ដោយ វណ្ណ សុគន្ធា 02/08/2017 02/08/2017
លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា
@Ministry of Environment
អ្នករាយការណ៏ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោកស្រីរ៉ូណា ស្មីតនឹងមកបំពេញទស្សនកិច្ចលើកទី៤របស់លោកស្រីនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៨ ខែសីហា។ ដំណើរទស្សនកិច្ចជាថ្មីនេះ គឺដើម្បីពិនិត្យមើលសិទ្ធិកុមារ និងស្ថានភាពសិទ្ធិមនុស្សទូទៅ។ នេះបើតាមការជូនដំណឹងរបស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានៅរសៀលនេះ។
នៅក្នុងដំណើរទស្សនកិច្ចជាថ្មីរយៈពេល១០ថ្ងៃនេះ លោកស្រីរ៉ូណា ស្មីត នឹងជួបប្រជុំជាមួយក្រុមសមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា តំណាងសង្គមស៊ីវិល និងសមាជិកនៃសហគមន៍ការទូតនៅកម្ពុជា។ លោកស្រី រ៉ូណា ស្មីត បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់ប្រទេសកម្ពុជាជាថ្មីនេះ គឺលោកស្រីនឹងផ្តោតលើសិទ្ធិកុមារដែលជាផ្នែកមួយនៃការងាររបស់លោកស្រីដែលកំពុងធ្វើលើវិស័យនៃការរើសអើងនិងក្រុមដែលងាយរងគ្រោះ។ បន្ថែមលើនេះ លោកស្រីរ៉ូណា ស្មីត ក៏មានបំណងស្វែងយល់ជាពិសេសអំពីការជួញដូរ និងការកេងប្រវ័ញ្ចលើកុមាររួមទាំងគោលជំហរក្នុងការមើលថែកុមារផងដែរ។
ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកស្រីរ៉ូណា ស្មីតលើកនេះ គឺដើម្បីធ្វើរបាយការណ៍ស្តីពីបញ្ហាសិទ្ធិមនុស្សកម្ពុជា បង្ហាញទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅខែកញ្ញា ឆ្នាំ២០១។
ជាការកត់សម្គាល់ គម្រោងដំណើរទស្សនកិច្ចរបស់លោកស្រីរ៉ូណា ស្មីតនេះ បានកើតឡើង បន្ទាប់ពីតុលាការខ្មែរបានសម្រេចដោះលែងមន្ត្រីសិទ្ធិមនុស្សបួននាក់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងលោកនី ចរិយា ដែលជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)និងបន្ទាប់ពីសេចក្តីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលហាមមិនឲ្យទណ្ឌិតមកពាក់ព័ន្ធនឹងគណបក្សនយោបាយនៅកម្ពុជាទើបត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលថ្មីៗនេះ។ ចំពោះបញ្ហានេះ គេមិនទាន់ដឹងថា អ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះ នឹងលើកទៅនិយាយជាមួយភាគីរដ្ឋាភិបាលកម្ពុជាឫក៏យ៉ាងណានោះទេ។
សូមបញ្ជាក់ថា លោកស្រីរ៉ូណា ស្មីត បានចូលកាន់តំណែងជាអ្នករាយការណ៏ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាតាំងពីខែមីនា ឆ្នាំ២០១៥ ហើយដំណើរទស្សនកិច្ចនៅសប្តាហ៍ក្រោយនេះ គឺជាលើកទី៤ហើយរបស់លោកស្រី។ ដំណើរទស្សកិច្ចចុងក្រោយរបស់លោកស្រីរ៉ូណា ស្មីត ដែលមានរយៈពេល១០ថ្ងៃដូចគ្នានៅកម្ពុជា គឺបានធ្វើឡើងកាលពីខែតុលាឆ្នាំ២០១។ បើតាមការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នៅថ្ងៃទី១៨ សីហាដែលជាថ្ងៃបញ្ចប់ដំណើរទស្សនកិច្ច លោកស្រីរ៉ូណា ស្មីត នឹងធ្វើសន្និសារព័ត៌មានមួយស្តីពីបេសកម្មរយៈពេល១០ថ្ងៃជាថ្មីនៅកម្ពុជានេះនៅវេលាម៉ោង៣ រសៀលនៅការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាក្នុងរាជធានីភ្នំពេញ៕
No comments:
Post a Comment