Monday, 9 October 2017

ភូមិ​អ្នក​ស្រុក​ក្បែរ​ទំនប់​សេសាន​​ត្រូវ​ជន់​លិច​ក្រោយ​ពេល​ទំនប់​វារីអគ្គិសនី​បិទ​ស្ថាពរ


ដោយ អាស៊ីសេរី
2017-10-08

ទិដ្ឋភាព​ទឹក​លិច​ភូមិ​ស្រែគរ (ចាស់) ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៧។
ទិដ្ឋភាព​ទឹក​លិច​ភូមិ​ស្រែគរ (ចាស់) ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៧។
 RFA/Men Sothyr



មន្ត្រី​សង្គម​ស៊ីវិល និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​ស្រែគរ ខែត្រ​ស្ទឹងត្រែង ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ពលរដ្ឋ​ជាង ១០០​គ្រួសារ​នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន នៅ​គ្រា​ដែល​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ត្រូវ​បាន​បិទ​ជា​ស្ថាពរ។ ការ​បិទទ្វារ​ទឹក​នេះ បណ្ដាល​ឲ្យ​កម្ពស់​ទឹកបាន​ឡើង​លិច​ភូមិ​ស្រែគរ​ចាស់ និង​ផ្ទះ​ពលរដ្ឋ​មួយ​ចំនួន ខណៈ​កម្ពស់​ទឹក​កើន​ឡើង​ជិត ២​ម៉ែត្រ។



ពលរដ្ឋ​ជាង ១០០​គ្រួសារ​រស់នៅ​ឃុំ​ក្បាលរមាស និង​ភូមិ​ស្រែគរ បាន​ត្រៀម​ទី​ទួល​សុវត្ថិភាព​រូច​ហើយ និង​បាន​ដឹកជញ្ជូន​សម្ភារៈ​របស់​ខ្លួន​ទៅ​ទី​ទួល​សុវត្ថិភាព ស្រប​ពេល​កម្ពស់​ទឹកបាន​បន្ត​ឡើង​ខុស​ពី​ថ្ងៃ​ធម្មតា និង​គំរាមកំហែង​អាយុជីវិត​មនុស្ស និង​សត្វ។ មេឃុំ​ស្រែគរ​ថា កម្លាំង​សមត្ថកិច្ច​នៅតែ​បន្ត​ដាក់​ពង្រាយ​តាម​ច្រក​ចេញ​ចូល​ឃុំ​ស្រែគរ​មួយ​ចំនួន ក្នុង​បំណង​រារាំង​អ្នក​ខាងក្រៅ និង​អ្នក​សារព័ត៌មាន​មិន​ឲ្យ​ទៅ​តំបន់​នោះ។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ​ចាស់ ដែល​បដិសេធ​មិន​ទទួល​សំណង ជា​ជនជាតិ​ភាគតិចឡាវ លោក ហ្វុត ឃឿន ឲ្យ​ដឹង​នៅ​ថ្ងៃទី៨ តុលា ថា កម្ពស់​ទឹកបាន​កើន​ឡើង​ខ្ពស់​ខុស​ប្រក្រតី​អំឡុង​រយៈពេល ៣​ថ្ងៃ​ចុង​ក្រោយនេះ បណ្ដាល​ឲ្យ​ផ្ទះ​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​លិច ហើយ​ផ្លូវ​សំខាន់ៗ ដែល​អ្នកភូមិ​ធ្វើដំណើរ​បាន​កាត់​ផ្ដាច់​ទាំងស្រុង​ដោយ​ទឹកជំនន់ បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ។ តែ​យ៉ាងណា​លោក​ថា ពលរដ្ឋ​បាន​ត្រៀម​ទូក សម្រាប់​ជួយសង្គ្រោះ​អ្នកភូមិ និង​ដឹកជញ្ជូន​សម្ភារៈ​ទៅកាន់​ទី​ទូល​ខ្ពស់។ លោក​ថា បើ​ទោះ​បី​ជា ភូមិឋាន​របស់​អ្នកភូមិ​បាន​ក្លាយ​ជា​អាង​ស្តុក​ទឹក​នៃ​ទំនប់​វារីអគ្គិសនី សេសាន​ក្រោម​ពីរ​ក្ដី ក៏​អ្នកភូមិ​នៅតែ​ក្រាញ​ននៀល​រស់នៅ​ទីនោះ និង​ស្វែងរក​ទី​ទូល​សុវត្ថិភាព​ដោយ​ខ្លួនឯង ដោយ​មិន​ព្រម​ទ​ទូល​សំណង​ដាច់ខាត៖ «បង្ក​ការ​លំបាក​ពេលខ្លះ​យើង​ឆ្លង​ទៅ​នេះ​ទៅ​នោះ​វា​លំបាក ក្នុង​ការ​ទៅ​រក​គ្នា មួយទៀត​ដីស្រែ​ដែល​យើង​ធ្លាប់​ដាំ និង​ធ្លាប់​ស្ទូង​រួចហើយ​ហ្នឹង​វា រលួយ​ខ្លះ​ហើយ»។

អាជ្ញាធរ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា អាជ្ញាធរ​ខែត្រ​បាន​បន្ទន់​ឥរិយាបថ ក្នុង​ការ​ដោះស្រាយ​បញ្ហា​សំណង​ជូន​ពលរដ្ឋ ដោយ​ផ្ដល់​ជម្រើស​ផ្សេងៗ​រួមមាន បង្កើត​ក្រុមការងារ​ចុះ​ពិភាក្សា​ជាមួយ​ពលរដ្ឋ បើ​ពលរដ្ឋ​មិន​ទទួល​សំណង នឹង​ចង់​ទៅ​រស់នៅ​ដីចម្ការ​ដែល​ជា​តំបន់​ទី​ទួល​ខ្ពស់ អាជ្ញាធរ​នឹង​ឯកភាព តែ​បើ​ពលរដ្ឋ​ចង់​មក​រស់នៅ​ភូមិ​ថ្មី ក្រុមហ៊ុន​បាន​សង់ផ្ទះ​ជូន​ពលរដ្ឋ​រួចហើយ និង​ដី​កសិកម្ម​ផង។

មេឃុំ​ស្រែគរ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ សៀក មេគង្គ បារម្ភ​ថា ពលរដ្ឋ​ដែល​បដិសេធ​មិន​ទ​ទូល​សំណង នឹង​ប្រឈម​បញ្ហា​ច្រើន​រួមមាន បញ្ហា​សុខភាព អនាម័យ​ទឹក​ស្អាត ជីវភាព សុវត្ថិភាព កុមារ​បោះបង់​ការសិក្សា និង​ទ្រព្យសម្បត្តិ​ជាដើម នៅ​គ្រា​ដែល​ទឹកជំនន់​កំពុង​គំរាមកំហែង​លំនៅឋាន​ពួកគាត់។ លោក​ថា គិត​ត្រឹម​ថ្ងៃ​ទី៨ តុលា កម្ពស់​ទឹកបាន​កើន​ឡើង ៧០​ម៉ែត្រ ធៀប​រយៈកម្ពស់​នីវ៉ូ​ទឹក​សមុទ្រ ហើយ​ភូមិ​ស្រែគរ​ចាស់​បាន​កើន​ឡើង​ជាង ៥​ម៉ែត្រ បង្ក​ឲ្យ​លិច​ផ្ទះ​ពលរដ្ឋ។ ចំណែក​អាជ្ញាធរ​ខែត្រ និង​ក្រុមហ៊ុន​បាន​ត្រៀម​ទូក​សម្រាប់​ជួយសង្គ្រោះ និង​ជម្លៀស​ពលរដ្ឋ​ទៅកាន់​ទី​ទួល​សុវត្ថិភាព។ លោក​អះអាង​ថា មក​ទល់​ពេល​នេះ ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ពុំ​មាន​ជួប​គ្រោះថ្នាក់​នៅឡើយ​ទេ ហើយ​បញ្ហា​សុខភាព នៅ​ពុំ​មាន​បញ្ហា​ចោទ​នៅឡើយ​ទេ ក៏ប៉ុន្តែ​លោក​ភ័យ​ព្រួយ​រឿង​អាជ្ញាធរ​ខែត្រ នៅតែ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​រឹតត្បិត​មិន​ឲ្យ​អ្នក​ខាងក្រៅ ចូល​ឃុំ​ស្រែគរ ដែល​ជា​មូលហេតុ​នាំ​ឲ្យ​ពលរដ្ឋ​រឹតតែ​ខឹង​សម្បារ​អាជ្ញាធរ​រដ្ឋាភិបាល៖ «យើង​មើល​ទៅ​ការពារ មិន​ឲ្យ​មាន​សារព័ត៌មាន​ផ្សេងៗ​ចូល​មក ទី​១ និង​ទី​២ និស្សិត​ដែល​ចុះ​មក​សិក្សា​ស្រាវជ្រាវ ទាក់ទង​ហ្នឹង ធនធានធម្មជាតិ​ក៏​មិន​ឲ្យ​ចូល​មក​ដែរ អ៊ីចឹង​ការពារ​ទាំងអស់​ទាក់ទង​ហ្នឹង កងកម្លាំង​ប្រដាប់​អាវុធ​គេ​និយាយ​ថា មិន​ឲ្យ​មាន ចលាចល ទាក់ទង​ចលនា​អ្វីមួយ»។

កាលពី​ថ្ងៃទី២៥ កញ្ញា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ពោធ​ចុច​បិទ​កុងតាក់ នៅ​ទំនប់​វារីអគ្គិសនី ជា​ស្ថាពរ​នៅ​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង។ លោក​ចាត់​ទុក​គម្រោង​ផលិត​ថាមពល អគ្គិសនី​នេះ ថា​បង្កើន​សេដ្ឋកិច្ច​ជាតិ និង​បង្កើត​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ។ លោក ហ៊ុន សែន ក៏​មិន​ភ្លេច​អរគុណ​រដ្ឋាភិបាល​ចិន ដែល​បាន​គាំទ្រ​និង​ជំរុញ​អ្នក​វិនិយោគ​ចិន​មក​វិនិយោគ​នៅ​កម្ពុជា។

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ គឺ​មាន ៣​ក្រុមហ៊ុន ដែល​ដាក់​ទុន​វិនិយោគ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ក្នុងស្រុក​ឈ្មោះ រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េង មាន​ទុន​វិនិយោគ ៣៩​ភាគរយ ក្រុមហ៊ុន​ចិន ៥១​ភាគរយ និង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម មាន​ទុន​វិនិយោគ ១០​ភាគរយ។

កាលពី​ដើមខែ កញ្ញា ឆ្នាំ ២០១៧ សមត្ថកិច្ច​ខែត្រ​ស្ទឹងត្រែង បាន​រារាំង​យុវជន​ប្រមាណ​៣០​នាក់ ពី​រាជធានី​ភ្នំពេញ មិន​ឲ្យ​ចូល​ទៅ​ឃុំ​ស្រែគរ នៃ​ស្រុក​សេសាន ក្រោម​ហេតុផល ការពារ​សុវត្ថិភាព ខណៈ​ដែល​ក្រុម​យុវជន​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​នោះ ក្នុង​បំណង​សិក្សា​ពី​ស្ថានភាព​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង លោក ហូ សំ ចាត់​ទុក​ការ​ដាក់​កម្លាំង​ពង្រាយ​ចម្រុះ​របស់​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង​ថា គឺជា​ការអនុវត្ត​ផ្ទុយ​ពី​ច្បាប់​ដែល​គាំពារ​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​កតិកា​រសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ៖ «ពាក់ព័ន្ធ​ការ​ស្ទាក់ផ្លូវ​គាត់ អាហ្នឹង​ដូចជា​មិន​គួរ​ឲ្យ​មានការ​កើតមាន​ទេ។ អាហ្នឹង​ប៉ះពាល់​ទៅលើ​សិទ្ធិ​សេរីភាព​គាត់​ខ្លាំង​ណាស់។ ទី​១ ការរស់នៅ​របស់​គាត់ និង​ទី​២ ការ​ដើរហើរ​ចេញចូល​ពិបាក​អីចឹង»។

របាយការណ៍​អាជ្ញាធរ​ឃុំ​ស្រែគរ​ឲ្យ​ដឹង​ថា រយៈពេល​ប្រមាណ ៣​ខែ​ចុង​ក្រោយនេះ ពលរដ្ឋ​ជាង ៦០​គ្រួសារ​ថ្មី​ទៀត នៅ​ឃុំ​ស្រែគរ បាន​យល់ព្រម​ទទួល​សំណង និង​ចាក​ចេញពី​ភូមិ​ចាស់​ទៅ​រស់នៅ​ភូមិ​ថ្មី ហើយ​បច្ចុប្បន្ន​ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាល​រមាស ៥៧ គ្រួសារ និង​ឃុំ​ស្រែគរ ជាង​៦០​គ្រួសារ​នៅ​មិនទាន់​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​នៅឡើយ៕

No comments: