Monday, 25 September 2017

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ គាំទ្រ​ការ​ចាប់​ខ្លួន​លោក កឹម សុខា


Khmer Circle: With friends like these... His late father would have adopted the same position too.


ដោយ អាស៊ីសេរី
2017-09-25

ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ មាន​បន្ទូល​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន និង​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ មាន​បន្ទូល​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន និង​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១៦។
RFA/Brach Chev



ទន្ទឹម​នឹង​ប្រទេស​ចិន​កុម្មុយនិស្ត​ប្រកាស​គាំទ្រ​ការ​ចាប់​លោក កឹម សុខា នៅ​ពេល​នេះ​អ្នក​នយោបាយ​ខ្មែរ​ចាស់​វស្សា​មួយ​អង្គ ក៏​ប្រកាស​គាំទ្រ​ការ​ចាប់ខ្លួន លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែរ។ អ្នកវិភាគ​នយោបាយ​យល់​ថា ការ​ប្រកាស​បែប​នេះ​របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​ចំណេញ​អ្វី​ដល់​គណបក្ស​នោះ​ទេ ហើយ​នេះ​គ្រាន់​តែ​ជា​ការ​បង្ហាញ​ជំហរ​របស់​គណបក្ស នេះ​ថា​ជា​គណបក្ស​ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ។



ខណៈ​សំណុំ​រឿង​នៃ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច បាន​ប្រកាស​ជំហរ​របស់​ខ្លួន​គាំទ្រ​ទៅ​នឹង​ចំណាត់​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​ចាប់​ខ្លួន​លោក កឹម សុខា នៅ​កណ្ដាល​យប់​ទាំង​មាន​អភ័យ​ឯកសិទ្ធិ​និង​គ្មាន​ដីកា​ពី​តុលាការ​ទៀត​ផង។

ពី​សត្រូវ​នឹង​លោក ហ៊ុន សែន ប្រែ​ក្លាយ​ជា​សម្ព័ន្ធមិត្ត សម្ដេច​ក្រុមព្រះ​យក​វេទិកា​នៃសមាជ​របស់​ខ្លួន នា​ព្រឹក​ថ្ងៃសៅរ៍ ទី២៣ ខែ​កញ្ញា វាយ​ប្រហារ​លោក កឹម សុខា ថា បើ​លោក កឹម សុខា ជា​អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ​មិន​ត្រូវ​ពឹង​បរទេស​ឲ្យ​ជួយ​នោះ​ទេ។ ព្រះអង្គ​ថែម​ទាំង​មាន​បន្ទូល ថា ព្រះអង្គ​បាន​សរសេរ​សំបុត្រ​​ទៅ​លោក ហ៊ុន សែន គាំទ្រ​ចំពោះ​នៅ​មាន​ការ​ចាប់​លោក កឹម សុខា ​​កាលពី​ថ្ងៃទី​៣ កញ្ញា កន្លងមក៖ «យើង​ជា​អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ​មិន​ត្រូវ​ទៅ​ពឹង​បរទេស​ឲ្យ​មក​ជួយ​ទេ គាត់​និយាយ​គេ​ចាប់ យី!! កឹម សុខា គាត់​ហ៊ាន​និយាយ​ថា គាត់​ពឹង​បរទេស​ឲ្យ​មក​ជួយ​គាត់»។

ជា​ប្រធាន​គណបក្ស​ធ្លាប់​ឈ្នះ​ឆ្នោត​កាល​ពីឆ្នាំ១៩៩៣ រហូត​គ្មាន​កៅអី នៅ​ក្នុង​រដ្ឋសភា ក្នុង​ពេល​​នេះ សម្ដេច​ក្រុមព្រះ​ប្រកាស​ទៀត​ថា កុំ​ថា​ឡើយ​រឿង​ចាប់​ខ្លួន​លោក កឹម សុខា បើ​លោក ហ៊ុន សែន ចង់​ធ្វើ​អី​ព្រះអង្គ​គាំទ្រ​ទាំងអស់។ ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់​អាមេរិក​មក​លើ​រដ្ឋាភិបាល លោក ហ៊ុន សែន ករណី​ចាប់​ខ្លួន​លោក កឹម សុខា សម្តេច​ក្រុម​ព្រះ​មាន​បន្ទូល​ទាម​ទារ​ឲ្យសហរដ្ឋ​អាមេរិក​គោរព​សន្តិភាព​សិទ្ធិ​សេរី​របស់​កម្ពុជា​ផង៖ «ខ្ញុំ​ព្រះ​ប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​ធ្វើ​អី​ខ្ញុំ​គាំទ្រ​លោក​ទាំងអស់ សុំ​ឲ្យ​សម្ដេច​ប្អូន​ជឿ​ចុះ»។

យ៉ាងណា​ក៏​ដោយ​ចុះ ខុស​ពី​គ្នា​ពី​សម្ដេច​ក្រុមព្រះ និង​ប្រទេស​ចិន​កុម្មុយនិស្ត​ សហគមន៍​អន្តរ ជាតិ​ពី​ប្រទេស​លោក​សេរី និង​ជា​ប្រទេស​ទីផ្សារ​ធំៗ​ ក្នុង​ការ​ទទួល​ទិញ​សំលៀកបំពាក់ និង​ផលិតផល​ផ្សេង​ទៀត​របស់​កម្ពុជា​នោះ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​​ជុំវិញ​​​ការ​ចាប់​ខ្លួន​លោក កឹម សុខា ការ​ធ្វើ​ទុក្ខបុក​ម្នេញ​​សារព័ត៌មាន​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​កាល​​ពី​ពេល​ថ្មីៗ​នេះ។

ប៉ុន្តែ លោក ហ៊ុន សែន ហាក់​ធ្វើ​មិន​ខ្វល់ខ្វាយ​នឹង​ក្រុម​ប្រទេស​ទាំង​នោះ ខណៈ​ប្រទេស​ចិន​ប្រកាស​ថា ខ្លួន​នៅ​ពីក្រោយ​រដ្ឋាភិបាល​ជានិច្ច​នោះ។ លោក​នាយករដ្ឋមន្ត្រី  ក៏​បាន​ប្រកាស វិញ​ថា ចិន​គឺ​ជា​ខ្នង​បង្អែក​ដ៏​រឹង​មាំ​របស់​កម្ពុជាគ្រប់​កាលៈទេសៈ។

ទាក់ទង​ការ​ប្រកាស​ជំហរ​របស់​សម្ដេច​ក្រុមព្រះ ករណី​ចាប់​ខ្លួន​លោក កឹម សុខា នេះ​ដែរ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត មាស នី យល់​ថា​បន្ទូល​របស់ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បែប​នេះ ជា​ការ​បង្ហាញ​ឃើញ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​ព្រះអង្គ​មាន​ទំនោរ​ទៅ​គណបក្ស​កាន់​អំណាច។ លោក​បន្ត​ថា ការ​បង្ហាញ​ជំហរ​របស់​សម្ដេច​ក្រុម​ព្រះ​នៅ​ពេល​នេះ មិន​បាន​ចេញ ឬ​ទទួល​បាន​ប្រជាប្រិយភាព​ពី​ម្ចាស់​ឆ្នោត​នោះ​ទេ៖ «សម្ដេច​ក្រុមព្រះ និង​គណបក្ស​របស់​សម្ដេច​ក្រុមព្រះ​គ្មាន​ទទួល​បាន​ប្រជាប្រិយភាព​ពី​រឿង​អី​ដែល​កើត​ឡើង​ក្នុង​ករណី​លោក កឹម សុខា ទេ គឺ​គ្រាន់​តែ​ជះឥទ្ធិពល​មិន​ល្អ​ដល់​ថ្នាក់​ជាតិ និង​អន្តរជាតិ»។

ក្រោយ​ពី​មាន​ភាព​ល្អក់​កករ​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ កាលពី​ចុង​ឆ្នាំ២០១៥​កន្លង​ទៅ ចាប់​ពី​សកម្មជន រហូត​ដល់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​​ត្រូវ​រដ្ឋាភិបាល​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់។ នៅ​ចុង​ក្រោយ​នេះ​ប្រធាន​គណបក្ស​នេះ លោក កឹម សុខា ត្រូវ​ក្រុម​សមត្ថកិច្ច​ចូល​ចាប់​ខ្លួន​ដល់​ក្នុង​ផ្ទះ​កាល​ពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ កញ្ញា ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​ថ្កោលទោស​ថា ជា​អំពើ​ខុស​ច្បាប់៕

No comments: