Sunday, 1 October 2017
សារបែកធ្លាយបង្ហាញថាបក្សកាន់អំណាចរៀបចំផែនការសម្ងាត់ទប់ទល់បក្សប្រឆាំង
ដោយ អាស៊ីសេរី
2017-09-30
ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាលពីថ្ងៃទី២៧ ខែមុថិនា ឆ្នាំ២០១៣។
Photo: RFA
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន ដែលជាក្រុមការងារបក្សប្រជាជនកម្ពុជា រងការចោទប្រកាន់ថា បានពឹងបរទេសឲ្យជួយរៀបចំយុទ្ធសាស្ត្រដោយសម្ងាត់ ដើម្បីទប់ទល់នឹងគណបក្សប្រឆាំង។
អ្នកវិភាគនយោបាយ យល់ឃើញថា ភាពរង្គោះរង្គើរបស់បក្សប្រឆាំងនៅពេលនេះ វាពុំមែនជាការគាប់ជួនទេ ពោលនេះជាយុទ្ធសាស្ត្រ របស់គូភាគីដើម្បីកម្ទេចបក្សប្រឆាំង នៅមុនការបោះឆ្នោតមកដល់។
មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានជាប់ពាក់ព័ន្ធក្នុងសារបែកធ្លាយនេះ បដិសេធក្នុងការអត្ថាធិប្បាយ ខណៈមន្ត្រី២រូបផ្សេងទៀត ក្នុងជួររដ្ឋាភិបាល ពុំអាចទាក់ទងបានដើម្បីស្នើសុំប្រតិកម្មចំពោះគម្រោងដែលថា នឹងរកវិធីទប់ទល់បក្សប្រឆាំងនេះនៅឡើយទេ។
លោក ទេព នីថា ដែលត្រូវបានគណនីហ្វេសប៊ុក (Facebook) ឈ្មោះ "ធ្លាយហើយ" បានបញ្ចេញសារសម្ងាត់ឆ្លើយឆ្លងក្នុងអ៊ីមែល រួមនិងមន្ត្រីជាន់ខ្ពស់ ២រូបផ្សេង បដិសេធយ៉ាងខ្លីក្នុងការអធិប្បាយចំពោះការចោទប្រកាន់ ដោយបង្វែរសំណួរនេះ ឲ្យទៅអ្នកនាំពាក្យគ.ជ.បវិញ។
សារបែកធ្លាយមួយតាមរយៈគណនីហ្វេសប៊ុកឈ្មោះ “ធ្លាយហើយ” កាលពីថ្ងៃទី ១៩ កញ្ញា បានលាតត្រដាងពីការសន្ទនាតាមសារអេឡិចត្រូនិក ឬ អ៊ីមែល រវាងមន្ត្រីមន្ត្រីសំខាន់ៗមួយចំនួន នៅក្នុងជួររដ្ឋាភិបាលជាមួយនិងអ្នកជំនួញបរទេស។ រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងលោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផង ត្រូវបានគណនីហ្វេសប៊ុកឈ្មោះ ធ្លាយហើយ ចុះផ្សាយថា ជាអ្នកដែលពាក់ព័ន្ធក្នុងរៀបចំផែនការដ៏សំខាន់ ក្នុងការកម្ទេចបក្សប្រឆាំង។
សារបែកធ្លាយ ដែលឆ្លើយឆ្លងគ្នាយ៉ាងពិស្ដាររវាងលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិងលោក អារុន សាវីវ (Aron Shaviv) នៅក្នុងអំឡុងខែ កញ្ញា ឆ្នាំ២០១៦ ស្ដីពីការទប់ទល់និងធ្វើអោយបក្សប្រឆាំងត្រូវចុះខ្សោយនោះ ពុំបានលំអិតអំពីវិធីជាក់លាក់របស់បក្សកាន់អំណាចនោះទេ
ដោយគ្រាន់តែបញ្ជាក់ថា នឹងបង្ហាញនៅក្នុងឯកសារ (Slideshow ) ពេលក្រោយ។ ប៉ុន្តែសារដែលបានបែកធ្លាយនេះ ក៏បានជីកឫសជីកគល់អំពីភាពខ្លាំង និងភាពខ្សោយរបស់បក្សប្រឆាំងដែរ ហើយត្រូវរកពីវិធីទប់ទល់ តាមរបៀបណាជាដើម។
ប្រភពបន្តថា ទាំងលោក ប្រាក់ សុខុន និង លោក អូន ព័ន្ធមុន្នីរ័ត្ន ដែលជាក្រុមការងារបក្សកាន់អំណាច បានរៀបចំផែនការដ៏សម្ងាត់តាមអ៊ីមែល ដោយពឹងបរទេសជាជនជាតិអ៊ីស្រាអែល ឈ្មោះ អារុន សាវីវ ដែលមានតួនាទីជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយមានឈ្មោះថា Shaviv Strategy and Campaigns។ សារដែលបានបែកធ្លាយនេះ បញ្ជាក់ថា លោក អារុន ព្រមទទួលរៀបចំយុទ្ធសាស្ត្រ តាមផែនការដែលបានស្នើឡើងដោយមន្ត្រីរដ្ឋាភិបាលនេះ។
ទោះជាយ៉ាងណា មកដល់ពេលនេះ មន្ត្រីដែលពាក់ព័ន្ធនឹងចោទប្រកាន់នេះ ពុំអាចទាក់ទងដើម្បីសុំប្រតិកម្មបានភ្លាមៗទេ នៅថ្ងៃទី៣០ខែ កញ្ញា។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានបដិសេធថា លោកពុំដែលបានដឹងពីផែនការសម្ងាត់ ក្នុងហេតុផលនយោបាយណាមួយ ដែលមានជាប់ពាក់ព័ន្ធនិងមន្ត្រីទាំងនេះឡើយ។ លោកបន្តថា មកដល់ពេលនេះ កុំថាឡើយគណនីសំខាន់ៗ របស់ស្ថាប័នដទៃ សូម្បីគេហទំព័រផ្លូវការ របស់គ.ជ.ប និងគណនីហ្វេសប៊ុករបស់លោកផ្ទាល់ក៏មានគេរំខានដែរ។
អ្នកឃ្លាំមើលពីបញ្ហាសង្គមលោកបណ្ឌិត មាស នី សង្កេតឃើញថា ការបង្កទៅជាជម្លោះផ្នែកនយោបាយនេះ ផ្ដើមចេញពីសារបែកធ្លាយតាមបណ្ដាញសង្គម រួចមកអ្នកនយោបាយ យកបញ្ហានេះធ្វើជាទុនក្នុងការវាយប្រហារគ្នាទៅវិញទៅមក។ បើទោះជាបែបណា អ្នកវិភាគរូបនេះ នៅមិនប្រាកដថាតើ សារដែលបានបែកធ្លាយជាហូរហែនេះ អាចជាចេតនា របស់អ្នកនយោបាយ ឬភាគីទីបីជាអ្នកបញ្ចេញនោះឡើយ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប យល់ឃើញថា លោកមិនចង់ឃើញបុគ្គលណាម្នាក់ ទម្លាក់អម្រែកនៃការលាបពណ៌ដ៏ធ្ងន់នេះ មកលើមន្ត្រី គ.ជ.ប នោះទេ។ លោកបន្តអំពាវនាវ ដោយស្នើសូមឲ្យលោក និងអ្នកផ្សេងទៀត អាចមានពេលបំពេញកិច្ចការដោយផ្អែកលើបច្ចេកទេសបោះឆ្នោតដោយស្ងប់ស្ងាត់ផងទៅចុះ។ លើសពីនេះទៀត មន្ត្រីនាំពាក្យរូបនេះ មិនចង់ឃើញការលាបពណ៌នេះ សូម្បីមន្ត្រីជំនាញរៀបចំការបោះឆ្នោត ក៏មិនលើកលែងដែរ។
ក្នុងចំណោមសារឆ្លើយឆ្លងទាំងនោះដែរ គេឃើញមានសារឆ្លើយឆ្លងរបស់ជនជាតិប៉ាគីស្ថាន (Pakistan) ឈ្មោះ ចូសេហ្វ ម៉ាត់ស៊ូ (Joseph Matthews) ដែលគេដឹងថា ជានាយកមជ្ឈមណ្ឌលសិក្សាអាស៊ាន ហើយដែលតែងនិយាយសរសើរពីការដឹកនាំរបស់លោក ហ៊ុន សែន ឬនិយាយការពារលោក ហ៊ុន សែន ពីការរិះគន់របស់សហគមន៍អន្តរជាតិនោះ។ លោកបានសរសេរស្នើឲ្យលោក ហ៊ុន ម៉ាណែត ជួយលោកក្នុងការទទួលបានសញ្ជាតិកម្ពុជា។
ជនជាតិប៉ាគីស្ថាន ដែលមានភរិយាជាជនជាតិខ្មែររូបនេះ ក៏បានអរគុណលោក ហ៊ុន ម៉ាណែត ដែលបានជួយធ្វើឲ្យបំណងរបស់លោកបានសម្រេច។ លោក ចូសេហ្វ ម៉ាត់ស៊ូ បានសរសើរលោក ហ៊ុន ម៉ាណែត ហើយបានសន្យាថា នឹងជួយកិច្ចការរបស់លោក ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនោះក៏មានការរៀបចំយុទ្ធសាស្ត្រដើម្បីទទួលបានជ័យជំនះសម្រាប់ការបោះឆ្នោតក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ផងដែរ។
អ្នកវិភាគនយោបាយយល់ឃើញថា ស្ថិតក្នុងកាលៈទេសៈពេលនេះ អ្វីដែលបក្សកាន់អំណាចធ្វើទៅលើបក្សប្រឆាំង ប្រាកដណាស់នេះជាផែនការយុទ្ធសាស្ត្រ ធ្វើយ៉ាងណាឲ្យបក្សប្រឆាំងដើរទៅមុខលែងរួច។ អ្នកវិភាគនយោបាយ កត់សំគាល់ថា សព្វថ្ងៃនេះ បក្សប្រឆាំងធ្វើអ្វីក៏ខុសច្បាប់ បើទោះជាសកម្មភាពទាំងនោះ តស៊ូមតិតាមរូបភាពអហិង្សា ប្រជាធិបតេយ្យ យ៉ាងណាក្ដី។ សកម្មជនបក្សមួយចំនួន ត្រូវរត់ភៀសខ្លួន និងមួយចំនួនទៀត ត្រូវជាប់បណ្ដឹងតាមផ្លូវតុលាការ ក្រោមបទប្រកាន់ថា មានជាប់និន្នាការបដិវត្តពណ៌ ក្នុងការផ្ដួលរំលំរដ្ឋាភិបាល។ កាលពីថ្ងៃទី៣ ខែ កញ្ញា លោក កឹម សុខា ប្រមុខដឹកនាំបក្សប្រឆាំងត្រូវបានកម្លាំងនគរបាល ឡោមព័ទ្ធផ្ទះ ហើយចាប់ខ្លួនដោយបង្ខំ ទាំងពុំមានដីកា និងនៅមានអភ័យឯកសិទ្ធិសភាផង។ ការចាប់ខ្លួនស្រស់ៗ ដែលស្ថិតក្រោមការរិះគន់ពីសហគមន៍អន្តរជាតិនេះ ក្រោមហេតុផលថា លោក កឹម សុខា ឃុបឃិតជាមួយជនបរទេស រៀបចំយុទ្ធសាស្ត្រ ក្នុងការផ្ដួលរំលំរដ្ឋាភិបាល របស់លោក ហ៊ុន សែន ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម មានប្រសាសន៍ថា បញ្ហាដែលកើតឡើងចំពោះបក្សសង្គ្រោះជាតិនៅពេលនេះ គឺជាផែនការចាត់តាំងមួយដ៏ជាក់លាក់ ពីបក្សនយោបាយផ្សេងទៀត។ លោកបន្តថា មានពេលខ្លះបើទោះជាអ្នកតំណាងរាស្ត្រត្រូវបានច្បាប់រដ្ឋធម្មនុញ្ញការពារក្ដី ក៏នៅតែពុំអាចធានាពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកតំណាងរាស្ត្របានដដែល។
យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលតែងថ្លែងការពារពីជំហររបស់ខ្លួនថា ការចាប់ខ្លួនអ្នកតំណាងរាស្ត្រ និងសកម្មជនរបស់បក្សប្រឆាំង ដោយសារពួកគេប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ ដោយឡែក មន្ត្រីក្រសួងយុត្តិធម៌វិញ ធ្លាប់បញ្ជាក់ថា នៅកម្ពុជាពុំមានអ្នកទោសនយោបាយទេ ពោលមានតែអ្នកនយោបាយមានទោស។
អ្នកច្បាប់យល់ឃើញថា ការផ្សព្វផ្សាយការសន្ទនាឯកជនបែបនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់លើសិទ្ធិឯកជន ដែលត្រូវបានការពារដោយច្បាប់។ អ្នកវិភាគចាត់ទុកថា ដោយសារអាជ្ញាធរមិនបានស៊ើបអង្កេតករណីទាំងនេះ ទើបការរំលោភការសម្ងាត់ឯកជននេះនៅតែកើតមាន៕
Subscribe to:
Post Comments (Atom)
2 comments:
ដូចជាមិនឃើញសារសម្ងាត់ស្អីផង អាគុកដែកចោរ វាទាត់ ធាក់ វាយក្បាល សង្រ្គោះជតិ ត្រង់តែម្តង ហើយដូចជាគ្មានអ្នកណា ហ៊ានធ្វើអីវាទេ មើលទៅវាចង់ធ្វើអីវាធ្វើតាមចិត្ត ឃើញទេគេថាវាខុស តែបានត្រឹមតែថាទេ រីឯអាគុកដែកចោរ វាមិនដែលថាខ្លួនវាខុសឯណា មើលទៅវិទ្យុ ដែលមិនអ៊ួតពីវា បិទខ្ទិច ឯសង្រ្គោះជាតិ ដែលថាបំបែកមិនបែកនោះ មើលទៅដូចជាមិនស្រួលសោះ ព្រោះអាគុក វាបង្វិលដូចកន្ទេសឡង់ អញ្ចឹង មេនៅក្រៅប្រទេស មួយទៀត គេដាក់គុក អាដែកចោរវាគៀបឡើងចេញអាចន័ទៅហើយ បើប្រជាជនបោះឆ្នោតឲ្យទាំងអស់ចុះ តែអាគុកដែកចោរថាវាឈ្នះ តើមានអ្វីទៅដើម្បី តវ៉ា នោះ អាង យូអិនឬ?
Just a reminder to Khmer at 1:30mn (near the end of the tape)
https://www.youtube.com/watch?v=ZHU56O2Eb7E
Post a Comment