីត បានសួរនាំពួកគេអំពីភាពស្របច្បាប់នៃបន្ទប់ស្ថានការណ៍នៃការបោះឆ្នោតដែលបង្កើតឡើងដោយក្រុមអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ លោកស៊ិក ប៊ុនហុក បានគូសបញ្ជាក់ថា ពេលធ្វើសកម្មភាពឃ្លាំមើលការបោះឆ្នោតឃុំ សង្កាត់ កន្លងទៅ បន្ទប់ស្ថានការណ៍មិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃទេ។ នៅត្រង់ចំណុចនេះ បើតាមលោកស៊ិក ប៊ុនហុក គ.ជ.ប ក៏ធ្លាប់បានធ្វើលិខិតជាលាយលក្ខណ៍អក្សរមួយទៅកាន់បន្ទប់ស្ថានការណ៍ឲ្យអនុវត្តទៅតាមច្បាប់ គឺទៅចុះបញ្ចីនៅក្រសួងមហាផ្ទៃ ប៉ុន្តែបន្ទប់ស្ថានការណ៍នេះមិនធ្វើតាមទេ តែធ្វើសកម្មភាពយកតែម្តង។ យ៉ាងណាក៏ដោយចុះ ប្រធានគ.ជ.ប បានចង្អុលបង្ហាញថា បន្ទប់ស្ថានការណ៍ត្រូវទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃសិនទើបអាចបន្តសកម្មភាពទៀតបាន។
គួរបញ្ជាក់ថា បន្ទប់ស្ថានការណ៍បោះឆ្នោត ត្រូវបានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រតិកម្មខ្លាំងៗនិងបានបញ្ជាឲ្យក្រសួងមហាផ្ទៃពិនិត្យមើលពីភាពស្របច្បាប់នៃបណ្តុំក្រុមអង្គការសង្គមស៊ីវិលនេះថែមទៀត។ នេះ គឺដោយសារតែបន្ទប់ស្ថានការណ៍បានចេញសេចក្តីថ្លែងការណ៍ជុំវិញដំណើរការនៃការបោះឆ្នោតឃុំ សង្កាត់កន្លងទៅថា មិនទាន់សេរី និងយុត្តិធម៌ពេញលេញដែលស្រដៀងគ្នានឹងសេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំងដែរ។
ក្រៅពីបញ្ហាបន្ទប់ស្ថានការណ៍នេះ លោកស្រីរ៉ូណា ស្មីត ក៏បានសួរនាំអំពីបញ្ហាពលករនៅក្រៅស្រុកអាចបោះឆ្នោតបានដែរឫយ៉ាងណា? លោកស៊ិក ប៊ុនហុក បានសង្កត់ធ្ងន់ថា ពលករចំណាកស្រុកមិនបានបាត់បង់សិទ្ធិបោះឆ្នោតនោះទេ គឺពួកគេអាចមកចុះឈ្មោះបោះឆ្នោតតាមកាលកំណតរបស់គ.ជ.បបាន។ ប៉ុន្តែត្រង់ថា ចង់ឲ្យមានការរៀបចំការិយាល័យចុះឈ្មោះនៅតាមជាយដែន និងនៅតាមស្ថានទូតនៅក្រៅប្រទេសនោះ គឺច្បាប់មិនអនុញ្ញាតនោះទេ។ យ៉ាងណាក៏ដោយ លោកស្រីរ៉ូណា ស្មីត បានគូសបញ្ជាក់ប្រាក់ថ្នាក់ដឹកនាំគ.ជ.បថា អព្យាក្រិតភាពរបស់ឝ.ជ.បពិតជាមានសារសំខាន់ណាស់សម្រាប់សន្តិសុខ និងជៀសវាងអំពើហិង្សានៅក្នុងការបោះឆ្នោត។ នេះបើតាមការថ្លែងបញ្ជាក់ឲ្យដឹងរបស់លោកហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប នៅក្រោយជំនួបនេះ៕
No comments:
Post a Comment