Saturday, 30 September 2017

ពលរដ្ឋ​ស្វាយរៀង​ថា អាជ្ញាធរ​បោះតម្រុយ​បង្គោល​ព្រំដែន​ចូល​ដីស្រែ​ពលរដ្ឋ​ច្រើន​ហិកតារ


ដោយ អាស៊ីសេរី
2017-09-28

រូបភាព​បង្គោល​ព្រំដែន​លេខ១៩៨ នៅ​ស្រុក​ចន្ទ្រា ខែត្រ​ស្វាយរៀង កាល​ពី​ថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ​២០១៧។
រូបភាព​បង្គោល​ព្រំដែន​លេខ១៩៨ នៅ​ស្រុក​ចន្ទ្រា ខែត្រ​ស្វាយរៀង កាល​ពី​ថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ​២០១៧។
Photo Provided



ពលរដ្ឋ​រស់នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខែត្រ​ស្វាយរៀង​ចាត់​ទុក​ការ​បោះ​តម្រុយ​ព្រំដែន​លេខ ១៩៨ និង ១៩៩ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ចូល​ដី​ខ្មែរ​រាប់រយ​ហិកតារ ដែល​ភាគច្រើន​ជា​ដីស្រែ​ពលរដ្ឋ​នៅ​តំបន់​នោះ។ អ្នកភូមិ​មួយ​ចំនួន​ដែល​បាត់បង់​ដីស្រែ ហាក់​ខ្លាចរអា​ក្នុង​ការ​ប្ដឹង​ករណី​នេះ​ទៅ​អាជ្ញាធរ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ ព្រោះ​បារម្ភ​ខ្លាច​អាជ្ញាធរ​ចោទ​ថា ជា​មនុស្ស​របស់​គណបក្ស​ប្រឆាំង។



តម្រុយ​ព្រំដែន​លេខ ១៩៨ និង​១៩៩​ថ្មី ដែល​ទើប​បោះ​កាលពី​សប្ដាហ៍​មុន ឋិត​នៅ​ភូមិ​គោក​តែក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខែត្រ​ស្វាយរៀង​បាន​ក្លាយ​ជា​បញ្ហា​ក្ដៅ​គគុក របស់​ពលរដ្ឋ​ច្រើន​គ្រួសារ​រស់នៅ​តំបន់​នោះ ដែល​ពួកគាត់​ចាត់ទុកថា តម្រុយ​ព្រំដែន​នោះ រំកិល​ចូល​ដី​ខ្មែរ​រាប់រយ​ហិកតារ តាម​បណ្ដោយ​ព្រំដែន​ច្រើន​គីឡូម៉ែត្រ ត្បិត​បង្គោល​ព្រំដែន​ចាស់​គឺ​ឋិត​នៅ​ឆ្ងាយ​ពី​បង្គោល​ព្រំដែន​បច្ចុប្បន្ន។

ពលរដ្ឋ​រស់នៅ​ឃុំ​ចន្ទ្រា​ថ្លែង​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃទី២៨ កញ្ញា ថា ការ​បោះ​តម្រុយ​ព្រំដែន​កាលពី​ថ្ងៃ​ទី២៣ កញ្ញា​កន្លងទៅ​ថ្មីៗ​នេះ គឺ​មិន​មាន​តម្លាភាព​នោះ​ទេ ពោល​បាន​ខិតចូល​ដីស្រែ​ចម្ការ​ពលរដ្ឋ​ច្រើន​គ្រួសារ។ លោក​ថា ក្រៅពី​អាជ្ញាធរ​ប្រទេស​ទាំងពីរ បោះ​បង្គោល​ចូល​ដី​ខ្មែរ​ក្ដី អាជ្ញាធរ​វៀតណាម បាន​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​សកម្មភាព​ជីក​កាយ​ដី នៅ​តំបន់​ជាប់​ខ្សែបន្ទាត់​ព្រំដែន​នោះ​ទេ ដោយ​អះអាង​ថា ជា​តំបន់​ហាមឃាត់ ឬ​តំបន់​ស។ លោក​អះអាង​ថា ដីស្រែ​របស់​អ្នកភូមិ​ខ្លះ​មាន​ទំហំ ២​ហិកតារ រហូតដល់ ៥​ហិកតារ បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជា​បន្តបន្ទាប់ តាំងពី​ឆ្នាំ​១៩៧៩​មក៖ «បើ​និយាយ​បោះ​ចូល​គឺ​មិន​តិច​គ្រួសារ​ទេ​ច្រើន​ណាស់ ប៉ះពាល់​ដី​ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ព្រំដែន​ច្រើន​ដែរ។ អា​ហ្នឹង​វា​ចូល​រាប់រយ​ហិកតារ ខ្សែ​ក្រវាត់​ព្រំដែន​គិត​ជា​គីឡូម៉ែត្រ ប្រហែល​ចូល​១០​គីឡូ​ដី​ជាង»។

បុរស​ដដែល​បន្ត​ថា នៅ​ឃុំ​ចន្ទ្រា នៅ​ចំណុច​ចំពុះ​ទារ អាជ្ញាធរ​វៀតណាម ធ្លាប់​បាន​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​ពុះ​យក​ដី​ខ្មែរ​ជាង ៥០០​ហិកតារ កាលពី​ឆ្នាំ២០១៥ ដែល​ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ១៩៦ និង ១៩៧។ លោក​ថា ដី​ខ្មែរ​របូត​ចូល​ទៅ​វៀតណាម​នេះ អាជ្ញាធរ​កម្ពុជា​ហាក់​ធ្វើ​មិន​ដឹង​មិន​ឮ បើ​ទោះ​បី​ជា​ពលរដ្ឋ​ខ្មែរ​ប្ដឹង​ផ្ដល់​រឿង​ក្ដី​៖ «ខ្ញុំ​យល់​ឃើញ​ថា មិន​មាន​តម្លាភាព​រវាង​ខ្សែបន្ទាត់​ព្រំដែន​រវាង ប្រទេស​ហ្នឹង​ប្រទេស​ដែល​នៅ​ជាប់​ខាង​គ្នា បើ​និយាយ​ពី​ការ​សោកស្ដាយ​វា​ហួស​នឹង​និយាយ»។

ជំទប់​ទី ២ ឃុំ​ចន្ទ្រា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ឃុត ថៃហេង ទទួល​ស្គាល់​ថា ការ​បោះ​តម្រុយ​ព្រំដែន​នៅ​តំបន់​នោះ​អាច​មាន​ភាព​មិន​ប្រក្រតី ខណៈ​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​ហាក់​ប្រញាប់ប្រញាល់​បោះ​យ៉ាង​លឿន ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ចម្រូងចម្រាស​រឿង​វិបត្តិ​នយោបាយ​។ លោក​ថា អាជ្ញាធរ​កម្ពុជា និង​នគរបាល​ការពារ​ព្រំដែន បាន​លាក់បាំង​ព័ត៌មាន​ស្ដីពី​ការ​បោះ​តម្រុយ​ព្រំដែន​នៅ​តំបន់​នោះ ព្រោះ​អាជ្ញាធរ​បាន​រារាំង​លោក និង​ពលរដ្ឋ​មួយ​ចំនួន​មិន​ឲ្យ​ចុះទៅ​តំបន់​នោះ ក្រោម​ហេតុផល​ការពារ​សុវត្ថិភាព៖ «ពលរដ្ឋ​ក៏​មិន​សុខចិត្ត​ដែរ​ចំណុច​អស់ហ្នឹង ខាង​ខ្ញុំ​ក៏​មិន​សុខចិត្ត​ដែរ តែ​រឿង​កិច្ចការ​អស់ហ្នឹង ខ្ញុំ​និយាយ​ថ្នាក់​ឃុំ និង​ថ្នាក់​ស្រុក​ដែរ​គេ​ថា គេ​មាន​គណៈកម្មការ​គេ​ដោះស្រាយ​ហើយ មិនបាច់​លោក​ឯង​លូក​ដៃ​រញ៉េរញ៉ៃ»។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្វាយរៀង លោក ម៉ៅ វិបុល ឲ្យ​ដឹង​ថា ការ​បោះ​តម្រុយ​ព្រំដែន​គួរ​តែ​មាន​ការ​ចូលរួម​គ្រប់​ភាគី ទាំង​ពលរដ្ឋ រដ្ឋាភិបាល សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង​ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ ក៏​ប៉ុន្តែ​បែរជា​អាជ្ញាធរ​រារាំង និង​ហាមឃាត់​អាជ្ញាធរ​ឃុំ​មកពី​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចុះទៅ​តំបន់​នោះ​ទៅវិញ៖ «បើ​យើង​នៅតែ​បិទបាំង​មានន័យថា បញ្ហា​នៅតែ​មន្ទិល​សង្ស័យ​រហូត។ ក្នុង​នាម​ខ្ញុំ​ពលរដ្ឋ ក៏​ដូចជា​គណបក្សប្រឆាំង​សំណូមពរ​ថា រដ្ឋាភិបាល​មានការ​សហការ​ទាំងអស់​គ្នា​ទៅ ដើម្បី​បំបាត់​មន្ទិល​ទាំងអស់​គ្នា កុំ​ឲ្យ​ដោល​អ្នកនេះ​អ្នកនោះ»។

កិច្ចប្រជុំ​លើក​ទី​៩ ស្ដីពី​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​រវាង​បណ្ដា​ខែត្រ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា បាន​វាយ​តម្លៃ​ថា ការកំណត់​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ​រហូតមកដល់​បច្ចុប្បន្ន​នេះ សម្រេច​បាន​ប្រមាណ ៨៤ភាគរយ។ ភាគី​ទាំងពីរ​ក៏​ប្រកាស​ថា នឹង​ខិតខំ​គ្រប់គ្រង​ព្រំដែន​ត្រឹមត្រូវ​តាម​សន្ធិសញ្ញា និង​ការព្រមព្រៀង​ស្ដីពី​ព្រំដែន​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា។ ក្នុង​ករណី​មាន​ហេតុការណ៍ និង​បាតុភាព​អ្វីមួយ​កើតឡើង​នៅ​តំបន់​ព្រំដែន បណ្ដា​ខែត្រ​ជាប់​ព្រំដែន​ត្រូវ​ពិភាក្សា​គ្នា និង​សហការ​ដោះស្រាយ​ភ្លាម ដោយ​មិន​ទុក​ឲ្យ​បញ្ហា​រីក​រាលដាល​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង ប្រពៃណី​ល្អ​រវាង​ប្រទេស​ទាំងពីរ និង​បង្ក​ការ​រាំងស្ទះ​ដល់​ការងារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​ឡើយ ដោយ​ឈរ​លើ​ស្មារតី​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក និង​សន្តិវិធី។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ ផ្ដល់​ទស្សនៈ​ថា អាជ្ញាធរ​រដ្ឋាភិបាល គួរ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ជា​មុន​សិន មុន​នឹង​បន្ត​បោះ​បង្គោល និង​បោះតម្រុយ ព្រំដែន​ជៀសវាង​មានការ​ប្ដឹង​ផ្ដល់​រឿង​នេះ​កាន់តែ​វែងឆ្ងាយ​។ លោក​ថា បើ​ការ​បោះ​តម្រុយ​ព្រំដែន​មាន​ភាព​ចម្រូង​ចម្រាស់​ជាមួយ​ពលរដ្ឋ និង​បិទបាំង​ព័ត៌មាន​មិន​ឲ្យ​សាធារណជន​ដឹង​ឮ លោក​ចាត់ទុកថា ករណី​នេះ​នឹង​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ និង​រដ្ឋាភិបាល​។ លោក​ថា ការ​បោះ​តម្រុយ​ព្រំដែន អាជ្ញាធរ​មិន​គួរ​ប្រញាប់​ពេក​ទេ បើ​ការ​បោះ​នោះ​នាំ​ឲ្យ​ខាត​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ៖ «សម្រាប់​ខ្ញុំ​យល់ថា នៅ​ពេល​ដែល​មាន​ព័ត៌មាន លេចឮ​ពី​ការ​មិន​ពេញចិត្ត​របស់​ពលរដ្ឋ​ទៅលើ​សកម្មភាព​ការងារ​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​រដ្ឋាភិបាល រដ្ឋាភិបាល​គួរតែ​ស្ទុះស្ទា ទៅ​ពិនិត្យ​មើល និង​ឆ្លើយតប»។

យ៉ាងណា ពលរដ្ឋ មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង យល់​ថា ការ​បោះ​បង្គោល​ព្រំដែន និង​តម្រុយ​ព្រំដែន​កម្ពុជា កំពុង​នៅ​មាន​ភាព​ចម្រូងចម្រាស​ច្រើន ដោយសារ​ពុំ​ទាន់​មាន​ឯកភាព​ជាតិ​ផ្ទៃក្នុង ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បន្ត​ទទួលរង​នូវ​ការរិះគន់ និង​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ ដោយសារ​មិន​មាន​តម្លាភាព និង​ចោទ​ថា បាត់បង់​ដី ដោយ​បង្គោល​ខិត​ចូល​មក​ក្នុង​ដី​ខ្មែរ​ជាដើម៕

4 comments:

Anonymous said...

ឃើញទេ វាលែងមានដីខ្មែរទៀតហើយ គេចង់ដាំព្រុំប្រទល់ត្រង់ណាក៍បានដែរ រីឯ ពូលីសនឹងទាហ៊ានទាំងអស់ ក៍នៅក្រោមការត្រួតរបស់ យួន ដែរ ហើយពូលីសនឺងទាហ៊ានទាំងនោះ គេមិនគិតពីអ្វីទាំងអស់ គឺគិតតែបានឡើងបុណ្យសក្តិតែប៉ុណ្ណោះ ចង់អ្នកណាថាអីថាទៅគេមិនខ្វល់ទេ។

Anonymous said...

Tell Ah Roleuy Hun Sen about this border issues with Yuon.

Anonymous said...

Dear SOV and Khmer Circle team:

Would you please post the link of YouTube in the following:

https://www.youtube.com/watch?time_continue=1096&v=AWbLduIwR48

This is very important to spread message to let our Khmer people, readers inside and outside Cambodia.

I completely agree with Mr. Heng Savuth because he has the common senses like mine.

Thank you for your corporation and time. Together we unite, we will help save our Cambodia and Cambodian people from Hun Sen's CPP, secret Vietnamese agents in Hun Sen's CPP government and China. Also, we will save Hun Sen from Vietnam/Yuon's trap and China's as well. We know Hun Sen did not know what the dangers coming to his own Khmer people and himself (that will be a Pol Pot number 2).

Khmer Yeurng

Anonymous said...

Correction for 1:45 pm

Dear SOV and Khmer Circle team:

Would you please post the link of YouTube in the following:

https://www.youtube.com/watch?time_continue=1096&v=AWbLduIwR48

This is very important to spread message to let our Khmer people, readers inside and outside Cambodia.

I completely agree with Mr. Heng Savuth because he has the common senses like mine.

Thank you for your corporation and time. Together we unite, we will help save our Cambodia and Cambodian people from Hun Sen's CPP, secret Vietnamese agents in Hun Sen's CPP government and China. Also, we will save Hun Sen from Vietnam/Yuon's trap and China's as well. We know Hun Sen did not know what the dangers coming to his own Khmer people and himself (that will be a Pol Pot number 2).

Only CNRP is HOPE AND DESTINATION for Cambodia and Cambodian people. All Khmer people from all walk of life should join force with CNRP to take our Cambodia and Khmer/Cambodian people back because Khmer/Cambodian Unity.

Yes, we try to wake Hun Sen up because he has gone the wrong places and time with China and Vietnam. Hun Sen thinks China and Vietnam can save his life and make him stay in power, but Hun Sen is so blind and brainless. He keeps talking and enjoys behind the podiums to bark whatever his Vietnamese advisors suggest or want him to do so. Hun Sen has ignores and does not feel the dangers from China and Vietnam, but he only feel the power and wealth from protections of China and Vietnam. He is losing his mind completely.

CNRP leaders Mr. Sam Rainsy and Mr. Kem Sokha tried their best to create peaceful dialogs with Hun Sen, but Hun Sen keeps listening to his Vietnamese advisors (secret Vietnamese agents in Hun Sen's CPP regime) and Chinese advisor. China and Vietnam are in the conflicts and complex deadly games to cause the dangers to Cambodian people and Hun Sen.

Khmer Yeurng

1:45 pm