Friday, 15 September 2017

សភា​អឺរ៉ុប​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ខណៈ​លោក​ហ៊ុន សែន បញ្ជា​ឲ្យ​ពង្រីក​ការស៊ើបអង្កេត​លើ​បាតុកម្ម​ឆ្នាំ២០១៣


ដោយ វ៉ា សំណព្វ 15/09/2017 15/09/2017

rfi
media
កិច្ច​ប្រជុំ​​ដែល​​បាន​​ធ្វើ​ឡើង​​នៅ​ក្នុង​​ទីក្រុង Strasbourg ប្រទេស​​បារាំង
@សហការី



សមាជិកសភា​សហភាព​អឺរ៉ុប បាន​បើក​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃទី ១៤ កញ្ញា ដើម្បី​ត្រៀម​អនុម័ត​វិធានការណ៍១០ចំណុច ស្តីពី​កម្ពុជា។ ក្នុងនោះ ក៏មាន​ការទាមទារ​ឲ្យ​មាន​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្សប្រឆាំង​ផងដែរ។ ដោយឡែក​នៅឯ​កម្ពុជា​ឯណេះ​វិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ១៥កញ្ញា​នេះ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ក្រសួងមហាផ្ទៃ ពង្រីក​ការស៊ើបអង្កេត​លើ​បាតុកម្ម​កាលពី​ឆ្នាំ ២០១៣។ ជា​បាតុកម្ម​ដែល​បណ្តាល​ឲ្យ​មនុស្ស៤នាក់​ស្លាប់ និង​ម្នាក់​បាត់​ខ្លួន។



កិច្ចប្រជុំ​ដែល​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង Strasbourg ប្រទេស​បារាំង កាលពី​ថ្ងៃទី១៤ កញ្ញា នេះ សមាជិកសភា​សហភាព​អឺរ៉ុប បាន​ពិភាក្សា​ជាសំខាន់​លើ​ស្ថានការណ៍​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា។ ក្នុងនោះ​សមាជិកសភា​អឺរ៉ុប ក៏បាន​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ។

លោកស្រី Federica Mogherini តំណាង​ជាន់ខ្ពស់​នៃ​សភា​សហភាព​អឺរ៉ុប​ទទួលបន្ទុក​គោលនយោបាយ​ការបរទេស និង​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប បាន​ថ្លែង​នៅ​ចំពោះមុខ​សភា​អឺរ៉ុប​កាលពី​ថ្ងៃទី១៤កញ្ញា ដោយបាន​ហៅ​ស្ថានភាព​នយោបាយ​នៅ​កម្ពុ​ជានា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ថា គឺជា​សប្តាហ៍​ដ៏​សោកសៅ​សម្រាប់​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា។ ជា​សប្តាហ៍​នៃ​ទុក្ខសោក​សម្រាប់​សេរីភាព​សារព័ត៌មាន និង​ក៏​ជា​សប្តាហ៍​ដ៏​សោកសៅ​នៃ​ប្រជាជន​កម្ពុជា ក្រោយពី​ការចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា និង​ការបណ្តេញ​អង្គការក្រៅរដ្ឋាភិបាល​និង​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស The Cambodia Daily រួចមក។

គួរ​ជំរាបជូន​ថា ក្នុងចំណោម​វិធានការ១០ចំណុច ដែល​សភា​សហភាព​អឺរ៉ុប​បាន​លើក​យកមក​ពិភាក្សា កាលពី​ថ្ងៃទី ១៤ កញ្ញា ក្នុងនោះ សភា​សហភាព​អឺរ៉ុប​បានដាក់​ការព្រួយបារម្ភ​ចំពោះ​ការធ្លាក់ចុះ​សេរីភាព​នៅ​កម្ពុជា ដែល​ប៉ះពាល់​ទៅលើ​អ្នក​នយោបាយ​​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​សង្គម, ថ្កោលទោស​ចំពោះ​អំពើហិង្សា​ផ្នែក​នយោបាយ​នៅ​កម្ពុជា, ទាមទារ​ឲ្យ​ទម្លាក់ចោល​រាល់​ការចោទប្រកាន់​ទៅលើ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង លោក សម រង្ស៊ី រួមទាំង​មន្ដ្រី​គណបក្សប្រឆាំង មន្ដ្រី​សិទ្ធិមនុស្ស​និង​សមាជិកសភា​ផង។ បន្ថែម​លើ​នេះ សភា​សហភាព​អឺរ៉ុប ក៏បាន​ជម្រុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានា​ឱ្យបាន​នូវ​សិទ្ធិ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស ហើយ​ត្រូវ​លុបចោល​ការបង់ពន្ធ​រប​ស់កា​សែត Cambodia daily និង​អនុញ្ញាតឱ្យ​បើក​ការផ្សាយ​ឡើងវិញ​នូវ​ស្ថានីយ៍​វិទ្យុ​មួយចំនួន​ដែល​ត្រូវបាន​បិទ ព្រមទាំង​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI របស់​អាមេរិក​ផងដែរ។ បន្ថែម​លើ​នេះ វិធានការ​ទាំង១០ចំណុច​នេះ សភា​សហភាព​អឺរ៉ុប ក៏បាន​ព្រមាន​មិន​ទទួលស្គាល់​ចំពោះ​ភាពស្របច្បាប់​នៃ​ការបោះឆ្នោតជាតិ​នៅពេល​ខាងមុខ​នេះដែរ។ យ៉ាងណាក៏ដោយ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បានចាត់ទុក​វិធានការ​ទាំងនេះ​ថា គ្រាន់តែ​ជាការ​បញ្ចេញមតិ​របស់​សមាជិកសភា​អឺរ៉ុប​ប៉ុណ្ណោះ ហើយ​ថា វិធានការ​នេះ មិនមែនជា​ច្បាប់​ដែល​ចាប់បង្ខំ​ឲ្យ​កម្ពុជា​ត្រូវតែ​អនុវត្តតាម​នោះទេ។

សូមបញ្ជាក់ថា ខណៈដែល​សមាជិកសភា​អឺរ៉ុប​បានទាមទារ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់​និង​ឥត​ល័​ក្ខ​ណ្ឌ​នេះ នៅ​ថ្ងៃទី១៥កញ្ញា​នេះដែរ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ពង្រីក​ការស៊ើបអង្កេត​ទៅលើ​បាតុកម្ម​នៅ​ផ្លូវ​វេ​ង​ស្រេង កាលពី​ឆ្នាំ២០១៣។ ជា​បាតុកម្ម​របស់​កម្មករ​ដើម្បី​ទាមទារ​តម្លើង​ប្រាក់ខែ ហើយ​បាន​ឈានទៅដល់​ការប៉ះទង្គិច​គ្នា​រវាង​កម្មករ​និង​សមត្ថកិច្ច ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ៤នាក់​ស្លាប់ និង​ម្នាក់​បាត់​ខ្លួន។ បើតាម​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​រក​អ្នក​ដែល​បាត់​ខ្លួន​នោះ ទាល់តែ​ប្រមូល​មេ​បាតុកម្ម​ទាំងអស់ យកមក​សួរចម្លើយ​ទើប​ដឹង៕

No comments: