Wednesday, 27 September 2017
លោកស្រីយីងឡាក់ ត្រូវតុលាការកាត់ទោសកំបាំងមុខ ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ
ដោយ ឈាង បុប្ផា ចុះផ្សាយនៅថ្ងៃ 27/09/2017
rfi
លោកស្រីយីងឡាក់ ត្រូវតុលាការកាត់ទោសកំបាំងមុខ ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ អ្នកគាំទ្រលោកស្រី យីងឡាក់នៅមុខតុលាការកំពូលថៃ នៅថ្ងៃទី ២៥សីហា ២០១៧ ©REUTERS/Athit Perawongmetha
តុលាការកំពូលថៃ នៅប៉ុន្មានម៉ោងមុននេះបានសម្រេចកាត់ទោស កំបាំងមុខ ផ្តន្ទាទោសលោកស្រីយីងឡាក់ ស៊ីណាវ៉ាតឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ពីបទធ្វេសប្រហែល នៅក្នុងនយោបាយឧបត្ថម្ភស្រូវអង្ករ នៅក្នុងពេលលោកស្រី ធ្វើជានាយករដ្ឋមន្រ្តី ថៃ នៅឆ្នាំ ២០១១។ នៅក្នុងពេលតុលាការកំពូលថៃ កំពុងប្រកាសសាលក្រមកំបាំងមុខ គេនៅតែមិនទាន់ដឹងច្បាស់ថា តើលោកស្រី យីងឡាក់ កំពុងស្ថិតនៅកន្លែងណា បន្ទាប់ពីបានបាត់ខ្លួន ដោយអាថ៌កំបាំងពីប្រទេសថៃ កាលពីថ្ងៃទី ២៥សីហាមុន។
នៅក្នុងសាលក្រមអានដោយចៅក្រមរបស់តុលាការកំពូលថៃ នៅល្ងាយថ្ងៃពុធនេះ លោកស្រីយីងឡាក់ត្រូវបានគេរកឃើញថា មានបានប្រព្រឹត្តទោសកំហុស ដោយសារតែលោកស្រីបរាជ័យមិនទប់ស្កាត់ អំពើពុករលួយ ហើយនិងការបាត់បង់ថវិកាជាតិ នៅក្នុងកម្មវិធីឧបត្ថម្ភអង្ករ នៅក្នុងអាណត្តិដឹកនាំរដ្ឋាភិបាលរបស់លោកស្រី នៅឆ្នាំ ២០១១។
តាមចៅក្រម ការធ្វេសប្រហែស និងការមិនបានចាត់វិធានការច្បាស់លាស់ និងប្រសិទ្ធិភាពរបស់លោកស្រីយីងឡាក់ បានធ្វើឲ្យមានការខាតបង់ជាថវិកាយ៉ាងធ្ងន់ធ្ងរ ទាំងក្នុងចំណោម កសិករ កេសរដ្ឋ ក្រសួងហិរញ្ញវត្ថុ។ នៅក្នុងហេតុផលនេះ តុលាការមានតែសម្រេចផ្តន្ទាទោសឲ្យលោកស្រីយីងឡាក់ ជាប់ពន្ធនាគារ រយៈពេល៥ឆ្នាំ ហើយទោសនោះទៀត សោត គឺគេមិនអាចព្យួរបានឡើយ។
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារម្សិលមិញ បានអះអាងថា លោកដឹងពីទីកន្លែងស្ថិតនៅរបស់លោកស្រីយីងឡាក់ ប៉ុន្តែ លោកនឹងអាចបង្ហាញប្រាប់ ពីឈ្មោះទីកន្លែងនោះ នៅក្រោយការប្រកាសសាលក្រមរបស់តុលាការនៅថ្ងៃពុធនេះ តែប៉ុណ្ណោះ។
នៅក្នុងសាលក្រម ចៅក្រមថៃ បានយល់ស្របទៅនឹងការអះអាងរបស់រដ្ឋាភិបាលយោធាថៃ ដែលថា គោលនយោបាយ របស់លោកស្រីយីងឡាក់ ក្នុងទិញអង្ករពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារអន្តរជាតិ បានធ្វើឲ្យរដ្ឋាភិបាលខាតបង់ថវិកាប្រមាណ ១០ពាន់លានដុល្លារ។ នៅក្នុងពេលបង្ហាញខ្លួន នៅក្នុងតុលាការកន្លងមក លោកស្រីយីងឡាក់ ធ្លាប់បាននិយាយការពារខ្លួនថា លោកស្រីមិនបានប្រព្រឹត្តកំហុស និងថា នយោបាយរបស់លោកស្រី មិនមែនដើម្បីបង្កើនប្រាក់ចំណូលដល់កេសរដ្ឋនោះទេ ប៉ុន្តែ មានគោលដៅជួយផ្តល់ប្រាក់ចំណូលដល់ប្រជាកសិករតែប៉ុណ្ណោះ។ ប្រជាកសិករដែលលោកស្រីយីងឡាក់ វាយតម្លៃថា ត្រូវគេបំភ្លេចទុកចោល មិនយកចិត្តទុកដាក់ កន្លងមក។ ប៉ុន្តែ សម្រាប់អ្នករិះគន់វិញ នយោបាយរបស់លោកស្រីយីងឡាក់ គឺជានយោបាយប្រជាភិថុត ធ្វើឡើង ដើម្បីទាក់ទាញសំឡេងឆ្នោត នៅក្នុងចំណោម ប្រជាជនក្រីក្រតែប៉ុណ្ណោះ។
សាលក្រមផ្តន្តាទោសលោកស្រីយីងឡាក់ នឹងអាចបង្កឲ្យមានការខឹងសម្បារ ប៉ុន្តែ គ្មានបាតុកម្មតវ៉ាប្រឆាំង នៅប្រទេសថៃនោះទេ
បើមើលទៅលើចំនួនអ្នកគាំទ្រលោកស្រី ដែលមានវត្តមាន នៅមុខតុលាការកំពូលនៅថ្ងៃ នេះ គេមិនរំពឹងថា សាលក្រមផ្តន្ទាទោស លោកស្រីយីងឡាក់ នឹងបង្កឲ្យមានបាតុកម្មតវ៉ាប្រឆាំងនោះទេ។ នៅថ្ងៃនេះ អ្នកគាំទ្រលោកស្រីយីងឡាក់ មានគ្នីគ្នាតែប្រមាណ ១០០នាក់ ប៉ុណ្ណោះ គឺតិចតួចណាស់ បើប្រៀបធៀបនឹងថ្ងៃទី ២៥ សីហា ថ្ងៃដែលអ្នកគាំទ្រលោកស្រីយីងឡាក់ រាប់ពាន់នាក់ ហ៊ានផ្គើន បម្រាមរបស់ប៉ូលិស ដើម្បី ទៅចាំគាំទ្រ លោកស្រី យីងឡាក់ នៅមុខតុលាការ។
ក្រុមគាំទ្រ ឬគណបក្សភឿថៃ របស់លោកស្រីយីងឡាក់ មិនអាចធ្វើបាតុកម្មប្រឆាំង ណាមួយទេ ព្រោះថា លោកស្រីយីងឡាក់ គ្មានវត្តមាននៅក្នុងប្រទេស នៅរង់ចាំងឲ្យអាជ្ញាធរចាប់ បញ្ជូនខ្លួនទៅពន្ធនាគារ។ អវត្តមានរបស់លោកស្រី យីងឡាក់ នៅក្នុងប្រទេស ធ្វើឲ្យចលនាគាំទ្រលោកស្រី ចុះអន់ខ្សោយ។ ពិតណាស់ថា ក្រុមគាំទ្រលោកស្រីយីងឡាក់ ចាត់ទុកការសម្រេចរបស់តុលាការកំពូលអយុត្តិធម៌ លក្ខណៈនយោបាយ និងអាចបង្កឲ្យមានការខឹងសម្បារ ប៉ុន្តែ វាមិនដល់ថ្នាក់ ជំរុញ លើកទឹកចិត្ត ឲ្យក្រុមអាវក្រហម ក្រុមគាំទ្រត្រកូលស៊ីណាវ៉ាត ចុះថ្នល់ឈូឆរ ធ្វើបាតុកម្មដើម្បីការពារ លោកស្រី យីងឡាក់ ដោយសារតែលោកស្រី លែងមានមុខ នៅក្នុងទឹកដីថៃនេះឯង។
ភាពស្ងប់ស្ងាត់របស់ក្រុមអាវក្រហម នៅក្រោយការប្រកាសសាលក្រម របស់តុលាការកំពូលជាអ្វីៗរដ្ឋាភិបាលយោធាថៃរបស់លោកប្រាយុទ្ធ ចាន់អូចា គ្រោងចង់បាន។ អ្នកវិភាគខ្លះ វាយតម្លៃថា រដ្ឋាភិបាលសឹកថៃ ទំនងបានបិទភ្នែក បណ្តោយឲ្យលោកស្រី យីងឡាក់ រត់គេចចេញពីប្រទេស នៅមុនថ្ងៃប្រកាសសាលក្រម។ ធ្វើដូច្នេះ ព្រោះថារបបសឹកមិនចង់ឲ្យលោកស្រីយីងឡាក់ ក្លាយជាជនរងគ្រោះ ឬជាវីរនារីនៅក្នុងក្រសែភ្នែករបស់អ្នកគាំទ្រ ដែលអាចលើកគ្នាធ្វើមហាបាតុកម្ម បើសិនលោកស្រីយីងឡាក់ ទទួលទោសធ្ងន់នៅតុលាការនោះទេ។
លោកប្រាយុទ្ធ ចាន់អូចានឹងទាមទារឲ្យប៉ូលិសអន្តរជាតិចាប់ខ្លួនលោកស្រីយីងឡាក់
នៅក្នុងពេលនិយាយជាមួយអ្នកកាសែត នៅថ្ងៃម្សិលមិញ លោកប្រាយុទ្ធ ចាន់អូចានិយាយថា លោកស្រី នៅមិនទាន់បានដាក់ពាក្យសុំសិទ្ធិជ្រកកោន នៅឡើយ ហើយលោកមិនដឹងថា លោកស្រី នឹងអាចទទួលបានវានោះទេ។ តាមកាសែតថៃ បាងកក ប៉ុស្ត លោកប្រាយុទ្ធ ចាន់អូចា និយាយថា លោកនឹងសុំជំនួយពីប៉ូលិសInterpoleដើម្បីចាប់ខ្លួនលោកស្រី យីងឡាក់ បើសិនតុលាការផ្តន្ទាទោសឲ្យលោកស្រីជាប់ពន្ធនាគារ នៅថ្ងៃពុធ។ លោកប្រាយុទ្ធ ចាន់អូចាលើកឡើងផងដែរ ពីការសុំធ្វើបត្យាប័ន លោកស្រីយីងឡាក់ មកប្រទេសថៃវិញ។
លោកស្រីយីងឡាក់ កំពុងស្ថិតនៅកន្លែងណា។ គ្មានអ្នកណាដឹងប្រាកដទេ។ កាសែត ជាច្រើននិយាយថា លោកស្រីបានរត់ទៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ា អារ៉ាប់រួម ដើម្បីរស់នៅជាមួយលោកថាក់ស៊ីន ជាបងប្រុស។ ចំណែកប្រភពខ្លះទៀត និយាយថា លោកស្រីអាចនៅប្រទេសអង់គ្លេស ព្រោះលោកថាក់ស៊ីន ក៏មានផ្ទះនៅទីក្រុងឡុងដ៍ដែរ។
ប៉ុន្តែ បើសិនលោកស្រីយីងឡាក់ ស្ថិតនៅទីក្រុងឌូបៃ របស់ប្រទេសអេម៉ារ៉ា អារ៉ាប់រួម ជាមួយបងប្រុស គឺលោកថាក់ស៊ីនមែន រដ្ឋាភិបាលថៃ ពិបាកនឹងទាមទារឲ្យគេធ្វើបត្យាប័ន ចាប់បញ្ជូនលោកស្រីមកវិញណាស់ ព្រោះថា ថៃ និងអេមីរ៉ា អារ៉ាប់រួម គ្មានកិច្ចព្រមព្រៀងធ្វើបត្យាប័ននោះទេ។ តាំងពីយូរណាស់មកហើយ ថៃបានទាមទារឲ្យក្រុងឌូបៃ ចាប់បញ្ជូនលោកថាក់ស៊ីន ប៉ុន្តែមិនបានសម្រេច។ ដើម្បី គេចចេញពីការផ្តន្ទាទោស របស់តុលាការ ដែល បានសម្រេចឲ្យលោកជាប់គុក ២ឆ្នាំ ក្នុងបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ លោកថាក់ស៊ីន បាននិរទេសខ្លួន ទៅរស់នៅយ៉ាងមានសេរីភាព នៅក្រុងឌូបៃ។ លោកអាចធ្វើដំណើរចេញចូលទៅធ្វើជំនួញ នៅអាហ្វ្រិក ឬទៅរុស្ស៊ីជាមួយលិខិតឆ្ងងដែន របស់ប្រទេសនីហ្ការ៉ាហ្គ័រ ឬម៉ុងតេណេហ្គ្រោ។ លោកថាក់ស៊ីននឹងអាចជួយលោកស្រី យីងឡាក់ ជាប្អូនស្រី មានលិខិតឆ្លងដែន ដូចលោក បើសិនរដ្ឋាភិបាលថៃ ប្រកាសលុបចោលសុពលភាពលិខិតឆ្លងដែនថៃ របស់លោកស្រីយីងឡាក់ នៅក្រោយប្រកាសសាលក្រមរបស់តុលាការ។
សាលក្រមរបស់តុលាការនៅថ្ងៃពុធ ដែលបានផ្តន្ទាទោសឲ្យលោកស្រីយីងឡាក់ ជាប់ពន្ធនាគារ ៥ឆ្នាំ បានបិទផ្លូវមិនឲ្យលោកស្រីត្រលប់ចូលប្រទេសនោះទេ។ វាបានបិទបញ្ចប់ជីវិតនយោបាយរបស់ត្រកូលស៊ីណាវ៉ាត ដែលយោធាបានប៉ងមកជាយូរ តាមរយៈការធ្វើរដ្ឋប្រហារយោធា មួយដង ជាពីរដង។ សាលក្រម ផ្តន្ទាទោស លោកស្រីយីងឡាក់ បិទបញ្ចប់ផងដែរ ក្តីសង្ឃឹមដែលចង់ឃើញ ការវិលត្រលប់របស់លទ្ធិប្រជាធិបតេយ្យ នៅប្រទេសថៃ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment