Khmer Circle: The art of spin taken to a new height? Before long we'll hear that Sam Rainsy, Kem Sokha et al can still engage in party politics openly once they will have been cleared of criminal charges? You never know; it's the Kingdom of Wonder...
rfi
28/09/2017 28/09/2017
លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន
RFI/Leang Delux
លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៨ កញ្ញា នេះ បានលើកឡើងថា អ្នករាយការណ៍វិទ្យុអាស៊ីសេរីនៅតែអាចបន្ដយកព័ត៌មានរបស់ខ្លួនបានដដែល ប្រសិនបើប័ណ្ណសម្គាល់ខ្លួនជាអ្នកកាសែតរបស់ពួកគេនៅមានសុពលភាព។ ការបញ្ជាក់របស់រដ្ឋមន្ដ្រីព័ត៌មាននៅពេលនេះធ្វើឡើងក្រោយពេលដែលអ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរីបានប្រកាសបិទការិយាល័យរបស់ខ្លួនក្នុងក្រុងភ្នំពេញកាលពីដើមខែនេះ ហើយក្រុមអ្នករាយការណ៍របស់វិទ្យុនេះក៏ត្រូវបានគម្រាមថា អាចប្រឈមមុខនឹងច្បាប់ប្រសិនបើពួកគេបន្ដចុះយកព័ត៌មាន។
ក្នុងពិធីរំឭកខួបនៃការស្លាប់អ្នកកាសែតជាតិ និងអន្តរជាតិ ក្នុងសម័យសង្គ្រាមនៅកម្ពុជា ឆ្នាំ១៩៧០ - ១៩៧៥ នៅខាងមុខស្ថានទូតបារាំង លោករដ្ឋមន្ដ្រីក្រសួងព័ត៌មានបានបញ្ជាក់សារជាថ្មីថា អ្នករាយការណ៍ព័ត៌មានឲ្យវិទ្យុអាស៊ីសេរីទាំងអស់ នៅតែអាចបន្ដចុះយកព័ត៌មានរបស់ខ្លួនបានដូចធម្មតា។ លោកបញ្ជាក់ថា នៅកម្ពុជាសេរីភាពសារព័ត៌មាន ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ដូច្នោះលោកថាអ្នករាយការណ៍វិទ្យុអាស៊ីសេរី ក៏ដូចជាពលរដ្ឋទូទៅដែរ នៅតែអាចចុះយកព័ត៌មានបាន ដរាបណាប័ណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មានរបស់ពួកគេនៅតែមិនទាន់ផុតសុពលភាព។ លោកបន្ដថា ការទាមទារបែបនេះ គឺដើម្បីចៀសវាងការចោទប្រកាន់ពីបទផ្សេងៗ នៅពេលចូលទៅយកព័ត៌មាននៅកន្លែងរសើប។
លោករដ្ឋមន្ដ្រីនៅតែបញ្ជាក់ជាថ្មីទៀតថា ក្រសួងព័ត៌មានមិនបានបិទការិយាល័យរបស់វិទ្យុអាស៊ីសេរីនោះទេ។ លោកបន្ថែមថា លោកនៅតែចង់ឲ្យវិទ្យុដែលមានស្ថានីយ៍នៅទីក្រុងវ៉ាស៊ីនតោនមួយនេះ បើកការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីងាយស្រួលកែតម្រូវនៅពេលមានការផ្សាយព័ត៌មានណាមួយខុសឆ្គង។
គួររម្លឹកថា វិទ្យុអាស៊ីសេរី បានប្រកាសបិទការិយាល័យរបស់ខ្លួននៅភ្នំពេញតាមរយៈសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី១២ខែកញ្ញា។ អាស៊ីសេរី បានចោទរដ្ឋាភិបាលកម្ពុជា ថាបានបង្ក្រាបមកលើសំឡេងសារព័ត៌មានឥតស្រាកស្រាន្តក្នុងរយៈពេលចុងក្រោយនេះ ដោយមិនអនុញ្ញាតឲ្យវិទ្យុអាស៊ីសេរី បន្តបើកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួននៅភ្នំពេញបាន។
ក្រោយការប្រកាសបិទការិយាល័យនៅក្នុងទីក្រុងភ្នំពេញ វិទ្យុអាស៊ីសេរីបានបញ្ចប់កិច្ចសន្យារយៈពេលខ្លីដល់បុគ្គលិកខ្លួនទាំងអស់ ហើយបង្វែរបុគ្គលិកទាំងនោះ ទៅជាអ្នកធ្វើការឯករាជ្យរៀងខ្លួន ឬហៅថា Freelance វិញ។ ប៉ុន្តែសកម្មភាពនេះត្រូវបានអ្នកនាំពាក្យក្រសួងព័ត៌មានចាត់ទុកថា ជាការធ្វើការបែប “ចារកម្ម” នឹងលោកថា ពួកគេអាចប្រឈមមុខនឹងច្បាប់។ លោកបញ្ជាក់ថា ការបញ្ចប់ការិយាល័យរបស់អាស៊ីសេរីក្នុងប្រទេសកម្ពុជា វត្តមានរបស់បុគ្គលិកវិទ្យុនេះក៏លែងមាននៅកម្ពុជាទៀតដែរ។
គួររម្លឹកដែរថាកាលពីចុងខែសីហា ក្រសួងព័ត៌មានបានបិទស្ថានីយ៍មួយចំនួនដែលបានលក់ម៉ោងផ្សាយឲ្យវិទ្យុអាស៊ីសេរី វិទ្យុសម្លេងសហរដ្ឋអាមេរិក និងវិទ្យុសម្លេងប្រជាធិបតេយ្យ។ បើតាមការបញ្ជាក់របស់រដ្ឋមន្ដ្រីក្រសួងព័ត៌មាន រហូតមកដល់ពេលនេះ ក្រសួងបានទទួលលិខិតមួយចំនួនពីម្ចាស់ស្ថានីយ៍វិទ្យុដែលត្រូវបានបិទនោះ ដើម្បីស្នើសុំបើកស្ថានីយ៍វិទ្យុឡើងវិញដែរ ប៉ុន្ដែលោកថាក្រសួងនៅមិនទាន់អនុញ្ញាតឲ្យបើកឡើងវិញតាមសំណើរនោះឡើយ៕
No comments:
Post a Comment