Saturday, 30 September 2017

លោក​វណ្ណ មូលីវណ្ណ​ ជា​និមិត្តរូប​នៃ​ស្ថាបត្យកម្ម​ខ្មែរ​និង​ជា​អ្នក​សហការ​ដ៏​ស្និទ្ធ​ម្នាក់​របស់​សម្តេច​តា


30 កញ្ញា 2017
voa

ខាន់ សុគុំមនោ នូវ ពៅលក្ខិណា ស៊ុន ណារិន

រូបថតលោក វណ្ណ មូលីវណ្ណ ដកស្រង់ចេញពីគេហទំព័រ Vann Molyvann Project។
រូបថតលោក វណ្ណ មូលីវណ្ណ ដកស្រង់ចេញពីគេហទំព័រ Vann Molyvann Project។



ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បី​ឈ្មោះ​ លោក វណ្ណ មូលី​វណ្ណ បាន​​ទទួល​មរណភាព​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខេត្ត​សៀមរាប។ លោក​ វណ្ណ មូលីវណ្ណ ជា​មនុស្ស​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​អតីត​ព្រះមហាក្សត្រ​ ព្រះ​បរម​រតនកោដ្ឋ ព្រះ​បាទ​ នរោត្តម សីហនុ។ មរណភាព​របស់លោក ជា​ការ​បាត់​បង់​ធនធាន​មនុស្ស​របស់​ជាតិ ខណៈ​លោក​បាន​ក្លាយ​ជា​និមិត្ត​រូប​នៃ​ស្ថាបត្យកម្ម​ខ្មែរ រហូត​មក​ដល់​ពេល​នេះ។


ភ្នំពេញ —

មិន​ត្រឹម​តែ​ជា​ស្ថាបត្យករ​ដែល​ល្បី​សម្រាប់​ប្រទេស​កម្ពុជា​នោះ​ទេ លោក វណ្ណ មូលីវណ្ណ ជា​អ្នក​សហការ​ដ៏​ស្និទ្ធ​ម្នាក់​របស់​អតីត​ព្រះមហាក្សត្រ ព្រះបរម រតនកោដ្ឋ ព្រះបាទ​ នរោត្តម សីហនុ ដែល​បាន​សោយទិវង្គត​កាល​ពី​ឆ្នាំ​២០១២។ លោក វណ្ណ មូលី​វណ្ណ ក៏​ជា​ឧត្តម​ទីប្រឹក្សា​របស់​ព្រះមហាក្សត្រ​ផង​ដែរ។​



លោក វណ្ណ មូលីវណ្ណ បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ ក្នុង​សម័យ​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​នរោត្តម​ សីហនុ។ ក្រោយ​ត្រឡប់​មក​ពី​សិក្សា​វិញ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្តល់​សិទ្ធិ​អំណាច​ក្នុង​ការ​កសាង​ទីក្រុង​ទំនើប​ភ្នំពេញ។ ស្នាដៃ​របស់​លោក​នៅ​សល់​ដល់​បច្ចុប្បន្ន​នេះ មាន​ដូច​ជា​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដែល​ត្រូវ​បាន​កសាង​ក្នុង​ឆ្នាំ​១៩៦៤​ និង​វិមាន​ឯករាជ្យ​ ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩៥៨។

លោក Julio Jeldres អតីត​លេខា​ផ្ទាល់​របស់​ព្រះ​មហា​វីរក្សត្រ​ព្រះ​បាទ ​នរោត្តម ​សីហនុ បាន​ប្រាប់​ VOA ​តាម​សារ​អេឡិចត្រូនិក​ថា ព្រះ​បរម​រតនកោដ្ឋ​ សព្វ​ព្រះ​រាជ​ហឬទ័យ និង​គោរព​ចំពោះលោក វណ្ណ​ មូលីវណ្ណ។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖

«គាត់​បាន​ក្លាយ​ជា​អ្នក​សហការ​ដ៏​ជិតស្និទ្ធ​នៃ​អតីត​ព្រះមហាក្សត្រ ហើយ​មិន​មែន​ត្រឹម​តែ​នៅ​ក្នុង​វិស័យ​ស្ថាបត្យកម្ម​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​នៅ​ក្នុង​វិស័យ​ខ្សែ​ភាពយន្ត​ផង​ដែរគឺ​ដូច​ជា​គាត់​ទទួល​បន្ទុក​រៀបចំ​មហោស្រព​ភាពយន្ត​អន្តរជាតិ​ភ្នំពេញ»។

លោក​ វណ្ណ មូលីវណ្ណ​ ស្ថាបត្យករ​កម្ពុជា​ដ៏​ល្បីល្បាញ​មួយ​រូប​ពី​សម័យ​សង្គមរាស្រ្តនិយម​ បាន​ទទួល​មរណភាព​នៅ​អាយុ​៩០ឆ្នាំ​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ វេលា​ម៉ោង​ ៩​និង​៤៥​នាទី នៅ​ឯ​គេហដ្ឋាន​របស់​លោក​នៅ​ក្នុង​ខេត្ត​សៀមរាប ដោយ​រោគាពាធ។​

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​សរសេរ​សារ​រំលែក​ទុក្ខ ហើយ​ចាត់​ទុក​ថា​ មរណភាព​នេះ​ជា​ការ​បាត់បង់​ធនធាន​មនុស្ស​សំខាន់​សម្រាប់​ប្រទេស​ជាតិ។​

លោក វណ្ណ​ មូលីវណ្ណ​ មាន​ស្រុក​កំណើត​នៅ​ក្នុង​ខេត្ត​កំពត។ លោក​បាន​កើត​នៅ​ក្នុង​ឆ្នាំ​១៩២៦​ នៅ​ពេល​ដែល​កម្ពុជា​ស្ថិត​នៅ​ក្រោម​អាណានិគម​បារាំង។​

លោក ​វណ្ណ មូលីវណ្ណ​ ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ ផ្នែក​ស្ថាបត្យកម្ម​នៅ​ទីក្រុង​ប៉ារីស ​នៅ​សាលា​ Ecole National Supérieure des Beaux-Arts ជា​ទី​ដែល​ផ្តល់​ឲ្យ​លោក​បាន​ស្គាល់​នូវ​ស្ថាបត្យកម្ម​ទំនើប​របស់​អឺរ៉ុប។ ដំបូង​ឡើយ លោក​បាន​សិក្សា​ផ្នែក​ច្បាប់​ តែ​លោក​បាន​ដូរ​ការ​ចាប់​អារម្មណ៍​មក​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​វិញ។

ក្រោយ​សម័យ​អាណានិគម​បារាំង លោក​ វណ្ណ​ មូលីវណ្ណ​ បាន​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​រាជធានី​ភ្នំពេញ​នៅ​ក្នុង​សម័យ​សង្គម​រាស្រ្តនិយម។ ចលនា​ស្ថាបត្យកម្ម​របស់​លោក​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ «ស្ថាបត្យកម្ម​ខ្មែរ​ទំនើប»។ លោក​បាន​កសាង​ស្នាដៃ​សំខាន់ៗ លម្អ​សម្រស់​រាជធានី​ភ្នំពេញ​កាល​ពី​ទសវត្សរ៍​ឆ្នាំ​៦០​ ធ្វើ​ឲ្យ​ទី​ក្រុង​មួយ​នេះ​ជាប់​ឈ្មោះ​ជា «ទី​ក្រុង​គជ់​នៃ​តំបន់​អាស៊ី​អាគ្នេយ៍»។​ អគារ​ល្បីៗ​មួយ​ចំនួន​រួម​មាន ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ មហោស្រព​ចតុមុខ​ វិមាន​រដ្ឋ​ចំការមន និង​ វិទ្យាស្ថាន​ភាសា​បរទេស​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​ដើម។

លោក​បាន​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុងឆ្នាំ​១៩៥៦ ហើយ​ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​សាងសង់​អគារ​ស្ថាប័ន​រដុ្ឋ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ លោក​បាន​រចនា​អគារ​ល្បី​ឈ្មោះ​ជាច្រើន ជាង​១០០ គម្រោង។​ លោក​ក៏​បាន​រចនា​ផ្ទះ​ជា​លក្ខណៈ​ឯកជន និង​សំណង់​តូចៗ​ជាច្រើន​ផង​ដែរ។

ខណៈ​កម្ពុជា​មាន​សង្រ្គាម​ស៊ីវិល រហូត​ដល់​ការ​ទម្លាក់​ព្រះបាទ​ នរោត្តម សីហនុ លោក វណ្ណ មូលីវណ្ណ បាន​ផ្លាស់ប្តូរ​ទៅ​រស់​នៅ​ប្រទេស​ស្វីស​ជាង​២០​ឆ្នាំ ដែល​នៅ​ទីនោះ លោក​បាន​ចូលរួម​ក្នុង​កម្មវិធី​រៀបចំ​ទីលំនៅ​របស់​អង្គការ​សហប្រជាជាតិ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍។ លោក​បាន​រៀបការ​ជាមួយ​ភរិយា​របស់​លោក​ ដែល​ជា​ជន​ជាតិ​ស្វីស ហើយ​មាន​កូន​៦នាក់។

លោក វណ្ណ មូលីវណ្ណ បាន​ត្រឡប់​មក​កម្ពុជា​វិញ ក្នុង​ឆ្នាំ​១៩៩១ ដើម្បី​កសាង​ប្រទេស ក្រោយ​ពី​សង្រ្គាម​ស៊ីវិល។

រូបឯកសារ៖ ទិដ្ឋភាពវិមានឯករាជ្យដែលជា​ស្នាដៃស្ថាបត្យកម្មដោយលោក វណ្ណ មូលីវណ្ណ។
រូបឯកសារ៖ ទិដ្ឋភាពវិមានឯករាជ្យដែលជា​ស្នាដៃស្ថាបត្យកម្មដោយលោក វណ្ណ មូលីវណ្ណ។


និមិត្ត​រូប​នៃ​ស្ថាបត្យកម្ម​កម្ពុជា

លោក​ វណ្ណ មូលីវណ្ណ ​ទទួល​បាន​ការ​កោតសរសើរ​ដោយ​ស្ថាបត្យករ​ជាតិ និង​អន្តរជាតិ។ លោក​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ស្ថាបត្យករ​ម្នាក់​ដែល​គិត​គូរ​យ៉ាង​ស៊ី​ជម្រៅ​ពី​មូលដ្ឋាន​នៃ​សំណង់​អគារ និង​ការ​សម្រប​តាម​បរិស្ថាន​សម្រាប់​ការ​សាងសង់។​

​លោក ​ជា ​សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់ និង​ជា​អតីត​អភិបាល​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ២០០៣ បាន​ថ្លែង​ប្រាប់ ​VOA ថា មរណភាព​លោក វណ្ណ មូលីវណ្ណ ​ជា​ការ​បាត់បង់​ដ៏​ធំធេង​មួយ។​ លោក ជា ​សុផារ៉ា ​បាន​លើក​សរសើរ​អំពី​ស្នាដៃ​ស្ថាបត្យករ​ជើង​ចាស់​កម្ពុជា​ថា​ ជា​អ្នក​ដែល​បាន​គិត​គូរ​គ្រប់​ជ្រុងជ្រោយ ​ទៅ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សាងសង់​មួយ ​ដែល​មាន​ប្រយោជន៍​ដល់​បរិស្ថាន​ទី​ក្រុង​ភ្នំពេញ។ ​

អតីត​អភិបាល​រាជធានី​ភ្នំពេញ​រូប​នេះ​បញ្ជាក់​ថា៖

«ជំនាន់​ហ្នឹង​ការ​សាងសង់ ​[...] ​គឺ​គេ​ប្រើប្រាស់​ចរន្ត​ខ្យល់ គេ​ធ្វើ​ការ​ដោះស្រាយ នៅ​ក្នុង​សំណង់​ឲ្យ​មាន​ផាសុកភាព​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​ ជូន​ទៅ​ដល់​សាធារណជន ឧទាហរណ៍​ដូច​ជា​ស្តាត​អូឡាំពិក។ល។​ នោះ​គឺ​សុទ្ធ​តែ​ជា​ស្នាដៃ​មួយ​ធំ​ណាស់។ ការ​សាងសង់​គឺ​ផ្សារ​ភ្ជាប់​នឹង​បរិស្ថាន»។​

លោក​ស្រី Ashley Thompson ដែលជិត​ស្និទ្ធ​នឹង លោក​ ​មូលីវណ្ណ​ ជា​សាស្រ្តាចារ្យ​ម្នាក់​នៅ​សាកលវិទ្យាល័យ​មួយ​នៃ​ប្រទេស​អង់គ្លេស និង​ជា​អ្នក​ជំនាញ​ផ្នែក​ប្រវត្តិសាស្រ្ត​វប្បធម៌​អាស៊ី​អាគ្នេយ៍ បាន​ថ្លែង​ប្រាប់​ VOAថា លោក​ វណ្ណ មូលីវណ្ណ ជា​ស្ថាបត្យករ​ពិសេស​ខុស​ពី​គេ​នៅ​ក្នុង​អាជីព​របស់​លោក។

លោកស្រី​បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​ ឬ​សារ​អេឡិចត្រូនិក​មក​កាន់ ​VOAថា៖

«នៅ​ដំណាក់កាល​ដំបូង​នៃ​អាជីព​របស់​លោក​ លោក​បាន​ផ្ដល់​ឲ្យ​ប្រទេស​ដែល​ទើប​តែ​ទទួល​បាន​ឯករាជ្យ​នេះ​ នូវ​ភាព​ទាន់​សម័យ​ប្រកប​ដោយ​សុខដុមរមនា និង​សោភ័ណ​ ជាមួយ​នឹង​ប្រពៃណី​ ស្រប​តាម​ជំហាន​នយោបាយ​របស់​ព្រះ​បាទ​សីហនុ​ ក្នុង​ការ​ស្វះស្វែង​រក​នូវ​ទស្សនវិស័យ​អន្តរជាតិ​ ចំពោះ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស»។

លោក Christopher Rompré គឺ​ជា​អ្នក​ដឹកនាំ​ និង​ផលិតករកុន​ឯកសារ​មួយ​ ដែល​បង្ហាញ​ជីវប្រវត្តិ​របស់​លោក ​វណ្ណ មូលីវណ្ណ ​យ៉ាង​ស៊ី​ជម្រៅ ​ក្រោម​ចំណង​ជើង​ថា «The Man Who Built Cambodia/បុរស​ដែល​កសាង​កម្ពុជា»​ ដែល​ផលិត​នៅ​ក្នុង​ឆ្នាំ​២០១៦។​

លោក​បាន​និយាយ​ថា ស្នាដៃ​ស្ថាបត្យកម្មរបស់​លោក​ មូលីវណ្ណ​ បាន​ទាក់ចិត្ត​លោក​យ៉ាង​ខ្លាំង។ ស្នាដៃ​ទាំងនោះ​រួម​មាន​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក និង​វិមានឯករាជ្យ។​ ស្នាដៃ​ទាំង​នោះ​ធ្វើ​ឲ្យ​លោក​ចាប់អារម្មណ៍ ​ហើយ​ចង់​ដឹង​ថា​តើ​អ្នក​ណា​បាន​កសាង​សមិទ្ធផល​ទាំង​នោះ​ឡើង។

លោក​ Christopher Rompré ​មាន​ប្រសាសន៍​ថា៖

«ពេល​ដែល​ខ្ញុំ​បានជួប​គាត់​ភ្លាម​ ខ្ញុំ​ក៏រក​ឃើញ​ថា​ គាត់​ពិត​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​យ៉ាងធំ​ប៉ុណ្ណា​ តើ​គាត់​បាន​គិត​ពី​អត្តសញ្ញាណ​របស់​ប្រជាជន​ខ្មែរប៉ុណ្ណា​ ហើយ​ខ្ញុំ​ដឹង​ថា​ តើស្ថាបត្យកម្ម​ [របស់​គាត់] ទាក់ទងទៅ​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ប៉ុណ្ណា»។

លោក​បាន​បន្ថែម​ថា៖

«អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​ថា​ គាត់​មាន​ការ​គិត​ស៊ី​ជម្រៅ​ណាស់​ បើ​ទោះជា​ការងារ​របស់​គាត់​ត្រឹម​តែ​ជា​ស្ថាបត្យករ​ក៏ដោយ។​ គាត់​មាន​ការ​ពិចារណា​ជ្រាលជ្រៅអំពី​អត្ថន័យ​នៃ​ពាក្យ​ថា ​ប្រជាជន​កម្ពុជា និង​អ្វី​ដែល​ជា​ប្រវត្តិសាស្ត្រ​នៃ​ទីកន្លែង [ប្រទេស​កម្ពុជា]​ មួយ​នេះ។ វា​ពិត​ជា​គួរ​ស្ញប់ស្ញែង​ណាស់»។

ចាប់​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០១ លោក វណ្ណ មូលីវណ្ណ ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ផ្នែក​វប្បធម៌​វិចិត្រ​សិល្បៈ​ នគរូបនីយកម្ម និង​សំណង់។ លោក​ក៏​ជា​ប្រធាន​នៃ​អាជ្ញាធរ​អប្សរា ដែល​ទទួល​បន្ទុក​ក្នុង​ការ​ការពារ និង​ស្តារ​ឡើង​វិញ​ប្រាសាទ​អង្គរវត្ត។​

នៅ​ក្នុង​សៀវភៅ​ស្តី​អំពី​«បុរី​ខ្មែរ​សម័យ​ទំនើប» ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​វិទ្យាស្ថាន​រ៉ៃយំ ក្នុង​ឆ្នាំ​២០០៤ លោក វណ្ណ មូលីវណ្ណ ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​នេះ បាន​លើក​ឡើង​ថា លោក​បាន​ប្រឈម​បញ្ហា​ធំៗ​មួយ​ចំនួន ក្នុង​ការ​អនុវត្ត​នូវ​គំនិត​របស់​លោក​ទៅ​លើ​ការ​រៀបចំ​ទីក្រុង។​

លោកបាន​សរសេរ​ថា៖

«ពេល​ដែល​ខ្ញុំ​ជា​ប្រធាន​អគ្គនាយក​នៃ​អាជ្ញាធរ​អប្សរា​នោះ ខ្ញុំ​បាន​ឃើញ​ថា​ ក្រុង​សៀមរាប​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ជាទីបំផុត ដោយសារ​ទេសចរណ៍​អន្តរជាតិ។ សណ្ឋាគារ​ខ្លះ​ធ្វើ​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​សាងសង់​ អគារ​សាធារណៈ​ត្រូវ​គេ​យក​ទៅ​លក់ រកស៊ី​ជាមួយ​នឹង​ឈ្មួញ​ជួញដូរ ដី​យក​ទៅប្រើប្រាស់​ខុសច្បាប់។ ពុំ​ដែល​ឃើញ​មាន​ទណ្ឌកម្ម ឬ​ពិរុទ្ធ​អ្វី​កើត​ឡើង​ទេ ហើយ​ចំពោះ​មុខ​ស្ថានភាព​អាណាធិបតេយ្យ​នេះ ខ្ញុំ​គ្មាន​អំណាច​អ្វី​នឹង​ឲ្យ​អនុវត្ត​នីតិក្រម​អំបាលម៉ាន​ដែល​ពាក់ព័ន្ធ​នឹង​កិច្ច​អភិវឌ្ឍន៍​ក្រុង​សោះ»។

លោក​បញ្ជាក់​បន្ថែម​ថា៖

«ការ​លំបាក​ធំៗ​ដែល​ខ្ញុំ​ជួប​នៅ​ពេល​នោះ កើត​ឡើង​ដោយ​អ្នក​រកស៊ី​មិន​យក​ច្បាប់​មក​ជា​ត្រី​មុខ ហើយ​គិត​តែ​ពង្វាង​ច្បាប់​ និង​នីតិក្រម​ទាំង​អម្បាល​ម៉ាន ដែលខ្ញុំ​ខំ​រៀបចំ​ឲ្យ​ចេញ​ជា​រូបរាង​ឡើង»។

លោក​ស្រី Ashley Thompson ដែល​ជា​អ្នក​ជិត​ស្និទ្ធ​នឹង​លោក វណ្ណ មូលីវណ្ណ បាន​ថ្លែង​បន្ថែមថា លោក​ មូលីវណ្ណ​ មាន​ការ​តស៊ូ​នៅ​ក្នុង​បរិបទ​នយោបាយ​កម្ពុជា​ ហើយ​ព្យាយាមរក្សា​ «ជំហរ​មិន​ប្រួល​ប្រែ​របស់​លោក​ធ្វើ​ការ​នៅ​ចំណុច​ប្រសព្វ​ រវាង​បណ្ដា​សហគមន៍​អន្តរជាតិ​ដែល​មាន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​គេ​នៅ​តំបន់​ប្រាសាទ​អង្គរ រាជរដ្ឋាភិបាល​កម្ពុជា និង​ក៏​ដូច​ជា​ឋានានុក្រម​ដ៏​សែន​ស្មុគស្មាញ​នៃ​ប្រយោជន៍​ប្រជាជន​មូលដ្ឋាន​ក្នុង​ខេត្ត​សៀមរាប»។​

លោក​ស្រី​បន្ថែម​ថា៖​

«នៅ​ពេល​ដែល​គាត់​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​អំឡុង​ឆ្នាំ​១៩៩០​ និង​រហូត​ដល់​ចុង​បញ្ចប់​នៃ​អាជីព​របស់​លោក​ លោក​ជា​បុគ្គល​លេច​ធ្លោ​ក្នុង​វិស័យ​ការងារ​ជា​អ្នក​នយោបាយ​ ជា​អ្នក​ការទូត​ និង​ជា​បុគ្គលិក​អង្គការ​អន្តរជាតិ​ ដោយ​មាន​លក្ខណៈស្មោះ​ត្រង់​ ជាក់លាក់​ និង​មិន​ពុក​រលួយ​ម្នាក់»។

លោក ​Christopher Rompre ជា​អ្នកដឹកនាំ​ខ្សែភាពយន្ត​ឯកសារ​ស្តី​អំពី​ខ្សែ​ជីវិត​លោក​ មូលីវណ្ណ​ «បុរស​ដែល​បាន​កសាង​កម្ពុជា» បាន​និយាយ​ថា ​លោក​ មូលីវណ្ណ​ មាន​ការ​សោកស្តាយ​ចំពោះ​ការណ៍​ដែល​ពុំបាន​អភិរក្ស​អគារ​របស់​លោក។

លោក​មាន​ប្រសាសន៍​ថា៖

«គាត់​ពិត​ជា​មាន​ការ​សោកស្តាយ​ជាច្រើន។​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ថា ​អ្វី​ដែល​គាត់​សោកស្ដាយ​គឺ​មិនមែន​ ការ​បាត់បង់​អគារ​ទាំង​នោះ​ទេ។ គាត់​គិត​ថា ​គោលបំណង​នៃ​អាគារ​មួយ​គឺ​ដើម្បី​បំពេញ​មុខងារ​របស់​វា។ ​ហើយ​នៅ​ពេល​ដែល​អគារ​មួយ​ពុំ​បាន​យកមក​បម្រើ​មុខងារ​របស់​វា​បាន​ត្រឹម​ត្រូវ​នោះ​ នោះ​មិន​វា​មិន​អី​ទេ ដែល​ចង់​ទៅបង្កើត​អគារ​ថ្មី​មួយ​ទៀត»។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖

«ខ្ញុំ​គិត​ថា អ្វី​ដែល​លោក​សោកស្តាយ​នោះ​ គឺ​ថា ​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ និង​វិស័យ​ស្ថាបត្យកម្ម​នៅ​ប្រទេស​មួយ​នេះ​ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្មាន​ហេតុ​ផល​ត្រឹម​ត្រូវ។​ លោក​យល់​ថា​ មានការ​សម្រេច​ចិត្ត ជា​ច្រើន​ធ្វើ​ឡើង​ដោយ​សារ​តែ​ភាព​លោភលន់​របស់​បុគ្គល​ម្នាក់ៗ​ ឬ​ដោយ​សារ​មនុស្ស​ចង់​អភិវឌ្ឍ​អ្វីៗ​ឲ្យ​បានយ៉ាង​ឆាប់​រហ័ស​ដោយ​មិន​គិត​ពី​អ្វី​ដែល​ជា​ចក្ខុវិស័យ​រយៈពេលវែង​នៃ​ប្រទេសនិង​ទីក្រុង»។

ក្នុង​ឆ្នាំ​២០០១ លោក វណ្ណ មូលីវណ្ណ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តួនាទី ជា​ប្រធាន​អាជ្ញាធរ​អប្សរា ដោយ​មិន​មាន​បញ្ជាក់​មូលហេតុ​ច្បាស់លាស់។

ទិដ្ឋភាព​បរិវេណ​វិទ្យាស្ថាន​ភាសា​បរទេស​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ថ្ងៃ​ទី​២៩​ ខែ​សីហា ឆ្នាំ ២០១៧។ អគារ​សិក្សា​នេះ​ជា​ស្នាដៃ​ស្ថាបត្យកម្ម​របស់​លោក​ វណ្ណ​ ម៉ូលីវណ្ណ​។
ទិដ្ឋភាព​បរិវេណ​វិទ្យាស្ថាន​ភាសា​បរទេស​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ថ្ងៃ​ទី​២៩​ ខែ​សីហា ឆ្នាំ ២០១៧។ អគារ​សិក្សា​នេះ​ជា​ស្នាដៃ​ស្ថាបត្យកម្ម​របស់​លោក​ វណ្ណ​ ម៉ូលីវណ្ណ​។


​ក្តី​សង្ឃឹម​តិចតួច​នៃ​ការ​អភិរក្ស​អគារ​របស់​លោក

​សំណង់​អគារ​ខ្ពស់ៗ​កំពុង​តែ​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​រាជធានី​ភ្នំពេញ។ សំណង់​អគារ​ចាស់ៗ​ត្រូវ​បាន​ផ្លាស់ប្តូរ​ដោយ​អគារ​ថ្មីៗ។

សំណង់ផ្ទះ​១០០​ខ្នង​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​រចនា​ដោយ​លោក វណ្ណ មូលីវណ្ណ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​ស្ថាបនា​សារ​ជា​ថ្មី។

លោក​ វណ្ណ មូលីវណ្ណ ត្រូវ​បាន​ជ្រើស​រើស​ដោយ​ធនាគារ​ជាតិ​កម្ពុជា ដើម្បី​សាងសង់​នូវ​សំណង់​សម្រាប់​បុគ្គលិក​របស់​ពួកគេ ដែល​ហៅ​កាត់​ថា សំណង់​បុរី​១០០ខ្នង។

គម្រោងបុរី​១០០​ខ្នង​ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩៦៧ ​ជា​ស្នាដៃ​មួយ​ដែល​លោក​ វណ្ណ មូលីវណ្ណ ទទួល​បានការ​កោត​សរសើរ​ ទៅ​លើ​ការ​យកចិត្ត​ទុកដាក់របស់​លោកទៅ​លើ​បញ្ហា​បរិស្ថាន ក្នុង​នោះ​មាន​ដូច​ជា ​ការ​ពិចារណា​ទៅ​លើ​ខ្យល់​ចេញ​ចូល និង​ការ​បង្កើត​ស្រះ​ទឹក​នៅ​ក្នុង​បរិវេណ​ផ្ទះ​ជា​ដើម។​

ពលរដ្ឋ​ម្នាក់ លោកស្រី មុំ ស៊ីណាត អាយុ​៦២ មាន​ប្រសាសន៍​ថា ស្ថានភាព​ផ្ទះ​នៅ​ល្អ គ្រាន់​តែ​ជណ្ដើរ​ពុក​បន្តិច​បន្តួច។ ទោះ​ជា​យ៉ាង​ណា លោកស្រី​ចង់​កែ​លម្អ​ផ្ទះ​បន្តិចបន្តួច ប្រសិន​បើ​មាន​ថវិកា។

លោក​ស្រី​ មុំ ស៊ីណាត មាន​ប្រសាសន៍​ថា៖

«ចង់​ដែរ ប៉ុន​វា​អត់​លុយ​ថែទាំ​វា អា​ក្រោយ​នោះ​ពុក​ដែរ ពុក​ស៊ីម៉ង់ត៍»។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត គឺ​លោកស្រី ហាក់ បុប្ផា ៥៤​ឆ្នាំ មាន​ប្រសាសន៍​ថា​ លោកស្រី​បាន​កែប្រែ​ផ្នែក​ខាង​ក្រោម​ ផ្ទះ​ តែ​ផ្នែក​ខាង​លើ​រក្សា​ទុក​នៅ​ដដែល។

លោកស្រី​មាន​ប្រសាសន៍​ថា៖

«ផ្ទះ​នេះ​ ខ្ញុំ​កែ​តែ​ខាង​ក្រោម​ទេ អា​ខាង​លើ​នៅ​ទាំងអស់ គ្រាន់តែ​លើ​យើង​វាយ​តែ​បង្អួច​អីវា ដោះ​បង្អួ​ច​ចេញ​អី​ណាស់ ប៉ុន្តែ​ដំបូល ទ្រង់ទ្រាយ​វា​នៅ​ទាំងអស់»។

លោកស្រី​បាន​បន្ថែមថា៖

«អូ វា​ទុក​អត់​បាន​យូរ​ទេ អូន វា​ពុក​ច្រើន​ណាស់ ពុកណា វា​អត់​មាំទេ ឥឡូវ​គេ​ច្រើន​ តែ​វាយ​ធ្វើ​ផ្ទះ​ថ្មី ប៉ុន្តែ​វា​ពុក​សសរ ពុកអីចឹង​ទៅ ដែក​អី​ពុក​អស់ គេ​វាយ​ធ្វើ​ថ្មី ហើយ​វា​ទឹក​លិច​ផង។ បើ​ធ្វើ ​គេ​ធ្វើ​ទាំងអស់​ហើយ គេ​អត់​មាន​ទុក​ខ្លះ​បាន​ទេ​អាហ្នឹង ព្រោះ​បើ​យើង​កែ​ត្រូវ​វាយ​ចោល​ទាំង​អស់​ បាន។​ វា​ទុក​អត់​បាន វា​ពុក​អស់​ហើយ បើ​យើង​ទុក​ កុំ​នៅ​អត់​អី​ទេ។ បើ​ថា​ យើង​នៅ អាហ្នឹង​ អត់​បាន​យូរ​ទេ»។

ចំណែក​លោក អ៊ុង តារារ័ត្នមុនី ​អាយុ​៦០​ឆ្នាំ ដែល​កំពុង​តែ​ជម្រះ​ស្មៅ ស្រោច​ដំាណាំ និង​ផ្កា​នៅ​ក្នុង​ទី​ធ្លា​ផ្ទះ​របស់​លោក​ក្នុង​សង្កាត់​ទឹក​ថ្លា រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា លោក​ស្រឡាញ់​ផ្ទះ​បែបបុរាណ និង​របស់របរ​បុរាណ​ ដូច្នេះ​ហើយ​ទើប​លោក​សម្រេច​រក្សា​ផ្ទះ​មួយ​នេះ​ឲ្យ​នៅ​ទ្រង់ទ្រាយ​ដើម​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖

«គឺ​ស្រឡាញ់​របស់​បុរាណ​ហ្មង។ ខ្ញុំ​ដឹង​ទុក​មុន​ថា ​មនុស្ស​យើង​នេះ មិន​ទុក​ទេ មក​ដល់​គឺ​ថា គាត់​ស្រឡាញ់​អា​រឿង​ថ្មី សូម្បី​ឥដ្ឋ​ការ៉ូ គាត់​យក​អា​របស់​គេ។ បើ​មិន​ទុក​ទេ គឺ​អស់​ហើយ»។

ផ្ទះ​នៅ​តំបន់​នោះ​ភាគ​ច្រើន ត្រូវ​បាន​អភិវឌ្ឍ​ និង​កែប្រែ​រួច​ហើយ ខណៈ​សំណង់​ខ្លះ​បាន​ខូចខាត។

លោក​បញ្ជាក់​បន្ថែម​ថា៖

«បាត់​បង់​ជៀស​មិន​ផុត​ទេ ប៉ុន​សួរ​ថា​ អ្នក​នៅ​ហ្នឹង រក្សា​ហើយ​ធ្វើ​ដូច​គាត់​បាន​ប៉ុន្មាន។ គាត់​ទៅ​ហើយ​ ត្រូវ​សួរ​អា​អ្នក​នៅ​នេះ ខ្ញុំ​អត់​សួរ​គាត់​ទៅ​ទេ ខ្ញុំ​សួរ​អ្នក​នៅ ប៉ុន្មាន​អ្នក​ចង់​រក្សា​របស់​គាត់»។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​រ៉ៃយំ លោក វណ្ណ​ មូលីវណ្ណ មាន​ប្រសាសន៍​ថា៖

«តែ​បើ​និយាយ​សរុប​ឲ្យ​ខ្លី ពិត​មែន ក្នុង​ការ​សាងសង់​នីមួយៗ​របស់​ខ្ញុំ គឺ​ខ្ញុំ​តែងតែ​ដកស្រង់​គំនិត​ពី​ស្ថាបត្យកម្ម​ខ្មែរ​ប្រពៃណី។ ឧទាហរណ៍​ក្នុង​សំណង់១០០ខ្នង ខ្ញុំ​ដកស្រង់​គំនិត​ពី​ផ្ទះ​ខ្មែរ តែ​ខ្ញុំ​យក​មក​ធ្វើ​ដោយ​មាន​ការ​ពិចារណា​ កែច្នៃ​ចំណុច​ខ្លះ​ឲ្យ​វា​ប្រសើរ​ឡើង ដូចជា​បង្អួច​ផ្ទះ​ខ្មែរ​មាន​រាង​តូច​បន្តិច ដូច្នេះ​ពេល​ខ្ញុំ​ធ្វើ​បង្អួច​ផ្ទះ​១០០​ខ្នង ខ្ញុំ​បាន​ពង្រីក​ឲ្យ​វែង ដើម្បី​ខ្យល់​ចេញចូល​កាន់តែ​ល្អ​ឡើង ម្យ៉ាងទៀត​សសរ​ផ្ទះ​ខ្មែរ​ច្រើន​តែ​ធ្វើ​អំពី​ឈើ វា​ឆាប់​ពុក ម៉្លោះ​ហើយ​ខ្ញុំ​បាន​យក​ស៊ីម៉ង់ត៍​មក​ប្រើ ដើម្បី​ឲ្យ​មាំ​បាន​យូរ ដូច្នេះ​មិនមែន​ចម្លង​ទាំង​ស្រុង​ទេ គឺ​ដក​ស្រង់​គំនិត​ល្អៗ​យក​មក​ប្រើ»។

​លោក​បន្ថែម​ថា៖

«ម្យ៉ាង​ទៀត​តួនាទី​នៃ​សំណង់​ដែល​យើង​សាងសង់​ត្រូវ​មាន​ឲ្យ​ច្បាស់លាស់ គឺ​ឲ្យ​វា​ដំណើរការ​ស្រួល​ទៅ​តាម​បែបបទ​ទំនៀមទម្លាប់​វប្បធម៌។ បើ​សង់​សម្រាប់​ខ្មែរ យើង​ត្រូវ​យល់​ថា ខ្មែរ​គេ​រស់នៅ​យ៉ាងម៉េច ភូមិសាស្ត្រ​មាន​ពន្លឺ មាន​ខ្យល់​ឬ​អត់។ ស្ថាបត្យករ​ត្រូវ​យល់​ច្បាស់​អំពី​ភារកិច្ច​របស់​ខ្លួន គឺ​មិនមែន​សង់​សម្រាប់​ខ្លួន​ឯង​ទេ គឺ​ធ្វើ​សម្រាប់​អ្នកដទៃ​ដែល​គេ​រស់នៅ។ ម៉្លោះ​ហើយ​ត្រូវ​យល់​ឲ្យ​ច្បាស់ ស្តាប់​គេ មើល​គេ​មុន​នឹង​សង់។ និយាយ​ឲ្យ​ខ្លី​ទៅ គឺ​គិត​ឲ្យ​ច្បាស់លាស់​ទើប​សង់»។

ស្នាដៃ​មួយ​ចំនួន​របស់​លោក​ត្រូវ​បាន​កម្ទេច​ចោល​ ឬ​ផ្លាស់ប្តូរ​ទម្រង់​ដើម។​ តួ​យ៉ាង​សាល​មហោស្រព​សុរាម្រិត​ ត្រូវ​បាន​វាយ​កម្ទេច​ចោល​កាល​ពី​ឆ្នាំ​២០០៨ ក្រោយ​ពេល​ត្រូវ​ភ្លើង​ឆេះ។​ បរិវេណ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ជា​ច្រើន​ផ្នែក​ត្រូវ​បាន​កែ​ទម្រង់​ទៅ​ជា​អគារ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម។ រដ្ឋាភិបាល​កំពុង​ស្ថាបនា​វិមាន​ពហុកីឡាដ្ឋាន​មួយ​ទៀត ដែល​មាន​តម្លៃ​ប្រមាណ​១០០​លាន​ដុល្លារ ដើម្បី​ទទួល​ការ​រៀបចំ​កីឡា​ស៊ីហ្គេម​ក្នុង​ឆ្នាំ​២០២៣។ ដូច្នេះ​ហើយ​ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា អនាគត​នៃ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។

លោក វណ្ណ មូលីវណ្ណ ទំនង​ជា​មិន​សប្បាយ​ចិត្ត​នឹង​សំណង់​នៃ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័សនៃ​ទីក្រុង​ភ្នំពេញ​ ដែល​ពុំ​មាន​ការ​គិតគូរដិតដល់​ជាមុន។​

នៅ​ក្នុង​ភាពយន្ត​ដែល​និយាយ​ពី​ស្នាដៃ​របស់​លោក វណ្ណ មូលីវណ្ណ បាន​លើក​ឡើង​ថា លោក «គ្មាន​អំណាច» នៅ​ពេល​លោក​ត្រូវ​បាន​សម្ភាសន៍​អំពី​ស្ថានភាព​នៃ​មហោស្រពជាតិ ដែល​ត្រូវ​បាន​កម្ទេច​ចោល និង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​បច្ចុប្បន្ន​នេះ។

គម្រូ​អគារ​មហោស្រព​ជាតិ​ព្រះ​សុរាម្រិត​ ធ្វើ​ឡើង​ដោយ​គម្រោង​្រសាវជ្រាវ​ វណ្ណ​ ម៉ូលីវណ្ណ​ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​តាំង​នៅ​ស្ថានទូត​អាមេរិក​ ក្នុង​រាជធានី​ភ្នំពេញ​។ (នូវ​ ពៅ​លក្ខិណា​/VOA)
គម្រូ​អគារ​មហោស្រព​ជាតិ​ព្រះ​សុរាម្រិត​ ធ្វើ​ឡើង​ដោយ​គម្រោង​្រសាវជ្រាវ​ វណ្ណ​ ម៉ូលីវណ្ណ​ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​តាំង​នៅ​ស្ថានទូត​អាមេរិក​ ក្នុង​រាជធានី​ភ្នំពេញ​។ (នូវ​ ពៅ​លក្ខិណា​/VOA)



​ឥទ្ធិពល​នៃ​ស្នាដៃ​របស់​លោក​ក្នុង​ចំណោម​ស្ថាបត្យករ​ជំនាន់​ក្រោយ

​ជាមួយ​នឹង​គោល​បំណង​ផ្សព្វផ្សាយ​ និងអភិរក្ស​ «គម្រោង​លោក វណ្ណ មូលីវណ្ណ‍» (Vann Molyvann Project) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៩ ដោយ​ស្ថាបត្យករ​ជាតិ និង​អន្តរជាតិ ជាមួយ​និស្សិត​ដែល​សិក្សា​ផ្នែក​ស្ថាបត្យកម្ម និង​អ្នកស្រាវជ្រាវ​ផ្សេងៗ។ ស្នាដៃ​របស់​លោក​ត្រូវ​បាន​ចងក្រង​ធ្វើ​ជា​ឯកសារ​សម្រាប់​ការ​សិក្សា។​

កញ្ញា ទុំ យូរី​ផល ជាសមាជិក​នៃ​‍«គម្រោង​ វណ្ណ​ មូលីវណ្ណ‍» មាន​ប្រសាសន៍​ថា ក្រុម​របស់​កញ្ញា មាន​បំណង​រក្សា​ទុក​ស្នាដៃរបស់​លោក​សម្រាប់​ជា​គំរូ និង​មេរៀនសម្រាប់​ស្ថាបត្យករ​ជំនាន់​ក្រោយ។ កញ្ញា​បាន​កោត​សរសើរ​ស្នាដៃ​របស់​លោក តាម​រយៈ​ការ​គិតគូរ​ដិតដល់​អំពី​ភាព​តែ​មួយ​របស់​ខ្មែរ។

កញ្ញា​បាន​ថ្លែង​ប្រាប់ ​VOAថា៖

«គាត់​ទៅ​រៀន​នៅ​បរទេស​មែន ប៉ុន្តែ​គាត់​មាន​ការ​ស្រូប​ពី​បរទេស​ខ្លះ ហើយ​គាត់​បញ្ចូល​នឹង​អ្វី​ ដែល​ជា​របស់​ខ្មែរ​ទាក់ទង​ជាមួយ​សម័យ​អង្គរ»។

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​កំពុង​ដាក់​តាំង​ពិព័រណ៍​ស្នាដៃ​របស់​លោក​រយៈ​ពេល​មួយ​ឆ្នាំ ដោយ​បង្ហាញ​ពី​សំណង់​អគារ និង​ការ​រចនាបថ​ផ្សេងៗ​ដល់​សាធារណជន។​

លោកស្រី​ Monica Davis មន្ត្រី​កិច្ចការ​វប្បធម៌​ នៅ​ស្ថានទូត​អាមេរិក​ មាន​ប្រសាសន៍​ថា៖

«យើង​អញ្ជើញ​ក្រុម​ គម្រោង​ វណ្ណ មូលីវណ្ណ​ ឱ្យ​បង្ហាញ​ពិព័រណ៍​នៅ​ទីនេះ​ពីព្រោះ​យើង​ពិត​ជា​ចង់​បង្ហាញ​អំពីការ​គោរព​ និង​កោត​សរសើរ​ចំពោះ​ចក្ខុវិស័យ​កម្ពុជា។ ដូច​ដែល​ប្រជាជន​ភាគច្រើន​ដឹង​អំពី​កម្ពុជា​ គេ​មាន​មោទនភាព​ចំពោះ​ការងារ​របស់​លោក​ វណ្ណ​ មូលីវណ្ណ»។

លោក ហោ ដារ៉ូ អាយុ​២៥​ឆ្នាំ ជា​ស្ថាបត្យករ​ជំនាន់​ក្រោយ​ដែល​បញ្ចប់​ការ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា មាន​ប្រសាសន៍​ថា លោក​ពិត​ជា​ស្ងើច​សរសើរ​ស្នាដៃ​របស់​លោក វណ្ណ ម៉ូលីវណ្ណ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​បុរី​១០០ខ្នង ដោយ​លោក​ថា ​ការ​សាងសង់​បាន​គិតគូរ​ដល់​ការ​រស់​នៅ​ក្នុងរយៈ​ពេល​យូរ។​ លោក​បន្ត​ថា ស្នាដៃ​របស់​លោក វណ្ណ មូលីវណ្ណ អាច​ជា​ការ​សិក្សា​មួយ ដើម្បី​បង្កើត​ស្ថាបត្យកម្ម​ថ្មី។​

លោក​មាន​ប្រសាសន៍​ថា៖

«យើង​ព្យាយាម​សិក្សា​ពី​ការ​រចនា​របស់​គាត់ ហើយ​យើង​ព្យាយាម​គិត​មើល​ថា ​យើង​គួរ​បង្កើត​អ្វី ដែល​ថ្មី ហើយ​វា​ឆ្លើយតប​ទៅ​នឹង​បរិបទ​សង្គម​យើង​បច្ចុប្បន្ន តែ​យើង​មិន​ចម្លង​ស្នាដៃ​របស់​គាត់ យក​មក​ដាក់​ហ្មង​ទេ‍»។

លោក ហៅ ដារ៉ូ ក៏​បាន​អំពាវនាវ​ឲ្យមាន​ការ​ថែរក្សា​ស្នាដៃ​អគារ​របស់​លោក​ទៅ​ថ្ងៃ​ខាង​មុខ៕

No comments: