Saturday, 30 September 2017
អ្នកស្វាយរៀងបារម្ភរឿងអាជ្ញាធរបង្ខំឲ្យស្បថថាបោះឆ្នោះឲ្យបក្សប្រជាជនបើទទួលអំណោយ
ដោយ អាស៊ីសេរី
2017-09-30
ពលរដ្ឋឈរតម្រង់ជួរចូលទៅបោះឆ្នោតនៅការិយាល័យសាលាបឋមសិក្សាបាវិតកណ្ដាល ក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ឆ្នាំ២០១៧។
RFA/Tha Kitya
ពលរដ្ឋមួយចំនួនរស់នៅឃុំអង្គតាសួ ស្រុកស្វាយជ្រុំ ខែត្រស្វាយរៀង ភ័យព្រួយរឿងអាជ្ញាធរមូលដ្ឋាន ដើរសួរនាំពលរដ្ឋថា បោះឆ្នោតឲ្យគណបក្សណា នឹងបង្ខំឲ្យពលរដ្ឋស្បថថា នឹងត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ប្រសិនបានទទួលអំណោយពីបក្សកាន់អំណាច។
ពលរដ្ឋរស់នៅឃុំអង្គតាសូ ស្រុកស្វាយជ្រុំ ខែត្រស្វាយរៀង ឲ្យដឹងនៅថ្ងៃទី៣០ កញ្ញា ថា អាជ្ញាធរភូមិបានដើរស្រង់ឈ្មោះ និងសួរនាំពលរដ្ឋថា បោះឆ្នោតឲ្យគណបក្សណា កាលពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ និងគ្រោងបោះឆ្នោតឲ្យគណបក្សណា នៅពេលបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ។ លើសពីនេះ អាជ្ញាធរបានបង្ខំពលរដ្ឋមួយចំនួនដែលធ្លាប់ទទួលអំណោយពីបក្សកាន់អំណាច ត្រូវតែស្បថថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ពលរដ្ឋរស់នៅភូមិបឹងក្រាល ឃុំអង្គតាសួ ថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ឲ្យដឹងថា អនុភូមិបឹងក្រាល លោក អុយ ស៊ីថា និងអាជ្ញាធរភូមិមួយចំនួនទៀត បានដើរស្រង់ឈ្មោះពលរដ្ឋ និងសួរនាំពលរដ្ឋថា បោះឆ្នោតឲ្យគណបក្សណាកាលពីពេលថ្មីៗនេះ។ បញ្ហានេះអ្នកភូមិមានមន្ទិល និងបារម្ភពីសុវត្ថិភាព និងរឿងផ្ទាល់ខ្លួន ប្រសិនបើពួកគាត់ឆ្លើយមិនត្រូវគណបក្សណាមួយដែលគេចង់បាន។ លោកថា អ្នកភូមិខ្លះព្រមស្បថទាំងបង្ខំចិត្ត ព្រោះបារម្ភពីសន្តិសុខផ្ទាល់ខ្លួន ម្យ៉ាងពួកគាត់ធ្លាប់ទទួលអំណោយពីបក្សប្រជាជនផង៖ «យើងយកអំណោយរបស់គេ ហើយបោះឆ្នោតឲ្យអ្នកផ្សេងអ៊ីចឹងទៅ វាបាត់សន្លឹកឆ្នោតច្រើនអ៊ីចឹងទៅ គេឲ្យពលរដ្ឋស្បថ។ គេមកតាមដានពីចំនួនពលរដ្ឋហ្នឹង»។
បុរសដដែលសង្ស័យថា មូលហេតុដែលអាជ្ញាធរចុះស្រង់ស្ថិតិនេះ ព្រោះកន្លងទៅគណបក្សប្រជាជនធ្លាប់ចែកអំណោយជូនពលរដ្ឋនៅតំបន់នោះ ដែលរំពឹងថា ពលរដ្ឋនឹងបោះឆ្នោតឲ្យគណបក្សរបស់ខ្លួន តែផ្ទុយទៅវិញ ពលរដ្ឋភាគច្រើនដែលបានទទួលអំណោយមិនដឹងថា អំណោយរបស់បក្សប្រជាជនកម្ពុជា ក្នុងគោលបំណងអ្វីនោះទេ ហើយពួកគាត់ស្មានថា អំណោយនោះជាសប្បុរសធម៌៖ «ពលរដ្ឋមួយចំនួនគាត់ភ័យដែរថា ប្រហែល ប៉ុល ពត ទី២ចូលទៀតហើយ។ ឥឡូវគាត់ភ័យពលរដ្ឋគាត់ថា មកសួរនាំ និងមកគាប់សង្កត់គាត់យ៉ាងហ្នឹង ពុំមែនលទ្ធិប្រជាធិបតេយ្យទេ»។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទង អនុភូមិបឹងក្រាល លោក អុយ ស៊ីថា ដើម្បីសុំការបំភ្លឺរឿងនេះបានទេនៅថ្ងៃទី៣០ កញ្ញា។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ លោក ម៉ៅ វិបុល ឲ្យដឹងថា មន្ត្រីបក្សសង្គ្រោះជាតិបានទទួលពាក្យបណ្ដឹងរឿងនេះហើយ នឹងគ្រោងដាក់ពាក្យបណ្ដឹងរឿងនេះទៅគ.ជ.ប នៅពេលឆាប់ៗនេះប្រសិនបើបក្សសង្គ្រោះជាតិរកឃើញថា ពលរដ្ឋត្រូវគេរំលោភសិទ្ធិរក្សាការសំងាត់។ លោកចាត់ទុកបញ្ហានេះ ជាទម្រង់គំរាមកំហែងសិទ្ធិពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ ដែលនាំឲ្យការអនុវត្តលទ្ធិប្រជាធិបតេយ្យរឹតតែអាក្រក់ទៅៗ។ លោកបារម្ភថា ទង្វើនេះពលរដ្ឋរងគ្រោះនឹងប្រឈមបញ្ហាផ្សេងៗ នៅគ្រាដែលគាត់ឆ្លើយមិនត្រូវគណបក្សណាមួយដែលគេចង់បាន៖ «ដោះស្រាយបញ្ហានេះ បោះឆ្នោតឲ្យមានយុត្តិធម៌ទាំងអស់គ្នា ធ្វើអីកុំឲ្យដើរបំភិតបំភ័យ គំរាមកំហែងពលរដ្ឋ មិនមែនជាការល្អទេ សង្គមប្រជាធិបតេយ្យចង់បានយុត្តិធម៌ទាំងអស់គ្នា បោះឆ្នោតឲ្យស្មើភាពគ្នាអ្នកចាញ់ដឹងចាញ់ អ្នកឈ្នះដឹងឈ្នះ មិនមែនដើរគំរាមកំហែងពលរដ្ឋពីពេលនេះទៅ»។
មន្ត្រីអង្កេតជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់ថា ប្រសិនបើអាជ្ញាធរសួរនាំពលរដ្ឋបោះឆ្នោតឲ្យបក្សណា និងបង្ខំឲ្យពលរដ្ឋស្បថ គឺជាទង្វើគំរាមកំហែងស្មារតីពលរដ្ឋ និងសិទ្ធិរក្សាការសម្ងាត់ បង្កការភ័យខ្លាចដល់ពលរដ្ឋផ្ទុយពីក្របខណ្ឌច្បាប់។ លោកស្នើឲ្យអាជ្ញាធរមូលដ្ឋានគួរតែបញ្ឈប់សកម្មភាពទាំងនេះ ព្រោះទង្វើនេះគឺជាករណីបំបាក់ស្មារតីពលរដ្ឋ និងជាទង្វើខុសឆ្គងធ្ងន់ធ្ងរ។ លោកពន្យល់ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិ ចូលរួមបោះឆ្នោត និងជ្រើសរើសតំណាង ដែលខ្លួនពេញចិត្ត មិនបង្ខិតបង្ខំបានទេ៖ «វាចូលករណីគំរាមកំហែងផ្នែកស្មារតី ពលរដ្ឋគ្រប់រូបក្នុងច្បាប់មានចែងសិទ្ធិសេរីភាពជ្រើសរើសតំណាង និងជ្រើសរើសនូវ អ្នកដែលខ្លួនពេញចិត្ត និងស្រឡាញ់អ៊ីចឹងមិនអាច អ្នកណាមួយបង្ខំថា អ្នកឯងត្រូវបោះឆ្នោតអ្នកនេះ និងអ្នកនោះអត់បានទេ ព្រោះនេះវាខុសហើយ»។
រដ្ឋធម្មនុញ្ញមាត្រា៣៤ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត។ ចំណែកមាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment