Saturday, 30 September 2017
ទូតអាមេរិកបដិសេធថាមិនដែលទទួលបានសំណើសម្អាតគ្រាប់បែកគីមីនៅស្វាយរៀង
ដោយ អាស៊ីសេរី
2017-09-29
មន្ត្រីនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ (CMAC) កំពុងសិក្សា និងកំណត់លក្ខណៈបច្ចេកទេសយកគ្រាប់គីមីប្រភេទ chlorobenzalmalononitrile (CS) នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។ Photo courtesy of CMAC
Photo courtesy of CMAC
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំអកឲ្យអាមេរិកជាសាធារណៈថា មិនដែលអើពើនឹងការស្នើសុំរបស់លោកឲ្យជួយសម្អាត និងប្រមូលយកគ្រាប់គីមីកប់ក្នុងដីនៅខេត្តស្វាយរៀង បើទោះជាលោកត្រូវរង់ចាំរហូតដល់ថ្ងៃស្លាប់ក៏ដោយ។ ការអះអាងនេះ ត្រូវបានស្ថានទូតអាមេរិកបដិសេធថា មិនមែនជាការពិត។
មន្ត្រីនាំពាក្យស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ លោក អារ៉ែន ស្វាត៍ចេស្ស (Arend Zwartjes) ឲ្យអាស៊ីសេរីដឹងតាមសារអេឡិចត្រូនិក នៅថ្ងៃទី២៩ ខែកញ្ញា នេះថា ស្ថានទូតមិនដែលធ្លាប់ទទួលបានសំណើជាផ្លូវការណាមួយ ពីរដ្ឋាភិបាលកម្ពុជាម្ដងណាឡើយ ឲ្យជួយសម្អាត និងដោះគ្រាប់គីមីនៅខេត្តស្វាយរៀងនេះ បើទោះជាមន្ត្រីជំនាញរបស់អាមេរិកធ្លាប់បានជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនដង ចាប់តាំងពីពេលដែលគ្រាប់គីមីនេះត្រូវបានរកឃើញកាលពីដើមឆ្នាំ២០១៧ នេះក៏ដោយ។
លោក អារ៉ែន ស្វាត៍ចេស្ស បញ្ជាក់បន្ថែមថា យើងជឿជាក់ថា រដ្ឋាភិបាលមានសមត្ថភាពអាចដោះស្រាយបញ្ហាដោះគ្រាប់គីមីនេះបាន ដោយសារតែសហរដ្ឋអាមេរិកធ្លាប់បានផ្តល់ការបណ្តុះបណ្តាល និងការគាំទ្រយ៉ាងច្រើននាពេលកន្លងមក។ ភ្នាក់ងារការពារជាតិរដ្ឋអាយដាហូ (Idaho State National Guard) និងកងទ័ពម៉ារីនប្រចាំតំបន់ប៉ាស៊ីហ្វិក (Marine Forces Pacific) ធ្លាប់បានផ្ដល់ការបណ្ដុះបណ្ដាលជាក់លាក់អំពីដំណើរការនៃការដោះគ្រាប់គីមីប្រភេទនេះ ដល់កងយោធពលខេមរភូមិន្ទ កាលពីអំឡុងឆ្នាំ២០១៥ និង២០១៦ ដែលកាលណោះ មានការធ្វើលំហាត់សមនៅខេត្តមណ្ឌលគិរី។
យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ស្ថានទូតសហរដ្ឋអាមេរិក រីករាយនឹងពិចារណាសំណើសុំជំនួយបន្ថែមណាមួយ ប្រសិនបើមានការស្នើឡើងពីរដ្ឋាភិបាលជាផ្លូវការ។ លោកថា សហរដ្ឋអាមេរិកមានមោទនភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការដោយជោគជ័យជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ កាលពីសម័យសង្គ្រាមក្នុងប្រទេសកម្ពុជានេះ។ ក៏ប៉ុន្តែ លោកកត់សម្គាល់ឃើញថា គម្រោងដោះមីនមនុស្សធម៌ចំនួនបីដែលត្រូវគ្រោងនឹងធ្វើនៅក្នុងឆ្នាំ២០១៧នេះ ត្រូវបានលុបចោលទៅវិញដោយសារតែរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកសមយុទ្ធយោធារួមគ្នាជាមួយអាមេរិក។
មន្ត្រីនាំពាក្យស្ថានទូតអាមេរិកដដែលនេះឲ្យដឹងបន្ថែមទៀតថា ស្ថានទូតពុំមានការជំទាស់ឡើយ ប្រសិនបើ ស៊ីម៉ាក់ (CMAC) នឹងត្រូវយកថវិកាមួយចំនួននៃទឹកប្រាក់ចំនួន ២ លានដុល្លារអាមេរិក ដែលសហរដ្ឋអាមេរិកផ្ដល់ឲ្យជារៀងរាល់ឆ្នាំ ដើម្បីប្រើប្រាស់លើការដោះគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះនានា សម្រាប់យកទៅប្រើប្រាស់ក្នុងបេសកកម្មដោះគ្រាប់បែកគីមីនេះ។
ការលើកឡើងរបស់មន្ត្រីនាំពាក្យស្ថានទូតអាមេរិកខាងលើនេះ ផ្ទុយគ្នាស្រលះទៅនឹងការដែលលោក ហ៊ុន សែន អះអាងក្នុងជំនួញវោហារសាស្ត្រប្រឆាំងអាមេរិកជាប្រចាំ របស់លោក កាលពីថ្ងៃទី២៨ ខែកញ្ញា ថា សហរដ្ឋអាមេរិកមិនដែលអើពើនឹងការស្នើសុំរបស់លោក ឲ្យជួយសម្អាត និងប្រមូលយកគ្រាប់បែកគីមីកប់ក្នុងដីទាំងនេះចេញឡើយ៖ «ឥឡូវ គ្រាប់បែកគីមីនេះ វានៅខេត្តស្វាយរៀងរបស់យើង អញ្ចឹងដើម្បីយកវាចេញត្រូវជម្លៀសប្រជាជនប៉ុន្មានពាន់នាក់ ប៉ុន្មានពាន់គ្រួសារនោះ បើទោះបីយ៉ាងម៉េចក៏ដោយ នេះជាបញ្ហារបស់យើង។ ខ្ញុំបាននិយាយថា សុំឲ្យអាមេរិកមកយក ប៉ុន្តែចាំទៅ ដេកទាល់តែថ្ងៃងាប់ទៀត ក៏មិនទាន់អាមេរិក មកយកដែរគ្រាប់[បែក]ហ្នឹងនោះ អញ្ចឹងទេ សុវត្ថិភាពខ្លួនឯង យើងត្រូវដោះស្រាយបញ្ហានេះ តាមរយៈគណៈកម្មការជាតិ អាវុធគីមីរបស់យើង»។
ជុំវិញរឿងរ៉ាវនៃការដោះគ្រាប់គីមី២គ្រាប់បន្សល់ទុកក្នុងឃុំគគីរ នេះដែរ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ ត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់ប្រសាសន៍ថា មន្ត្រីជំនាញរបស់ស៊ីម៉ាក់ និងអាជ្ញាធរអាវុធគីមី នឹងបើកប្រតិបត្តិការដោះគ្រាប់បែកគីមីនេះ នៅដើមសប្ដាហ៍ក្រោយ។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ស្ដាប់តាមការណែនាំរបស់មន្ត្រីអាជ្ញាធរគីមី និងមន្ត្រីស៊ីម៉ាក់។
យ៉ាងណាក៏ដោយ លោក ហេង រតនា មិនបានបញ្ជាក់ថា តើប្រតិបត្តិការនេះ នឹងត្រូវជម្លៀសពលរដ្ឋប៉ុន្មានគ្រួសារនោះឡើយ ដោយលោកគ្រាន់តែបញ្ជាក់ថា តាមគោលការណ៍សុវត្ថិភាព ចាំបាច់ត្រូវជម្លៀសមនុស្សតាមការកំណត់ចម្ងាយសុវត្ថិភាព និងហានិភ័យដែលអាចបង្កដោយគ្រាប់គីមីទាំងនេះ។
កន្លងមក អាជ្ញាធរខ្មែរអះអាងថា យ៉ាងហោចណាស់ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកជិត ៣លានតោន កាលពីអំឡុងទសវត្សរ៍ទី៦០ និង៧០ ក្នុងសម័យសង្គ្រាមវៀតណាម។ ចាប់តាំងពីទសវត្សរ៍ទី៩០ រហូតមកទល់បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ជាង ១៦០លានដុល្លារ ក្នុងកិច្ចប្រឹងប្រែងដើម្បីជួយដោះមីន និងគ្រាប់បែកមិនទាន់ផ្ទុះនៅកម្ពុជានេះ។ ឯកអគ្គរដ្ឋទូតអាមេរិកលោក វីល្លៀម ហៃដ៍ (William Heidt) ធ្លាប់លាតត្រដាងថា ពាក់កណ្ដាលនៃទឹកប្រាក់នេះ ត្រូវបានប្រើសម្រាប់លុបបំបាត់យុទ្ធភណ្ឌដែលទម្លាក់ដោយយន្តហោះអាមេរិក នៅភាគខាងកើតនៃប្រទេសកម្ពុជា។ ក៏ប៉ុន្តែ លោកអះអាងថា ប្រាក់ចំនួនពាក់កណ្ដាលទៀត ត្រូវបានប្រើសម្រាប់ដោះមីនរបស់ចិន សូវៀត និងវៀតណាម នៅភាគខាងលិចប្រទេស ពោលគឺនៅតាមចម្ការមីនដែលមានគ្រោះថ្នាក់ ១០ដង លើសគ្រាប់ដែលទម្លាក់ដោយអាមេរិក។
ក្នុងព័ត៌មានដាច់ដោយឡែកមួយទៀត ស្ថានទូតអាមេរិកក៏បានឲ្យអាស៊ីសេរីដឹងបន្ថែមដែរថា ស្ថានទូតបាន ទទួលរួចហើយកំណត់ទូតរបស់ក្រសួងការបរទេស ជូនដំណឹងជាផ្លូវការអំពីការ ផ្អាកបេសកកម្មស្រាវជ្រាវ និងរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាម។
ការនិយាយថ្លែងពីរឿងគ្រាប់បែកអាមេរិកកាលពីសម័យសង្គ្រាមនេះ ស្ទើរតែក្លាយជាប្រធានបទដែលលោក ហ៊ុន សែន លើកមកនិយាយស្ទើរតែជាប្រចាំទៅហើយ នៅរៀងរាល់ពេលដែលលោកថ្លែងសារជាសាធារណៈក្នុងឆ្នាំ២០១៧នេះ។ ការរកឃើញគ្រាប់បែកគីមីនៅខេត្តស្វាយរៀងនេះ ហាក់គាប់ជួនពេលដែលរដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមយុទ្ធនាការសង្គ្រាមពាក្យសម្ដី និងបង្កើនវោហារសាស្ត្រប្រឆាំងអាមេរិកតាំងពីដើមឆ្នាំ២០១៧នេះមក៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment