Friday, 4 August 2017
លោក ញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួនពីបទសង្ស័យពាក់ព័ន្ធការផលិតគ្រឿងញៀន កាលពី៥ឆ្នាំមុន
ដោយ សរ ពិសី 03/08/2017 03/08/2017
លោក ញឹក ប៊ុនឆៃ ប្រមុខបក្សខ្មែររួបរួមជាតិ
@FB/Nhek Bunchhai
អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី០៣ សីហា នេះ បានចាប់ខ្លួនប្រធានគណបក្សខ្មែររួបរួមជាតិ និងជាអតីតទីប្រឹក្សារដ្ឋាភិបាល លោក ញឹក ប៊ុនឆៃ ។ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា លោក ញឹក ប៊ុនឆៃ ត្រូវបានសង្ស័យពីការជាប់ពាក់ព័ន្ធករណីផលិតគ្រឿងញៀន ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០១២កន្លងទៅ នៅខេត្តកំពង់ស្ពឺ។
ការឈានដល់ការចាប់ខ្លួន លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាអតីតទីប្រឹក្សារដដ្ឋាភិបាលមានឋានៈស្មើឧបនាយករដ្ឋមន្រ្តី នាពេលនេះ ធ្វើឡើងក្រោយពីមានដីកាចាប់ខ្លួនពីតុលាការរាជធានីភ្នំពេញ។ បើតាមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ រហូតមកទល់ពេលនេះ លោក ញឹក ប៊ុឆៃ កំពុងស្ថិតក្រោមការស៊ើបសួររបស់មន្រ្តីជំនាញ។
សូមបញ្ជាក់ថា ការចាប់ខ្លួនលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិនាពេលនេះ ធ្វើឡើងបន្ទាប់ពីកាលពីខែមិថុនាកន្លងទៅ ព្រះមហាក្សត្របានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ ដកតួនាទីលោក ញឹក ប៊ុនឆៃ ជាទីប្រឹក្សារដ្ឋាភិបាលដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី តាមសំណើរបស់លោកនាយករដ្ឋមន្រ្តី។
ការដកដំណែងលោកញឹក ប៊ុនឆៃពេលនោះ បានធ្វើឡើងបន្ទាប់ពីមានការសង្ស័យថា មេដឹកនាំគណបក្សខ្មែររួបរួមជាតិរូបនេះ មានជាប់ពាក់ព័ន្ធនឹងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមន្ត្រីបក្សប្រឆាំងក្នុងអំឡុងពេលមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កន្លងទៅ ក៏ប៉ុន្តែលោក ញឹក ប៊ុនឆៃ ធ្វើការបដិសេធថាជាព័ត៌មានភ័ន្តច្រឡំ។
មិនត្រឹមតែប៉ុណ្ណោះ រយៈពេលមិនបានប៉ុន្មាន ក្រោយពីលោក ញឹក ប៊ុនឆៃ បាត់បង់តួនាទីជាទីប្រឹក្សា មន្ត្រីជាន់ខ្ពស់គណបក្សខ្មែររួបរួមជាតិ ចំនួន ១២ នាក់ មានតំណែងជាទីប្រឹក្សារដ្ឋាភិបាល ក៏ត្រូវបាន ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់តួនាទី តាមការស្នើរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនផងដែរ។
ជាការកត់សម្គាល់ ផ្ទៃក្នុងរបស់គណបក្សខ្មែររួបរួមជាតិ ចាប់ផ្តើមរង្គោះរង្គើរបន្តិចៗម្តង ដោយសមាជិកគណបក្សមួយចំនួនបានចាកចេញពីគណបក្ស ហើយទៅចុះចូលជាមួយគណបក្សប្រជាជនវកាន់អំណាចនិងគណបក្សផ្សេងទៀត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment