Friday, 15 September 2017
ពលរដ្ឋខ្មែរនៅអាមេរិករាប់រយនាក់នឹងលើកគ្នាតវ៉ាជំរុញឱ្យអាមេរិកដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា
ដោយ តាំង សារ៉ាដា
2017-09-14
ពលរដ្ឋខ្មែរ-អាមេរិកាំង ធ្វើបាតុកម្មនៅមុខរដ្ឋសភាសហរដ្ឋអាមេរិក ទាមទារឲ្យរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងការទូតទៅលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០១៦។ RFA/Yun Samean
ការរំលោភសិទ្ធិមនុស្ស ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ការឃុំខ្លួនសកម្មជននយោបាយ និងការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង ព្រមទាំងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា បាននាំឲ្យពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ពុះកញ្ជ្រោលនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ដើម្បីជំរុញឲ្យមេដឹកនាំប្រទេសមហាអំណាចមួយនេះ ដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា ឲ្យស្ដារស្ថានភាពនយោបាយឲ្យប្រសើរឡើងវិញនៅមុនការបោះឆ្នោតឆ្នាំ២០១៨។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា អះអាងថា បាតុកម្មនៅអាមេរិក នឹងគ្មានឥទ្ធិពលអ្វីដល់កម្ពុជា នោះឡើយ។
ពលរដ្ឋនៅឯនាយសមុទ្ររាប់រយនាក់នៅតាមបណ្ដារដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ (ម៉ោងនៅអាមេរិក) នឹងនាំគ្នាធ្វើបាតុកម្មខាងមុខក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីជំរុញឲ្យរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) គាបសង្កត់ដល់រដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយជាច្រើនរូបទៀត។
អ្នកដែលគ្រោងនឹងទៅចូលរួមបាតុកម្មខ្លះអះអាងថា ពួកគេនឹងទាមទារឲ្យរដ្ឋាភិបាលអាមេរិក ធ្វើតាមគ្រប់លទ្ធភាពដែលអាចធ្វើទៅបានដើម្បីឲ្យស្ថានការណ៍វិលមករកភាពដើមវិញ ហើយអាចឲ្យពលរដ្ឋចូលរួមការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឆ្នាំ២០១៨ ខាងមុខ។
ពីទីក្រុងលិចស៊ីងតុន (Lexington) រដ្ឋណ័ស្ស ឃែរ៉ូឡាញណា (North Carolina) លោក ឈុំ សេរី សុខុម (Chhum Sereysokhom) បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា លោកនឹងពលរដ្ឋខ្មែរក្នុងរដ្ឋដែលលោកកំពុងរស់បានត្រៀមខ្លួនរួចជាស្រេចក្នុងការដំណើររយៈពេល ៧ម៉ោងទៅចូលរួមមហាបាតុកម្មក្នុងរដ្ឋធានីវ៉ាស៊ីនតុន (Washington) ដើម្បីជំរុញឲ្យសហរដ្ឋអាមេរិក យកចិត្តទុកដាក់ដោះស្រាយអំពីវិបត្តិនៅកម្ពុជា៖ «ខ្ញុំចង់ឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ដោះលែងលោក កឹម សុខា និងអនុញ្ញាតឲ្យលោក សម រង្ស៊ី អាចវិលត្រឡប់ទៅស្រុកវិញ ដើម្បីចូលរួមការបោះឆ្នោតនៅពេលខាងមុខ។ ខ្ញុំមានជំនឿ ១០០% ថាបើខ្មែរយើងក្រោកឈរឡើងនោះ យើងនឹងឈ្នះជាមិនខាន ខណៈរដ្ឋាភិបាលកម្ពុជា រងនូវសម្ពាធអន្តរជាតិជាច្រើន»។
តាមគម្រោងយ៉ាងហោចណាស់នឹងមានពលរដ្ឋខ្មែរប្រមាណជាង ៥០០នាក់មកពីតាមបណ្ដារដ្ឋជាច្រើននឹងមកចូលរួមធ្វើបាតុកម្មក្នុងរដ្ឋធានីវ៉ាស៊ីនតុន នៅថ្ងៃសុក្រនេះ ដើម្បីជំរុញឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ កែប្រែស្ថានការណ៍នយោបាយឲ្យមករកភាពប្រក្រតីវិញ។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន កាលពីដើមខែកញ្ញា បានចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដោយចោទប្រកាន់ពីបទក្បត់ជាតិ ហើយប្រសិនបើតុលាការរកឃើញដូចការចោទប្រកាន់នេះមែន នោះលោក កឹម សុខា អាចជាប់ពន្ធនាគាររហូតដល់ទៅ ៣០ឆ្នាំឯណោះ។
លោក ឈុំ សេរីសុខុម អំពាវឲ្យពលរដ្ឋខ្មែរនៅតាមបណ្ដារដ្ឋនានា ក្នុងសហរដ្ឋអាមេរិក លះបង់ពេលវេលាមួយថ្ងៃដើម្បីចូលរួមជួយសង្គ្រោះប្រទេសកម្ពុជា ដែលកំពុងលិចលង់ដោយសារការដឹកនាំនៃរបបកណ្ដាប់ដៃដែករបស់លោក ហ៊ុន សែន៖ «ខ្ញុំគ្មានអ្វីទេ គឺមានតែម្រាមដៃដប់លើកទទូចអោយបងប្អូនខ្មែរយើងលះបង់ពេលវេលាមួយថ្ងៃចូលរួមមហាបាតុកម្មទាំងអស់គ្នា»។
ចំណែកលោក កន អ៊ុំ ដែលជាពលរដ្ឋខ្មែរក្នុងទីក្រុងយូស្តុន (Houston) នៃរដ្ឋតិចសាស (Texas) ឯណោះវិញមានប្រសាសន៍ថា ទោះជារដ្ឋដែលលោករស់នៅកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារព្យុះសង្ឃរាកាលពីពេលថ្មីៗដែលនាំឲ្យអាក់ខានដល់គម្រោងធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរក្នុងរដ្ឋនេះក៏ដោយ ក៏លោកមិនបោះបង់ការទាមទារនេះដែរ។
លោក កន អ៊ុំ មានប្រសាសន៍ថា លោកនឹងរួមដំណើរជាមួយមិត្តភ័ក្ដិរបស់លោកមួយចំនួនពីរដ្ឋតិចសាស ដើម្បីទៅចូលរួមមហាបាតុកម្មក្នុងរដ្ឋធានីវ៉ាស៊ីនតុន៖ «អ្វីដែលយើងរំពឹងខ្លាំងហ្នឹងគឺអាមេរិកាំង និងអឺរ៉ុប ហើយអ្នកណាដែលស្រឡាញ់សន្តិភាព ស្រឡាញ់មនុស្សធម៌ ស្រឡាញ់យុត្តិធម៌ក្នុងពិភពលោកហ្នឹង នឹងជួយខ្មែរដើម្បីរំដោះលោក កឹម សុខា ចេញពីការឃុំឃាំងដោយគ្មានលក្ខខណ្ឌ»។
លោក កន អ៊ុំ អំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ប្រកាន់ជំហររឹងមាំ កុំតក់ស្លុត កុំបាក់ទឹកចិត្ត និងកុំចាញ់សម្លុតរបស់មេដឹកនាំខ្មែរ។ ជាងនេះទៅទៀតលោកលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា ទាំងអស់នាំគ្នាទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា សម្រាប់ការបោះឆ្នោតជាតិ២០១៨ ខាងមុខ៖ «ខ្ញុំចង់ផ្ដែផ្ដាំដល់បងប្អូនខ្មែរទាំងអស់គ្នា ទីមួយកុំអោយស្លុត កុំអោយចាញ់សម្លុតរបស់គេ ទីពីរនាំគ្នាទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នានៅឆ្នាំ២០១៨ ដើម្បីធ្វើការផ្លាស់ប្ដូរជាវិជ្ជមានអោយបាន ទីបីទាមទារឲ្យមានការអនុវត្តសិទ្ធិសេរីភាពអោយបាននៅស្រុកខ្មែរ»។
ទោះបីជាពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិកលើកគ្នារាប់រយនាក់មកតវ៉ា ខាងមុខក្រសួងការបរទេសសហរដ្ឋអាមេរិក យ៉ាងណាក៏ដោយ ក៏អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ការតវ៉ានេះគ្មានឥទ្ធិពលអ្វីដល់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះលែងលោក កឹម សុខា នោះឡើយ។ លោកបន្តថា កម្ពុជាមិនអាចឲ្យបរទេសណាមួយរំលោភលើដែនអធិបតេយ្យនៃរដ្ឋាភិបាលស្របច្បាប់របស់ខ្លួនបានឡើយ៖ «បាតុកម្មជាទម្រង់មួយនៃការសម្ដែងមតិចំពោះអ្វីដែលខ្លួនមិនពេញចិត្ត ដូច្នេះការធ្វើបាតុកម្មជាសិទ្ធិសេរីភាពរបស់បងប្អូនទេ។ តែត្រង់ថា អោយមានឥទ្ធិពលអ្វីសម្រាប់រាជរដ្ឋាភិបាលក្នុងការដោះលែងលោក កឹម សុខា គឺមិនអាចទេ។ មិនអាចយកបាតុកម្ម ឬកុប្បកម្មមកដាក់សម្ពាធលើរាជរដ្ឋាភិបាលដែលកំពុងអនុវត្តនីតិវិធីច្បាប់នោះឡើយ»។
បើទោះបីជាមន្ត្រីរដ្ឋាភិបាលកម្ពុជាតែងយកបញ្ហាអធិបតេយ្យភាពមកបិទបាំងវិបត្តិសិទ្ធមនុស្សដែលកំពុងញាំញីទាញទម្លាក់ស្ថានភាពនយោបាយរបស់ប្រទេសឲ្យដើរថយក្រោយក៏ដោយ ក៏សហគមន៍អន្តរជាតិបានព្រមានថា កម្ពុជាកំពុងដើរផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស។
កាលពីដើមសប្ដាហ៍នេះតំណាងរាស្ត្ររបស់ប្រទេសអូស្ត្រាលី ពីខាងគណបក្សពលករ លោក ម៉ាក បាត់លើរ៍ (Mark Butler) បានចាត់ទុកការចាប់ខ្លួនមេដឹកនាំបក្សសង្គ្រោះជាតិ ដូចជាពពកខ្មៅងងឹតមួយសម្រាប់អនាគតប្រជាធិបតេយ្យនៅកម្ពុជា។ លោកបន្តថា ប្រសិនបើស្ថានការណ៍នេះមិនព្រមវិលទៅរកភាពដើមវិញទេ នោះការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្នុងឆ្នាំ២០១៨ នឹងបាត់បង់តែម្ដង។
ចំណែកមន្ត្រីជាន់ខ្ពស់នៃឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិ កាលពីថ្ងៃទី១៤ ខែកញ្ញា បានរិះគន់ជាសាធារណៈថា ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ពីបទក្បត់ជាតិ និងការបិទស្ថាប័នសារព័ត៌មានឯករាជ្យធ្វើឡើងតាមតែអំពើចិត្ត និងគ្មាននីតិវិធីច្បាប់ត្រឹមត្រូវ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីដើមខែកញ្ញា បានសម្ដែងការព្រួយបារម្ភជាខ្លាំងចំពោះការចាប់ខ្លួនលោក កឹម សុខា ដែលសហរដ្ឋអាមេរិក ចាត់ទុកថា ការចាប់ខ្លួននេះធ្វើឡើងក្នុងហេតុផលនយោបាយ ហើយថា កម្ពុជាកំពុងធ្វើឲ្យការវិវឌ្ឍន៍នៃស្ថានការណ៍នយោបាយរបស់ខ្លួនដែលមានជាច្រើនទសវត្សមកនេះ បំផ្លាញដល់ដំណើរការបោះឆ្នោតសម្រាប់ឆ្នាំ២០១៨ ខាងមុខ។
ការរំលោភសិទ្ធិមនុស្ស ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ការឃុំខ្លួនសកម្មជននយោបាយ និងការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង និងការធ្វើទុក្ខបុកម្នេញបណ្ដាញសារព័ត៌មាននៅកម្ពុជា ទាំងនេះ បាននាំឲ្យពលរដ្ឋខ្មែរនៅឯនាយសមុទ្រមិនសុខចិត្តចំពោះការរំលោភបំពានទាំងនេះ។
ពីរដ្ឋកាលីហ្វ័រញ៉ា ឯណោះវិញ អ្នកស្រី ម៉ា រ៉ានី មានប្រសាសន៍ថា ពលរដ្ឋខ្មែរនៅទីនោះនឹងនាំគ្នាធ្វើបាតុកម្មនៅថ្ងៃសៅរ៍ ខាងមុខនេះ ដើម្បីជំរុញឲ្យរដ្ឋាភិបាលអាមេរិក ប្រើប្រាស់ពេលវេលារបស់ខ្លួន និងយន្តការចាំបាច់របស់ខ្លួនដើម្បីចាត់វិធានការទៅលើរដ្ឋាភិបាលកម្ពុជា ក្រោយពីរដ្ឋាភិបាលដែលមានប្រទេសចិន ជាខ្នងបង្អែកមួយនេះ ចោទសហរដ្ឋអាមេរិកថា ជាអ្នកនៅពីក្រោយគម្រោងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា៖ «នៅពេលដែលពួកខ្ញុំធ្វើបាតុកម្មនេះ គឺពួកខ្ញុំធ្វើញត្តិ ធ្វើអីទាំងអស់ ហើយខ្ញុំនឹងឡើងទៅជួបអភិបាលរដ្ឋ និងតំណាងរាស្ត្រលោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ដើម្បីឲ្យរដ្ឋាភិបាលអាមេរិកជួយយើង ពីព្រោះថា លោក ហ៊ុន សែន អាមេរិក ជាបាតដៃទីបីនៅពីក្រោយខ្នងលោក កឹម សុខា។ អ៊ីចឹងបើអាមេរិក ជាបាតដៃទីបីមែន ដល់ពេលដែលអាមេរិកាំង ជួយខ្មែរហើយ»។
អ្នកបន្តថា ដល់ពេលដែលពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសនាំគ្នាក្លាហានក្រោកឈរដោយខ្លួនឯងតតាំងជាមួយរដ្ឋាភិបាលរំលោភសិទ្ធិមនុស្សនៅកម្ពុជា បច្ចុប្បន្ន ដោយមិនត្រូវរង់ចាំតែការដឹកនាំរបស់លោក កឹម សុខា ឬលោក សម រង្ស៊ី នោះទេ៕
Subscribe to:
Post Comments (Atom)
2 comments:
សុំគាំទ្រទាំងស្រុង បើអាមេរិក នឹង អ៉ឺរ៉ុប មិនជួយទេ ខ្មែរច្បាស់ទៅជាស្មែរហើយ គឺ ចិន នឺង យួន ច្បាស់ជាលេងក្បាច់ខ្មែរក្រហមទៀតហើយ ម្តងនេះគឺគេស៊ីដាច់តែម្តង រីឯពួកអាដែកចោរ វាស៊ីឆ្អែត ដល់ត្រើយ វាសើយគូថ ដាក់អាមេរិក នឹង អឺរ៉ុប ដូចឃើញស្រាប់ ។ រីឯ ចិនវិញ គេកំពុង បង្ហាញ ឥទ្ធិពល គេយ៉ាងសម្បើម នៅអាស៊ី ។ បើពិភពលោកឃាងលិចមិនជួយទេ សុំយ៉ាងណាៗកុំឲ្យខ្មែរជួប ដូចខ្មែរក្រហមទៀតអី សុំកុំភ្លេចថា ពេលដែលខ្មែរស្លាប់រាប់លាន គឺនៅក្រោម ភ្នែក ចិន នឹង យួន ណា។
I don't think USA and EU going to walk away from Cambodia like before and I hope this time They won't let it happen again because they'are already spend billions and billions dollars on Cambodia and walking away from . It's impossible. Especially Japan and Australia aren't keep quiet about this.
Post a Comment