25 កញ្ញា 2017
កាន់ វិច្ឆិកា

ក្រុមតំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លើកបដានៅខាងមុខទីស្នាក់ការកណ្តាលបក្ស ទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សរបស់ខ្លួនជាបន្ទាន់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
ភ្នំពេញ —
គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃចន្ទនេះ បានប្រកាសពីការលើកបដាដាក់នៅខាងមុខទីស្នាក់ការគណបក្សរបស់ខ្លួនទូទាំងប្រទេសទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្ស ដែលកំពុងជាប់ឃុំក្រោមបទចោទពាក់ព័ន្ធនឹងអំពើក្បត់ជាតិ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃលើកឡើងថា ការលើកបដានេះជាផ្នែកមួយនៃសកម្មភាពបដិវត្តន៍ពណ៌ និងថា អ្នកប្រព្រឹត្តនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
គណបក្សសង្គ្រោះជាតិនៅថ្ងៃចន្ទនេះ បានប្រកាសពីយុទ្ធនាការទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សដែលកំពុងជាប់ឃុំ ឲ្យមានសេរីភាពឡើងវិញ ដោយការលើកបដាដាក់នៅខាងមុខទីស្នាក់ការគណបក្សរបស់ខ្លួនទូទាំងប្រទេស។ នេះបើតាមការប្រកាសរបស់ក្រុមតំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង។
ក្នុងសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនៃស្ថានការណ៍នយោបាយនៅកម្ពុជា» ដែលធ្វើឡើងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង បានប្រកាសឱ្យដឹងថា គណបក្សសង្រ្គោះជាតិ បានសម្រេចលើកបដាទាមទារឲ្យមានការដោះលែងលោក កឹម សុខា នៅតាមទីស្នាក់ការនានារបស់គណបក្សសង្រ្គោះជាតិទូទាំងប្រទេស។ លោកបន្ថែមថា គណបក្សសង្គ្រោះជាតិមិនបារម្ភពីការប្រឈមផ្លូវច្បាប់ណាមួយ ពាក់ព័ន្ធនឹងការលើកបដាទាមទារឲ្យដោះលែងលោក កឹម សុខា នោះទេ។

រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅឯការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ អំឡុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤។ (អូន ឆេងប៉រ/VOA)
លោក សុន ឆ័យ មានប្រសាសន៍ក្នុងន័យដើមយ៉ាងដូច្នេះ៖
«ការបញ្ចេញរូបឯកឧត្តម កឹម សុខា ដើម្បីទាមទារមានការឲ្យដោះលែងគាត់ជាបន្ទាន់នេះ គឺជាវត្ថុបំណងដែលកើតចេញពីទឹកចិត្តយើងគ្រប់គ្នាជាស្វ័យប្រវត្តិ ដូច្នេះខ្ញុំមិនមានការបារម្ភអីអំពីផ្លូវច្បាប់ អំពីអ្វីដែលនឹងអាចកើតមានជាយថាហេតុទេ។ ដូចបានបញ្ជាក់អីចឹងថា ដរាបណាគាត់នៅតែជាជនមិនទាន់មានទោស យើងមានឱកាសដើម្បីនឹងបន្តការតស៊ូមតិទាមទារឲ្យមានការដោះលែងគាត់ឲ្យបានឆាប់ ដែលអាចធ្វើទៅបាន»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរសម្រុកចូលចាប់ខ្លួនចេញពីក្នុងផ្ទះរបស់លោកនៅរាជធានីភ្នំពេញទាំងកណ្ដាលយប់រំលងអធ្រាត្រ ចូលថ្ងៃទី៣ ខែកញ្ញា ក្រោមបទចោទប្រកាន់ថា លោក «ក្បត់ជាតិ»។ អាជ្ញាធរបានចោទលោកថា បានរៀបចំផែនការសម្ងាត់ ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តុលាការបានបញ្ជូនលោក កឹម សុខា ទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ដែលជាខេត្តមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។
ស្លាក ឬបដាទំហំប្រមាណជា២ម៉ែត្រ គុណនឹងកម្ពស់១ម៉ែត្រកន្លះ ត្រូវបានគេដាក់នៅមុខស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ និងខេត្តនានា នៅព្រឹកថ្ងៃចន្ទ ដោយមានដាក់រូបលោក កឹម សុខា និងសរសេរថា «ត្រូវដោះលែងលោកប្រធាន កឹម សុខាជាបន្ទាន់»។ យុទ្ធនាការនេះកំពុងចាប់ផ្តើមទូទាំងប្រទេសកម្ពុជាដោយក្រុមគាំទ្រគណបក្សសង្គ្រោះជាតិ។ នេះបើតាមវីដេអូ និងសារនានាបង្ហោះលើទំព័រហ្វេសប៊ុករបស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ។
បើទោះបីជាយ៉ាងនេះក្តី នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទនេះមានប្រសាសន៍ថា ការលើកបដាទាមទារឲ្យដោះលែងលោក កឹម សុខា គឺជាផ្នែកមួយនៃសកម្មភាពបដិវត្តន៍ពណ៌ និងថា អ្នកដែលប្រព្រឹត្តសកម្មភាពនេះនឹងប្រឈមនឹងការទទួលខុសត្រូវមុខច្បាប់។
ឆ្លើយប្រាប់ VOA ដោយមិនព្រមបញ្ជាក់លម្អិតថា នឹងមានចំណាត់ការបែបណា និងធ្វើនៅពេលណា នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា៖
«នេះគឺជាទម្រង់មួយនៃការរៀបចំបដិវត្តន៍ពណ៌ ដូចដែល កឹម សុខា ធ្លាប់បានរៀនសូត្រពីគ្រូអាចារ្យរបស់គាត់។ រូបភាពបដិវត្តន៍ពណ៌មួយហើយអាហ្នឹង។ រូបភាពបដិវត្តន៍ពណ៌គឺបន្តិចៗអីចឹង។ វាអត់មានហិង្សា វាជាបដិវត្តន៍ពណ៌ហើយអាហ្នឹង។ ហើយខ្ញុំគិតថា នេះគឺជាការមិនត្រូវទេ យើងមិនអនុញ្ញាតឲ្យមាន»។
ការប្រកាសលើកបដាទាមទារឲ្យដោះលែងលោក កឹម សុខា នៅព្រឹកនេះ ធ្វើឡើងស្របពេលដែលគម្រោងការបញ្ជូនលោក កឹម សុខា ឲ្យចូលរួមសវនាការសាលាឧទ្ធរណ៍ នាថ្ងៃអង្គារស្អែក ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។ ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ចំនួន៧នាក់ បានដាក់លិខិតស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ សុំឲ្យលោក កឹម សុខា បានចូលរួមកិច្ចពិភាក្សាដេញដោលនៅចំពោះមុខសភាស៊ើបសួរ បន្ទាប់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារកាលពីសប្តាហ៍មុន បានស្នើឲ្យសាលាឧទ្ធណ៍ពិចារណាលើការនាំខ្លួនលោក កឹម សុខា ទៅចូលរួមក្នុងសវនាការ ដោយលើកមូលហេតុថា អគ្គនាយកដ្ឋានពន្ធនាគារបារម្ភពីសុវត្ថិភាពក្នុងការដឹកជញ្ជូនលោក កឹម សុខា និងសុវត្ថិភាពក្នុងអំឡុងពេលសវនាការ។

រូបឯកសារ៖ លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
លិខិតស្នើទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ចុះហត្ថលេខា និងត្រាដោយមេធាវីការពារក្តីឲ្យលោក កឹម សុខា ចំនួន៧រូប ចេញកាលពីថ្ងៃទី២២ ខែកញ្ញានេះ សរសេរថា តាមគោលការណ៍ នីតិវិធីព្រហ្មទណ្ឌត្រូវធ្វើឡើងតាមគោលការណ៍ចំពោះមុខ និងថា លោក កឹម សុខា បានស្នើចូលរួមគ្រប់នីតិវិធីតុលាការ។ មេធាវីទាំងនោះលើកឡើងក្នុងលិខិតនោះថា ចៅក្រមស៊ើបសួរសាលាដំបូងបានសម្រេចចេញដីកាឃុំខ្លួនលោក កឹម សុខា ដោយសម្អាងថា ការឃុំខ្លួនលោក កឹម សុខា គឺដើម្បីរក្សាជនត្រូវចោទទុកឲ្យតុលាការចាត់ការតាមនីតិវិធី និងថា ការឲ្យលោក កឹម សុខា នៅក្រៅឃុំនឹងអាចគេចវេសមិនចូលរួមក្នុងសវនាការ។
ពួកគេបានសរសេរបន្ថែមក្នុងន័យដើមថា៖
«គ្មានហេតុផលណាមួយត្រូវបានលើកក្នុងការរារាំងមិនអនុញ្ញាតឲ្យកូនក្តីយើងខ្ញុំចូលរួមក្នុងសវនាការឡើយ។ អាស្រ័យហេតុនេះ ដើម្បីចៀសវាងការប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់កូនក្តី យើងខ្ញុំសូមលោកប្រធានមេត្តាសម្រេចតាមការស្នើសុំដោយអនុគ្រោះ»។
នៅព្រឹកថ្ងៃចន្ទនេះ ក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិក៏បានប្រកាសថា ពួកគេនឹងទៅចូលរួមសវនាការនៅសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃអង្គារខាងមុខ បើទោះជាមិនមានវត្តមានរបស់ លោក កឹម សុខា ក៏ដោយ។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍បានទេ រហូតដល់ល្ងាចថ្ងៃចន្ទនេះ។
ដោយឡែក លោក សុក សំអឿន អ្នកជំនាញច្បាប់ និងជាមេធាវីជើងចាស់មួយរូបលើកឡើងថា ការមិនអនុញ្ញាតឲ្យជនត្រូវចោទបានចូលរួមក្នុងសវនាការដើម្បីតទល់សេចក្តីគឺជាការរំលោភសិទ្ធិរបស់ជនត្រូវចោទ និងរំលោភលើរដ្ឋធម្មនុញ្ញដែលបានចែងពាក់ព័ន្ធនឹងសិទ្ធិរបស់ពលរដ្ឋ។ លោកបន្ថែមថា សម្រាប់ការហាមមិនឲ្យលើកបដាទាមទារឲ្យមានការដោះលែងលោក កឹម សុខា ដោយអហិង្សានៅទីស្នាក់ការគណបក្សប្រឆាំងនោះ ក៏ជាការរំលោភទៅនឹងរដ្ឋធម្មនុញ្ញដូចគ្នា។
លោក សុក សំអឿន មានប្រសាសន៍ថា៖
«គ្រាន់តែលើកអីចឹងវាប៉ះពាល់ គេថា បដិវត្តន៍ពណ៌ដែរ។ ខ្ញុំថា ដូចអត់ត្រូវ។ បើអីចឹងមិនបាច់ធ្វើបាតុកម្មទេ ឲ្យតែបាតុកម្មសុទ្ធតែបដិវត្តន៍ពណ៌ម៉េចហ្នឹងកើត? អាហ្នឹងផ្ទុយនឹងរដ្ឋធម្មនុញ្ញយើងទៀតហើយ ព្រោះរដ្ឋធម្មនុញ្ញយើងធានាឲ្យមានសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធីបាន ដោយអហិង្សា ដោយសន្តិវិធី អាហ្នឹងគឺស្របតាមច្បាប់ប្រទេសរបស់យើងហើយ»។
ការចាប់ខ្លួនលោក កឹម សុខា ទាំងកម្រោល និងបញ្ជូនលោកទៅឃុំនៅពន្ធនាគារ បានធ្វើឲ្យស្ថាប័ន និងអង្គការអន្តជាតិយ៉ាងច្រើនប្រតិកម្ម និងសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង។ បាតុកម្មជាច្រើនរបស់ជនជាតិខ្មែររស់នៅបរទេសប្រឆំាងនឹងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងដ៏ធំរបស់កម្ពុជា ត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសនានា រួមមានប្រទេសក្នុងសហគមន៍អឺរ៉ុប អាមេរិក អូស្រ្តាលី និងកូរ៉េខាងត្បូងជាដើម៕
2 comments:
NOTHING IS FREE IN THIS WORLD
The evil Vietnam had lost many of its soldiers to invade and conquer Cambodia. To get Cambodia back from Vietnam will cost Khmer people something.
Are we ready to make our ultimate sacrifice for our motherland?
Vietnam and Hun Sen have been pushing the CNRP and Khmer people against the wall. There is no place to run. The natural reaction is to fight back.
Therefore, a peaceful demonstration LED by all the CNRP's members of parliament demanding the release of Kem Sokha to strengthen the CNRP is the right thing to do.
93 Years Old Woman
NOTHING IS FREE IN THIS WORLD
The evil Vietnam had lost many of its soldiers to invade and conquer Cambodia. To get Cambodia back from Vietnam will cost Khmer people something.
Are we ready to make our ultimate sacrifice for our motherland?
Vietnam and Hun Sen have been pushing the CNRP and Khmer people against the wall. There is no place to run. The natural reaction is to fight back.
Therefore, a peaceful demonstration LED by all the CNRP's members of parliament demanding the release of Kem Sokha to strengthen the CNRP is the right thing to do.
93 Years Old Woman
Post a Comment