15 កញ្ញា 2017
ក្រោយពីវិទ្យុអាស៊ីសេរីបានប្រកាសបិទសបិទការិយាល័យនៅកម្ពុជា ក្រសួងព័ត៌មានប្រកាសថា អ្នកសារព័ត៌មានរបស់វិទ្យុនេះនឹងត្រូវប្រឈមការចាប់ខ្លួន បើពួកគេបន្តចុះយកព័ត៌មាននិងរាយការណ៍ក្នុងប្រទេសកម្ពុជា។
ភ្នំពេញ —
ក្រសួងព័ត៌មានបានប្រកាសនៅថ្ងៃសុក្រនេះថា អ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំងអស់នឹងត្រូវចាប់ខ្លួន ប្រសិនបើពួកគេនៅបន្តចុះយកព័ត៌មាន និងរាយការណ៍ពីក្នុងប្រទេសកម្ពុជា ក្រោយពីស្ថាប័នវិទ្យុនេះបានប្រកាសផ្អាកប្រតិបត្តិការ និងបិទការិយាល័យរបស់ខ្លួននៅកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយឆ្លើយតបទៅនឹងការ «ការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធការបិទការិយាល័យរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា» លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រកាសច្រានចោលរាល់ការចោទប្រកាន់នានាទៅលើក្រសួងព័ត៌មាន ពីសំណាក់វិទ្យុ ដែលមានការផ្សាយផ្ទាល់ពីរដ្ឋធានីវ៉ាស៊ីនតោននេះ។ អ្នកនាំពាក្យដដែលបន្តថា ក្រសួងព័ត៌មានមិនបានគាបសង្កត់ បិទសិទ្ធិសេរីភាពអ្វីទាំងអស់ចំពោះវិទ្យុអាស៊ីសេរី និងបណ្តាញសារព័ត៌មានក្នុងស្រុកដទៃទៀតនោះទេ។
លោក អ៊ុក គឹមសេង លើកឡើងថា វិទ្យុអាស៊ីសេរីដែលគាំទ្រ និងផ្តល់ជំនួយដោយសហរដ្ឋអាមេរិកមួយនេះ ជាវិទ្យុដែលមានទិសដៅផ្សព្វផ្សាយពីភាពអវិជ្ជមានរបស់ថ្នាក់ដឹកនាំ និងញុះញង់ឲ្យប្រជាពលរដ្ឋបះបោរប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ហើយវិទ្យុអាស៊ីសេរីបានប្រកាសបិទប្រតិបត្តិការរបស់ខ្លួន រួចលួចទៅបង្កើតក្រុមការងារធ្វើការនៅផ្ទះរៀងៗខ្លួន និងទីកន្លែងដាច់ដោយឡែកពីគ្នា ដោយលោកចាត់ទុកថា សកម្មភាពរបស់វិទ្យុអាស៊ីសេរីបែបនេះ គឺជាទង្វើខុសច្បាប់។
លោក អ៊ុក គឹមសេង បញ្ជាក់ថា៖
«គាត់ធ្វើការនៅទីងងឹត គាត់ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ថាតើការងាររបស់គាត់ ច្បាប់អនុញ្ញាតឲ្យធ្វើ ឬអត់? សម្រាប់ខ្ញុំ ថ្ងៃនេះបើមានអាស៊ីសេរីមក សូមស្វាគមន៍ ប៉ុន្តែពីថ្ងៃស្អែក ខ្ញុំអត់ដឹងថា មានអាស៊ីសេរីទៀតទេ។ អីចឹងកុំប្រាប់ថា ឯកឧត្តម ខ្ញុំអាស៊ីសេរី សុំ Confirm (បញ្ជាក់) ខ្ញុំអត់ដឹងទេ ព្រោះអ្នកឯងនាំគ្នាឈប់ធ្វើការនៅកម្ពុជាហើយ»។
អ្នកនាំពាក្យនៃក្រសួងព័ត៌មានរូបនេះបន្ថែមថា មន្រ្តីរដ្ឋាភិបាលទាំងអស់នឹងឈប់ផ្តល់សម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ចាប់ពីថ្ងៃស្អែកតទៅ និងថា បុគ្គលិក ឬអ្នកសារព័ត៌មានរបស់វិទ្យុនេះនឹងត្រូវប្រឈមការចាប់ខ្លួនពីស្ថាប័នមានសមត្ថកិច្ច ប្រសិនបើពួកគេនៅតែបន្តធ្វើការងារ និងរាយការណ៍នៅកម្ពុជា។
លោកអ៊ុក គឹម សេង មានប្រសាសន៍ថា បើនិយាយពីកិច្ចការងារផ្លូវច្បាប់ សមត្ថកិច្ចគឺក្រសួងគ្រប់គ្រងកិច្ចការសន្តិសុខរបស់ប្រទេសជាអ្នកធ្វើការពង្រឹងច្បាប់។
កាលពីថ្ងៃអង្គារ វិទ្យុអាស៊ីសេរីបានចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសផ្អាកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួននៅរាជធានីភ្នំពេញមួយរយៈទាំងបង្ខំ។ ក្នុងសេចក្តីថ្លែងការណ៍នោះ វិទ្យុអាស៊ីសេរីចោទថា រដ្ឋាភិបាលកំពុងធ្វើទុក្ខបុកម្នេញបណ្ដាញសារព័ត៌មានឯករាជ្យ និងគូបដិបក្ខ នៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
ការប្រកាសផ្អាកប្រតិបត្តិការនៅរាជធានីភ្នំពេញរបស់វិទ្យុអាស៊ីសេរីនេះធ្វើឡើង បន្ទាប់ពីក្រសួងព័ត៌មានបញ្ជាឲ្យបិទស្ថានីយវិទ្យុជាង៣០ជាបន្តបន្ទាប់ ដែលបានជួលម៉ោងផ្សាយឲ្យវិទ្យុអាស៊ីសេរី និងវិទ្យុ VOA នៅទូទាំងប្រទេស។
បើទោះបីជាវិទ្យុអាស៊ីសេរីប្រកាសផ្អាកប្រតិបត្តិការ និងបិទការិយាល័យរបស់ខ្លួននៅកម្ពុជាក្តី ប៉ុន្តែគេនៅតែឃើញមានព័ត៌មានរបស់អាស៊ីសេរី ដែលបន្តផ្សាយតាមរយៈប្រព័ន្ធអ៊ីនធឺណេត។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA ថា ក្រសួងមហាផ្ទៃនឹងចេញចំណាត់ការផ្លូវច្បាប់ទៅតាមការណែនាំ ឬសំណូមពររបស់ក្រសួងព័ត៌មាន ព្រមទាំងបានប្រកាសថា នឹងលែងផ្តល់សម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីតទៅទៀត។
លោកបញ្ជាក់ថា៖
«ការចាប់ខ្លួន ទីមួយវាអាចមានពីរដំណាក់កាល។ ការចាប់ខ្លួនបញ្ជូនទៅតុលាការដើម្បីធ្វើការវិនិច្ឆ័យទោស អាហ្នឹងយើងក៏អាចធ្វើបានដែរ នៅពេលណាដែលមានបទល្មើសជាក់ស្តែង។ ប៉ុន្តែចំពោះក្រសួងមហាផ្ទៃថា អ្នកនេះមានទោសប៉ុន្មានខែ អ្នកនោះមានទោសប៉ុន្មានខែ យើងមិនអាច អត់មានសិទ្ធិនិយាយអីចឹងបានទេ។ ប៉ុន្តែដូចបានជម្រាបជូនអីចឹង ក្នុងករណីមានសំណូមពរ យើងនឹងសហការយ៉ាងពេញលេញ»។
VOA បានព្យាយាមសុំការអធិប្បាយពីលោក Rohit Mahajan នាយកទទួលបន្ទុកកិច្ចការសាធារណៈ និងយុទ្ធសាស្រ្តបច្ចេកវិទ្យារបស់វិទ្យុអាស៊ីសេរី តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែល ប៉ុន្តែរហូតមកដល់ល្ងាចថ្ងៃសុក្រនេះ មិនទាន់មានការឆ្លើយតបនៅឡើយ។
អ្នកស្រី Judith Clarke សាស្រ្តាចារ្យផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យ Hong Kong Baptist និងជាអ្នកធ្លាប់ស្រាវជ្រាវពីបញ្ហាសារព័ត៌មាននៅកម្ពុជា បានប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែលថា ការដកប្រតិបត្តិការរបស់អាស៊ីសេរី ធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅកម្ពុជា មិនអាចប្រមូលព័ត៌មានដើម្បីផ្សព្វផ្សាយបានដោយសេរី។ អ្នកស្រីបន្ថែមថា ការផ្សាយព័ត៌មានរបស់អាស៊ីសេរីបានផ្តល់តុល្យភាពទៅនឹងការផ្សាយរបស់ក្រុមសារព័ត៌មានជាច្រើន ដែលតែងផ្សាយគាំទ្ររដ្ឋាភិបាល។
អ្នកស្រីបន្ថែមក្នុងសម្រង់ន័យដើមថា៖
«ការបង្ខំឲ្យវិទ្យុអាស៊ីសេរីបិទទ្វារប្រហែលជាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ហើយវាមិនមែនជាការណ៍ពិតទេ ដែលថា វាមិនមែនជាផ្នែកមួយនៃការបង្រ្កាបដែលកំពុងកើតមានឡើងទៅលើក្រុមប្រឆាំង។ រដ្ឋធម្មនុញ្ញកម្ពុជាធានាសេរីភាពសារព័ត៌មាន ហើយប្រទេសនេះកន្លងមកធ្លាប់បានគោរពសេរីភាពនេះក្នុងកម្រិតមួយ ប៉ុន្តែឥឡូវនេះកំពុងឈានទៅរករបបផ្តាច់ការ»។
វិទ្យុអាស៊ីសេរីជាសារព័ត៌មានទទួលការឧបត្ថម្ភពីសហរដ្ឋអាមេរិក និងផ្សាយចេញពីសហរដ្ឋអាមេរិក ក្នុងគោលការណ៍លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋខ្មែរ។ វិទ្យុនេះភាគច្រើនរាយការណ៍ព័ត៌មានក្នុងស្រុកពាក់ព័ន្ធនឹងសិទ្ធិមនុស្ស នយោបាយ សេដ្ឋកិច្ច បញ្ហាសង្គម បញ្ហាដីធ្លីជាដើម។
លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា ការប្រកាសមិនឲ្យក្រុមអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីបន្តការងារនៅកម្ពុជានេះ ជាការរឹតត្បិតធ្វើឲ្យប៉ះពាល់ដល់អាជីពរបស់អ្នកសារព័ត៌មាន ហើយវា បង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងដើរថយក្រោយ។
លោកមានប្រសាសន៍ថា៖
«ប្រៀបធៀបទៅនឹងកាលមុនគឺសេរីភាពនេះ ដូចជាមានភាពទូលំទូលាយ ដូចជាមិនដែលមានការរឹតត្បិតទេ ឬមិនមានការតាមដានទៅលើការប្រកបរបរវិជ្ជាជីវៈនេះទេ។ ប៉ុន្តែបច្ចុប្បន្ននេះ យើងឃើញថា មានការតាមដានឃ្លាំមើល ហើយរឹតត្បិតក្នុងការធ្វើកិច្ចការអាជីពរបស់ខ្លួនហ្នឹង កាន់តែមានភាពចង្អៀតទៅៗ»។
លោក ស៊ឹង សែនករុណា បន្ថែមថា ការប្រកាសនេះអាចបណ្តាលមកពីរដ្ឋាភិបាលមានការព្រួយបារម្ភកាន់តែខ្លាំងពីភាពលេចធ្លោរបស់វិទ្យុអាស៊ីសេរី ដែលតែងផ្សព្វផ្សាយព័ត៌មានបង្ហាញពីភាពអវិជ្ជមានរបស់រដ្ឋាភិបាល។
សារព័ត៌មាននៅកម្ពុជាត្រូវបានគេមើលឃើញថា ស្ថិតក្នុងការរឹតត្បិតនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយសារការប្រើច្បាប់ពន្ធដារ។ ស្ថាប័ន និងអង្គការជាតិ អន្តរជាតិមួយចំនួន ដែលការពារសេរីភាពព័ត៌មាន និងសិទ្ធិមនុស្សនៅជុំវិញពិភពលោក បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាធ្វើឲ្យស្ថានភាពសេរីភាពព័ត៌មាន និងដំណើរការលទ្ធិប្រជាធិបតេយ្យត្រឡប់ទៅរកស្ថានភាពដូចដើមវិញ ក្រោយពីមានការបង្ក្រាបភ្លាមៗ និងជាបន្តបន្ទាប់ទៅលើស្ថាប័នផ្សាយព័ត៌មានឯករាជ្យមួយចំនួន។
ស្ថាប័ន និងអង្គការជាតិ អន្តរជាតិទាំងនោះរួមមាន អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក គណៈកម្មការដើម្បីការពារអ្នកកាសែត (CPJ) ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការលីកាដូ (LICADHO) និងសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) ជាដើម៕
2 comments:
Puok Yuon's slave are getting crazy. They really need to have Ah Sauth's bamboo poles on their heads.
Ah Prett Sihanouk should not have given the title Samdach to Ah Kbot Cheat Knhom YUon Hun Sen.
This word Samdach has irritated greatly Khmer people. It is time to throw all the stupid title such as Samdach, Ek Oudom, Chum Teav, etc ... to the toilet.
Post a Comment