Thursday, 14 September 2017

អ្នកវិភាគ​៖ សម្ពាធ​នយោបាយ​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា


14 កញ្ញា 2017
ធីតា វីន
voa
រូបឯកសារ៖ ស្រ្តី​ម្នាក់​ធ្វើ​ការ​នៅ​រោងចក្រ​មួយ ដែល​មាន​ម្ចាស់​ជនជាតិ​ជប៉ុន ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ជាយ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៤។
រូបឯកសារ៖ ស្រ្តី​ម្នាក់​ធ្វើ​ការ​នៅ​រោងចក្រ​មួយ ដែល​មាន​ម្ចាស់​ជនជាតិ​ជប៉ុន ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ជាយ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៤។


ការចាប់​ខ្លួន​អ្នក​នយោបាយ​ ​ការ​គាប​សង្កត់​សេរីភាព​សារ​ព័ត៌មាន​និង​អង្គការ​សង្គម​ស៊ីវិល​កំពុង​ប៉ះពាល់​ដល់​ចលនា​សេដ្ឋកិច្ច​កម្ពុជា។​ ទំហំ​នៃ​ការ​ប៉ះពាល់​នេះ​គឺ​អាស្រ័យ​លើក​ការ​​អូស​បន្លាយ​នៃ​ភាព​តានតឹង​នេះ។


ភ្នំពេញ —

អ្នក​វិភាគ​សេដ្ឋ​កិច្ច ​អាជីវករ​ អ្នក​តាម​ដាន​ផ្នែក​នយោបាយ ​និង​អ្នក​នយោបាយ​មួយ​ចំនួន ​បាន​អះ​អាង​ថា​ ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​នា​អំឡុង​ពេល​នេះ​បាន​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​មួយ​នេះ។​



រយៈ​ពេល​ប្រមាណ​ជា​២​ខែ​កន្លង​មក​នេះ​ ប្រធាន​គណបក្ស​ចំនួន​៣​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​រួម​មាន ​លោក​ ញ៉ឹក ប៊ុនឆៃ​ ប្រធាន​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​កាល​ពី​ថ្ងៃ​ទី​៣​សីហា ​ពាក់​ព័ន្ធ​នឹង​បទ​សម​គំនិត​ផលិត​គ្រឿង​ញឿន​នៅ​ខេត្ត​កំពង់ស្ពឺ ​កាល​ពី​អំឡុង​ឆ្នាំ​២០០៧ ​លោក ​សួន ​សេរីរដ្ឋា ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ ​សីហា ​បន្ទាប់​ពី​លោក​បាន​សរសេរ​ក្នុង​អត្ថ​ន័យ​រិះ​គន់​ការ​ដាក់​ពង្រាយ​កង​ទ័ព​នៅ​តំបន់​ព្រំ​ដែន​កម្ពុជា-ឡាវ។​ ហើយ​ចុង​ក្រោយ​បំផុត​ ​លោក​ កឹម ​សុខា ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្តាល​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣​ខែ​កញ្ញា​ ពី​បទ​ក្បត់ជាតិ។

លោក ​សូ ចន្ថា ​សាស្រ្តាចារ្យ​ផ្នែក​វិទ្យា​សាស្រ្ត​នយោបាយ​ បាន​មាន​ប្រសាសន៍​ថា ​នៅ​ក្នុង​អំឡុង​ពេល​នេះ ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សភាព​ធ្ងន់​ធ្ងរ​ជាង​រាល់​ឆ្នាំ​បោះ​ឆ្នោត​កន្លង​មក​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យមាន​ការ​ប៉ះ​ពាល់​ទៅ​ដល់​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​ ដូច​ជា ​ការ​វិនិ​យោគទុន​ វិស័យ​ទេស​ចរណ៍​ និង​អាច​ឈាន​ទៅ​ដល់​ការ​ផ្អាកការ​នាំ​ផលិត​ផល​ចេញ​ពី​ប្រទេស​កម្ពុជា​ផង​ដែរ​ បើ​សិន​ស្ថាន​ភាព​នយោបាយ​នៅ​តែ​មាន​ភាព​អាប់​អួរ​បែប​នេះ។​

លោក​បាន​បញ្ជាក់​ថា ​បើ​សិន​ស្ថាន​ភាព​នយោបាយ​នៅ​តែ​បន្ត​អូស​បន្លាយ​កាន់​តែ​យូរ ​នោះ​ផល​ប៉ះ​ពាល់​ផ្នែក​សេដ្ឋ​កិច្ច​កាន់​តែ​មាន​ទំហំ​ធំ។​

«ចាប់​ពី​ពេល​បច្ចុប្បន្ន​រ​ហូត​ទៅ​ដល់​ការ​បោះ​ឆ្នោត ​ស្ថាន​ភាព​ន​យោបាយ​ប្រ​ហែលទំនង​ជាមិន​ត្រជាក់​នោះ​ទេ ​ហើយ​កំដៅ​នយោបាយ​បន្ត​កើត​មាន​ច្រើន​ជាង​នេះ​ទៅ​ទៀត។ ​អីចឹង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ក៏​ដូច​គ្នា​ដែរ ​ខ្ញុំ​គិត​ថា​ ​អាច​ក្រោយ​ការ​បោះ​ឆ្នោត ​ជា​ពិសេស​ នៅ​ពេល​ដែល​មាន​រដ្ឋាភិបាល​ថ្មី​កើត​ឡើង​ នៅ​ពេល​នោះ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​អាច​មាន​ភាព​នឹង​នរ​ឡើង​វិញ»។​

កាល​ពី​យប់​ថ្ងៃ​ទី​អង្គារ វិទ្យុ​អាស៊ី​សេរី​បានចេញ​សេច​ក្តី​ថ្លែង​ការណ៍និយាយ​អំពី​ការ​បិទ​ការិយាល័យ​របស់​ខ្លួន​ក្នុង​ទី​ក្រុង​ភ្នំពេញ។​ ​សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​បង្ហាញ​ពី​ភាព​សោក​ស្តាយ ​ព្រោះត្រូវ​បង្ខំ​ចិត្ត​បិទ​ការិយាល័យមួយ​រយៈ។​

ជា​មួយ​គ្នា​នេះ​ដែរ​ ​កាល​ពី​ចុង​ខែ​សីហា​ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ឈប់​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​ហៅ​កាត់​ថា ​ NDI។ ​វិទ្យាស្ថាន​នេះ​បាន​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​គណ​បក្ស​នយោបាយ​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

ក្រៅ​ពី​នេះ​នៅ​ចុង​ខែ​សីហា​ឆ្នាំ​២០១៧​ អាជ្ញាធរ​កម្ពុជា​បាន​សម្រេច​បិទ​ហ្រ្វេកង់ស៍​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​ចំនួន​៣២ ​នៅ​ក្នុង​ខេត្ត ​និង​រាជ​ធានី។​ នេះ​បើ​យោង​ទៅ​តាម​ការ​បង្ហាញ​របស់​អង្គ​ការ​លីកាដូ។ ​វិទ្យុ​ជាង​១០​ត្រូវ​ផ្អាក​ការ​ផ្សាយ​កម្ម​វិធី​របស់​វិទ្យុ​អាស៊ី​សេរី ​និង ​VOA ។ ​បន្ទាប់​មក​កាសែត ​The ​Cambodia Daily ​ក៏​បានបិទ​ការ​ផ្សាយ​របស់​ខ្លួន​ផង​ដែរ​ ដោយ​សារ​មាន​បញ្ហា​ចម្រូង​ចម្រាស​ផ្នែក​ពន្ធដារ។​

លោក ​William A. Heidt​ ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ក្នុង​សន្និ​សីទ​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ថា​ មួយ​ជំហាន​ម្តងៗ​ ​ព្រឹត្តិ​ការណ៍​ទាំង​នេះ​កំពុង​ធ្វើ​ឲ្យប្រទេស​កម្ពុជា​ឯកោ​ពី​សហគមន៍​អន្តរ​ជាតិ​ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​ត្រូវ​ការ​ជំនួយ​គាំទ្រ​ពី​អន្តរជាតិ ​ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យឡើង​មួយ​កម្រិត​ទៀត​ ហើយ​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ជិត​ខាង​នៅ​ក្នុង​សមាគម​អាស៊ាន។​

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​បញ្ជាក់​ថា​ សម្តី​ប្រឆាំង​អាមេរិក​បាន​ធ្វើ​ឲ្យជន​ជាតិ​អាមេរិក ​និង​អ្នក​ទេសចរ​លោក​ខាង​លិច​ជា​ច្រើន​មាន​អារម្មណ៍​លែង​កក់​ក្តៅ​ជាង​មុន ​ពេល​ធ្វើ​ដំណើរ​មក​កម្ពុជា ​នា​ពេល​បច្ចុប្បន្ន។​ ឆ្នាំ​នេះ​អ្នក​ទេសចរ​ទាំង​នោះ​អាច​ទៅ​ចាយ​លុយ​នៅ​ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ ​ជា​ជាង​នៅ​ប្រទេស​កម្ពុជា។​

ជា​មួយ​គ្នា​នេះ​ដែរ​ លោក ​សោម សៀងឡុង​ ម្ចាស់​ហាងពិភព​ម៉ូដ​ ដែល​លក់​គ្រឿង​អលង្ការ​កាឡៃ ​និង ​សម្លៀក​បំពាក់​ នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ បាន​ឲ្យដឹង​ថា​ មុខរបរ​របស់​លោក​បានថយ​ចុះ​ច្រើន​ បើ​ធៀប​ទៅ​ឆ្នាំ​កន្លង​មក។​

លោក​គិត​ថា ​ការ​ថម​ថយ​នៃ​ការ​លក់​នេះអាច​បណ្តាល​មក​ពី​ស្ថាន​ភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ។​

«បើ​គិត​ពី​មុខ​របរ​ខ្ញុំ​ ធម្ម​តា​រាល់​ឆ្នាំ​ នៅ​ក្នុង​ពេល​តែ​មួយ ​ដូច​ថ្ងៃ​ហ្នឹងអី​ចឹង ​មាន​ភ្ញៀវ​គាត់​បុក​មក​ច្រើន​មែន​ទែន។​ តែ​ឆ្នាំ​នេះ ​ទាំង​បង​ថ្លៃ​ខ្ញុំ​អី​ហ្នឹង​ ២​ ឬ ​៣​ថ្ងៃ​នេះ​ គាត់​រអ៊ូ​ថា​ គាត់​លក់​អត់​ដូច​ឆ្នាំ​មុន​ ហើយ​ការ​លក់​របស់​ខ្ញុំ​ហ្នឹង​វា​ថយ​ជាង​ពាក់​កណ្តាល ​ដោយ​សារ​ស្ថាន​ភាព​នយោបាយ​ផង ​ហើយ​កៀក​ពេល​បោះ​ឆ្នោត​ផង។​ យើង​បារម្ភ​សឹង​អី​ហ្នឹង ចេះ​តែ​តាម​ដាន​នយោបាយ ​បន់​ឲ្យតែ​វា​ល្អ។​ ហ៊ាន​ធ្វើ​នេះ ​ហ៊ាន​ធ្វើ​នោះ​ ហ៊ាន​វិនិយោគ​នេះ​ ហ៊ាន​វិនិយោគ​នោះ​ថែម​អីចឹង​ទៅ​ តែ​ដល់​អីចឹង​ ​អង្គុយ​មើល​សិន​ហើយ»។​

សេចក្តី​ថ្លែង​ការណ៍​របស់​ឯក​អគ្គ​រដ្ឋ​ទូតអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ក៏​បាន​ឲ្យដឹង​បន្ថែម​ដែរ​ថា ​នា​ពេល​បច្ចុប្បន្ន​នេះ​ ក្រុម​ហ៊ុន​អាមេរិក​ និង​លោក​ខាង​លិច​ក៏​មាន​អារម្មណ៍​លែង​កក់​ក្តៅ​ជាង​មុន​ផង​ដែរ​ ​ហើយ​ក្រុម​ហ៊ុន​កាន់​តែ​តិច​ថែម​ទៀតនឹង​មក​វិនិយោគ​នៅ​កម្ពុជា។ ​អ្នក​ធ្វើ​ការ​បរិចា្ចគ​មនុស្ស​ធម៌​អាមេរិក ​ដែល​ជា​ក្រុម​ធំ​ជាង​គេ ​និង​មាន​ទ្រព្យ​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភព​លោក​ ក៏​លែង​មាន​អារម្មណ៍​គិត​ថា​ ខ្លួន​គេ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដែរ។

ជុំ​វិញ​ស្ថាន​ភាព​នយោបាយ​ក្នុង​ប្រទេស​បែប​នេះ ​លោក ​ង៉ែត ជូ ​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋ​កិច្ច​នៃ​ក្រុម​ហ៊ុន​ពិគ្រោះ​យោបល់​ផ្នែក​សេដ្ឋកិច្ច ​និង​អភិវឌ្ឍន៍​ បាន​ឲ្យដឹង​ដែរ​ថា​ មួយ​រយៈ​នេះ​ អ្នក​វិនិយោគ​មួយ​ចំនួន​កំពុង​តាម​ដាន​ស្ថានភាព​នយោបាយ​មុន ​ពេលពួក​គេ​សម្រេច​ចិត្ត​ធ្វើ​ការ​វិនិយោគ។

ក៏​ប៉ុន្តែ​លោក ​ង៉ែត ជូ​មាន​សុទិដិ្ឋ​និយម​ថា​ ស្ថាន​ភាព​នយោបាយ​ និង​សេដ្ឋកិច្ច​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។​

«មិន​សូវ​ជា​មាន​ក្រុម​ហ៊ុន​ថ្មី​ចាប់​ផ្តើម​អាជីវ​កម្ម​ ...បាន​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​អ្នក​វិនិយោគ​មួយ​ចំនួន​គាត់​ហាក់​បី​ដូច​ជា​រង់ចាំ​មើល​ស្ថានភាព​ឲ្យវា​ធូរ​ស្រាល​ឡើង​វិញ​សិន​ ទើប​ធ្វើ​ការ​សម្រេច​ចិត្ត។ ​ប៉ុន្តែ​ស្ថាន​ភាព​ឆ្នាំ​នេះ​ វា​ហាក់​បី​ដូច​ជា​មាន​ភាព​តាន​តឹង​ច្រើន។​ វា​មាន​ភាព​ទំនាក់​ទំនង​គ្នា​ គឺ​សេដ្ឋ​កិច្ច​ផ្សារ​ភ្ជាប់​នយោបាយ ​ដូច​ចិត្ត​ផ្សារ​ភ្ជាប់​កាយ។​ អីចឹង​ថ្នាក់​ដឹក​នាំ​អ្នក​នយោបាយ​កំពូលៗ​ លោក​យល់​រឿង​ហ្នឹង​ច្បាស់​ហើយ ​ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​ នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ»។​

សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា​ ពឹង​ផ្អែក​ជា​សំខាន់​លើ​វិស័យ​មួយ​ចំនួន ​ដូច​ជា​លើ​វិស័យ​កាត់​ដេរ​ ទេសចរណ៍​ និង​វិស័យ​អចលន​ទ្រព្យ​ និង​សំណង់​ជា​ដើម ​ហើយ​វិស័យ​ទាំង​នេះ​ត្រូវ​បាន​គេ​កត់​សម្គាស់​ឃើញ​ថា​ អាច​នឹង​មាន​ផល​ប៉ះ​ពាល់​ ​ប្រសិន​បើ​ស្ថាន​ភាព​នយោបាយ​ក្នុង​ប្រទេស​ពុំ​មាន​ស្ថិរ​ភាព​នោះ។​

លោក ​សុន​ ឆ័យ​ ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណ​បក្ស​ប្រឆាំង​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ​ស្ថាន​ភាព​នយោបាយ​នា​ពេល​នេះ​ស្ថិត​ក្នុង​ការ​ព្រួយ​បារម្ភ ​ដែល​ធ្វើ​ឲ្យអា​ជីវករ​ អ្នក​វិនិយោគ​មាន​ការ​ខ្លាច​រអា​នៅ​ក្នុង​ការ​ប្រកប​មុខ​របរ​របស់​ខ្លួន ​និង​ការ​បង្កើត​មុខ​របរ​ថ្មី។​

លោក​បាន​ឲ្យដឹង​បន្ថែម​ថា ​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​អាច​កាន់​តែ​ធ្ងន់​ធ្ងរ ប្រសិន​បើ​ប្រទេស​លោក​ខាង​លិច​មាន​ប្រតិកម្ម​ចំពោះ​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេលបច្ចុប្បន្ន​នេះ។​

«យើង​ឃើញ​ប្រទេស​កម្ពុជា​យើង​ទទួល​ជំនួយ​ដើម្បី​ទ្រ​ទ្រង់​ការ​អភិវឌ្ឍ​ភាគ​ច្រើន​មក​ពី​ប្រទេស​លោក​ខាង​លិច។​ ​គេ​ផ្តល់​ទាំង​ការ​នាំ​ទំនិញ​របស់​យើង​ចូល​ទៅ​ដោយ​យក​ពន្ធ​តិច​ ឬ​ក៏អត់​យក​ពន្ធ។​ លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ ​ពិសេស​ផ្នែក​សម្លៀក​បំពាក់។ ​បើ​ប្រទេស​ទាំង​នេះ​មានប្រតិ​កម្ម​ណា​មួយ​ ​យើង​ឃើញ​សកម្ម​សេដ្ឋ​កិច្ច​របស់​យើង​អាច​នឹង​មាន​បញ្ហា​ធ្ងន់​ធ្ងរ។​ ​បញ្ហា​សំខាន់​បំផុត​ នៅ​ប្រទេស​ដែល​ធានា​សន្តិសុខ​មិន​មែន​បិទ​មាត់​ប្រជា​រាស្រ្ត​មិន​ឲ្យនិយាយ ​ បិទ​វិទ្យុ​មិន​ឲ្យផ្សាយ​ដូច​នោះ​ទេ»។​

ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា​បាន​ផ្តល់​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ស្រ្តី​ប្រមាណ​៧០០.០០០​នាក់។ ​តាម​តួ​លេខ​ចុង​ក្រោយ​របស់​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ កម្ពុជា​បាន​នាំសម្លៀក​បំពាក់​ចេញ​ទៅ​បរទេស​មានទឹក​ប្រាក់​ប្រមាណ​ជាង​៦​ពាន់​លាន​ដុលា្លរ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ។​

ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណ​បក្ស​កាន់​អំណាច ​បាន​មាន​ប្រសាសន៍​ថា​ ហេតុ​ការណ៍​ទាំង​អស់​ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដល់​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

«ថា ​មាន​គំនាបអីចេះ គំនាប​អីចុះ​ពី​ខាង​ក្រៅ។ ​គាត់​បំភ័យ​រឿង​ផ្ទៃ​ក្នុង​ធ្វើ​ឲ្យបង​ប្អូន​ដែល​មិន​ក្តាប់​បាន​សភាព​ការណ៍​នោះ​ វា​ធ្វើ​ឲ្យមាន​ការ​យល់​ច្រឡំ។ ​អីចឹង​ទេ​ព្រួយ​បារម្ភ​ពី​ការ​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ​ពី​កម្ពុជា​ទៅ​ទី​ផ្សារ​អាមេរិក ​ឬ​មួយ​ក៏​ទៅ​ទី​ផ្សារ​សហគមន៍​អឺរ៉ុប​អី។​ ​ខ្ញុំ​យល់​ឃើញ​ថា​ មិន​ទាន់​ដល់​ថ្នាក់​ហ្នឹង​ទេ។​ គ្រាន់​តែ​ចាប់​កឹម សុខា​មួយ​ទៅ​ធ្វើ​បាបកម្ម​ករ​រាប់​ម៉ឺន​ រាប់​សែន​នាក់ ​ខ្ញុំ​យល់​ថា​ អា​ហ្នឹង​ជា​ការ​គិត​យល់​ច្រឡំ​ខ្លាំង​ណាស់»។​

បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​កាល​ពី​ដើម​ខែ​កញ្ញា​ សហ​ភាព​អឺរ៉ុប​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំងៗ​អំពី​ការ​កើន​ឡើង​នៃ​ស្ថានភាព​នយោបាយ​ដ៏​គ្រោះ​ថ្នាក់​នៅកម្ពុជា។ ​សហភាព​អឺរ៉ុប​ក៏​បាន​ឲ្យដឹង​ដែរ​ថា​ កាល​ពី​ពេល​ថ្មីៗ​នេះ​ទង្វើ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ក្នុង​ការ​ប្រឆាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​អង្គការ​សារ​ព័ត៌មាន​នានា ​និង​ការ​ចាប់​ខ្លួន​មេ​គណបក្ស​ប្រឆាំង​នេះ​ជា​ការ​ចង្អុល​បង្ហាញ​ឲ្យដឹង​អំពី​ការ​ប៉ុង​ប៉ង​រឹត​ត្បិត​លំហ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ និង​សេរីភាព​នៃ​ការ​រាយ​ការណ៍​ព័ត៌មាន​ ការ​បញ្ចេញ​មតិ​ និង​ការ​រិះ​គន់​ដោយ​ភាព​ឯករាជ្យ។​

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក ​ដែល​មាន​ចេញ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​របស់​ក្រសួង​នេះ​ ​និង​នៅ​តាម​បណ្តាញ​សង្គម​ បាន​បញ្ជាក់​ថា ​ហេតុ​ការណ៍នៃ​ការ​ចាប់​ខ្លួន​ រួម​ទាំង​ចំណាត់​ការ​ផ្សេងៗ​ទៀតក្នុង​ពេល​ថ្មីៗ​នេះ​ពី​សំណាក់​រដ្ឋាភិបាល​នឹង​បង្ក​មន្ទិល​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​ខាង​មុខ ​និង​ទៅលើលទ្ធផល​ស្រប​ច្បាប់តាម​ការ​បោះឆ្នោតបែប​ប្រជា​ធិបតេយ្យ៕

No comments: