Thursday, 14 September 2017

រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ការពារ​ជំហរ​គាំទ្រ​ចិន​​ដើម្បី​«ផល​ប្រយោជន៍​ប្រទេស»


14 កញ្ញា 2017
ស៊ុន ណារិន
រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួងការបរទេស​លោក​ប្រាក់ សុខុន (ឡេង ឡែន/VOA)

voa
រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួងការបរទេស​លោក​ប្រាក់ សុខុន (ឡេង ឡែន/VOA)
លោក​ប្រាក់ សុខុន​ រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​ ​​បាន​​ការពារ​ជំហរ​គាំទ្រ​ចិន​​ដោយ​លើក​ឡើង​ថា «សម្រាប់​​ផល​ប្រយោជន៍​ប្រទេស»។​ តែ​លោក​បន្ថែម​​ថា ​កម្ពុជា​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​​លើ​នយោបាយ​ការ​បរទេស។


ភ្នំពេញ —

ក្រោយពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​មក​ពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ​និង​ក្រោយ​ពី​មាន​ការបង្ហាញ​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ ​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​កម្ពុជា​ប្រកាន់​ជំហរ​នយោបាយ​អព្យាក្រឹត្យ​ ហើយ​ថា ​ជំហរ​កម្ពុជា​ទាក់ទង​ប្រទេស​ចិន​គឺ ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ។​



លោក​រដ្ឋមន្រ្តី ​ប្រាក់ សុខុន ​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​មួយ​ទៅ​កាន់​និស្សិត​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ​រាជធានី​ភ្នំពេញ ​ស្ដីពី​ការ​យល់​ដឹង​ពី​ស្ថាន​ការណ៍​ពិភព​លោក​បច្ចុប្បន្ន ​និង​ការ​រៀបចំ​នយោបាយ​ការ​បរទេស​របស់​កម្ពុជា។​

ក្រៅ​ពី​ការ​ពន្យល់​អំពី​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ពិភព​លោក​ ​លោក ប្រាក់ សុខុន ​បាន​ថ្លែង​ថា ​កម្ពុជា​មិន​ស្ថិត​នៅ​ក្នុង​ប៉ូល​នៃ​ប្រទេស​មហា​អំណាច​ណា​មួយ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ហើយ​សួរ​ថា ​កម្ពុជា​នៅ​ប៉ូល​ណា?​ រដ្ឋ​ធម្មនុញ្ញ​ឆ្លើយ​ជំនួស​ខ្ញុំ​ហើយ​គឺ​នយោបាយ​អព្យាក្រឹត្យ​ ​ហើយ​អចិន្រ្តៃយ៍​ទៅ​ទៀត។ ​អីចឹងយើង​អត់​ស្ថិត​ក្នុង​ប៉ូល​ណា​ទេ។​ យើង​មាន​មិត្ត​ភក្តិ​ យើង​មាន​ការ​រាប់​រក ​មាន​គេ​ស្រឡាញ់ ​មាន​គេ​ជួយ»។​

លោក​បញ្ជាក់​បន្ថែម​ថា៖​

«កម្ពុជា​គិត​ពី​ផល​ប្រយោជន៍​របស់​ខ្លួន។​ តើ​ទំនាក់​ទំនង​រវាង​កម្ពុជា​ជាមួយ​នឹង​ចិន​ ឧទាហរណ៍ ​បាន​ផ្តល់​នូវ​ផល​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ដែរ​ឬ​អត់? ​បើ​មាន​ មាន​ស្អី​ខ្លះ?​ ចម្លើយ​គឺ​មាន ​ហើយ​មាន​អី​ខ្លះ​ មាន​ច្រើន»។​

លោក​បាន​លើក​ឡើង​ថា ​ប្រទេស​ចិន​បាន​ជួយ​កម្ពុជា​ច្រើន​ ក្នុង​នោះ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ស្ពាន ​ផ្លូវថ្នល់ ​និង​ទំនប់​វារី​អគ្គិសនី​ជាដើម។​ លោក​បាន​ចោទ​ជា​សំណួរ​ថា​ តើ​ការ​គាំទ្រ​នេះ​ ជា​ការ​រណប​ប្រទេស​ចិន​ ឬ​យ៉ាងណា?​

​លោក​មាន​ប្រសាសន៍​ថា៖​

«បើ​សិន​ជា​កម្ពុជា​ធ្វើ​សម្រាប់​បម្រើផល​ប្រយោជន៍​របស់​ខ្លួន​ តើ​អាច​ហៅ​ថា​ ​កម្ពុជា​ទៅ​ជា​រណប​របស់​ប្រទេស​នោះ​ដែរ​អត់?»​

ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​ចិន​បាន​កើត​ឡើង​យូរ​មក​ហើយ ​ហើយ​ក៏​បាន​បន្សល់​ទុក​តាំង​ពី​អតីត​ព្រះបាទ​នរោត្តម​សីហនុ ​ដែល​បាន​សោយ​ទិវង្គត​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន ​កាល​ពី​ឆ្នាំ​២០១២។​

ចិន​ជា​ប្រទេស​ដែល​មាន​ទំហំ​វិនិយោគ​ផ្ទាល់​ពី​បរទេស (​Foreign Direct Investment)​ ធំ​ជាង​គេ​នៅ​កម្ពុជា។​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ​និង​ចិន​បាន​កើន​ដល់​ទៅ​៤,៨​ពាន់​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦​ ដែល​មាន​ការ​កើន​ឡើង​ប្រមាណ​២០០​លាន​ដុល្លារ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៥។​ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ រហូត​មក​ដល់​ពេល​នេះ ​បាន​ផ្តល់​នូវ​ជំនួយ​ឥត​សំណង ​និង​កម្ចី​ដល់​កម្ពុជា ​ប្រមាណ​៤,២​ពាន់​លាន​ដុល្លារ​អាមេរិក។​ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក ​ហ៊ុន សែន ​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០១៧។​

ទោះ​ជា​យ៉ាងណា ​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍ ​និង​ការ​រក​ស៊ី​របស់​ចិន​នៅ​កម្ពុជា​ត្រូវ​បាន​មើល​ឃើញ​ថា ​មិន​មាន​តម្លាភាព ​និង​មិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​ឲ្យ​បាន​ត្រឹមត្រូវ។​

ក្នុង​បញ្ហា​អាស៊ាន ​កម្ពុជា​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​គាំទ្រ​ចិន ​ដែល​នាំ​ឲ្យ​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ ដើម្បី​បង្ហាញ​ជំហរ​អាស៊ាន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ ​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ​ហើយ​ថា បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​មិន​មែន​ជា​រឿង​អាស៊ាន​នោះ​ទេ​គឺ​ជា​រឿង​របស់​ចិន​ជាមួយ​ប្រទេស​មួយ​ចំនួន​ជា​សមាជិក​អាស៊ាន។​

លោក​បញ្ជាក់​ថា ​ការ​មិន​គាំទ្រ​ណា​មួយ​គឺ​បង្ហាញ​ថា ​កម្ពុជា​មិន​កាន់​ជើង​ប្រទេស​ណាមួយ​នោះទេ។​

កាល​ពី​ថ្ងៃ​ពុធ ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បាន​ត្រឡប់​មក​ពី​ការ​ចូលរួម​ពិព័រណ៍​ចិន អាស៊ាន​លើក​ទី​១៤​ ​នៅ​ប្រទេស​ចិន​ ដែល​លោក​បាន​ជួប​ជាមួយ​មន្រ្តី​ចិន ​ហើយ​បាន​ពង្រឹង​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត។​

លោក ​ហ៊ុន សែន ​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះ​ថា៖​

«មិត្ត​ចិន​គឺ​ជា​ខ្នង​បង្អែក​ដ៏​រឹងមាំ ដែល​បន្ត​ជួយ​កម្ពុជា​គ្រប់​កាលៈទេសៈ​ ​ដែល​គ្មាន​បរទេស​ណា​មក​បំបែក​បំបាក់​បាន​ឡើយ»។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)


រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តីគឺ​លោក កៅ គឹមហួន ​បាន​ថ្លែង​ទៅកាន់​អ្នក​កាសែត​កាល​ពី​ម្សិលមិញ​ថា ​កម្ពុជា ​និង​ចិន​បាន​ឯកភាព​គ្នា​ក្នុង​ការ​សិក្សា​ទៅ​លើ​បដិវត្តន៍​ពណ៌​ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចោទ​ប្រកាន់​ថា​ អាមេរិក​នៅ​ពីក្រោយ​គម្រោង​ទាំង​នេះ​ តាមរយៈ​ការ​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ ​ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា។​

លោក​បាន​ថ្លែង​ថា៖​

«ឥឡូវ​នេះ​គឺ​ថា​ រដ្ឋាភិបាល​បាន​ឲ្យ​ក្រុម​ការងារ​អ្នកស្រាវជ្រាវ​នេះ ​គឺ​សហការ​គ្នា ​ស្រាវជ្រាវ​ ផ្លាស់​ប្តូរ​ព័ត៌មាន​ ផ្លាស់​ប្តូរ​ការសិក្សា​ស្រាវជ្រាវ​ហ្នឹង។ ​គ្រាន់​តែ​ថា​ ឯកភាព​គ្នា ​សិក្សា​ស្រាវជ្រាវ​ ដើម្បី​ស្វែង​យល់​បន្ត​ទៀត​អំពី​បដិវត្តន៍​ពណ៌ ​តើ​ឫស​គល់​យ៉ាង​ម៉េច»។​

បន្ទាប់​ពី​ការ​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​កញ្ញា ​និង​ស្រប​ពេល​មាន​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មក​នោះ​ ​ ប្រទេស​ចិន​បាន​ប្រកាស​ការ​គាំទ្រចំណាត់​ការ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន។​

មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​គឺ​លោក​ Geng Shuang ​បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា ​រដ្ឋាភិបាល​ចិន​«គាំទ្រ​កិច្ច​ប្រឹងប្រែង​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ការពារ​សន្តិសុខ​ជាតិ ​និង​ស្ថិរភាព»។​

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ​លោក​Wang Jiarui​ អនុ​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ​ដោយ​ជួប​ជាមួយ​ប្រធាន​រដ្ឋសភា​គឺ​លោក ហេង សំរិន ​និង​ប្រធាន​ព្រឹទ្ធសភា ​លោក ​សាយ ឈុំ ​ហើយ​បាន​ប្រកាស​ជា​ផ្លូវការ​ ក្នុង​ការ​គាំទ្រ​ចំណាត់​ការ​របស់​លោក ​ហ៊ុន សែន​ ​ក្នុងការ​ចាប់​ខ្លួន​លោក កឹម សុខា។​

លោក​ Wang Jiarui​ ត្រូវ​បាន​រាយ​ការណ៍​ថា​ ប្រទេស​ចិន​នឹង​សហការ​ និង​ជួយ​ដល់​កម្ពុជា​ គ្រប់​កាលៈ​ទេសៈ។

លោក ​ឈាង វណ្ណារិទ្ធ ​នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​ បាន​ថ្លែង​ប្រាប់​VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ប្រទេស​កម្ពុជា​បាន​លម្អៀង​ទៅ​រក​ប្រទេស​ចិន ​មិន​មែន​ត្រឹម​តែ​សេដ្ឋកិច្ច​នោះ​ទេ ​គឺ​នយោបាយ​ការ​បរទេស​ទេស​ផង​ដែរ។​ លោក​បន្ត​ថា ​ប្រទេស​ចិន​ក៏​បាន​ឆ្លៀត​យក​ប្រយោជន៍​ពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។​

លោក​បាន​ថ្លែង​ថា៖​

«ចិន​ត្រង​យក​ផល​ប្រយោជន៍​ដែរ ​និយាយ​ឲ្យ​ចំ​ទៅ​ ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ ​ហើយ​ចង់​ទាញ​ឲ្យ​កម្ពុជា​ដាច់​ឆ្ងាយ​ពី​លោក​ខាង​លិច ​ហើយ​កាន់​តែ​ឆ្ងាយ ​កាន់​តែ​ប្រសើរ ​ដើម្បី​ចិន​អាច​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន នៅកម្ពុជាក៏​ដូច​ជា​នៅ​ក្នុង​តំបន់។​

រូបឯកសារ៖ លោក ឈាង វណ្ណារិទ្ធ ផ្តល់​បទ​សម្ភាសន៍​ទៅ​កាន់​អ្នក​យក​ព័ត៌​មាន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)
រូបឯកសារ៖ លោក ឈាង វណ្ណារិទ្ធ ផ្តល់​បទ​សម្ភាសន៍​ទៅ​កាន់​អ្នក​យក​ព័ត៌​មាន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)


លោក​បញ្ជាក់​បន្ថែម​ថា៖​

«ដូច្នេះ​ទេ ​បើ​សិន​កម្ពុជា​យើង​មិន​ប្រយ័ត្ន​ប្រយែង​ខ្ពស់​ យើង​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​នៃ​ល្បែង​អំណាច​នៃ​ប្រទេស​មហា​អំណាច​ហ្នឹង»។​

លោក​បន្ថែម​ថា ​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​របស់​ចិន​មក​កម្ពុជា​មិន​មាន​តម្លាភាព ​ហើយ​ការ​រក​ស៊ី​របស់​ចិន​ក៏​មិន​បាន​សិក្សា​លើ​ផល​ប៉ះពាល់​បរិស្ថាន​ឲ្យ​បាន​ល្អ​ដែរ។​

លោក ​អ៊ា សុផល​ ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ ​Occidental College​ ​នៃ​ទីក្រុង​ ​Los Angeles​ ​សហ​រដ្ឋ​អាមេរិក​ បាន​មាន​ប្រសាសន៍​ថា ​ការ​ប្រកាស​គាំទ្រ​របស់​ចិន​គឺ​បង្ហាញ​ថា​ កម្ពុជា​និង​ចិន​មាន​ខ្នង​បង្អែក​គ្នា​ទៅ​វិញ​ទៅ​មក​ ដែល​លោក​ថា​ កម្ពុជា​បាន​គាំទ្រ​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ កាល​ពី​កន្លង​ទៅ។​

រូបឯកសារ៖ លោក ​អ៊ា សុផល​ ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ ​Occidental College​ ​នៃ​ទីក្រុង​ ​Los Angeles​ ​សហ​រដ្ឋ​អាមេរិក​
រូបឯកសារ៖ លោក ​អ៊ា សុផល​ ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ ​Occidental College​ ​នៃ​ទីក្រុង​ ​Los Angeles​ ​សហ​រដ្ឋ​អាមេរិក​


លោក ​អ៊ា សុផល ​បាន​ថ្លែង​ប្រាប់​ VOA​ តាម​រយៈ​អ៊ីម៉េល​ឬសារ​អេឡិចត្រូនិក​ថា ​ដោយសារ​កម្ពុជា​ប្រកាន់​ជំហរ​ «នយោបាយ​ចិន​តែ​មួយ ដូច្នេះ​រាល់​អ្វី​ដែល​ចិន​និយាយ ​ឬ​ធ្វើ​គឺ​ល្អ»។​ លោក​បន្តថា ការ​ថ្លឹងថ្លែង​តុល្យភាព​គឺ​តែងតែ​ល្អ​បំផុត​សម្រាប់​កម្ពុជា​ មិន​លម្អៀង​ចិន​ មិន​លម្អៀង​ទៅ​នរណា​គឺ​ដើម្បី​កម្ពុជា​ខ្លួន​ឯង។

លោក​បន្ថែម​ថា កម្ពុជា​គួរ​ «ស្វែង​រក​ផលប្រយោជន៍​ខ្លួន​ឯង​ជាជាង​ពឹង​លើ​ចិន​ខ្លាំង​ពេក។ ​ចង​ចាំ​ថា ​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​អន្តរ​ជាតិ​គឺ​មិនមាន​មិត្ត​ ឬសត្រូវ​អចិន្រ្តៃយ៍​នោះទេ​ គឺ​មាន​តែ​ផល​ប្រយោជន៍​អចិន្រ្តៃយ៍»។​

កម្ដៅ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង ​ហើយមាន​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​មក​លើ​សហ​រដ្ឋ​អាមេរិក​ ​ពី​បណ្តាញ​សារព័ត៌មាន​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច​ ​ ​ពីមន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេស​ពី​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន។ ​ចុង​ក្រោយ​នេះ​ ​កម្ពុជា​បាន​ចោទ​ថា ​អាមេរិក​នៅ​ពី​ក្រោយ​គណបក្ស​ប្រឆាំង​ ​និង​មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ ​ក៏ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​លោក​ ​William Heidt​ ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​ច្រាន​ចោល​កាល​ពី​ថ្ងៃ​អង្គារ។​

លោក ​ឈាង វណ្ណារិទ្ធ​ បាន​លើក​ឡើង​ថា ​កម្រិត​នៃ​ការ​ជឿទុកចិត្ត​គ្នា​រវាង​កម្ពុជា ​និង​អាមេរិក​ នៅមាន​តិច​តួច​នៅ​ឡើយ។​ លោក​យល់​ថា ​កម្ពុជា​គួរ​បើក​ទ្វារ​ចំហ​បន្ថែម​ក្នុង​ការ​ពិភាក្សា​ជាមួយ​អាមេរិក​ទាក់ទង​នឹង​សិទ្ធិមនុស្ស ​និង​ប្រជា​ធិបតេយ្យ៕

1 comment:

Anonymous said...

ឃើញដូច្នេះ ដូចព្រឺក្បាល ព្រោះខ្មែរមិនរាងឯណា ហើយគេមិនចាំទេ ថាកាលជុំនាន់ ខ្មែរក្រហម មិនចិនទេឬ? តើខ្មែរស្លាប់ប៉ុន្មានលាន នេះហើយគឹជាផលប្រយោជន័ខ្មែរនោះ សុះអស់លោកសប្បាយទៅ ណា មើលទៅបែបដូចជាមិនខុសមុនទេ គេចាប់ដេញ អង្ការមនុស្សធម៏ចេញ អ្នកការសែត្រ បិទវិទ្យុ បន្តិចទៀត ដេញទូតលោកខាងលិចទៀតដឹង។