Tuesday, 15 August 2017
លោក ហ៊ុន សែន ព្រមានប្រើវិធានការច្បាប់លើអ្នកវិភាគ ក្រោយពីការចាប់ខ្លួនប្រធានបក្សអំណាចខ្មែរ
ដោយ វ៉ា សំណព្វ 14/08/2017 14/08/2017
លោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។
@FB/PM Hun Sen
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ១៤ សីហានេះ បានព្រមានប្រើវិធានការច្បាប់ប្រឆាំងនឹងអ្នកធ្វើអត្ថាធិប្បាយ ដែលបានទាញភ្ជាប់បញ្ហាជម្លោះព្រំដែនកម្ពុជា-ឡាវ កាលពីប៉ុន្មានថ្ងៃមុននេះថា ជាសេនារីយោរបស់គណបក្សកាន់អំណាច ដើម្បីទាញយកប្រជាប្រិយភាព នៅមុនការបោះឆ្នោត។ សម្រាប់លោកនាយករដ្ឋមន្រ្តី ការប្រមាថមកលើកងទ័ព និងការធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ គឺមិនអាចអត់អោនឲ្យបានទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានចាត់វិធានការច្បាប់ប្រឆាំងនឹងអ្នកធ្វើអត្ថាធិប្បាយទាំងឡាយណា ដែលបានទាញភ្ជាប់ព្រឹត្តិការណ៍ជម្លោះព្រំដែនកម្ពុជា-ឡាវ នៅប៉ុន្មានថ្ងៃមកនេះថា គឺជាការរៀបចំឡើង ដើម្បីទាញយកប្រជាប្រិយភាពរបស់គណបក្សកាន់អំណាច នៅមុនការបោះឆ្នោត។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ដែលបានថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សានៅឯមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី ១៤ សីហានេះថា ការលើកឡើងបែបនេះ មិនអាចទទួលយកបានទេ។
ក្រៅពីការព្រមានបែបនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន ក៏បានរំលឹកឡើងវិញ ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា នៅក្នុងការបញ្ចប់បញ្ហាជម្លោះព្រំដែនជាមួយភាគីថៃ កាលពីអំឡុងឆ្នាំ២០០៨ ជាឆ្នាំដែលកម្ពុជាមានជម្លោះព្រំដែនជាមួយភាគីថៃនៅឯតំបន់ប្រាសាទព្រះវិហារ ហើយជាឆ្នាំដែលគណបក្សប្រជាជនកម្ពុជា បានឈ្នះកៅអីរដ្ឋសភាចំនួន៩០អាសនៈ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី បានចាត់ទុកការដោះស្រាយបញ្ចប់ជម្លោះព្រំដែនជាមួយភាគីថៃកាលណោះ រួមទាំងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយភាគីឡាវនៅពេលថ្មីៗនេះថា មិនមែនជាការកេងចំណេញនយោបាយនោះទេ។
គួរជំរាបជូនថា ការព្រមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃនេះ បានធ្វើឡើង បន្ទាប់ពីអាជ្ញាធរកម្ពុជា ទើបតែបានចាប់ខ្លួនប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា ពីបទប្រមាថមកលើកងទ័ព និងធ្វើឲ្យបែកបាក់សាមគ្គីនៅក្នុងចំណោមកងកម្លាំងប្រដាប់អាវុធកម្ពុជា។ សម្រាប់លោកនាយករដ្ឋមន្រ្តី ការលើកឡើងរបស់លោក សួន សេរីរដ្ឋា គឺជាបទល្មើសជាក់ស្តែង និងមិនអាចអត់អោនឲ្យបានទេ៕
Subscribe to:
Post Comments (Atom)
1 comment:
ហ៊ុន សែន ព្រមានប្រើវិធានការ 'ច្បាប់ព្រៃ' លើអ្នកវិភាគ
Post a Comment