Thursday, 14 September 2017

រដ្ឋាភិបាល​ថា​អ.ស.ប​​ផ្នែក​សិទ្ធិមនុស្ស​ការពារ​អ្នក​រំលោភ​ច្បាប់​កម្ពុជា


ដោយ រាជ វិញ្ញូ
2017-09-14

លោក ហ្សែត រ៉ាអេដ អាល់ហួសេន (Zeid Ra’ad Al Hussein) ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​​ផ្នែក​សិទ្ធិ​មនុស្ស ថ្លែង​ក្នុង​ប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ នា​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ២០១៧។
លោក ហ្សែត រ៉ាអេដ អាល់ហួសេន (Zeid Ra’ad Al Hussein) ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​​ផ្នែក​សិទ្ធិ​មនុស្ស ថ្លែង​ក្នុង​ប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ នា​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ២០១៧។
AFP



មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​ហៅ​ការ​លើក​ឡើង​របស់​មន្ត្រី​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថា​ជា​ការ​វិនិច្ឆ័យ​ដ៏​ខុសឆ្គង​មួយ និង​មិន​បាន​ផ្អែក​លើ​មូលដ្ឋាន​ឱ្យ​បាន​ជាក់លាក់។ ប្រតិកម្ម​នេះ​កើត​ឡើង​បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ព្រួយ​បារម្ភ​អំពី​វិធានការ​​បង្ក្រាប​នានា ទៅ​លើ​បក្ស​ប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ពេល​ចុង​ក្រោយ​នេះ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។



សេចក្ដី​ថ្លែងការណ៍​របស់​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា បាន​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​លោក ហ្សែត រ៉ាអេដ អាល់ហួសេន (Zeid Ra’ad Al Hussein)ជា​មន្ត្រី​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ដែល​ព្រួយ​បារម្ភ​ជុំវិញ​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ដោយ​ចោទ​ពី​បទ​ក្បត់ជាតិ និង​ការ​បិទ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

​ប៉ុន្តែ​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ថ្លែង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា ជុំវិញ​ការ​លើក​ឡើង​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ​រូប​នេះ គឺ​រដ្ឋាភិបាល តុលាការ និង​រដ្ឋសភា​ផង ធ្លាប់​បាន​ពន្យល់​ជា​ច្រើន​លើក​រួច​មក​ហើយ និង​មិន​គួរ​ចោទ​ប្រកាន់​ដោយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ទិដ្ឋភាព​ច្បាប់​ដែល​ត្រូវ​បាន​រំលោភបំពាន​ដ៏​ធ្ងន់ធ្ងរ​ពី​សំណាក់​បុគ្គល និង​ស្ថាប័ន​នានា។

​មន្ត្រី​រដ្ឋាភិបាល​ដដែល​ក៏​ចង់​ឱ្យ​មាន​ការ​បំភ្លឺ​អំពី​មូលដ្ឋាន​អ្វី​ខ្លះ​ដែល​បុគ្គល​ប្រព្រឹត្ត​ទង្វើ​ក្បត់​ជាតិ អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត​ដោយ​មិន​គោរព​ច្បាប់ និង​សារព័ត៌មាន​ដែល​មិន​បង់​ពន្ធ តែ​បែរ​អាច​គេច​ផុត​ពី​ការ​ពង្រឹង​អនុវត្ត​ច្បាប់។

​ប្រតិកម្ម​ខ្លាំងៗ​ពី​មន្ត្រី​រដ្ឋាភិបាល​នេះ បន្ទាប់​ពី​លោក ហ្សេដ រ៉ាអាដ អាល់ហ៊ូសេន មន្ត្រី​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិមនុស្ស​កាល​ពី​ថ្ងៃ​ទី​១១ កញ្ញា បាន​ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ចំនួន ៤០ ក្នុង​ប្រទេស​ស្វីស ថា លោក​កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ហាក់​ធ្វើ​ឡើង​ដោយ​មិន​បាន​គោរព​ចំពោះ​ការ​ធានា​តាម​នីតិវិធី​ត្រឹមត្រូវ ព្រម​ទាំង​អភ័យឯកសិទ្ធិសភា​របស់​លោក កឹម សុខា។ លោក​ក៏​ព្រួយ​បារម្ភ​អំពី​ការ​ថ្លែង​ជា​សាធារណៈ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក​ជា​ច្រើន​រូប​ទៀត អំពី​ទោស​កំហុស​របស់​លោក កឹម សុខា ដែល​នេះ​គឺ​ជា​ការ​រំលោភ​លើ​ការ​សន្មត​ថា គ្មាន​ទោស និង​សិទ្ធិ​ទទួល​បាន​ការ​កាត់​ក្ដី​ដោយ​យុត្តិធម៌។

លោក​ថា ការ​រំលោភ​បំពាន​ទាំង​នេះ បាន​កើត​ឡើង បន្ទាប់ពី​រដ្ឋាភិបាល​បាន​បិទ​ស្ថាប័ន​អន្តរជាតិ​ដ៏​ល្បីល្បាញ ឬ​ហៅ​ថា វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) របស់​សហរដ្ឋអាមេរិក បិទ​ស្ថានីយ​វិទ្យុ​ជា​ច្រើន និង​ការ​បង្ខំ​បិទ​ទ្វារ​របស់​ស្ថាប័ន​កាសែត​ឯករាជ្យ​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា។

​ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ លោក ជុំ សុន្ទរី អះអាង​ថា សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ សេរីភាព​សារព័ត៌មាន​សេរីភាព​នៃ​ការ​ជួប​ជុំ និង​បញ្ចេញ​មតិ ត្រូវ​បាន​គោរព​យ៉ាង​ពេញលេញ​នៅ​កម្ពុជា ដែល​មនុស្ស​គ្រប់រូប​ទទួល​បាន​សិទ្ធិ​ទាំង​អស់​នេះ លើកលែងតែ​បុគ្គល​រំលោភ​ច្បាប់​ប៉ុណ្ណោះ។ លោក​ថា ការ​ជ្រើស​យក​ករណី​ដើម្បី​ពណ៌នា​រូបភាព​ទាំង​ស្រុង​របស់​កម្ពុជា គឺ​ជា​ការ​វិនិច្ឆ័យ​ខុសឆ្គង​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ការពារ​អ្នក​រំលោភ​ច្បាប់​ក្នុង​នាម​សិទ្ធិមនុស្ស​ដែល​ដើរ​ផ្ទុយ​ពី​បេសកកម្ម​របស់​ស្ថាប័ន​គួរ​ឱ្យ​គោរព។

​ទោះ​ជា​យ៉ាង​ណា ការ​ចាប់​ខ្លួន​លោក កឹម សុខា ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម គឺ​កំពុង​ក្លាយ​ជា​បញ្ហា​ក្ដៅ​គគុក​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។ លើស​ពី​នេះ សហគមន៍​អន្តរជាតិ​ជា​ច្រើន ដូចជា​ប្រទេស​មហា​អំណាច​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប កាណាដា និង​អូស្ត្រាលី ជាដើម ក៏​កំពុង​តានតឹង​ពាក្យ​សម្ដី​ជាមួយ​រដ្ឋាភិបាល​ថែម​ទៀត​ដែរ។ ក្រុម​បរទេស​ទាំង​នេះ​ចាត់​ទុក​ទង្វើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​កាន់​តែ​ដុនដាប​មិន​ឈប់ឈរ​នេះ ថា​កំពុង​នាំ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​ការ​បោះឆ្នោត​មួយ​ដែល​អាច​ធ្វើ​ឡើង​ដោយ​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ។

អាស៊ីសេរី​មិន​អាច​សុំ​បកស្រាយ​បន្ថែម​ពី​លោក ជុំ សុន្ទរី មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​ទេ នៅ​ថ្ងៃ​ទី​១៤ កញ្ញា  ដោយសារ​ទូរស័ព្ទ​ចូល​តែ​លោក​មិន​ទទួល។

ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ធ្លាប់​លើក​ឡើង​ថា គំនាប​ជា​ពាក្យសម្ដី​របស់​សហគមន៍​អន្តរជាតិ​ដែល​កំពុង​ធ្លាក់​មក​ជា​បន្តបន្ទាប់​ទាំង​នោះ នឹង​មិន​ប៉ះពាល់​អ្វី​ឡើយ​សម្រាប់​ប្រទេស​កម្ពុជា ព្រោះ​ថា ជា​សិទ្ធិ​បញ្ចេញមតិ​របស់​បរទេស​ទាំង​នេះ​តាម​និន្នាការ​នយោបាយ​របស់​ពួកគេ។

វិល​មក​ក្នុង​សេចក្ដី​ថ្លែង​របស់​មន្ត្រី​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​វិញ គឺ​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល ធានា​ឱ្យ​បាន​ពេញលេញ​នូវ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ មក​ដល់។ បន្ថែម​ពី​នេះ ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ធានា​ចំពោះ​ភាព​ឯករាជ្យ​របស់​តុលាការ ការ​គោរព​សិទ្ធិ​បញ្ចេញ​មតិ និង​សិទ្ធិ​ជួបជុំ​ផង​ដែរ៕​

1 comment:

Anonymous said...

CHBAP OF AH FORMER CHOR LUOCH MORN HUN SEN !!