Tuesday, 24 October 2017
សារព័ត៌មានរដ្ឋចិនព្រមានថា «កលយុគនយោបាយ» អាចប៉ះពាល់សេដ្ឋកិច្ចកម្ពុជា
24 តុលា 2017
អូន ឆេងប៉រ
voa
រូបឯកសារ៖ កម្មករនៅរោងចក្រកាត់ដេរមួយក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៧។
សារព័ត៌មាន Global Times ត្រូវបានស្គាល់ថា ជាកាសែតមួយក្នុងចំណោមសារព័ត៌មានផ្លូវការនានារបស់បក្សកុម្មុយនិស្តចិន ដែលតែងបញ្ចេញបទវិភាគ និងបទវិចារណកថា ឆ្លុះបញ្ចាំងពីជំហររបស់រដ្ឋាភិបាលក្រុងប៉េកាំងទៅលើរបៀបវារៈសាកលលោកនានា។
ភ្នំពេញ —
នៅពេលដែលគណបក្សជំទាស់លំដាប់ទីមួយនៃកម្ពុជាប្រឈមនឹងការរំលាយចោល សារព័ត៌មានរដ្ឋរបស់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏ស្និទ្ធស្នាលបំផុតរបស់បក្សកាន់អំណាចគឺ គណបក្សកុម្មុយនិស្តចិន បានចេញផ្សាយអត្ថបទទស្សនៈវិភាគមួយ ព្រមានថា«កលយុគនយោបាយ»នៅប្រទេសកម្ពុជា អាចនឹងជះផលប៉ះពាល់ដល់ភាពជោគជ័យនៃសេដ្ឋកិច្ចដ៏លេចធ្លោរបស់កម្ពុជា។
ក្នុងអត្ថបទទស្សនៈវិភាគមួយដែលមានចំណងជើងថា «កលយុគនយោបាយទំនងជាគំរាមកំហែងសមិទ្ធផលសេដ្ឋកិច្ចដែលសម្រេចបានដោយលំបាករបស់កម្ពុជា» សរសេរដោយឈ្មោះ Hu Weijia ស្មេរព័ត៌មាននៃ Global Times កាសែតផ្លូវការមួយនេះបានលើកឡើងអំពីដំណើរវិវត្តចុងក្រោយនៅប្រទេសកម្ពុជា ដោយរ៉ាយរ៉ាប់អំពីដំណើរឈានទៅរកការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងរបស់គណបក្សប្រជាជនកម្ពុជា និងការដេញចាប់ចងអ្នកនយោបាយជំទាស់ ខណៈដែលការបោះឆ្នោតជាតិឆ្នាំ២០១៨ ខិតជិតមកដល់។
សារព័ត៌មាន Global Times ត្រូវបានស្គាល់ថា ជាកាសែតមួយក្នុងចំណោមសារព័ត៌មានផ្លូវការនានារបស់បក្សកុម្មុយនិស្តចិន ដែលតែងបញ្ចេញបទវិភាគ និងបទវិចារណកថា ឆ្លុះបញ្ចាំងពីជំហររបស់រដ្ឋាភិបាលក្រុងប៉េកាំងទៅលើរបៀបវារៈសាកលលោកនានា។
អត្ថបទទស្សនៈខាងលើរបស់ Global Times ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅ បានសរសេរក្នុងន័យដើមទាំងស្រុងថា៖
«ស្ថិរភាពនយោបាយជាប្រការមួយចាំបាច់សម្រាប់វិបុលភាព និងការអភិវឌ្ឍនៃប្រជាជាតិមួយ។ ហើយសម្រាប់ប្រទេសដូចជាកម្ពុជា ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចត្រូវបានទ្រទ្រង់ជាប្រពៃណីដោយវិស័យទេសចរណ៍ និងការនាំចេញនៃវិស័យកាត់ដេរ ការបណ្ដែតបណ្ដោយឱ្យស្ថានការណ៍នៅកម្ពុជារអិលធ្លាក់ចុះយ៉ាងគំហុកបែបនេះ នឹងបង្កភាពភ័យខ្លាចដល់អ្នកទេសចរ និងវិនិយោគិនបរទេស»។
រូបឯកសារ៖ បុរសម្នាក់អានកាសែត Global Times ដែលជាសារព័ត៌មានរដ្ឋរបស់ប្រទេសចិន។
អត្ថបទដដែលក៏បានបង្ហាញអំពីការធ្លាក់ចុះជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលនាំឱ្យ«គេមិនអាចទាត់ចោលបាននោះទេ នូវលទ្ធភាពនៃការដាក់ទណ្ឌកម្មលើការនាំចេញផលិតផលវាយនភ័ណ្ឌកម្ពុជាទៅកាន់សហរដ្ឋអាមេរិក»។
ប្រទេសចិនជា ប្រទេសដាក់ទុនវិនិយោគធំបំផុតទៅលើវិស័យកាត់ដេរ ដែលមានចំណែកយ៉ាងធំក្នុងការនាំចេញរបស់កម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ។
រីឯសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាអ្នកបញ្ជាទិញផលិតផលប្រមាណ ៦០ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាកាលពីឆ្នាំទៅមិញ បានព្រមាន និងសម្ដែងការព្រួយបារម្ភជាបន្តបន្ទាប់លើស្ថានការណ៍នយោបាយកម្ពុជា និងទាមទារម្ដងហើយម្ដងទៀតឱ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឃុបឃិតនឹងសហរដ្ឋអាមេរិក ដើម្បីរៀបគម្រោងការណ៍ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ជាបទចោទដែលនាំឱ្យសូម្បីតែគណបក្សសង្គ្រោះជាតិទាំងមូល ក៏ត្រូវប្រឈមនឹងការសម្រេចរំលាយចោលដោយតុលាការកំពូលផងដែរ។
ប្រទេសស៊ុយអែតកាលពីសប្ដាហ៍មុន បានក្លាយជារដ្ឋសមាជិកនៃសហភាពអឺរ៉ុប ឬជាប្រទេសបស្ចិមប្រទេសទីមួយ ដែលព្រមានសើរើទំនាក់ទំនងទាំងឡាយទាំងពួងជាមួយប្រទេសកម្ពុជា ល្គឹកណាគណបក្សសង្គ្រោះជាតិ ដែលកាន់កាប់អាសនៈរដ្ឋសភាចំនួន៥៥ និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណ ៥.០០០ ពិតជាត្រូវរំលាយពិតមែននោះ។
Global Times របស់បក្សកុម្មុយនិស្តចិនបានសរសេរបន្តក្នុងន័យដើមទាំងស្រុងថា៖ «ការរិះគន់ពីបណ្ដារដ្ឋនៅបស្ចិមលោក អាចនឹងបង្កជាពពកខ្មៅគ្របដណ្ដប់លើសេដ្ឋកិច្ចទៅថ្ងៃអនាគតរបស់ប្រទេសកម្ពុជា»។
កាសែតរដ្ឋចិនបានបន្ថែមថា «ដំណោះស្រាយសមស្រប» ចាំបាច់ត្រូវតែមានសម្រាប់ឆ្លើយតបនឹងការបន្ធូរបន្ថយភាពតានតឹងនៅប្រទេសកម្ពុជា ដើម្បីធានាការពារស្ថិរភាពកំណើននៅកម្ពុជា ដោយបានបញ្ជាក់បន្ថែមទៀតថា៖
«ក្នុងនាមជាដៃគូសេដ្ឋកិច្ចដ៏សំខាន់នៃប្រទេសកម្ពុជា ប្រទេសចិននឹងពិនិត្យតាមដានយ៉ាងដិតដល់ ទៅលើស្ថានការណ៍នៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ហើយនឹងផ្ដល់ឱ្យប្រកបដោយឆន្ទៈ នូវជំនួយចាំបាច់នានា»។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហាក់មានទំនោរទៅរកប្រទេសចិនទាំងសេដ្ឋកិច្ចនិងនយោបាយ ហើយជំនួយនិងកម្ចី ជាច្រើនលានដុល្លារ ត្រូវបានផ្តល់ឱ្យកម្ពុជា ពីសំណាក់ចិនជាបន្តបន្ទាប់។ លោក ហ៊ុន សែន កាលពីខែកន្លងទៅក៏បានជំរុញឱ្យពលរដ្ឋកម្ពុជា សិក្សាភាសាចិនឱ្យបានច្រើន ហើយថា កម្ពុជាកំពុងព្យាយាមនាំទំនិញវាយនភណ្ឌរបស់ខ្លួនទៅកាន់ប្រទេសកុម្មុយនិស្តនេះ ឱ្យកាន់តែច្រើនឡើងថែមទៀត។
សម្រាប់ការពិនិត្យលើបរិបទ និងសាវតារជាប្រវត្តិសាស្ត្រពីការជួយគាំពាររបស់ចិនមកលើកម្ពុជា ចិនតែងបង្ហាញនូវការបត់បែនជានិច្ច ដោយផ្ដល់អាទិភាពទំនាក់ទំនងទៅនឹងបណ្ដាក្រុមបក្សនយោបាយ ឬរបបដែលនៅអាចឱ្យចិនប្រើអំណាចស្រទន់ទាញយកប្រយោជន៍សម្រាប់ម៉ាស៊ីនសេដ្ឋកិច្ច និងនយោបាយរបស់គេ។ នេះបើតាមការអះអាងរបស់លោក ឯម សុវណ្ណារ៉ា អ្នកអត្ថាធិប្បាយនយោបាយនៅទីក្រុងភ្នំពេញ ដែលបាននិយាយថា វាហាក់ថា គ្មានសារព័ត៌មានរដ្ឋណាមួយនៅចិន ដែលអាចបញ្ចេញអត្ថបទទស្សនៈនិយាយផ្ទុយពីគោលនយោបាយរបស់រដ្ឋនោះទេ។
អ្នកវិភាគរូបនេះបញ្ជាក់ប្រាប់ VOA ថា៖
«អ៊ីចឹងបើសិនជាសារព័ត៌មានចិនចេញជំហរនេះមួយ ឬក៏ហៅថា ជាបទវិចារណកថា ខ្ញុំវាមិនបានឃើញទេ តែបើចេញអ៊ីចេះវាបង្ហាញពីការគាំទ្រមួយរបស់ពលរដ្ឋចិន របស់រដ្ឋាភិបាលចិន ដែលគិតពិចារណា ការឈរ ការងាកគាំទ្រទៅលើអ្នកនយោបាយនៅប្រទេសណាមួយហើយ! វាមិនថាទាំងស្រុងទេ ក៏ប៉ុន្តែវាបញ្ជាក់ពីជំហរនៃការចង់បានរបស់ចិន»។
គេហាក់មិនទាន់ឃើញសញ្ញាណាមួយដែលគូសបង្ហាញអំពីភាពថមថយយុទ្ធនាការទាញទម្លាក់បង្ក្រាបទៅលើគណបក្សសង្គ្រោះជាតិឡើយ។ ស្របពេលដែលពាក្យបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ កំពុងស្ថិតក្នុងដៃនៃតុលាការកំពូល កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទស្សន៍ទាយទុកថា ការរំលាយគណបក្សសង្គ្រោះជាតិទំនងជាជៀសមិនផុតនោះទេ ម្ល៉ោះហើយលោកប្រធានគណបក្សប្រជាជនកម្ពុជាបានអំពាវនាវឱ្យបណ្ដាសមាជិកបក្សជំទាស់ដែលកាន់កាប់អាសនៈសភា និងក្រុមប្រឹក្សាឃុំសង្កាត់ រិះរកចុះចូលជាមួយបក្សកាន់អំណាច ដើម្បីរក្សាតំណែងអាសនៈរបស់ពួកគេ នៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវរំលាយទៅបាត់។
ក្រុមអ្នករិះគន់ទៅលើការបង្ក្រាបក្រុមប្រឆាំងនៅប្រទេសកម្ពុជា បានដាក់ការស្ដីបន្ទោសជាបន្តបន្ទាប់ទៅលើភាពជិតស្និទ្ធរបស់កម្ពុជាទៅកៀកនឹងចិនប៉េកាំង ថាជាដើមចមដែលនាំឱ្យទីក្រុងភ្នំពេញហ៊ានដំឡើងសរសៃកដាក់ប្រទេសលោកខាងលិច និងដែលនាំឱ្យស្ថានការណ៍នយោបាយកាន់តែមានសភាពផុយស្រួយ ខណៈដែលមានការកាន់តែខិតជិតមកដល់ការបោះឆ្នោតជាតិឆ្នាំ២០១៨ ដែលអាចមានការប្រកួតប្រជែងយ៉ាងប្រផិតប្រផើយ ប្រសិនជានៅមានបក្សសង្គ្រោះជាតិអាចប្រកួតប្រជែងក្នុងពេល ៩ខែខាងមុខ។
នៅមិនដល់ប៉ុន្មានថ្ងៃផងក្រោយពីការចាប់ខ្លួនលោក កឹម សុខា ទាំងកណ្ដាលរាត្រីកាលពីខែកញ្ញា អ្នកការទូតចិនជាន់ខ្ពស់មួយរូបគឺលោក Wang Jiarui អនុប្រធានការិយាល័យប្រឹក្សានយោបាយប្រជាជន នៃបក្សកុម្មុយនិស្តចិន បានប្រកាសក្នុងដំណើរទស្សនកិច្ចរបស់លោកថា ចិននឹងនៅជួយទ្រទ្រង់កម្ពុជា ការពាររក្សានូវសន្តិសុខផ្ទៃក្នុងរបស់ខ្លួន។
រូបឯកសារ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅរំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកញ្ញា នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។ ( រូបផ្តល់ឲ្យ)
ក្នុងលិខិតមួយដែលគេអះអាងថា ផ្ញើចេញពីពន្ធនាគារត្រពាំងផ្លុងកាលពីថ្ងៃច័ន្ទ ដើម្បីរំឭកខួបទី២៦នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោក កឹម សុខា បានថ្លែងថា ស្ថានការណ៍នយោបាយបច្ចុប្បន្នបាននឹងកំពុងរុញកម្ពុជាត្រឡប់ទៅភាពឯកោផ្នែកនយោបាយ និងសេដ្ឋកិច្ច ដូចសម័យកាលនៅមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីសវិញ។
លិខិតរបស់លោក កឹម សុខា បានសរសេរក្នុងន័យដើមទាំងស្រុងថា៖
«ខ្ញុំយល់ថា ប្រសិនសហគមន៍អន្តរជាតិក៏ដូចជាភាគីខ្មែរទាំងអស់ មិនរកដំណោះស្រាយឱ្យទាន់ពេលវេលាទេ ប្រទេសកម្ពុជានឹងវិលថយក្រោយវិញ ដែលនាំឱ្យកម្ពុជាបាត់បង់ប្រយោជន៍ និងយឺតយ៉ាវក្នុងការអភិវឌ្ឍ»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មិនអាចត្រូវបានទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីថ្ងៃច័ន្ទ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការលើកឡើងរបស់កាសែតដែលស្និទ្ធនឹងគណបក្សកុម្មុយនិស្តចិន មិនមានលក្ខណៈផ្លូវការ ដែលអាចយកជាជំហររួមរបស់រដ្ឋាភិបាលចិនបាននោះទេ ហើយលោកថា ជំហរដែលបានប្រកាសជាផ្លូវការដោយលោក Wang Jiarui តាំងពីខែកញ្ញា ពុំមានអ្វីប្រែប្រួលនោះទេ ហើយទីក្រុងប៉េកាំងក៏មិនបានស្វះស្វែងរកការអន្តរាគមន៍ផ្លូវកាត់ណាមួយ ជួយសម្រុះសម្រួលបញ្ហានយោបាយកម្ពុជានោះទេ។
លោក សុខ ឥសាន ថ្លែងប្រាប់ VOA ថា៖
«នៅដដែល អត់មានបញ្ហាអីផង។ បាទ! អាហ្នឹងហើយជាតំណាងប្រជាជន។ យើងទៅយកអ្នកសារព័ត៌មានម្នាក់មកធ្វើតំណាងឆន្ទៈប្រជាពលរដ្ឋទូទាំងប្រទេស[ចិន]ម្ដេចម៉េចកើត»។
អ្នកនាំពាក្យគណបក្សកាន់អំណាចក៏បានបន្ថែមដែរថា៖
«ខ្ញុំយល់ថា អ្នកកាសែត អ្នកសារព័ត៌មាន វាមិនកំណត់អឺ គាត់ថា អីចេះតែត្រូវនោះទេ ពីព្រោះអាហ្នឹងជាការបញ្ចេញមតិជាឯកជនរបស់គាត់ តាមការយល់ឃើញរបស់គាត់ ទោះបីគាត់នៅចិនក៏ដោយ គាត់នៅលោកខាងលិចក៏ដោយ ក៏មិនអាចចាត់ទុកថា ត្រូវមួយរយភាគរយដែរ។ អរគុណហើយដែលគាត់ព្រួយបារម្ភអំពីសភាពការណ៍ក្ដៅនៅកម្ពុជា»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (ហ៊ាន សុជាតា/VOA)
លោក សុខ ឥសាន បានបញ្ជាក់ថា ប្រធានរឿងគណបក្សសង្គ្រោះជាតិ ជារឿងផ្ទៃក្នុង ប៉ះពាល់ត្រឹមគណបក្សសុទ្ធសាធ ហើយមិនអាចចាត់ចូលជា កលយុគ ឬបញ្ហានយោបាយសម្រាប់ជាតិទាំងមូលនោះទេ ហើយថា បើគណបក្សប្រឆាំងត្រូវរំលាយ លោកក៏ជឿជាក់ថា វាហាក់គ្មានអ្វីបារម្ភឡើយអំពីឥទ្ធិពល និងទំនាក់ទំនងនៃការរំលាយនៃលំហអនុគ្រោះពន្ធលើការនាំផលិតផលសម្រេចចេញពីកម្ពុជាចូលទៅកាន់ទីផ្សារនៅបណ្ដាប្រទេសលោកខាងលិចនោះដែរ។
ការចេញផ្សាយអត្ថបទទស្សនៈអំពីបញ្ហានយោបាយនៅប្រទេសកម្ពុជារបស់សារព័ត៌មាន Global Times នេះ ធ្វើឡើងនាពេលមិនដល់ប៉ុន្មានផង ក្រោយពីបក្សកុម្មុយនីស្ដចិនបានបិទបញ្ចប់នូវមហាសន្និបាតបក្សជាប្រវត្តិសាស្ត្រលើកទី១៩ ដែលជាចំណុចរបត់មួយជះឥទ្ធិពលដល់របៀបវារៈក្នុងស្រុក និងក្រៅស្រុករបស់ចិន ខណៈដែលលោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ត្រូវបានគេមើលឃើញថា បានស្រវាក្ដោបយកអំណាចគ្រប់គ្រងបក្សយ៉ាងណែនជាងមុន ក្លាយជាអ្នកនយោបាយមានអំណាចបំផុតក្នុងប្រវត្តិសាស្ត្រចិនប្រជាមានិតសម័យទំនើប តាំងពីជំនាន់ លោកប្រធានស្ថាបនិករបស់គណបក្ស ម៉ៅ សេទុងមក៕
Subscribe to:
Post Comments (Atom)
2 comments:
ចុះបើ អឺរ៉ុប នឹងអាមេរិក មិនទិញ តើចិនទិញទេឃោអាវទាំងនោះ? ហើយវាឲ្យតម្លៃប៉ុណ្ណាដែរ?
China has been importing cheap garment from Cambodia for domestic use while exporting the high-end garment for revenue.
USA has been importing less garment from Cambodia and more from Vietnam.
Lon Nol was allying with USA while Pol Pot was allying with China. Compare!
Post a Comment