ដោយ ញឹម សុផល 16/08/2017 16/08/2017
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
REUTERS
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំនៅថ្ងៃចន្ទខាងមុខ ជុំវិញសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលស្នើឡើងដោយអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងចំនួន៣៣រូប។ ការសម្រេចបើកកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៅសប្តាហ៍ក្រោយនេះ បានធ្វើឡើងបន្ទាប់ពីលោកសុន ឆ័យ បានដាក់លិខិត ទៅកាន់ប្រធានរដ្ឋសភា កាលពីថ្ងៃទី១១ខែសីហា កន្លងទៅ ក្នុងគោលបំណងចង់កែប្រែមាត្រាចំនួន៣នៃច្បាប់បោះឆ្នោត ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចចូលរួមបោះឆ្នោតបាន។
អគ្គលេខាធិការរដ្ឋសភាលោក ឡេង ប៉េងឡុង ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកនេះថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលស្នើដោយអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងត្រូវដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃចន្ទទី២១សីហាខាងមុខ ដើម្បីពិភាក្សាបន្ទាប់ពីលោកទទួលបានលិខិតនេះ ហើយបញ្ជូនទៅកាន់ប្រធានរដ្ឋសភាលោក ហេង សំរិន។
ជាមួយគ្នានេះលោក ឡេង ប៉េងឡុង មិនអាចបញ្ជាក់បានថា សេចក្តីស្នើនេះ នឹងត្រូវគណៈកម្មការរដ្ឋសភាចាត់ការបន្តឬក៏ទាត់ចោលយ៉ាងណានោះទេ អាស្រ័យទៅលើការសម្រេចរបស់គណៈកម្មការជំនាញ។
ដោយឡែក លោក សុន ឆ័យ តំណាងឲ្យអ្នកតំណាងរាស្ត្រហត្ថលេខី នៃគណបក្សសង្រ្គោះជាតិឲ្យដឹងដែរថា ការដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាយល់ព្រមយកសំណើរបស់លោកទៅពិនិត្យ នៅដើមសប្តាហ៍ក្រោយគឺ មិនយឺតយូរពេលនោះទេ។ ក៏ប៉ុន្តែអ្វីដែលជាការសង្ឃឹមថាតើសំណើរបស់លោក ត្រូវបានគណៈកម្មការពាក់ព័ន្ធយកទៅពិចារណាឬក៏ទាត់ចោលនោះ លោកសុន ឆ័យ បានស្នើឲ្យរដ្ឋសភាធ្វើទៅតាមនីតិវិធី ពោលគឺត្រូវបញ្ជូនសេចក្តីស្នើច្បាប់នេះទៅគណៈកម្មការជំនាញបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ប្រជុំរួច។ គណៈកម្មការជំនាញត្រូវអញ្ជើញអ្នកស្នើច្បាប់ទៅពិភាក្សាគ្នា ដោយមិនត្រូវសម្រេចទាត់ចោលពាក់កណ្តាលផ្លូវដូចជាការស្នើនានាកន្លងមកនោះទេ។ នេះបើតាមលោក សុន ឆ័យ។
សូមរំលឹកថា កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក សុន ឆ័យ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៣៣រូប បានចុះហត្ថលេខាលើលិខិតមួយផ្ញើជូនលោក ហេង សំរិន ប្រធានរដ្ឋសភា ដោយយោងទៅលើប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ យោងទៅលើរដ្ឋធម្មនុញ្ញមាត្រា៣៣ មាត្រា៣៤ថ្មី មាត្រា៣៥ ដែលក្នុងន័យថា ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការឬរស់នៅឯបរទេសត្រូវតែទទួលបានសិទ្ធិបោះឆ្នោត តាមរយៈការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រកាសដោយព្រះរាជក្រមចុះថ្ងៃទី២៦ខែមីនាឆ្នាំ២០១៥។
No comments:
Post a Comment