Tuesday, 15 August 2017
កូនក្រពើត្រីដែលជិតផុតពូជចំនួន៩ក្បាលបានញាស់នៅខេត្តកោះកុង
15/08/2017 15/08/2017
rfi
កូនក្រពើត្រីដែលជិតផុតពូជចំនួន ៩ក្បាលបានញាស់នៅខេត្តកោះកុង
@WCS
អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដែលជាក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថាន និងរដ្ឋបាលជលផល បានបង្ហាញពីចំនួនកូនក្រពើត្រីឬ ក្រពើព្រៃ ដែលទើបនឹងញាស់ចំនួន ៩ក្បាលនៅមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុង នៅថ្ងៃទី ១៥ សីហានេះ។ សត្វប្រភេទនេះត្រូវបានគេដឹងថា មានប្រមាណជាង ៤០០ក្បាល ប៉ុណ្ណោះនៅទូទាំងពិភពលោក។
អត្ថបទដោយ៖ តាន់ គឹមច័ន្ទវាសនា និងទី កញ្ញា
លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សខេត្តកោះកុងរបស់អង្គការWCS បានលើកឡើងថា កូនក្រពើត្រី ជាចំណុចចាប់ផ្ដើមវិជ្ជមានសម្រាប់ប្រើប្រាស់បង្កាត់ពូជប្រភេទសត្វល្មូននាពេលអនាគត។ លោកបានបន្តថា កូនក្រពើត្រីទាំងនេះ នឹងត្រូវរក្សាទុក និងចិញ្ចឹម ក្នុងមជ្ឈមណ្ឌល ហើយនឹងលែងមួយចំនួនទៅក្នុងព្រៃវិញពេលដែលសត្វទាំងនេះអាចរស់នៅដោយខ្លួនឯងបានក្នុងធម្មជាតិ រីឯមួយចំនួនទៀតនឹងត្រូវរក្សាទុកដើម្បីបង្កាត់ពូជ។
យ៉ាងណាក្តី ចំនួនក្រពើត្រីនៅតែបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយសារតែការនេសាទត្រីខុសច្បាប់ បានគម្រាមកំហែងយ៉ាងខ្លាំងសម្រាប់ការរស់នៅរបស់ក្រពើត្រី ហើយក៏មានកត្តាប្រឈមជាច្រើនទៀត ដូចជាការបំផ្លិចបំផ្លាញទីជម្រក ការថយចុះចំណីអាហារក្នុងធម្មជាតិ ការបាត់បង់ឱកាសបន្តពូជ ការបាត់បង់ពូជសុទ្ធនៅក្នុងធម្មជាតិ និងការធូរលុងផ្នែកអនុវត្តច្បាប់។
អ្នកស្រីទុន សារ៉ន អ្នកមើលថែសត្វនៅមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូន បានឲ្យដឹងថា អ្នកស្រីពិតជារំភើបខ្លាំងណាស់ដែលបានឃើញកូនក្រពើត្រីទាំងអស់នេះ។ អ្នកស្រី គ្រោងនឹងផ្តល់ចំណីដូចជាកូនត្រី និងកង្កែបតូចៗដល់ក្រពើត្រីទាំងនោះ ក្នុងរយៈពេល ២ទៅ៣ថ្ងៃខាងមុខ។
សូមជម្រាបជូនថា ពងក្រពើត្រីមួយសំបុកដែលមានចំនួន១៩គ្រាប់ បានប្រទះឃើញនៅត្រពាំងកៀនតុ ខេត្តកោះកុង កាលពីថ្ងៃទី ២៨ ខែមិថុនាកន្លងទៅ។ ពងក្រពើត្រីទាំងអស់នេះត្រូវបានក្រុមអ្នកអភិរក្សយកទៅរក្សាទុកនៅក្នុងមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុង រហូតដល់រយៈពេល ៦សប្តាហ៍។
គួរបញ្ជាក់ថា ក្រពើត្រី ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វរងគ្រោះជិតផុតពូជនៅលើសកលលោក ហើយឃើញមានតែនៅក្នុងប្រទេសមួយចំនួនដូចជា៖ កម្ពុជា ឥណ្ឌូនេស៊ី ថៃ និងវៀតណាមប៉ុណ្ណោះ។ វត្តមានរបស់វា មានចន្លោះពី ១០០ ទៅ ៣០០ក្បាលនៅក្នុងប្រទេសកម្ពុជា។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment