Wednesday, 27 September 2017

លោក​ ​ហ៊ុន សែន​ អញ្ជើញ​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ទៅ​ទស្សនា​និង​ជួយដោះ​គ្រាប់​បែក​គីមី​នៅ​ខេត្ត​ស្វាយរៀង


27 កញ្ញា 2017
កាន់ វិច្ឆិកា

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (ឆ្វេង) បាន​អញ្ជើញ​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ទៅ​ទស្សនា​និង​ជួយដោះ​គ្រាប់​បែក​គីមី​នៅ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ក្នុង​បរិបទ​នយោបាយតានតឹន​របស់​កម្ពុជា។
លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (ឆ្វេង) បាន​អញ្ជើញ​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ទៅ​ទស្សនា​និង​ជួយដោះ​គ្រាប់​បែក​គីមី​នៅ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ក្នុង​បរិបទ​នយោបាយតានតឹន​របស់​កម្ពុជា។



ខណៈ​ដែល​ស្ថាន​ការណ៍​ទំនាក់​ទំនង​កម្ពុជា​អាមេរិក​បន្ត​កើន​កម្តៅ​ ​លោក​ហ៊ុន សែន ​បន្ត​ការ​វាយ​ប្រហារ​អាមេរិក ​តាម​បែបចម្អក​​ដោយ ​អញ្ជើញ​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ ​ទៅ​ទស្សនា​ និង​ជួយដោះ​គ្រាប់​បែក​គីមី​នៅ​ខេត្ត​ស្វាយរៀង។



ភ្នំពេញ —


ខណៈ​ដែល​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​បន្ត​កើន​កម្តៅ​ ​និង​ស្រប​ពេល​ដែល​មន្រ្តី​ ​និង​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​តែង​វាយ​ប្រហារ​អាមេរិក​រឿង​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​ក្នុង​សង្គ្រាម​អាមេរិក-វៀតណាម​ ​និង​ចោទ​សហ​រដ្ឋ​អាមេរិក​ថា​ ជា​អ្នក​នៅ​ពីក្រោយ​គណបក្ស​ប្រឆាំង​ដើម្បី​ផ្ដួល​រំលំ​រដ្ឋា​ភិបាល​ លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​បាន​ថ្លែង​ជា​ថ្មី​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​ពាក់ព័ន្ធ​នឹង​កាក​សំណល់​គ្រាប់​បែក​ទាំង​នោះ​ ​ហើយ​បាន​ស្នើ​ឲ្យ​ឯក​អគ្គរដ្ឋទូត​អាមរិក​ទៅ​មើល​គ្រាប់​បែក​គីមី​មួយ​គ្រាប់​ក្នុង​ខេត្ត​ស្វាយ​រៀង​ដោយ​ផ្ទាល់។​



លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នាព្រឹក​ថ្ងៃ​ពុធនេះ​ ​បាន​ដាក់​បញ្ជា​ឱ្យ​មន្ត្រី​របស់​ខ្លួន​អញ្ជើញ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ គឺ​លោក​ ​William Heidt​ ​ទៅ​មើល​គ្រាប់​បែក​គីមី​មួយ​គ្រាប់​របស់​អាមេរិក​ទម្លាក់​ក្នុង​សង្រ្គាម​វៀតណាម​ ហើយ​ដែល​បាន​បន្សល់​ទុក​នៅ​ខេត្ត​ស្វាយរៀង។ លោក​ ​ហ៊ុន សែន​ ​អះអាង​ថា​ ​គ្រាប់​បែក​នេះ​កំពុង​បង្ក​ការ​ភ័យ​ខ្លាច​ ​និង​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​នោះ។​

ថ្លែង​ទៅ​កាន់​ក្រុម​កម្មករ​ ​កម្មការិនី​កាត់ដេរ​ ​ក្នុង​ពិធី​សំណេះ​សំណាល​ប្រចាំ​សប្តាហ៍​ជាមួយ​កម្មករ​រោងចក្រ​នានា​ក្នុង​ខណ្ឌ​មានជ័យ​ ​លោក​ ​ហ៊ុន សែន​ បាន​លើក​ឡើង​ថា​ ​គ្រាប់​បែក​គីមី​មួយ​គ្រាប់​ដែល​ត្រូវ​បាន​រក​ឃើញ​ ​ស្ថិត​លើ​ទឹក​ដី​ខេត្ត​ស្វាយរៀង​ ​កំពុង​បង្ក​ភាព​ភ័យខ្លាច​យ៉ាងខ្លាំង​ដល់​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ​ ​និង​កំពុង​បង្ក​ការ​លំបាក​ដល់​មន្រ្តី​ជំនាញ​ក្នុង​ការ​កម្ទេច​ផង​ដែរ។​ ​បុរស​ខ្លាំង​កម្ពុជា​ ​បាន​បញ្ជា​ឱ្យ​មន្ត្រី​របស់​លោក​អញ្ជើញ​ ​លោក​ ​William Heidt​ ​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​ទៅ​មើល​គ្រាប់បែក​គីមី​នោះ​ ហើយ​ថា​ ​ការ​បំផ្ទុះ​គ្រាប់​បែក​គីមី​នេះ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រជា​ពលរដ្ឋ​ ​ដូចជា​ធ្វើ​ឲ្យ​ពិការ​រូបរាង​កាយ​ ​និង​ពិការ​ភ្នែក​ជាដើម។​

លោក​ ​ហ៊ុន សែន​ ​ក៏​រំពឹង​ផង​ដែរ​ថា​ ​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​គួរ​គិតគូរ​លើ​បញ្ហា​គ្រាប់​បែក​គីមី​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ ​ក៏​ដូចជា​គ្រាប់បែក​ផ្សេង​ទៀត​របស់​អាមេរិក​ដែល​មាន​ទម្ងន់​ជិត​៣​លាន​តោន​ ​កំពុង​កប់​ក្នុង​ដី​កម្ពុជា​ ​ដោយ​មិនត្រូវ​គិតតែ​ពី​បំណុល​ដែល​កម្ពុជា​ជំពាក់​ ​និង​ការ​ស្វែង​រក​អដ្ឋិធាតុ​ទាហាន​អាមេរិកដែល​បាត់​ខ្លួន​នៅ​កម្ពុជា​ក្នុង​សង្គ្រាម​អាមេរិក-វៀតណាម​នោះ​ទេ។​

នាយក​រដ្ឋមន្រ្តី​ដែល​កាន់​អំណាច​ជិត​៤០​ឆ្នាំ​រូប​នេះ​បន្ថែម​ថា៖​

«ខ្ញុំ​សង្ឃឹម​ថា​ ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​នឹង​ពិនិត្យ​មើល​ឡើង​វិញ​ ​ហើយ​បើ​អាច​ធ្វើ​ទៅ​បាន​ ​កុំ​មក​យក​តែ​ឆ្អឹង​ខ្មោច​នៅ​ស្រុក​ខ្មែរ​ ​មក​ជួយ​យក​គ្រាប់បែក​ដែល​នៅ​សេស​សល់​ពី​ស្រុក​ខ្មែរ​ទៅ​វិញ​ផង។​ មាន​គ្រាប់​បែក​មួយ​គ្រាប់​ ​នៅ​ឯ​ខេត្ត​ស្វាយរៀង ​កំពុង​ផ្អើល​ថា​ ជា​គ្រាប់​គីមី។​ ​គិត​តែពី​មក​ទារ​លុយៗ ​ទារ​អត់​ឈប់»។

កាលពី​ជាង​៤០​ឆ្នាំ​មុន​ ​ផ្នែក​ខ្លះ​នៃ​ទឹកដី​កម្ពុជា​បាន​រង​ការ​ទម្លាក់​គ្រាប់​ដោយ​សហរដ្ឋ​អាមេរិក​ នៅគ្រា​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​វៀតណាម​ ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ហាណូយ។​ សហ​រដ្ឋ​អាមេរិក​ទម្លាក់​គ្រាប់​បែក​ជាច្រើន​តាម​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ ​ដោយ​បាន​ឆ្លង​ចូល​មក​ទឹក​ដី​កម្ពុជា​ ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម។​

​ទោះជា​យ៉ាងណា​ ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ​បាន​ចំណាយ​ថវិកា​ជាង​១៦០​លាន​ដុល្លារ​ ប្រមាណ​ជា​ ២០​ឆ្នាំ​កន្លង​ទៅ​នេះ​ ​សម្រាប់​គម្រោង​បោស​សម្អាត​គ្រាប់មីន​ ​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា។​ រដ្ឋាភិបាល​អាមេរិក​ក៏​បាន​ផ្តល់​ជំនួយ​ផ្សេងៗ​ទៀត​ដល់​កម្ពុជា​ ​ដោយ​ផ្តោត​លើ​វិស័យ​យោធា​ ​ពាណិជ្ជ​កម្ម​ ​កសិកម្ម​ ​សេដ្ឋកិច្ច​ ​និង​អប់រំ​ជាដើម។​

លោក​ ​David Josar​ ​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ទេ។​ ​ទោះ​ជា​យ៉ាង​ណា​ ​អ្នក​នាំពាក្យ​រូប​នេះ​បាន​បង្វែរ​ឲ្យ​ ​VOA​ ​ដកស្រង់​សម្តី​របស់​លោក​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក្នុង​សេចក្តី​ថ្លែង​ការណ៍ ​ដែល​ចេញ​កាលពី​ដើម​ខែ​កញ្ញា​នេះ។​

​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​កាលពី​ថ្ងៃទី​១២​ ​ខែ​កញ្ញា​កន្លង​ទៅ​ លោក​ ​William Heidt​ ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​បក​ស្រាយ​ថា ​លោក​ទទួល​ស្គាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ទម្លាក់​គ្រាប់​បែក​លើ​ប្រទេស​កម្ពុជា​ និង​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​នេះ។​

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«យើង​មាន​ការ​ប្តេជ្ញា​ចិត្ត​ ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៃ​កេរ​ដំណែលនេះ។ ​តើ​លោក​អ្នក​ដឹង​ទេ​ថា ​យើង​បាន​ផ្តល់​ប្រាក់​ចំនួន​ជាង​១៦០​លាន​ដុល្លារ សម្រាប់​ការងារ​លុប​បំបាត់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ?​ ពាក់​កណ្តាល​នៃ​ប្រាក់​នេះ​ត្រូវ​បាន​ប្រើ​សម្រាប់​លុប​បំបាត់​យុទ្ធភណ្ឌ​ដែល​ទម្លាក់​ដោយ​យន្តហោះ​អាមេរិក​ ​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា។ តែ​ប្រាក់​ចំនួន​ពាក់​កណ្តាល​ទៀត​ត្រូវ​បាន​ប្រើ​សម្រាប់​ដោះ​មីន​របស់​ចិន​ ​សូវៀត​ ​និង​វៀតណាម​ ​នៅ​ភាគ​ខាង​លិច​ប្រទេស ​នៅ​តាម​ចម្ការ​មីន​ដែល​មាន​គ្រោះថ្នាក់​១០​ដង​ ​លើស​គ្រាប់​ដែល​ទម្លាក់​ដោយ​អាមេរិក»។​

VOA ​មិន​អាច​ទាក់ទង​លោក​ ​ហេង រតនា​ ​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​នៅ​កម្ពុជា ហៅ​កាត់​ថា​ ​ស៊ីម៉ាក់​ ​(CMAC)​ ​ដើម្បី​សុំ​ការ​អធិប្បាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រាប់បែក​គីមី​បាន​ទេ​ ​រហូត​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ។​

កម្ពុជា​បាន​ខ្ចី​លុយ​អាមេរិក​ចំនួន​ជិត​៣០០​លាន​ដុល្លារ​ចន្លោះ​ពី​ឆ្នាំ​១៩៧០-១៩៧៥។​ ​បើ​គិត​មកដល់​បច្ចុប្បន្ន​ ​ទាំង​ប្រាក់​ការ​ ​និង​ប្រាក់​ដើម​បំណុល​នេះ​បាន​កើត​ឡើង​ដល់​ទៅ​ប្រមាណជា​៥០០​លាន​ដុល្លារ​អាមេរិក។​ ​រដ្ឋាភិបាល​កម្ពុជា​ ​ជា​ពិសេស​លោក​ ​ហ៊ុន សែន​ ​តែងតែ​ចង់​ឲ្យ​អាមេរិក​លុប​បំណុល​នេះ​ ​ឬ​បង្វែរ​ទៅជា​ជំនួយ​សប្បុរសធម៌​វិញ​ ​ដោយ​ថា​ ​វា​ជា​បំណុល​ដែល​កើត​ឡើង​ពី​កម្ចី​ជំនាន់​លោក​សេនា​ប្រមុខ​ ​លន់ នល់​ ​និង​ថា ​ជា​បំណុលដាប​ដោយ​ឈាម​ប្រជា​ពលរដ្ឋ​ខ្មែរ​ ​ដោយ​សារ​តែ​ការ​ទម្លាក់​គ្រាប់​បែក​ប្រមាណ​ជា​២​លាន​៥​សែន​តោន​របស់​អាមេរិក​ ​មក​លើ​ប្រទេស​កម្ពុជា៕

No comments: